សកម្មភាពក្បត់របស់ យ៉ែម គុន ហៅ ខុម យុទ្ធនារី ក្រសួង ក១៦

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[1]យ៉ែម គុន ហៅ​ ខុម អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិគៀនកេះ ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចូលបដិវត្តក្នុងឆ្នាំ១៩៧០។ ក្រោមការសង្កេតលើសកម្មភាពរបស់ ខុម ពីថ្ងៃចូលបដិវត្ត រហូតដល់ថ្ងៃចាប់ខ្លួនបានបង្ហាញពីភាពច្បាស់របស់ប្រវត្តិសកម្មភាពផ្ទាល់ខ្លួន ពីកម្លាំងដែលបានកសាងឡើងក្នុងពេលដែលកំពុងស្មុគស្មាញក្នុងសតិអារម្មណ៍។ ដោយឡែកចំពោះការឃោសនាអប់រំ កសាង មានលក្ខណៈប្រហាក់ប្រហែល លំនាំគ្នា ដោយទិសសកម្មភាពនៃបក្ខពួក គឺបំផុសបញ្ហាសីលធម៌ នារី-បុរស ថែមទាំងបំផ្លាញសំភារ និងអូសទាញកសាងកម្លាំងបន្ថែម។

គុន ត្រូវបានអង្គការចាប់ខ្លួន នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ១៩៧៧ បញ្ជូនទៅមន្ទីរសន្តិស-២១។ ក្នុងចម្លើយនៃសកម្មភាពក្បត់របស់ គុន បានររៀបរាប់ឈ្មោះនៃកម្លាំងក្បត់ចំនួន ៣៥នាក់ និងបានបញ្ជាក់ថាបានចាប់ខ្លួនចំនួន ៧នាក់ឈ្មោះ ម៉ម ប្រធានសិល្បៈភាគ, កែវ អនុប្រធានសិល្បៈភាគ, ឈន គណៈចាត់តាំងភ្លេង និងចម្រៀង, ម៉ៃ យុទ្ធនារីនៅក្រសួង ក៣៣, ភាស់ ប្រធានក្រសួង ក៣៣, និង សោម អនុប្រធានក្រសួង ក៣៣។ ខាងក្រោមជាសកម្មភាពក្បត់ដែលបានចម្លងចេញពីខ្សែអាត់សំឡេងក្នុងពេលសួរចម្លើយនៅមន្ទីរស-២១ វាយជាអង្គុលីលេខរួចរាល់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧៧ ចំនួន ៣២ទំព័រ មានទាំងហត្ថលេខា និងស្នាមមេដៃរបស់អ្នកទោស។

ខ្ញុំសូមរាយការណ៍ជូនអង្គការអំពីប្រវត្តិក្បត់ខ្ញុំ៖

កាលពីខ្ញុំអាយុ ៩ឆ្នាំ ខ្ញុំរៀននៅសាលាវត្តធ្លោយបានរយៈពេល ៣ឆ្នាំ (ថ្នាក់ទី៩) ខ្ញុំឈប់រៀន និងរស់នៅជាមួយឪពុកម្តាយរហូត ដល់ឆ្នាំ១៩៦៨ ខ្ញុំបានស៊ីឈ្នួលធ្វើស្រែឲ្យមីងឈ្មោះ ខេន ដល់ឆ្នាំ១៩៦៩ ទើបខ្ញុំត្រលប់មកជួយរកស៊ីជាមួយឪពុកម្តាយវិញ។

ដល់ឆ្នាំ១៩៧០ ខ្ញុំចូលបដិវត្ត តាមរយៈ ពូចិន ដែលមានតួនាទីជាគណៈតំបន់ ៣០ ហើយទៅរស់នៅមន្ទីរជ្រោយក្របៅរយៈពេលជាងមួយឆ្នាំ ទើប ចិន ផ្លាស់ខ្ញុំទៅនៅមន្ទីរខ្ចៅក្រោមការគ្រប់គ្រងរបស់ អ៊ំស៊ុន, ពូជីវ និងពូសុប។ រស់នៅបានតែ ៥ខែខ្ញុំត្រូវ អ៊ំស៊ុន ផ្លាស់ទៅនៅសិល្បៈតំបន់៣០ ដែលគ្រប់គ្រងដោយ ពូលាង ពូសេង រហូតដល់ឆ្នាំ១៩៧២ លាង និង សេង បានបញ្ជូនខ្ញុំទៅខាងសិល្បៈភាគ ដែលមាន ពូឃួន ជាអ្នកទទួលខុសត្រូវរួម ចំណែក ពូម៉ម និងពូកែវ ទទួលខុសត្រូវផ្ទាល់ក្នុងសិល្បៈ។ នៅខែសីហា ឆ្នាំ១៩៧៣ ពូឃួន ដែលមានតួនាទីជាគណៈភូមិភាគឧត្តរ បានអប់រំខ្ញុំ ភុំ និង ឆេន ដែលជានារីដូចគ្នា ឲ្យប្រឆាំងបដិវត្តិដោយបានលើកឡើងថា បដិវត្តទៅថ្ងៃអនាគតអាចពិបាកជាងសព្វថ្ងៃនេះទៀត ទោះបីខំប្រឹងប្រែងធ្វើទាស់តែស្លាប់ខ្លួនទៀត ក៏មិនបានទទួលតំណែង ឬការលើកចិត្តអ្វីដែរ បើយើងបំផ្លាញ និងកម្ទេចកម្លាំងបដិវត្តបាន ទៅថ្ងៃមុខប្រទេសយើងនឹងបានក្លាយទៅដូចសង្គមចាស់វិញ ដែលសម្បូរសប្បាយ និងមានជីវភាពធូធារ។ លុះដល់ខែតុលា ឆ្នាំ១៧៣ ខ្ញុំបានប្រព្រឹត្តខុសសីលធម៌ជាមួយ ពូឃួន ក្រោយមកពីនោះមក ឈ្មោះ ឃួន បានឲ្យខ្ញុំធ្វើសកម្មភាពនៅខេត្តសៀមរាប ហៅមន្ទីរ ឆ៣ ដោយបានចែកកម្លាំងឲ្យខ្ញុំ ៣នាក់មានឈ្មោះ ឆេន សី និងខ្ញុំ ដើម្បីធ្វើសកម្មភាព៖ ទី១) បំផ្លាញដំណាំរបស់ប្រជាជននៅក្នុងមន្ទីរក្នុងសកម្មភាពដកបំផ្លិចបំផ្លាញចោល ថែមទាំងមិនស្រោចទឹកដំណាំដែលខ្ញុំមើលថែ និងទី២) ឲ្យខ្ញុំចូលស្និតស្នាលក្នុងជួរប្រជាជន រួចអប់រំបំផុសបំផុលឲ្យប្រឆាំងបដិវត្តនេះ។ ក្នុងសកម្មភាពទី២នេះ ខ្ញុំបានស្ទាប់ស្ទង់ ស្វែងយល់ពីស្រុកកំណើត ពីឪពុកម្តាយ និងបានផ្តល់សម្ភារៈប្រើប្រាស់មានដូចជា សំពត់ និងអាវ រួចបានណែនាំអប់រំឈ្មោះ កន ឲ្យចូលរួមក្នុងសកម្មភាពជួយកម្ទេចបដិវត្តន៍។ ក្រោយពីយល់ព្រមចូលរួមក្នុងសកម្មភាពក្បត់នេះ ខ្ញុំបានដាក់ទិសទៅឲ្យ កន ធ្វើយ៉ាងណាជួយអូសទាញសមាជិកបន្ថែម ជាពិសេសប្រជាជនដែលមានការមិនពេញចិត្តចំពោះអង្គការ ចំពោះការងារ ក្រៅពីនោះ បញ្ចុះបញ្ចូលអ្នកជិតស្និតដែលបានស្គាល់ច្បាស់ជាយូរមកហើយ។

ចូលដល់ដើមឆ្នាំ១៩៧៤ នៅខែមករា ឈ្មោះ ឃួន បានដាក់ ឈ្មោះ មុញ ឲ្យជំនួសតំណែង ពូម៉ម ដែលជាខ្សែស្រលាយធ្វើសកម្មភាពក្បត់ជាមួយគ្នាយូរមកហើយ ព្រោះ ពូម៉ម បានប្រព្រឹត្តខុសសីលធម៌ជាមួយមិត្តនារី ញេប។ នៅខែឧសភា ឆ្នាំដដែល ខ្ញុំបានខុសសីលធម៌ជាមួយឈ្មោះ ណេត បានកន្លះខែ ពូឃួន បានផ្លាស់ខ្ញុំចេញពីសិល្បៈបានរយៈពេលបីថ្ងៃ ស្រាប់តែខាងសិល្បៈរំសាយ ពូឃួន បានទៅជាមួយខ្ញុំ ហើយឲ្យខ្ញុំរស់នៅជាមួយនារីឈ្មោះ ខន និងកា យុវ័ន្តឈ្មោះ ជាតិ និង ភីន (ជាខ្សែសង្វាក់ធ្លាប់ធ្វើសកម្មភាពជាមួយ ពូឃួន)។ មិនយូរប៉ុន្មាន ខ្ញុំត្រូវបានផ្លាស់ឲ្យទៅមន្ទីរ ត១៥ ទៀត ជាមួយនារី ផន និងធ្វើការនៅផ្នែកដាំបាយនៅសហករណ៍មន្ទីរខ្លះអស់រយៈពេល ១ខែ និងបានបន្តសកម្មភាព ដោយយកអង្ករចាក់ចោលមួយកន្តាំង ត្រី និងបន្លែងថែមទៀត។ បន្ទាប់ពីនោះមក ខ្ញុំបានត្រលប់ទៅនៅមន្ទីរ ត១៥ វិញ ប៉ុន្តែមិនបានបន្តសកម្មភាពក្បត់ទេ ព្រោះខ្ញុំមានជំងឺគ្រុនញាក់ រយៈពេលកន្លះខែ និងធ្លាក់ខ្លួនស្គមជាខ្លាំង។ ដល់ខែសីហា ខ្ញុំទទួលការចាត់ពី ពូឆុន ឲ្យទៅមន្ទីរ២២ ដោយពេលនោះ ពូឃួន បានឲ្យនីរសារម្នាក់ឈ្មោះ មិត្តផុល យកឡានមកទទួលខ្ញុំនៅពេលរសៀលម៉ោង ២ ធ្វើដំណើររយៈពេល៤ម៉ោងទើបទៅដល់។ នៅមន្ទីរ ២២ ពូឃួន ឧស្សាហ៍ហៅខ្ញុំទៅជួប ដើម្បីសួរនាំ និងដាក់ផែនការឲ្យខ្ញុំធ្វើបន្ត រហូតដល់ខែវិច្ឆិកា ឆ្នាំដដែលនេះ ខ្ញុំបានអប់រំកម្លាំងក្បត់នារីម្នាក់ ឈ្មោះ សាវ៉ន ដែលមានតួនាទីជាយុទ្ធនារី នៅមន្ទីរ២២ដូចគ្នា និងពន្យល់ពីសកម្មភាក្បត់ដែល សាវ៉ន ត្រូវធ្វើ។​

នាដើមឆ្នាំ១៩៧៥ នៅខែមករា ពូឃួន ត្រូវបានចាត់តាំងឲ្យទៅសមរភូមិ ប៥ ជាមន្ទីរពេទ្យយោធា និងមានមិត្តភុំ មិត្តអែម មិត្តម៉ៃ ទៅជាមួយ ថែមទាំងនីរីសារឈ្មោះ មិត្តថុល មិត្តឈី និងពូឆន។ ចំណែកខ្ញុំ មិត្តឆេន និងមិត្តរុំ នៅធ្វើសកម្មភាពបន្តនៅមន្ទីរ២២ រួចរាយការណ៍ទៅ ពូភីន។ មិនយូរប៉ុន្មាន ពូឃួន បានបញ្ជូន ថុល ដែលជានីរសារឲ្យមកនាំខ្ញុំទាំងបីនាក់ទៅមន្ទីរប៥ រហូតដល់ខែមេសា ឆ្នាំ១៩៧៥ គឺចាប់ផ្តើមមានការវាយសម្រុកយកទីក្រុងភ្នំពេញឲ្យបានសម្រេចតាមការចាត់តាំងរបស់អង្គការថ្នាក់លើ ដោយមានយោធាគ្រប់តំបន់សុទ្ធតែជាគណៈបញ្ជារការទាំងអស់បានមកជួបពូឃួន នៅមន្ទីរប៥នេះ។ ថ្ងៃទី១៥ ខែមេសា ខ្ញុំបានទទួលការអប់រំពី ពូឃួន ម្តងទៀត ឲ្យខ្ញុំ ឆេន ម៉ៃ ភា និង ផាន ចែកកម្លាំងគ្នាធ្វើសកម្មភាពបន្ត រួចចេញដំណើរទៅសមរភូមិ។ មិនបង្អង់យូរ ក្រុមខ្ញុំទាំង៥នាក់ ចាប់ផ្តើមធ្វើសកម្មភាព ដោយខ្ញុំ និង ភា បានចាក់ទឹកចូលសេរ៉ូមឲ្យខូច និងលាយថ្នាំដោយមិនបានសម្អាតផ្ចិតផ្ចង់ទេ ថែមទាំងយកទឹកលាយចាក់ចូលគ្នា ដើម្បីឲ្យប្រតិកម្មថ្នាំពេលព្យាបាលអ្នកជំងឺ។ បន្ថែមពីលើនេះ ខ្ញុំបានអប់រំកសាងសមាជិកបានម្នាក់ទៀតឈ្មោះ អ៊ន ដែលជាយុទ្ធនារីនៅមន្ទីរពេទ្យ ប៥ ដូចគ្នា និងធ្វើសកម្មភាពបន្ត។ ពេលដែលទទួលបានជ័យជម្នះភ្នំពេញភ្លាម ពូឃួន បានបញ្ជូន ពូភីន ដែលជានីរសារផ្ទាល់ ឲ្យមកដឹកនាំក្រុមខ្ញុំទាំងអស់ទៅភ្នំពេញ និងស្នាក់នៅម្តុំគីឡូម៉ែត្រលេខ ៦។ ដល់ខែឧសភា ឆ្នាំ១៩៧៥ តាមសំណើរបស់ បងភាស់ ដែលត្រូវការកម្លាំងជួយច្រៀងបន្ថែម ទៅពូឃួន ដែលនេះជាឱកាសល្អសម្រាប់ បញ្ជូនខ្ញុំ និងមិត្ត រិន ទៅក្រសួង ក៣៣ ផ្នែកសិល្បៈ ដើម្បីធ្វើសកម្មភាពកសាងពង្រីកសមាជិកបន្ថែម និងមានការជួយជ្រោមជ្រែងពីមិត្តម៉ម មិត្តកែវ មិត្តឆន ដែលនៅកន្លែងនោះស្រាប់។ កន្លះខែក្រោយពីបានធ្វើការនៅក្រុមសិល្បៈ នីរសាររបស់ ពូឃួន យកនាឡិការដៃឲ្យខ្ញុំ និង រិន ម្នាក់មួយ ថែមទាំងសួរនាំពីសកម្មភាពក្បត់ផ្សេងដែល ពូឃួន បានចាត់តាំងខ្ញុំទាំងពីរនាក់ធ្វើ។ នៅខែកក្កដា ឆ្នាំដដែល ពូឃួន បញ្ជូនក្រុមសិល្បៈ ៣០នាក់មកបន្ថែម ដែលបង្ករភាពងាយស្រួលដល់ក្រុមខ្ញុំដើម្បីធ្វើសកម្មភាព។ រហូតដល់ខែសីហា មានការបើកប្រជុំសម្ងាត់ជាមួយក្រុមសមាជិកខ្ញុំ ដែលមាន ពូម៉ម និងពូកែវ ជាអ្នកដឹកនាំ ហើយមានខ្ញុំ មិត្តសី មិត្តឆេន ថែមទាំងយុវ័នដែលមាន ពូឆន ពូរុន ចូលរួមទាំងអស់គ្នា រួច ពូម៉ម មានមតិណែនាំថា «មិត្តយើងទាំងអស់គ្នា យើងជួបគ្នាពិភាក្សា យើងចុះទៅវិញធ្វើសកម្មភាពនៅក្នុងរក្រសួងនេះ»។ ក្រៅពីនោះ ពូម៉ម បានដាក់ផែនការឲ្យ មិត្តខុម និងមិត្តសី ត្រូវធ្វើសកម្មភាពខាងចូលជ្រៅក្នុងនារី ដើម្បីអូសទាញកម្លាំង ព្រោះអីមិត្តខុម ធ្លាប់ច្រៀងជាមួយគ្នា ចំណែការចាត់ចែងតួរច្រៀង ទុកឲ្យមិត្តឆន ជាអ្នកចាត់តាំងព្រោះនៅជាមួយ បងភាស់ ស្រាប់ហើយ។

ថ្ងៃទី៩ ខែសីហា ខ្ញុំចាប់ផ្តើមធ្វើសកម្មភាពនៅក្នុងក្រុមសិល្បៈ ខ្ញុំបានកសាងកម្លាំងឈ្មោះ សង់ ជាយុទ្ធនារីនៅក្នុងសិល្បៈ ក៣៣ ដោយស្វែងយល់ពីចំណុចដែល សង់ មិនពេញចិត្តក្នុងពេលបម្រើបដិវត្តន៍ ដូចជា ការរស់នៅពិបាកនៅក្នុងព្រៃកន្លងមក មិនដែលបានទៅលេងផ្ទះជួបជុំគ្រួសារ។ល។ លុះដល់ចុងខែកញ្ញា ខ្ញុំបានខុសសីលធម៌ជាមួយ ថេត (យុទ្ធជនក្រសួងសិល្បៈក៣៣) និង ពូឆន (គណៈចាត់តាំងច្រៀង និងភ្លេងនៅក្នុងសិល្បៈ)។ ចូលដល់ខែតុលា ឆ្នាំ១៩៧៥ ដដែល ខ្ញុំ និង ភី បានយកសម្ភារខោអាវសិល្បៈទៅបំផ្លាញដោយដាក់ចោលតាមគៀនជញ្ជាំងទទឹកទឹកភ្លៀងឲ្យពុកផុយអស់ ដែលជាការប្រឆាំងនឹងការចាត់តាំងរបស់ បងខន (ប្រធានក្តាប់រួម) ឲ្យ ខ្ញុំទាំងពីរយកទៅសម្អាតទៅវិញ។ សកម្មភាពថ្មីត្រូវបានចាត់តាំងពី ពូរុន ពូកែវ និងពូម៉ម ដើម្បីឲ្យខ្ញុំ មិត្តសី មិត្តឆេន មិត្តម៉ៃ មិត្តខេង និងមិត្តសូត បំផុសខាងផ្នែកសីលធម៌ ធ្វើយ៉ាងណាបំផុសនារីទាំងអស់នៅក្នុង ក៣៣ ឲ្យជ្រួលច្របល់ ទាស់ទែងគ្នា។

ចាប់ពីខែមករា ឆ្នាំ១៩៧៦ យើងខ្ញុំ និងខ្សែរយៈក្បត់ផ្សេងទៀត ចាប់ផ្តើមសកម្មភាព (បំផ្លាញសម្ភារសិល្បៈ បំផ្លាញអង្ករ សណ្តែក បំផុសផ្នែកសីលធម៌ និងអូសទាញកសាងកម្លាំងបន្ថែម) ដោយមានការអប់រំចាត់តាំងឲ្យធ្វើសកម្មភាពជាបន្តបន្ទាប់ ហើយខ្ញុំថែមទាំងបានកសាងសមាជិកបន្ថែម្នាក់ទៀតគឺ នារីស៊ុន ដែលមកពីខេត្តសៀមរាប។ ចូលដល់ខែសីហា ពូភាស់ បានប្រាប់ ឲ្យខ្ញុំ និងមិត្តសិល្បៈដែលជាសមាជិកខ្សែរយៈក្បត់មួយចំនួនដូចជា មិត្តឆន មិត្តសី មិត្តខុម មិត្តឆេន និងមិត្តសូត្រទៅរស់នៅច្បារអំពៅ រួចធ្វើសកម្មភាពក្បត់បន្តទៀត។ នៅច្បារអំពៅ មាន បងឡុង ជាប្រធាននារីនៅក្នុងមន្ទីរ ហើយខ្ញុំបានចាប់ផ្តើមសកម្មភាពដោយបង្ករការខូចខាតអង្ករ ត្រី ជាដើម។ បន្ថែមពីនេះ ខ្ញុំបានអប់រំកសាង មិត្តស៊ីម ឲ្យចូលរួមក្នុងខ្សែរយៈ និងធ្វើសកម្មភាពក្បត់ដោយ មិត្តស៊ីម បានអប់រំកសាង មិត្តលឿន ដែលមានអាយុទើបតែ១៨ឆ្នាំឲ្យចូលរួមក្នុងកម្លាំងខ្សែរយៈបន្ថែម។ មិត្តលឿន បានខុសសីលធម៌ជាមួយមិត្តបូ ដែលជាប្រធានក្រុមក្នុងសិល្បៈ។ នៅខែវិច្ឆិការ ឆ្នាំ១៩៧៦ អង្គការបានឲ្យក្រុមសិល្បៈទៅសម្តែងនៅមហោស្រប ជាឱកាសសម្រាប់ក្រុមខ្ញុំធ្វើសកម្មភាព ដោយខ្ញុំបានយកសម្ភារត្រៀមទុកចេញសម្តែងទៅទុកចោលនៅគៀនជញ្ជាំងដើម្បីបង្អាក់ការសម្តែង។ ដល់ពេលកម្មវីធីជិតចាប់ផ្តើម មិត្តយើងទៅរកសម្ភារមិនឃើញធ្វើឲ្យការចេញសម្តែងមិនទាន់ពេលវេលាពិតមែន ក្រោយពីពេលនោះមក ខ្ញុំឈប់សម្តែង រួចធ្វើការងារពលកម្មនៅមន្ទីរច្បារអំពៅដដែល។ សកម្មភាពក្បត់របស់ខ្ញុំលើកនេះ គឺមិនខ្វល់ខ្វាយពង្រឹងការងារពលកម្ម មិនទទួលខុសត្រូវចំពោះការងារដែលថ្នាក់លើចាត់តាំង។

ចូលមកដល់ខែមករា ឆ្នាំ១៩៧៧ ខ្ញុំ មិត្តសី និងមិត្តលឿន បានរាយការណ៍ពីសកម្មភាពក្បត់ដែលបានធ្វើពីឆ្នាំមុន។ បន្ទាប់មក ពូឆន បានណែនាំក្រុមខ្ញុំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខំកសាងកម្លាំងបន្ថែម និងខំបំផ្លិចបំផ្លាញឲ្យបានជាប់រហូត។ ដល់ខែមិថុនា ឆ្នាំដដែល ខ្ញុំ និងមិត្តឆេន ទទួលបានការចាត់តាំងពី ពូយី ប្រធានក្តាប់រួមនៅមន្ទីរច្បារអំពៅ ឲ្យទៅបំពេញភារកិច្ចនៅមន្ទីរ ក១៦ ព្រោះអង្គការកំពុងតែខ្វះកម្លាំងធ្វើស្រែ។ ក្រៅពីខ្ញុំ និងមិត្តឆេន សមាជិកខ្សែរយៈផ្សេងទៀតមាន មិត្តសី និងមិត្តរដ្ឋ ដែលបានបញ្ជូនមកមន្ទីរ ក១៦កាលពីកន្លះខែមុនខ្ញុំ។ មកដល់មន្ទីរ ក១៦ បាន ៣ថ្ងៃ ខ្ញុំបានពិភាក្សាជាមួយ មិត្តឆេន រកវិធីបន្តសកម្មភាពក្បត់ ពីព្រោះកន្លែងមន្ទីរក១៦ ជាមន្ទីរលត់ដំកសាងខ្លួន មិនដឹងថាស្លាប់ឬរស់ទេ។ រស់នៅមន្ទី ក១៦ ប្រហែលកន្លះខែ (រហូតដល់ខែកក្កដា) បងសុន ប្រធានក្តាប់រួមនៅមន្ទីរ ក១៦ បានបញ្ចូលខ្ញុំទៅក្នុងកងនារី ដែលមាន មិត្តរ៉ែន ជាប្រធាន។ ដល់ខែសីហា ខ្ញុំចាប់ផ្តើមធ្វើសកម្មភាពក្បត់បន្តទៀតនៅក្នុងមន្ទីរ ក១៦ នេះ ដោយបានជាន់បំផ្លាញស្រូវ ស្ទូងស្រូវមិនត្រឹមត្រូវតាមការណែនាំរបស់បងមិត្តយើងទេ យកពូជស្រូវទៅចាក់ចោលនៅក្នុងស្រះ កសាងមិត្តញៀនឲ្យចូលជាសមាជិកខ្សែរយៈក្បត់បន្ថែម មិនតែប៉ុណ្ណោះ ខ្ញុំបានទាក់ទងសិលធម៌ជាមួយមិត្តសាញ់ និងមិត្តខន។ ដល់ខែវិច្ឆិកា សកម្មភាពក្បត់បានបន្តដោយខ្ញុំយកស្រូវទៅហាលទឹកភ្លៀងខូចអស់ រួចខ្ញុំត្រូវបានបងមិត្តជួយមតិថា ខ្ញុំគ្មានស្មារតីទទួលខុសត្រូវទេ គ្មានជួយចម្រើនអង្គការទេ មានតែបំផ្លាញអង្គការ។ យប់ថ្ងៃការជួយមតិពីបងមិត្តរួច បងធី បានហៅខ្ញុំទៅសួរនាំ បន្តែខ្ញុំមិនបាននិយាយអ្វីទាំងអស់ ទើបទៅប្រាប់ប្រធានកងឈ្មោះ រ៉ែន ពីបញ្ហាដែលខ្ញុំបានធ្វើកន្លងមក។ បងរ៉ែន សួរខ្ញុំដូចអ្វីដែលបងធី សួរដែរ ខ្ញុំឆ្លើយថា ព្រោះអីថ្ងៃមួយប្រជុំកងបានជួយមតិទៅវិញទៅមក ហើយខ្ញុំខឹងនឹងបង ដោយសារបងសរុបមតិមិនស្មើភាពគ្នា មិនត្រឹមត្រូវទេ ទើបធ្វើឲ្យពួកខ្ញុំខឹងទាស់ទែងគ្នារហូតមកដល់សព្វថ្ងៃ។ មិនយូរប៉ុន្មាន នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្ញុំមកមន្ទីរស-២១នេះតែម្តង៕

អត្ថបទដោយ គឹម សុវណ្ណដានី


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «អត្ថបទចម្លងចេញពីខ្សែអាត់៖ ប្រវត្តិសកម្មភាពក្បត់របស់ យ៉ែម គុន ហៅ ខុម យុទ្ធនារីក្រសួង ក១៦» ថ្ងៃទី២៨ ខែវិច្ឆិកា
ឆ្នាំ១៩៧៧, ឯកសារលេខ j០០៧៨៦។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin