យ៉ែម សៀន៖ ស្លាប់រស់ឬឈ្នះចាញ់នៅក្នុងសមរភូមិពឹងលើអ្នកបកប្រែសារ

យ៉ែម សៀន[1] ភេទប្រុស អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើត ក្នុងភូមិដើមពោធិ៍ ឃុំរមិញ ស្រុកកោះអណ្ដែត ខេត្ដតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ខ្ញុំរៀនសូត្របានតិចតួចណាស់ នៅត្រឹមថ្នាក់ទី១២ (ប្រព័ន្ធអប់រំសង្គមចាស់) ដោយសារតែរដ្ឋប្រហារឆ្នាំ១៩៧០ ហើយភូមិឃុំរបស់យើងចាប់ផ្ដើមបង្កើតឲ្យមានចលនាតស៊ូដើម្បីប្រឆាំងជាមួយ លន់ នល់។ ខ្ញុំមិនទាន់យល់ថាចលនាបដិវត្ដន៍គឺជាអ្វីនោះទេ។ ខ្ញុំមិនទាន់យល់ដែរអំពីការចូលព្រៃម៉ាគី កាលជំនាន់នោះ។ ចាស់ៗតែងតែនិយាយអំពីចលនាតស៊ូចូលក្នុងព្រៃម៉ាគី។
នៅក្នុងឆ្នាំ១៩៧១ របប លន់ នល់ បានបង្កើតទាហានស្វ័យត្រាណនៅតាមភូមិឃុំ។ កងទ័ពខ្មែរក្រហមបានចូលធ្វើការងារជាមួយប្រជាជនក្នុងភូមិនៅពេលយប់ ហើយជម្លៀសប្រជាជនចេញតាមស្រុកព្រៃកប្បាសទៅកាន់ស្រុកត្រាំកក់ ដើម្បីឲ្យប្រជាជនរួចផុតពីតំបន់ខ្មាំងទៅកាន់តំបន់រំដោះ។ ខ្មែរក្រហមប្រាប់ហេតុផលថា ការជម្លៀសប្រជាជនបែបនេះដើម្បីសុវត្ថិភាព ដោយសារតែប្រជាជនអាចរងផលប៉ះពាល់នៅពេលមានការប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។ យើងបានធ្វើដំណើរកាត់ភ្លៀងទាំងកណ្ដាលយប់អាធ្រាត្រ។ ខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅសួរសុខទុក្ខក្រុមគ្រួសារនៅឯផ្ទះទេ។ ជាងនេះទៅទៀត ដើម្បីរក្សាបាននូវស្មារតីរបស់យើង ខ្មែរក្រហមមិនឲ្យយើងឃើញស្ថានភាពនៃការស្លាប់របស់កងទ័ព និងប្រជាជននៅមូលដ្ឋានខាងក្រោយដែរ។
នៅក្នុងឆ្នាំ១៩៧៤ ខ្មែរក្រហមបានរៀបចំកម្លាំងក្នុងភូមិឃុំទៅជាក្រុមសាមគ្គីធ្វើស្រែប្រវ៉ាស់ដៃ។ ពេលនោះ ខ្ញុំក៏បានចេញពីផ្ទះ និងចូលរួមក្នុងចលនាតស៊ូខ្មែរក្រហម។ ខ្មែរក្រហមតែងតែធ្វើមីទី្ទញហើយអំពាវនាវឲ្យយុវជនចូលរួមជាកម្លាំងដើម្បីតស៊ូក្នុងចលនាបដិវត្ដន៍។ យុវជនដែលមានភាពក្លាហានបានឡើងប្ដេជ្ញាចិត្ដនឹងតស៊ូក្នុងចលនានេះជាបន្ដបន្ទាប់។ ចំណែកឯយុវជនដែលមិនក្លាហានត្រូវបានខ្មែរក្រហមទិតៀនថា«កំសាកញី និងអន់ជាងស្រីទៅទៀត»។ ខ្ញុំបានចូលក្នុងចលនាបដិវត្ដន៍នេះក៏ដោយសារការគេចពីពាក្យទិតៀន ឬភាពអាម៉ាស់នេះដែរ។
ដំបូងឡើយ ខ្ញុំបានចូលធ្វើជាកងឈ្លបភូមិរបស់ខ្មែរក្រហម។ ប៉ុន្មានថ្ងៃក្រោយមក ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅកងទ័ពស្រួចក្នុងតំបន់តាកែវ ឬកងនាវាចរ (ស្ថិតក្នុងចំណុចក្រហាង ទល់មុខថ្មបីដុំ)។ យើងបានរស់នៅទីនោះមួយរយៈ។ ថ្នាក់លើក៏បានផ្លាស់ខ្ញុំទៅកាន់សោមតាអូរ នៅក្នុងស្រុកគិរីវង់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងអនុសេនាធំលេខ១៤។ កងទ័ពរបស់យើងដើរល្បាត និងយាមនៅតាមព្រំដែនជាប្រចាំ។ នៅទីនោះ យើងប្រើប្រាស់ទូកតូចៗ ដែលអាចជិះគ្នា៣នាក់។ ទូកទាំងនោះធ្វើអំពីឈើ និងប្រើច្រវា។ កងកម្លាំងរបស់យើងមានការកើនឡើងជាលំដាប់។ អង្គភាពនីមួយៗមានកម្លាំងពេញ។ កត្តានេះផុសចេញពីកំហឹងនៃការឈឺចាប់របស់ប្រជាជន នៅតាមទីជនបទស្រុកស្រែចម្ការ ទាក់ទងនឹងសង្គ្រាមឈ្លានពាន។ កងកម្លាំងក្នុងអង្គភាពនីមួយៗមិនសូវបានហាត់អំពីយុទ្ធសាស្រ្ដកងទ័ព ដោយសារតែមានភាពបន្ទាន់ខ្លាំងពេក។ កងកម្លាំងទាំងអស់ត្រូវប្រឡូកក្នុងសង្គ្រាមជាក់ស្ដែង។ ខ្ញុំផ្ទាល់បានចូលប្រឡូកក្នុងសង្គ្រាមផ្ទាល់ ចាប់តាំងពីដំបូង។ នៅជំនាន់នោះ យើងបានតស៊ូលំបាកនៅក្នុងព្រៃ។ តែទោះជាយ៉ាងណា ការហូបចុកមិនសូវជួបការលំបាកទេ។
នៅចន្លោះឆ្នាំ១៩៧៥ និង១៩៧៦ យើងនៅល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតក្រោមអង្គភាពត-២នៃកងទ័ពជើងគោក។ នៅពេលនោះ យើងប្រើប្រាស់របងលួសនៅតាមព្រំដែន ។ កងទ័ពរបស់យើងស្ថិតនៅចម្ងាយប្រមាណ២៥០ម៉ែត្រពីរបងលួសបន្ទាត់ព្រំដែន។ មុខសញ្ញាដែលយើងវាយគឺនៅព្រៃរុន ខាងកើតតាកែវ។ ទីនោះគឺជាសមរភូមិ ដែលទាហាន លន់ នល់ បានលើកទង់ស ដើម្បីសុំចុះចាញ់ ក្រោយគេ តាំងពីបន្ទាយជើងចាប។ នៅពេលនោះ ខ្ញុំបានចូលបោសសម្អាតនៅក្រុងតាកែវ។ ប្រជាជនត្រូវបានជម្លៀសទៅកាន់ស្រុកត្រាំកក់ ខេត្ដតាកែវ។ អតីតទាហាន លន់ នល់ បានបន្លំខ្លួនស្លៀកពាក់ស៊ីវិលទៅតាមប្រជាជន។
នៅពេលទទួលជ័យជម្នះក្នុងឆ្នាំ១៩៧៥ ខ្ញុំមានមោទនភាពលើខ្លួនឯង។ ដូច្នេះ យើងចូលរួមសប្បាយជាមួយនឹងជ័យជម្នះនេះ។ ខ្ញុំចាប់ផ្ដើមឮឈ្មោះតាម៉ុក ឬតា១៥ ចាប់ពីឆ្នាំ១៩៧៦។ នៅពេលនោះ យើងចាប់ផ្ដើមនាំគ្នាលើកទំនប់ជ្រលងទៀន នៅស្រុកកោះអណ្ដែត។ ខ្ញុំយល់ថា តាម៉ុក គឺជាមនុស្សកាចតែមាត់ តែចិត្ដល្អ។ តាម៉ុកបានជួយមនុស្សច្រើនណាស់ ដោយអ្នកខ្លះទទួលបានរៀនជាង ហើយខ្លះទៀតរៀនបើកឡាន។
នៅឆ្នាំ១៩៧៨ ខ្ញុំបានផ្លាស់ទៅ ទីក្រុងភ្នំពេញ ដើម្បីចូលកងទ័ពជើងអាកាស។ ខ្មែរក្រហមបានប្រាប់ថា មិត្ដៗដែលធ្វើល្អត្រូវបានបក្សផ្ដល់ការទុកចិត្ដ ហើយបានបំពាក់ខោអាវថ្មីៗដល់យើង។ ខ្មែរក្រហមគ្រាន់តែប្រាប់យើងថាយើងចេញពីតំបន់ឡើងទៅមជ្ឈិម។ យើងត្រូវបានបញ្ជូនទៅដល់បន្ទាយទាហានប៉ារ៉ានៅពោធិ៍ចិនតុង។ ទៅដល់ទីនោះយើងបានឃើញយោធាប្រមាណជាងមួយពាន់នាក់ដែលបញ្ជូនមកពីគ្រប់អង្គភាព។ យើងរៀនផង និងជួយបង្កបង្កើនផលស្រូវជាមួយប្រជាជនផង។ កងកម្លាំងមួយចំនួនកាប់រណ្ដៅកប់ខ្សែភ្លើងនៅឯព្រលានយន្ដហោះ ឯកម្លាំងមួយចំនួនទៀតត្រូវបោសសម្អាតក្នុងទីក្រុងភ្នំពេញ។ ក្រោយមកទៀត ខ្មែរក្រហមចាប់ផ្ដើមពិនិត្យសុខភាព ហើយបញ្ជូនខ្ញុំទៅរៀននៅប្រទេសចិន ដើម្បីរៀនបើកយន្ដហោះចម្បាំងធន់ប្រដេញ។ កម្លាំងដែលមិនបានចេញក្រៅត្រូវរៀនពីការលោតឆ័ត្រយោង និងរៀនរថក្រោះ។
រហូតដល់ឆ្នាំ១៩៨០ ខ្ញុំបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយជិះកប៉ាល់ទឹករយៈពេល៧យប់៨ថ្ងៃ ដោយសារសភាពការណ៍ក្នុងប្រទេសមានការផ្លាស់ប្ដូរ។ តាមកាលកំណត់នៃការរៀនបើកយន្ដហោះប្រភេទនេះត្រូវការពេល១ឆ្នាំកន្លះទៅ២ឆ្នាំ។ ប៉ុន្ដែនៅពេលខ្ញុំទើបតែរៀនបានមួយឆ្នាំអំពីទ្រឹស្ដី និងគ្រឿងបរិក្ខារមួយចំនួន។ ផ្នែករបស់ខ្ញុំគឺអ្នកនាំសារ។ មជ្ឈិមបក្សកុម្មុយនីស្ដកម្ពុជាបានឲ្យដំណឹងថា កងទ័ពវៀតណាមបានចូលដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញហើយ។ យ៉ាងណាមិញ ប្រភេទយន្ដហោះប្រដេញ និងទម្លាក់គ្រាប់ដែលខ្ញុំទៅរៀននៅក្នុងប្រទេសរបស់យើងមិនទាន់មានប្រើប្រាស់នៅឡើយអំឡុងពេលខ្មែរក្រហមគ្រប់គ្រង ។ ក្រោយមក យើងទទួលដំណឹងថា យន្ដហោះប្រភេទនេះនឹងមកដល់ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៩។ ប៉ុន្ដែយើងមិនបានឃើញផ្ទាល់ភ្នែកទេ។ ខ្ញុំគិតថា ប្រសិនបើយើងរៀនចប់ និងមានយន្ដហោះ ខ្មែរក្រហមអាចគ្រប់គ្រងសភាពការណ៍ទាន់ពេលវេលា។
ដោយសារមានការផ្លាស់ប្ដូរសភាពការណ៍បែបនេះ ខ្ញុំបានចាប់យកជំនាញតែមួយគត់ គឺទូរលេខ។ ខ្ញុំប្រើប្រាស់ជំនាញនេះដើម្បីស្រង់លេខពីអង្គភាពណាមួយដែលផ្ញើមក។ បន្ទាប់មក ខ្ញុំត្រូវបានបញ្ជូនទៅកាន់អង្គភាពបកប្រែ ឬផ្គុំលេខនោះឲ្យទៅជាអក្សរ ប្រយោគ និងឃ្លោងឃ្លាដែលមានខ្លឹមសាររាយការណ៍ពីសភាពការណ៍បែបណាមួយ។ ប្រសិនបើយើងកត់ខុសតែមួយលេខ នោះការបកប្រែក៏មានការលំបាកដែរ។ ដើម្បីចៀសវាងចំណុចនេះ យើងស្ដាប់ម្ដងហើយម្ដងទៀតប្រសិនបើស្រពិចស្រពិល។ ការបញ្ជូនសារ និងឆ្លងកាត់ភាពសាំញ៉ាំបែបនេះ ប្រាកដជាមានភាពយឺតយ៉ាវក៏ពិតមែន ប៉ុន្ដែលាក់ការណ៍សម្ងាត់បានល្អណាស់។ យើងទទួលពីអង្គភាពមួយទៅអង្គភាពមួយជាភាសាសត្វ ហើយឆ្លងកាត់ការបកប្រែទៅអក្សរដែលមានខ្លឹមសារ។ ស្លាប់រស់ឬឈ្នះចាញ់នៅក្នុងសមរភូមិពឹងលើអ្នកបកប្រែសារតែម្ដង»៕
អត្ថបទដោយ សួត វិចិត្រ
[1] សួត វិចិត្រ សម្ភាសន៍ជាមួយ យ៉ែម សៀន នៅក្នុងឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤