យាន ឡង់ បាត់ខ្លួនក្នុងឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមចាប់មនុស្សចំនួន៦នាក់ បាញ់សម្លាប់នៅព្រែកជ្រីវ ស្ថិតនៅ ភូមិកូនក្រពើ ឃុំជាំតាម៉ៅ។ នៅក្នុងចំណោមមនុស្សទាំង៦នាក់ ខ្មែរក្រហមបានយក៥នាក់ មានឈ្មោះជ្រូក ដំបូក វ៉ិច សន និងវុធ ទៅបាញ់ទម្លាក់ព្រែកជ្រីវមុន។ យាន ឡង់ ត្រូវខ្មែរក្រហមវាយឱ្យរបួសពេញខ្លួន រួចទម្លាក់ព្រែកជ្រីវ ប៉ុន្តែ ឡង់ ចេះហែលទឹក ហើយលាក់ខ្លួនក្រោមដើមឫស្សី។ ឆ្នាំ១៩៧៨ យាន ឡង់ រត់ស្កាត់ជួបម្តាយ ដើម្បីគេចខ្លួនទៅប្រទេសវៀតណាម។ សំឡេងកាំភ្លើងបានផ្ទុះឡើងខ្លាំង ការបាញ់គ្នារវាងកងទ័ពវៀតណាម និងខ្មែរក្រហម។ បន្ទាប់ពីមានការបាញ់គ្នា នៅឃុំឃ្សឹម និងឃុំស្វាយជ្រះ ស្រុកស្នួល ឡង់ បានបាត់ខ្លួន។
ខាងក្រោមនេះជាសាច់រឿង យាន ប៉ីស និយាយពីការបាត់ខ្លួនរបស់ យាន ឡង់៖
ឈ្មោះ យាន ប៉ីស[1] ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិស្ទៀង មានស្រុកកំណើតនៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ននៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ យាននិង ម្តាយឈ្មោះ ម៉ែន ច្រាញ់។ ឪពុកស្លាប់ នៅក្នុងសម័យខ្មែរក្រហម ដោយសារអត់បាយ។ ប៉ីស មានបងប្អូនចំនួន៦នាក់ (ស្រី៤) បាត់ខ្លួនម្នាក់ឈ្មោះ យាន ឡង់។ ប៉ីស ជាកូនទីបួននៅក្នុងគ្រួសារ។ ឆ្នាំ១៩៨៩ ប៉ីស រៀបការជាមួយ សាន់ ឈុំ មានកូនប្រុសបីនាក់។
ប៉ីស មានអាយុ៧ឆ្នាំ ខ្មែរក្រហមដាក់ក្នុងកងកុមារ រស់នៅបែកពីម្តាយឪពុក។ កុមារ នៅក្នុងភូមិទាំងអស់ត្រូវរស់នៅរួមគ្នា។ ភូមិក្តុលលើ ឃុំទន្លូង មានកុមារចំនួន៤០នាក់ ខ្មែរក្រហមបានចាត់តាំងឱ្យកុមារ រើសអាចម៍គោ មកធ្វើជីដាក់ស្រែ។ កុមារទាំង៤០នាក់ បានរៀនមួយម៉ោង ក្នុងមួយថ្ងៃក្រៅពីនោះកាប់ដី កាប់ដើមទន្ទ្រាំងខេត្ត រើសលាមកសត្វ ដកស្មៅស្រែ ដល់ម៉ោង១១ទើបសម្រាក។ ប្រធានកងកុមារវាយជួង ជាសញ្ញាដល់ម៉ោងហូបបាយ។ កុមារទាំងអស់ នាំគ្នាកាន់ចានម្នាក់មួយទៅបើកបាយកន្លែងសហករណ៍ក្នុងភូមិ។ យាន ប៉ីស បានរៀនសូត្រជាមួយកុមារដទៃ ពេលដែលខ្មែរក្រហមគ្រប់គ្រង។ គ្រូបង្រៀន ឈ្មោះ សុវណ្ណ និងចាន់ បានបង្រៀន ប៉ីស ក្នុងសម័យខ្មែរក្រហម(បង្រៀនក្នុងភូមិក្តុលលើ)។ ប៉ីស រៀនបានមួយខែក៏ឈប់រៀន ដោយសារតែខ្មែរក្រហមជម្លៀសអ្នកស្រុកកោះសូទិន ខេត្តកំពង់ចាមដាក់ក្នុងភូមិ។ ប៊ីន ជាប្រធានកងតូច ដើរប្រាប់ប្រជាជនទាំងអស់មកប្រជុំគ្នាដើម្បីបែងចែកការងារតាមកម្លាំង។ ប៊ីន ទទួលបានបញ្ជាពីថ្នាក់លើ “បងប្អូនទាំងអស់គ្នា យើងបែងចែកកម្លាំងធ្វើតាមថ្នាក់លើ មិត្តយុវជនត្រូវធ្វើការងារឆ្ងាយពីភូមិ កុមារត្រូវខំប្រឹងប្រែងធ្វើការងារ ប្រជាជនថ្មីត្រូវធ្វើការក្នុងភូមិ” ។ ចាប់តាំងពីមានសេចក្តីប្រកាស ត្រូវអនុវត្តតាមគោលការណ៍របស់ថ្នាក់លើ។ ឈ្មោះ យាន យីន និង យាន សារីន ត្រូវជាបង យាន ប៉ីស ត្រូវបាន ប៊ីន ជ្រើសរើសជាកងចល័តឆ្ងាយពីស្រុកកំណើត។ ប្រធានភស្តុភារឈ្មោះ ប៉ក់ ឈាង និងភេន ទទួលការខុសត្រូវម្ហូបអាហារ។ នៅក្នុងភូមិក្តុលលើ ការហូបចុកមិនខ្វះខាតទេ ទោះបីជាថ្ងៃខ្លះហូបបបរ ថ្ងៃខ្លះហូបបាយ។
នៅឆ្នាំ១៩៧៦ ឈ្មោះ លាភ ជាកងកម្លាំងខ្មែរក្រហមមកពីស្រុកមេមត់ ផ្តល់ដំណឹងដល់ប្រធានកងតូចឈ្មោះ ប៊ីន ឱ្យជម្លៀសប្រជាជនចេញពីភូមិគ្មានការកំណត់។ គ្រួសាររបស់ យាន ប៉ីស និងប្រជាជននៅក្នុងភូមិត្រូវបានខ្មែរក្រហមជម្លៀសទៅភូមិស្រែតាពេជ្រ ឃុំជាំតាម៉ៅ ស្រុកមេមត់ ដើម្បីធ្វើស្រែ។ ប៉ីស ស្ថិតក្នុងកងកុមារដដែល។ កុមារភាគច្រើនខ្មែរក្រហមជម្លៀសពីឃុំទន្លូង និងឃុំជាំតាម៉ៅ ឱ្យនៅជាមួយគ្នា។ ព្រឹកឡើង កុមារទាំងនោះទៅរែកដី ធ្វើជី និងដកស្មៅស្រែ។ ខ្មែរក្រហមឱ្យ ប៉ីស ទៅដកសំណាប ដល់ម៉ោង១០ព្រឹកឡើងទៅហូបបាយម្តង។ ពេលយប់ ប៉ីស ចូលទៅគេងជាមួយម្តាយ។ កុមារខ្លះដេកជាមួយគ្រួសារ ខ្លះដេកជាមួយកុមារដូចគ្នា។ ប៉ីស ស្នាក់នៅភូមិស្រែតាពេជ្រ ប្រហែល៦ខែ។ ស្រូវ មិនទាន់ស្ទូងរួចរាល់ ខ្មែរក្រហមជម្លៀសទៅមុខបន្តទៀត។ ប៉ីស គេងមួយយប់នៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ។ ភូមិកូនក្រពើ មានផ្ទះតែគ្មានមនុស្សរស់នៅ ដោយសារខ្មែរក្រហមជម្លៀសប្រជាជនចេញមុន។ ប្រជាជនមួយចំនួនបានគេងលង់លក់ស្ងាត់ភូមិអស់។ ចំណែក ប៉ីស គេងមិនលក់ ព្រោះមានខ្យល់បក់ខ្លាំងធ្វើឱ្យរងារ នឹងគ្មានភួយដណ្ដប់។ ព្រឹកឡើងទ័ពខ្មែរក្រហមជម្លៀសពីភូមិកូនក្រពើ ទៅស្រុកស្នួល ខេត្តក្រចេះ។
យាន ឡង់ អាយុ ១៨ឆ្នាំ ជាប្អូនប្រុស យាន ប៉ីស ត្រូវខ្មែរក្រហមបាញ់ទម្លាក់ទឹកជ្រីវ (ជ្រីវ ជាឈ្មោះព្រែកមួយ ដែលខណ្ឌចែករវាងស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្រុកស្នួល ខេត្តក្រចេះ) ប៉ុន្តែ យាន ឡង់ មិនទាន់ស្លាប់។ ក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមចាប់មនុស្សចំនួន៦នាក់ បាញ់សម្លាប់នៅជ្រីវ ស្ថិតនៅ ភូមិកូនក្រពើ។ ប្រជាជន ដែលខ្មែរក្រហមចាប់មានឈ្មោះ ជ្រូក, ដំបូក, វ៉ិច, សន, វុធ និង ឡង់។ នៅក្នុងចំណោមអ្នកទាំង៦នាក់នោះ ខ្មែរក្រហមបានយក៥នាក់ មានឈ្មោះជ្រូក, ដំបូក, វ៉ិច, សន និងវុធទៅបាញ់ទម្លាក់ទឹកជ្រីវមុន។ ឡង់ ត្រូវខ្មែរក្រហមវាយឱ្យរបួសពេញខ្លួន រួចទម្លាក់ទឹកជ្រីវ ប៉ុន្តែឡង់ ចេះហែលទឹក ហើយលាក់ខ្លួនក្រោមដើមឫស្សីដែលដុះតាមមាត់ព្រែក។ ឡង់ ហែលទឹករហូតដល់មាត់ព្រែកនៃភូមិស្រែតាពេជ្រ រួចឡើងពីទឹកលាក់ខ្លួនក្នុងរន្ធដើមចំប៉ក់ធំមួយ។ អំឡុងទ័ពខ្មែរក្រហមជម្លៀសប្រជាជនដើរតាមផ្លូវ។ ឡង់ បានចូលបន្លំខ្លួនដើរជាមួយប្រជាជន ដោយយកក្រណាត់ពណ៌ខ្មៅគ្របក្បាលនឹងបន្តដំណើរជាមួយប្រជាជន ដែលខ្មែរក្រហមជម្លៀសទៅស្រុកស្នួល។
ឆ្នាំ១៩៧៨ ប្រជាជនដែលខ្មែរក្រហមជម្លៀសចេញពីភូមិ? ឱ្យនៅអាលច ម្លេច (ឈ្មោះ អាលច និងម្លេច ជាទីតាំងដែលខ្មែរក្រហមជម្លៀសប្រជាជនស្នាក់អាស្រ័យ និងកន្លែងការងារ ក្នុងសម័យខ្មែរក្រហម) ឃុំស្វាយជ្រះ ស្រុកស្នួល។ ប្រជាជនត្រូវស្លាប់ស្ទើរពាក់កណ្តាល ដោយសារអត់បាយ និងខ្មែរក្រហមសម្លាប់។ យាន ជាឪពុករបស់ ប៉ីស មានរាងកាយស្គមស្គាំង ភ្នែករូងជ្រៅ សល់តែឆ្អឹង និងស្បែក រហូតស្លាប់នៅម្លេច ឃុំស្វាយជ្រះ ដោយសារអត់បាយ។ ក្រឡេកទៅមើល យាន ឡង់ បន្ទាប់ពីរួចផុតពីការសម្លាប់របស់កងកម្លាំងខ្មែរក្រហម។ ឡង់ បានរត់ដល់ស្រុកស្នួល ខេត្តក្រចេះ បានជួបជាមួយ ប៉ីស និងម្តាយ។ ឡង់ បាននិយាយទៅកាន់ម្តាយថា “ម៉ែ…! ប្រហែលជាខ្ញុំមិនរស់ទេ ព្រោះទ័ពមជ្ឈិមតាមចាប់រហូត។ ខ្ញុំប្រហែលត្រូវរត់ទៅនៅប្រទេសវៀតណាមបានរស់”។ ក្រោយពេលនិយាយចប់ ឡង់ ធ្វើដំណើរចេញពីម្តាយភ្លាម។ ប្រហែលជា ពីរម៉ោងក្រោយ មានសំឡេងកាំភ្លើងបានផ្ទុះឡើងខ្លាំង ការបាញ់គ្នារវាងកងទ័ពវៀតណាម និងខ្មែរក្រហម។ បន្ទាប់ពីមានការបាញ់គ្នា នៅឃុំឃ្សឹម និងឃុំស្វាយជ្រះ ស្រុកស្នួល ឡង់ បានបាត់ខ្លួន។
ចុងឆ្នាំ១៩៧៨ បន្ទាប់ពីឪពុកស្លាប់ និងបងប្រុសបាត់ខ្លួន យាន ប៉ីស ត្រូវខ្មែរក្រហមជម្លៀទៅថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី។ ខ្មែរក្រហមឱ្យស្នាក់នៅមួយយប់រង់ចាំឡើងសាឡាង។ សាឡាង ដឹកប្រជាជន ដាក់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បន្ទាប់មានឡានដឹកទៅស្រុកចំការលើ ខេត្តកំពង់ចាម។ ប៉ីស ទៅកាប់ដី ចម្ងាយ៦គីឡូម៉ែត្រពីឃុំជយោ ដែលខ្លួនស្នាក់នៅ។ កន្លែង ប៉ីស ទៅកាប់ដីឆ្ងាយពីភូមិ ទម្រាំដើរដល់ផ្ទះនៅម៉ោង៨យប់។ ច្រាញ់ ជាម្តាយចាំមើលផ្លូវ ចាំហូបបាយជាមួយ ស្មានថាត្រូវខ្មែរក្រហមសម្លាប់។ ប៉ីស ស្នាក់នៅឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម បានកន្លះខែ វាយឈ្នះលើរបបខ្មែរក្រហម។ បីថ្ងៃបន្ទាប់មានការប្រកាសឱ្យប្រជាជនទាំងអស់ត្រឡប់ទៅតាមស្រុកកំណើត។
ខែកុម្ភៈ ឆ្នាំ១៩៧៩ គ្រួសាររបស់ យាន ប៉ីស និងប្រជាជនមួយចំនួនត្រឡប់មកដល់ផ្ទះ ប៉ុន្តែផ្ទះទាំងនោះត្រូវបានភ្លើងឆេះគ្មានសល់។ ប្រជាជននាំគ្នាកាប់ឈើ កាប់ស្លឹក ជួយគ្នាសង់ផ្ទះ រួចទៅរកស្រូវសម្រាប់ធ្វើពូជ។ គ្រួសារ យាន ប៉ីស បាត់បង់សមាជិកចំនួនពីរនាក់នៅក្នុងសម័យខ្មែរក្រហម។ ឪពុក ស្លាប់ដោយសារអត់អាហារ ឯបងប្រុសបាត់ខ្លួនពេលខ្មែរក្រហមតាមសម្លាប់។
សរសេរដោយ ឈុំ រ៉ា
ឯកសារយោង
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកោះថ្ម, គម្រោងការលើកកម្ពស់សិទ្ធ និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សម្ភាសន៍ជាមួយ យាន ប៉ីស ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ និងសម្ភាសន៍លើកទី២ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។