របបខ្មែរក្រហមឃោរឃៅណាស់
(ព្រៃវែង) ៖ យ៉េត យាន មានអាយុ៦៥ឆ្នាំ សព្វថ្ងៃជាមេភូមិ រស់នៅភូមិសង្រ្គោះ ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេត្តព្រៃវែង។ គាត់មានបងប្អូន១១នាក់ ស្លាប់ក្នុងរបបខ្មែរក្រហមម្នាក់។
នៅក្នុងរបបខ្មែរក្រហម យាន មានអាយុប្រហែលជា១៦ឆ្នាំ។ គាត់រស់នៅ និងធ្វើការនៅក្នុងកងចល័ត ត្រូវធ្វើការជីកទំនប់ និងលើកប្រឡាយនៅឆ្ងាយៗពីកន្លែងស្នាក់នៅ។ យានបានបន្តថា គាត់ធ្វើការងារគ្មានពេលសម្រាកតាំងពីព្រលឹមរហូតដល់យប់ ចំណែករបបអាហារវិញទទួលបានមិនគ្រប់គ្រាន់គឺមានតែបបរមួយថ្ងៃពីរវែក។ គាត់រៀបរាប់ទៀតថា ក្នុងរបបនោះគាត់មិនអាចរស់នៅជួបជុំជាមួយឪពុកម្តាយបានទេ គឺបានតែមកលេងយូរៗម្តងប៉ុណ្ណោះ ពេលអង្គការអនុញ្ញាត។
នៅក្នុងរបបខ្មែរក្រហមគាត់ធ្លាប់ឃើញខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់មនុស្សដោយចាក់ពោះខាងស្តាំដើម្បីយកប្រមាត់។ ពេលឃើញហើយគាត់មានការភិតភ័យជាខ្លាំង និងមិនហ៊ានប្រាប់អ្នកផ្សេងអំពីហេតុការណ៍នោះទេ ព្រោះខ្លាចអង្គការយកទៅសម្លាប់ចោល។ យាន គិតក្នុងចិត្តថា បើពេលនោះខ្មែរក្រហម បានដឹងថាគាត់ឃើញហេតុការសម្លាប់មនុស្សនេះ គាត់នឹងត្រូវស្លាប់ជាក់ជាមិនខាន។ គាត់និយាយថា របបខ្មែរក្រហមជារបបមួយសាហាវឃោរឃៅណាស់ ដោយសម្លាប់មនុស្សគ្មានកំហុស និងមិនបានជំនុំជម្រះអ្វីទាំងអស់។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានបង្ខំ យាន ឲ្យចូលធ្វើទាហានដើម្បីធ្វើសង្រ្គាមជាមួយវៀតណាម នៅព្រំដែនស្ថិតនៅស្រុករមាសហែក ខេត្តស្វាយរៀង។ នៅពេលនោះគាត់ស្ទើរតែបាត់បង់ជីវិតដោយសារតែគ្រាប់បែករបស់ទាហានវៀតណាមបានបោះចូលក្នុងរណ្តៅត្រង់សេដែលគាត់ និងទាហានបីនាក់ទៀតកំពុងតែពួនគេច។ ជាសំណាងល្អដោយជីវិតមិនទាន់អស់ទើបគាត់អាចរត់គេចនៅពេលនោះបាន។
ខែមករា ឆ្នំា១៩៧៩ មានការប្រយុទ្ធគ្នានៅតំបន់អ្នកលឿង ខេត្តព្រៃវែង រវាងកងទ័ពវៀតណាម និងទាហានខ្មែរក្រហម។ ទាហានខ្មែរក្រហមបានចុះចាញ់ និងរត់គេចខ្លួន។ យាន ក៏ត្រឡប់មករស់នៅស្រុកកំណើតវិញប្រកបរបបធ្វើស្រែ និងក្រោយមកធ្វើជាមេភូមិរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្ន យាន មានជំងឺលើសសម្ពាធឈាម។ គាត់តែងប្រើប្រាស់ថ្នាំជាប្រចាំ។
សម្ភាសន៍ដោយ ហេង ស្រីអូន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤