កងចល័តនារីឃុំ

(ខេត្តស្វាយរៀង) អ៊ី ហ៊ាង ហៅសុខ អាយុ ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហ៊ាង ជាកូនទី៥ ក្នុងគ្រួសារដែលមានបងប្អូន៦នាក់ (ស្រី២នាក់) និងមានឪពុកឈ្មោះ ឃុត ម្តាយឈ្មោះ ខៀវ។ ឪពុកម្តាយរបស់គាត់ទាំងពីរ បានស្លាប់។
ហ៊ាង រស់នៅឆ្លងកាត់របបសង្គមរាស្រ្តនិយម និងព្រឹត្តិការណ៍ដែលឧត្តមសេនីយ៍ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពីតំណែង។ ហ៊ាង និងអ្នកភូមិរស់នៅដោយភាពភ័យខ្លាច ព្រោះមានបាតុកម្ម និងការបង្រ្កាប។ ជាងនេះទៅទៀត នៅពេលនោះ មានសង្រ្គាមរវាងទាហាន លន់ នល់ ជាមួយនឹងយោធាខ្មែរក្រហមដោយការបាញ់ប្រហារ និងការទម្លាក់គ្រាប់បែកពីយន្តហោះអាមេរិក។ តាមផ្ទះប្រជាជនបានជីករណ្តៅត្រង់សេ ដើម្បីទុកសម្រាប់គេចខ្លួននៅពេលមានការបាញ់ផ្លោងគ្រាប់ ហើយផ្ទះសម្បែងរបស់ប្រជាជនត្រូវបានបំផ្លាញ។
ក្នុងរបបខ្មែរក្រហម នៅឆ្នាំ១៩៧៥ ហ៊ាង ក្នុងនាមជាអ្នកមូលដ្ឋាន ត្រូវបានខ្មែរក្រហមចាត់ចូលជាកងចល័តនារីតាមព្រំដែន។ ក្រោយមក ហ៊ាង ត្រូវបានផ្លាស់ប្តូរមកក្នុងកងចល័តនារីឃុំ ទទួលបន្ទុកជីកប្រឡាយឃុំប្រវែងបណ្តោយ១០០ម៉ែត្រ និងទទឹង៣ម៉ែត្រ សម្រាប់ស្តុកទឹកទុកធ្វើស្រែ។ ហ៊ាង ត្រូវធ្វើការងារនេះតាំងពីព្រឹកព្រលឹមរហូតដល់ព្រលប់ ដើម្បីទទួលបានរបបអាហារ។ ក្រៅពីការងារនេះ នៅរដូវវស្សា ហ៊ាង ក៏ត្រូវអង្គការចាត់តាំងឲ្យធ្វើស្រែដូចជាស្ទូងស្រូវ ទូលជីដែរ។
ក្រោយរបបខ្មែរក្រហមដួលរលំ ហ៊ាង បានត្រឡប់មករស់នៅជួបជុំគ្រួសារនៅស្រុកកំណើតវិញ។ អំឡុងឆ្នាំ១៩៨០ ហ៊ាងបានរៀបការជាមួយប្តីឈ្មោះ តើយ ប៉ុន្តែជាអកុសលបច្ចុប្បន្នប្តីរបស់គាត់បានស្លាប់។ សព្វថ្ងៃ ហ៊ាង ជាស្ត្រីមេម៉ាយ ប្រកបមុខរបរជាកសិករ និងមានកូនស្រីចំនួន ២នាក់ និងកូនប្រុសម្នាក់។ ហ៊ាង មានជំងឺឈឺសន្លាក់ដៃ សន្លាក់ជើង ដែលតម្រូវឲ្យគាត់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពដូនសរ ជារៀងរាល់ខែ៕
សម្ភាសន៍ដោយ ម៉ុន សុធារ៉ា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

