ការចូលបម្រើក្នុងជួរទាហាន ដើម្បីបំផ្លាញបដិវត្តន៍ របស់ អ៊ី អឹល
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៦ទំព័រ ជារបស់ អ៊ី អឹល យុទ្ធជនវរតូច៣២២ វរធំ៣២ កងពល៧០៣។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00៤៤៣) បង្ហាញអំពីសកម្មភាព ឈ្មោះ អឹល ចូលធ្វើទាហាន ដែលទទួលផែនការពីឈ្មោះ ឆង មានតួនាទីសក្ដិ៣ ។ ក្នុងការចូលបម្រើក្នុងជួរទាហាន ក្នុងគោលបំណងបំផ្លាញបដិវត្តន៍ អឹល បានជាប់ពាក់ព័ន្ធជាមួយក្រុមមនុស្សចំនួន៨នាក់ និងបានប្រើអំពើហិង្សា គំរាមគំហែងដល់ព្រះសង្ឃ ប្លន់យកប្រាក់របស់ប្រជាជន និងប្រព្រឹត្តិអំពើពាលាអាវ៉ាសែ យ៉ាងព្រៃផ្សៃបំផុត ។ [1]បន្ទាប់មក អឹល និងបក្ខពួក ក៏ធ្វើសកម្មភាព ចូលឆែកឆេផ្ទះប្រជាជន លួច ផលដំណាំ និងចាប់យក មាន់ ទា ជាដើម ។ នៅក្នុងអត្ថបទ ពុំឃើញបញ្ជាក់ថ្ងៃ ខែ ឆ្នាំ ដែលត្រូវអង្គការចាប់ខ្លួន ឈ្មោះ អឹល និងបក្សពួកឡើយ ។ យើងឃើញត្រឹមតែឈ្មោះ សាម៉ីខ្លួន សរសេរដោយ ដៃ និងបានកត់ត្រាកាលរិច្ឆេទនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៧៧ ។ ខាងក្រោមនេះ ជាចម្លើយសារភាពរបស់ អ៊ី អឹល ៖
អ៊ី អឹល ភេទប្រុស អាយុ១៩ឆ្នាំ នៅលីវ មានទីលំនៅ នៅភូមិសិត្បូរិ៍ ឃុំសិត្បូរិ៍ ស្រុក២០ តំបន់២៤ ក្នុងភូមិភាគបូព៌ា (ភូមិភាគ២០៣) ខេត្តកណ្ដាល។[2]បច្ចុប្បន្នរស់នៅភូមិព្រែកតាកេ ឃុំកោះធំ ស្រុកកោះធំ តំបន់២៥ ស្ថិតក្នុងភូមិភាគនិរតី (ភូមិភាគ៤០៥) ខេត្តកណ្ដាល ។ [3] អឹល មានឪពុកឈ្មោះ អ៊ី អែម អាយុ៥៥ឆ្នាំ ម្ដាយឈ្មោះ សុក គ្រឹម អាយុ៦០ឆ្នាំ (នៅមានជីវិតទាំង២នាក់) ។ ឪពុកម្ដាយរបស់ អឹល ប្រកបមុខរបរធ្វើស្រែ និងរកត្រី ។ អឹល មានបងប្អូនបង្កើតចំនួន៤នាក់ ប្រុស៣នាក់ និងរៀបការរួចម្នាក់ ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ អឹល បានរស់នៅជួបជុំឪពុកម្ដាយនៅភូមិសិត្បូ ស្រុក២០ តំបន់២៥ និងប្រកបមុខរបរធ្វើស្រែ រកត្រី និងដាំជីលក់ ។ លុះដល់ថ្ងៃមួយក្នុងខែ សីហា ឆ្នាំ១៩៧២ អំឡុងពេលដែល អឹល កំពង់រកត្រីនៅបឹងត្នោត ក៏ជួបជាមួយឈ្មោះ សាមិត្ត មានតួនាទីយុទ្ធជន នៅភូមិសិត្បូ ដើរសំដៅមកកាន់ខ្លួន ថែមទាំងជួយចាប់ត្រី អស់រយៈពេលមួយថ្ងៃទៀត ។ គោលបំណង របស់ សាមិត្ត ចង់អូសទាញ អឹល ឲ្យចូលធ្វើទាហាន នៅព្រែកប៉ាវ ។ សាមិត្ត លើកឡើង ពីការខ្វះខាតរបស់ អឹល ហើយកុំឲ្យមានការព្រួយបារម្ភ អំពីគ្រួសារ រដ្ឋាភិបាលនឹងជួយជាមិនខានឡើយ ។ រំលងអស់រយៈពេល៣ថ្ងៃ អឹល ក៏ទៅរកត្រីនៅបឹងត្នោតដដែល ក៏ឃើញ សាមិត្ត ដើរមកសំដៅខ្លួន ថែមទាំងជួយរកត្រី រហូតដល់ពេលល្ងាចទើបត្រឡប់ទៅផ្ទះវិញ ។ សាមិត្ត បានសួរបញ្ជាក់ទៅកាន់ អឹល ម្ដងទៀតថា តើ អឹល ឯងគិតឃើញយ៉ាងម៉េចខ្លះ ។ ភ្លាមៗ អឹល ឆ្លើយថា ឪពុកម្ដាយរបស់ខ្លួននៅរងចាំបន្តិចទៀតសិន ។ មិនបង្អង់ចាំយូរ សាមិត្ត មានបំណងដឹកនាំ អឹល ទៅកាន់ព្រែកប៉ាវ ដើម្បីបញ្ចូលឈ្មោះ ក្នុងបញ្ជីធ្វើជាទាហាន ។ ថែមទាំងនិយាយដាស់តឿនទៅកាន់ អឹល ថាប្រយ័ត្នហួសពេលលែងបានចូលធ្វើទាហាន ។ មួយវិញទៀត តទៅថ្ងៃខាងមុខ ខ្លាចធ្លាក់ក្រោមការគ្រប់គ្រងរបស់យៀកកុងទៀតផង ។ នៅពេលឮដូច្នេះ អឹល បានបញ្ជេញអារម្មណ៍ស្អប់យ៉ាងខ្លាំងចំពោះយៀកកុង និងមិនចង់ឲ្យមករស់នៅលើទឹកដីខ្មែរឡើយ ។ អឹល បានយល់កាន់តែច្បាស់បន្ទាប់ពី ទទួលបានការបំពាក់បំប៉ន ឈ្មោះ សាមិត្ត អស់មួយរយៈពេលទើប អឹល សម្រេចចិត្តចូលបម្រើក្នុងជួរទាហាន ដើម្បីការពារទឹកដីរបស់ខ្លួន ។
នៅខែ សីហា ឆ្នាំ១៩៧២ សាមិត្ត បានបញ្ជូន អឹល រួមទាំងមនុស្ស៤នាក់ទៀត ទៅកាន់បន្ទាយ ព្រែកប៉ាវ ។ លុះពេលទៅដល់ទីនោះ សាមត្តិ បានរាយការណ៍ទៅឲ្យឈ្មោះ ដេត ដែលធ្វើទាហាននៅបន្ទាយនោះឲ្យបានដឹង ។ ពេលនោះ ដេត ត្រូវរាយការណ៍បន្ត ទៅកាន់លោក ឆង មានតួនាទីសក្ដិ៣ ។ ខណៈពេលនោះ អ្នកទាំង៥នាក់ ពុំបានជួបជាមួយឈ្មោះ ឆង នៅឡើយ ។ រហូតដល់ពេលល្ងាច ក្នុងថ្ងៃដដែលឈ្មោះ ឆង ក៏ត្រឡប់មកកន្លែង រួចក៏ហៅ អឹល រួមទាំងមនុស្ស៤នាក់ទៀត មកជួបជុំគ្នាទាំងយប់ នៅក្នុងរោងមួយកន្លែងនៅទីនោះ ។ លោកសក្ដិ៣ ឆង បានសួរទៅកាន់អ្នកទាំង៥នាក់ថា កាលដែលចូលធ្វើទាហាននេះ តើយើងទាំងអស់គ្នាមកដោយស្ម័គ្រចិត្តទេ ។ ភ្លាមនោះអ្នកទាំង៥នាក់ ឆ្លើយថា មិនមែនជាការបង្ខិតបង្ខំ ឬចូលយកការណ៍ទៅឲ្យខ្មែរក្រហម និងយៀកកុងខាងជើងឡើយ ។ ឈ្មោះ ឆង ឮដូច្នេះ ពេញចិត្តណាស់ ហើយថែមទាំងរៀបចំកន្លែងទទួលអ្នកទាំង៥នាក់ ឲ្យសម្រាកនៅទីនោះផងដែរ ។ បន្ទាប់ពី ឈ្មោះ ឆង ចាប់ផ្ដើមធ្វើការណែនាំ អឹល រួមទាំងមនុស្ស៤នាក់ទៀត អំពីសភាពការណ៍ខ្មាំង និងលើកឡើងជាមតិណែនាំ ក្នុងពេលចូលធ្វើទាហានត្រូវអនុវត្តន៍ដូចតទៅ៖ យៀកកុង និងខ្មែរក្រហម កំពង់តែបរាជ័យ នៅរាល់គ្រប់សមរភូមិទាំងអស់។ យើងត្រូវដឹងអំពីសភាពការណ៍ នៅក្នុងតំបន់ ដែលខ្មែរក្រហម និងយៀកកុងកំពង់កាន់កាប់ ដែលកំពុងប្លន់យកអង្ករ ម្ហូបអាហារ របស់ប្រជាជន នៅគ្រប់ទីកន្លែងទាំងអស់ ។ ប្រជាជនត្រូវតែនាំគ្នាក្រោកឈរ បណ្ដេញខ្មែរក្រហម និងយៀកកុង ចេញពីទឹកដីរបស់យើង ។ ក្នុងពេលនោះ ប្រជាជន កើតមានភាពច្របូកច្របល់ និងរកផ្លូវរត់មកកន្លែងកងទ័ព ដើម្បីចូលធ្វើជាទាហានផងដែរ។ ប្រជាជន និងកងទ័ព រស់នៅដោយក្ដីរីករាយ ហើយមិនចង់រត់ទៅតំបន់ខ្មាំងទ ។ យើងទទួលបានជ័យជម្នះទាំងស្រុង នៅគ្រប់សមរភូមិ និងមានអាវុធ សម្បូរបែបគ្រប់ធុនទាំងអស់ ។ ចំពោះវិន័យសម្រាប់ទាហានប្រចាំថ្ងៃ ត្រូវអនុវត្តតាមដូចតទៅ៖ នៅពេលឈប់សម្រាក បើពុំមានការអនុញ្ញាត មិនត្រូវដើរចេញទៅខាងក្រៅតាមចិត្តរបស់ខ្លួននោះទេ ហើយនៅពេលចូលជួរត្រូវតែស្ងៀមស្ងាត់ ។ ពេលយាមកាមមិនត្រូវយកកាំភ្លើងទៅភ្ជង់ដាក់ប្រជាជនតាមរបៀបលេងសើចឡើយ ។ នៅពេលដែលមានហេតុការណ៍កើតឡើងត្រូវម្ចាស់ការលើខ្លួនឯង និងប្រុងប្រយ័ត្នខ្មាំងអាចបង្ករឲ្យមានគ្រោះថ្នាក់ដល់ខ្លួន ។ ការធ្វើសកម្មភាពចុះឆែកឆេ តាមផ្ទះ មិនត្រូវប៉ះពាល់ទ្រព្យសម្បត្តិរបស់ប្រជាជនឡើយ ។ ក្រោយពេល ចប់សព្វគ្រប់អស់ហើយ ឆង បានបញ្ជូន អឹល ទៅអង្គភាពវរតូច ឲ្យទៅប្រចាំការនៅផ្លូវជាតិលេខ ២១ នៅទន្លេបាសាក់ ។
អឹល និងអ្នកទាំង៤នាក់ បានចូលធ្វើទាហាន នៅខែ សីហា ឆ្នាំ១៩៧២ ដោយមានការនាំចូលពីឈ្មោះ សាមិត្ត និងទទួលស្គាល់ដោយ ឈ្មោះ ឆង សក្ដិ៣ ព្រែកប៉ាវ ។ អ្នកទាំង៥នាក់ មិនបានគោរពតាមវិន័យ របស់ ឆង បានកំណត់ឡើយ ។ អ្នកទាំង៥នាក់ បានធ្វើសកម្មភាព យ៉ាងឃោរឃៅ ប្រើអំពើហិង្សា, គំរាមគំហែង ព្រះសង្ឃ, ប្រជាជន, និងប្រព្រឹត្តិអំពើពាលាអាវ៉ាសែយ៉ាងព្រៃផ្សៃ ព្រមថែមទាំងស្រែកសម្លុត ដាក់ប្រជាជនធ្វើឲ្យមានភាពភ័យខ្លាចយ៉ាងខ្លាំង ។ សកម្មភាពបន្ទាប់ ចូលឆែកឆេផ្ទះប្រជាជន លួចដំណាំ និងចាប់យក មាន់ ទា និងប្លន់យកប្រាក់របស់ប្រជាជនទៀតផង ។ ក្រោយពេល អឹល ចូលធ្វើទាហាន បានរយៈពេល៦ ដោយគិតពីខែ សីហា ឆ្នាំ១៩៧២ រហូតដល់ខែកុម្ភៈ ឆ្នាំ១៩៧៣ ។ អឹល រត់ពីកន្លែងធ្វើទាហានហើយត្រលប់មករស់នៅភូមិកំណើតវិញ៕
មជ្ឈមណ្ឌលឯកសារខេត្តតាកែវ
ដោយ ជីម សុខគា
[1] ឯកសារ J 00៤៤៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ការចូលបម្រើក្នុងជួរទាហាន ដើម្បីបំផ្លាញបដិវត្តន៍ របស់ អ៊ី អឹល» ។ បានបង្ហាញអំពីសកម្មភាព ចូលធ្វើទាហាន ដែលទទួលផែនការពីឈ្មោះ ឆង មានតួនាទីសក្ដិ៣ ដោយធ្វើសកម្មភាព បំផ្លាញបដិវត្តន៍។ អឹល បានជាប់ពាក់ព័ន្ធជាមួយក្រុមមនុស្សចំនួន៨នាក់ អនុវត្តសកម្មភាព យ៉ាងឃោរឃៅ ទៅកាន់ព្រះសង្ឃ ប្រជាជន និងប្រព្រឹត្តិអំពើពាលា យ៉ាងព្រៃផ្សៃ។
[2] ដកស្រង់ចេញពី, សៀវភៅសាក្សីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ មជ្ឃមណ្ឌលឯកសារកម្ពុជា ២០២០, បង្ហាញទីតាំងភូមិសាស្ត្រ ភូមិភាគបូព៌ា ខេត្តកណ្ដាល, ៣៣។
[3] ដកស្រង់ចេញពី, សៀវភៅសាក្សីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ មជ្ឃមណ្ឌលឯកសារកម្ពុជា ២០២០, បង្ហាញទីតាំងភូមិសាស្ត្រ ភូមិនិរតី នៃស្រុកកោះធំ ខេត្តកណ្ដាល, ៣៣។