លេខាឃុំថ្មី ស្រុកក្រចេះ

ឯកសារ I04704, ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៧៧, ឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍ សមមិត្ត យីម, ចំនួន២៤ទំព័រ

ភ្លឿន យីម ភេទប្រុស ជាលេខាឃុំថ្មី កើតឆ្នាំ១៩៣២ បាត់ខ្លួន[1]។ មជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ សាត សាន អាយុ៦០ឆ្នាំ ត្រូវជាប្រពន្ធ។ យីម មានឪពុកឈ្មោះ ភ្លឿន, ម្ដាយឈ្មោះ ទេស និងមានបងប្អូនបង្កើតចំនួនដប់នាក់ (ស្រីបួននាក់)។

យីម មានស្រុកកំណើតនៅភូមិថ្មី ឃុំថ្មី ស្រុកក្រចេះ ខេត្ដក្រចេះ។ យីម ធ្លាប់បួសរៀនជាព្រះសង្ឃ និងទទួលបានសញ្ញាបត្រសាលាបាលី ធម្មវិន័យ និងធ្លាប់ធ្វើជាគ្រូបង្រៀននៅសាលាវត្តអន្ទង់វៀន រយៈពេលប្រមាណពីរឆ្នាំ។ បន្ទាប់ពីឈប់បង្រៀនដោយសារប្រទេសជាតិមានសង្រ្គាម យីម បានត្រលប់មកផ្ទះជួយការងារធ្វើស្រែចម្ការ ឪពុកម្ដាយ នៅស្រុកកំណើតវិញ។​

យីម បានរៀបការប្រពន្ធក្នុងរបបសង្គមរាស្រ្តនិយម។ នៅខែមីនា ឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដច ព្រះនរោត្តម សីហនុ នៅពេលនោះ យីម និងប្រពន្ធមានកូនចំនួនបួននាក់រស់នៅស្រុកកំណើត។ ប្រពន្ធយីម និយាយថា ក្រោយរដ្ឋប្រហារប្រទេសជាតិចលាចល កើតមានបាតុកម្ម ហើយសាលារៀនត្រូវបិទទ្វារ។ ចំណែក លោកគ្រូ-អ្នកគ្រូ មួយចំនួនបាននាំគ្នាធ្វើបាតុកម្មទាមទារអំណាចថ្វាយសមេ្ដច ព្រះនរោត្តម សីហនុ ដើម្បីដឹកនាំប្រទេសវិញ។

បាតុករត្រូវបានទាហាន លន់ នល់ បាញ់កាំភ្លើងបង្ក្រាប ធ្វើឲ្យមានបាតុករស្លាប់, រងរបួស និងមួយចំនួនបានរត់ចោលផ្ទះសម្បែង។ កាលណោះក្នុងភូមិចាប់ផ្តើមកើត​មានចលនាតស៊ូបដិវត្តន៍ខែ្មរក្រហមដោយមានយុវជន-យុវនារី យ៉ាងច្រើនបានទៅចូលរួម ដែលមានទាហានវៀតកុង (វៀតណាមខាងជើង) ជួយគាំទ្រ។ ពីមួយថ្ងៃទៅមួយថ្ងៃប្រជាជនកាន់តែច្រើនឡើងៗបានចេញពីផ្ទះទៅចូលរួមមានជាមួយខ្មែរក្រហមដែលបោះទីតាំងរបស់ខ្លួនក្នុងព្រៃ។ នៅខែមករា ឆ្នាំ១៩៧១ យីម និងប្រពន្ធ បានស្ម័គ្រចិត្ដចូលបម្រើចលនាតស៊ូបដិវត្តន៍ខែ្មរក្រហមដោយសម្ងាត់ តាមរយៈ ឈ្មោះ យ៉ែម និងឈ្មោះ គួន ដែលជាគណៈតំបន់[2]។ យីម និងប្រពន្ធ ចូលរួមនៅពេលនោះមិនទាន់ហ៊ានចេញមុខចេញមាត់អ្វីនោះទេ ព្រោះខ្លាចរបប លន់ នល់ ដែលតាមឃ្លាំមើលធ្វើបាប។ ក្រោយមក យីម និងប្រពន្ធ ត្រូវបានយ៉ែម និងគួន ចាត់តាំងជាសម្ងាត់ឲ្យដើរឃោសនាអូសទាញប្រជាជនក្នុងភូមិ-ឃុំ ដើម្បីចូលរួមជាមួយខ្មែរក្រហម ហើយបន្ទាប់មកប្រពន្ធយីម ត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាប្រធានពួក ដែលមានតួនាទីដឹកនាំនារីៗ ធ្វើស្រែចម្ការ ក្នុងសហករណ៍ភូមិថ្មី។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខែ្មរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស និងបានបញ្ចប់រាល់ការជ្រៀតជ្រែកពីបរទេស និងសង្គ្រាមស៊ីវិលរវាងខ្មែរនឹងខ្មែរ[3]។  យីម ត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាប្រធានសហករណ៍ភូមិថ្មី ហើយបន្ទាប់មកធ្វើជាគណៈឃុំថ្មី។ ការងាររបស់យីម នៅពេលនោះគឺទាក់ទងយ៉ាងជិតស្និតជាមួយកម្មាភិបាលថ្នាក់តំបន់ ហើយមួយខែ ឬបីខែម្តងទើបគាត់ បានមកលេងផ្ទះ។ ក្រោយមកអង្គការបានផ្លាស់ប្តូរ យីម និងគ្រួសារឲ្យទៅរស់នៅឃុំសំពោច។ នៅចុងឆ្នាំ១៩៧៨ វេលាម៉ោង ៩យប់ កងឈ្លបខ្មែរក្រហមមួយក្រុមបានមកហៅ យីម ដោយប្រាប់ថាអង្គការស្នើជួប ចាប់ពីពេលនោះបាត់ដំណឹងរហូត។

យោងតាមឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍ I04704 របស់ សមមិត្ត យីម បញ្ជាក់ថាគាត់កើតក្នុងឆ្នាំ១៩៣២ នៅខេត្តក្រចេះ។ យីម មានវណ្ណៈភាពដើមមុនចូលបដិវត្តន៍ជាកសិករថ្នាក់កណ្តាល ហើយនៅឆ្នាំ១៩៧១ បានចូលបក្សបដិវត្តន៍ដោយសារមានការឈឺចាប់ពីការជិះជាន់របស់វណ្ណៈនាយទុនសក្តិភូមិមកលើប្រជាជនក្រីក្រ។ ចន្លោះពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៦ យីម ត្រូវបានចាត់តាំងជាលេខាសាលាឃុំថ្មី។ កម្រិតវប្បធម៌ក្នុងសង្គមចាស់ យីម ធ្លាប់បួសជាព្រះសង្ឃបានប្រាំវស្សា, មានសញ្ញាបត្រភាសាបាលីរងមួយច្បាប់, សញ្ញាបត្រធម្មវិន័យមួយច្បាប់, សាលាអនុវត្តន៍មួយច្បាប់ និងធ្លាប់បង្រៀនកុមារនៅសាលាក្នុងវត្តអន្ទង់វៀន រយៈពេលពីរឆ្នាំ។ យីម ធ្លាប់ចូលរួមរៀនសូត្រវិជ្ជាបដិវត្តន៍បានចំនួនដប់ដង និងឆ្លងកាត់ការធ្វើប្រវត្តិរូបជីវទស្សនៈបដិវត្តន៍ជាច្រើនដង។ អត្តចរិតរបស់យីម គឺចិត្តស្រាល, សោះអង្គើយ, ការងារខ្លាចគេ និងការនិយាយស្តីពុំសូវ​ហ៊ានក្នុងការទិតៀនកសាងគ្នា។ ឯកសារដដែលសរសេរបន្តថា នៅរយៈពេលកន្លងមក យីម បានកែប្រែអត្តចរិតខាងលើ ដោយជម្រះ​ចិត្តស្រាល, សោះអង្គើយ, ហ៊ានមានមតិក្នុងអង្គប្រជុំ និងទិតៀនកសាងការខុសឆ្គងផ្សេងៗក្នុងសាលាបក្ស។ យីម យល់ឃើញថាការកែប្រែនេះទទួលបានផលរីកចម្រើនផ្ទាល់ខ្លួន, នយោបាយបដិវត្តន៍, សតិអារម្មណ៍ និងអត្តចរិត បំពេញភារកិច្ចតូចធំដែលបក្សប្រគល់ឲ្យបានល្អប្រសើរ។ ក្នុងប្រវត្តិរូបបដិវត្តន៍ក៏បញ្ជាក់ពីព័ត៌មានរបស់ប្រពន្ធ និងកូន។ ប្រពន្ធយីម គឺអង្គការចាត់តាំងជាប្រធានពួក ដឹកនាំនារីក្នុងសហករណ៍ភូមិថ្មី ហើយគាត់មានកូនបួននាក់ (ស្រីម្នាក់) ក្នុងនោះពីរនាក់ដែលមានអាយុ១៦ឆ្នាំ ​និង១៩ឆ្នាំ (ឆ្នាំ១៩៧៧) ជាកងឈ្លបឃុំ និងជាពេទ្យឃុំ។

ក្នុងឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍ក៏បានបញ្ជាក់ពីសាច់ញាតិដូចជាឪពុកម្តាយ, ឪពុកម្តាយ​ក្មេក និងបងប្អូន ដែលបញ្ជាក់ថាសាច់ញាតិទាំងអស់គ្មានជាប់ខ្សែរយៈក្បត់។ ប៉ុន្តែ យី[4] ដែលជាថ្នាក់លើរបស់ខ្លួនយល់ឃើញថា យីម មានជំហរខាងនយោបាយ, បដិវត្តន៍មិនខ្លាំង, អនុវត្តន៍មាគ៌ាយឺតយ៉ាវ, អភិរក្ស និងមិនសូវចង់ក្រែប្រែ។

នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនជាបន្តបន្ទាប់[5]។ សានដែលជាប្រពន្ធយីម បាននាំកូនធ្វើដំណើរមករស់នៅស្រុកកំណើតវិញ ប៉ុន្តែមិនឃើញ យីម ជាប្តីត្រលប់មកវិញរហូតដល់បច្ចុប្បន្ន។ សាន ជាប្រពន្ធបានគិតថា យីម ជាប្តីត្រូវបានសម្លាប់បន្ទាប់ពីកងឈ្លបមួយក្រុមនាំទៅទាំងយប់ នៅអំឡុងចុងរបបខ្មែរក្រហម៕

អត្ថបទដោយ អេង សុខម៉េង


[1] ឯកសារ KRI0015, ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៦, សម្ភាសដោយ ឆាយ ណារឿន ជាមួយ សាត សាន អាយុ៦០ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅ ភូមិថ្មី ឃុំថ្មី ស្រុកក្រចេះ ខេត្តក្រចេះ ចំនួន ៤៤ទំព័រ។

[2] ឯកសារ I04704, ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៧៧, ឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍ សមមិត្ត យីម, ចំនួន២៤ទំព័រ

[3] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) (ភ្នំពេញ)៖ មជ្ឈមណ្ឌ​ល​​ឯកសារកម្ពុជា), ទំព័រ១៤។

[4] ឯកសារ J00829 “ចម្លើយសារភាពរបស់ យី ឈ្មោះដើម ប៊ន ណាន ជាលេខាតំបន់៥០៥ មានអាយុ៣៩ឆ្នាំ នៅ​ឆ្នាំ១៩៧៨។ យី ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៨ ដោយចោទថាជាចារកម្ម”។

[5] ឃួន វិច្ឆិកា និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រ៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin