យិន ឡូ ហៅ ខាន់ ដេ ៖ អនុលេខាស្រុកសំរោង តំបន់២៣ ភូមិភាគបូព៌ា(២០៣)

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ យិន ឡូ ហៅ ខាន់ ដេ[1] អាយុ៤០ឆ្នាំក្នុងឆ្នាំ១៩៧៨ គឺជាជនជាតិខ្មែរ មានប្រពន្ធឈ្មោះ  ភឹម ធិន។ ខ្ញុំមានកូនចំនួន៥នាក់ ក្នុងនោះកូនស្រីម្នាក់ធ្វើការនៅផ្នែកបង្កបង្កើនផល របស់អង្គការ ក្រៅពីនេះកូនៗនៅផ្ទះជាមួយប្រពន្ធខ្ញុំទាំងអស់។ ខ្ញុំមានស្រុកកំណើតនៅ ភូមិព្រៃសង្កែ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ តំបន់២៣ ភូមិភាគបូព៌ា។ ខ្ញុំរស់នៅជាមួយឪពុកម្ដាយរហូតដល់អាយុ១៤ឆ្នាំម្ដាយខ្ញុំបានឱ្យខ្ញុំទៅនៅវត្តក្ដីកណ្ដាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ធ្វើជាកូនសិស្សព្រះសង្ឃ។ ខ្ញុំនៅវត្តក្ដីកណ្ដាល បានរយៈពេលមួយឆ្នាំនៅឆ្នាំ១៩៤៩ ម្ដាយខ្ញុំមកយកឱ្យទៅរៀនអក្សរនៅសាលាផ្សារកំពង់រោទិ៍រហូតដល់ថ្នាក់ទី១១។

នៅឆ្នាំ១៩៥១ ខ្ញុំឈប់រៀនមកនៅធ្វើស្រែជាមួយឪពុកម្ដាយ។ នៅឆ្នាំ១៩៥៩ ខ្ញុំរៀបការ និងប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមគ្រួសារ។ ក្រោយមកខ្ញុំធ្វើជាកម្មករលីបាវស្រូវឱ្យថៅកែឈ្មោះ ចឹក មៀង នៅផ្សារកំពង់រោទិ៍។ នៅទីនោះខ្ញុំបានជួបជាមួយឈ្មោះ សោម ព្រុំ និង ព្រុំ ពុធ គឺជាអ្នកលីបាវ ស្រូវជាមួយគ្នា។  នៅឆ្នាំ១៩៦៨ រដូវធ្វើស្រែយើងទាំង៣នាក់មកធ្វើស្រែទាំងអស់គ្នាហើយផ្ទះយើងមានរបងជាប់គ្នាដែរ។ ក្រោយមកយើងទាំង៣នាក់កើតមានរឿងគឺលួចទាក់ឆ្កែ របស់ឈ្មោះ ពៅ ឌន គឺជាអ្នកលក់ដូរនិងជាអ្នកមាននៅក្នុងភូមិ។ ឆ្កែ នោះចេះតែមកលួចស៊ីពងមាន់របស់ សោម ព្រុំ។ ក្រោយពីទាក់ឆ្កែនោះងាប់ ពៅ ឌន ចោទយើងទាំង៣នាក់ថាសុទ្ធតែជាខ្មែរក្រហម បានជាមកលួចទាក់ឆ្កែគាត់ឱ្យងាប់ដើម្បីកុំឱ្យឆ្កែព្រូស ហើយនិងយកស្បៀងទៅឧបត្ថម្ភខ្មែរក្រហមនៅក្នុងព្រៃ។ ក្រោយពីចោទដូច្នេះ ពៅ ឌន ទៅប្ដឹងចៅហ្វាយស្រុកកំពង់រោទិ៍ ឈ្មោះ ទូច ថុង(ឆ្នាំ១៩៧០ បាត់ខ្លួន) ឱ្យទាហានមកចាប់យើងទាំង៣នាក់ ដាក់គុកនៅសាលាស្រុកកំពង់រោទិ៍អស់រយៈពេល៣ខែ។ ឈ្មោះទូច ថុង បានអប់រំយើងខ្ញុំឱ្យធ្វើជាគិញឱ្យគាត់ជាថ្នូរនឹងការដោះលែង។ យើងទាំង៣នាក់យល់ព្រមដើម្បីរួចខ្លួនហើយភារកិច្ចដែលឈ្មោះ ទូច ថុង ដាក់ឱ្យពេលនោះឱ្យពិនិត្យតាមដានខ្មែរក្រហមនិងរាយការណ៍តាមរយៈឈ្មោះ សុក ផិញ គឺជាមេភូមិព្រៃសង្កែ ឃុំខ្សែត្រ។

នៅឆ្នាំ១៩៦៩ មានការប្រែប្រួលខ្លាំងគឺបដិវត្តន៍បានអប់រំប្រជាជនឱ្យតស៊ូប្រឆាំងសក្កិភូមិនាយទុន ដូចជានៅខេត្តបាត់ដំបង មានប្រជាជនរត់ចូលព្រៃ,ផ្ទុះអាវុធគ្រប់កន្លែង និងមានបោះត្រាក់ទៀតផង។

នៅខែឧសភា ឆ្នាំ១៩៧០ ឈ្មោះ សូ ឬ អ៊ុក សាវ៉ាន លេខាតំបន់២៣[2] មកជួបខ្ញុំនិង ពេជ សាវឿន នៅផ្ទះរបស់ ពេជ សាវឿន និងមានខ្សែរបស់គាត់មានឈ្មោះ ផឹង សយ អតីតឥស្សរ៩ឆ្នាំ លេខាស្រុកមានជ័យថ្មី តំបន់២៣ ភូមិភាគបូព៌ា, សាម អតីតឥស្សរ នៅឃុំគគីរសោម បច្ចុប្បន្នប្រធានសន្តិសុខតំបន់២៣ នៅផ្សារចក, យុនកុមារ អតីតឥស្សរ នៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ តំបន់២៣, ថាន់ អតីតឥស្សរ នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ បច្ចុប្បន្នអនុកងការពារ សូ តំបន់២៣, សាវ៉ន អតីតឥស្សរ នៅឃុំគគីរសោម ស្រុកកំពង់រោទិ៍ ប្រធានវរសេនាតូច៩០ របស់តំបន់២៣។ ពេលនោះ​ សាវឿន ឧទ្ទេសនាមខ្ញុំឱ្យ សូ ស្គាល់ហើយបន្ទាប់មក សូ បានចាត់តាំងទាំងអស់គ្នាមានភារកិច្ចក្នុងជួរបដិវត្តន៍៖ ១) សាម យុនកុមារ និង សារ៉ន មានភារកិច្ចចុះឃោសនាអប់រំតាមមូលដ្ឋាន,២) ផាន់ និង សយ ក្ដាប់ផ្នែកយោធាស្រុកកំពង់រោទិ៍,៣) ខ្ញុំក្ដាប់ផ្នែកសេដ្ឋកិច្ចយោធាស្រុកកំពង់រោទិ៍,៤) ពេជ សាវឿន ក្ដាប់គណៈស្រុកកំពង់រោទិ៍។​

ឆ្នាំ១៩៧២ សូ បានចាត់តាំងខ្ញុំ និង ស៊ីនយ៉ា ឱ្យទៅទទួលឃុំត្នោត ស្រុកកំពង់រោទិ៍ តំបន់២៣ មានខ្ញុំគឺជាប្រធាន និង ស៊ីនយ៉ា គឺជាអនុប្រធាន។ ក្រោយពីខ្ញុំទាំងពីរនាក់ចុះទៅកាន់ឃុំត្នោត បានពិភាក្សាគ្នាជាមួយ ស៊ីនយ៉ា ចែកភារកិច្ចគ្នាធ្វើគឺខ្ញុំចុះជាប់ទៅនឹងភូមិក្បាលថ្នល់ ភូមិខាងលិចវត្ត និង ភូមិខាងកើតវត្ត។ ស៊ីនយ៉ា ទទួលភូមិបុណ្យ ភូមិត្រោក ភូមិពោម្អម និង ព្រៃស្បើស។​ ខ្ញុំនិង ស៊ីនយ៉ា បានពង្រីកកម្លាំងរដ្ឋការជាខ្សែបាន៣នាក់៖ ១) អ៊ូច អយ គឺជាអនុលេខាឃុំត្នោត ស្រុកកំពង់រោទិ៍ តំបន់២៣ ភូមិភាគបូព៌ា។ ២) ហាយ រឹម គឺជាប្រធានសហករណ៍ខាងលិចវត្ត ឃុំត្នោត ស្រុកកំពង់រោទិ៍ តំបន់២៣, ៣)ព្រុំ យ៉ា គឺជាប្រធានសហករណ៍ភូមិពោម្អម ស្រុកកំពង់រោទិ៍ តំបន់២៣។ ពាក់កណ្ដាលឆ្នាំ១៩៧២ សូ សាផន[3] ចូលមកកាន់គណៈស្រុកកំពង់រោទិ៍, សូ បានហៅខ្ញុំ ស៊ីន,ភិនសា, វង្ស, យុនកុមារ,សាមុល, សាន, គីង ,សាផន,យង់ និង យ៉ាន ប្រជុំប្រកាសទទួលស្គាល់ សាផន ជាផ្លូវការ។ បន្ទាប់មក សូ បានប្រកាសឈ្មោះដែលត្រូវយកទៅខាងតំបន់គឺ ថាត់,សាម, យុនកុមារ,សាមុល និង យ៉ា កម្លាំងនេះត្រូវយកទៅខាងតំបន់ជាមួយ សូ។

នៅខែមករា ឆ្នាំ១៩៧៤ សាផល បានប្រគល់ភារកិច្ច​ឱ្យខ្ញុំមួយគឺដឹកនាំប្រជាជននិងកងចល័ត តាមឃុំ ក្នុងស្រុកកំពង់រោទិ៍ ជីកអាងមួយនៅស្ពានកប់ឆ្កែ ភូមិឫស្សីអម ឃុំខ្សែត្រ។ ពេលនោះខ្ញុំបានជួបខ្សែរបស់ខ្ញុំឈ្មោះ ស៊ីន បានធ្វើសកម្មភាពរារាំងចលនាជីកអាងនោះថាធ្វើអាងគ្មានប្រយោជន៍ទេព្រោះគ្មានព្រែកត្នោតមេទឹកជីក គ្មានបានទឹកធ្វើស្រែទេ។

នៅឆ្នាំ១៩៧៥ សូ បានហៅខ្ញុំ,តឹក, សុកឆន ,ស៊ីន,ស្រី, គឿន និង ផឹងយ៉ែន ទៅជួបនៅផ្ទះ សាផន គឺជាលេខាស្រុកកំពង់រោទិ៍។ សូ បានប្រគល់ភារកិច្ចឱ្យយើងខ្ញុំទាំងអស់គ្នានាំស្បៀងទៅឱ្វៀតណាម នៅឯព្រំដែនវៀតណាម កម្ពុជា នៅព្រែកព្រៃវ័រ។ ដែលមានឈ្មោះ យួន បាថាន់ ,បាអ៊ុក និង សៅម៉ូក គឺជាគណៈទាក់ទងនៅរង់ចាំទទួលយក។ ប្រសិនបែកការណ៍យើងទៅវៀតណាម។ ​ទី២ ខាងយោធាវៀតណាមរៀបចំធ្វើសកម្មភាពវាយលុកយកកម្ពុជា ពិសេសវាយតាមព្រំដែន។ ម្យ៉ាងទៀតឱ្យវៀតណាមធ្វើសកម្មភាពបាញ់ផ្លោងតាមព្រំដែន កុំឱ្យកម្ពុជាឯករាជ្យបាន។ ក្រោយការណែនាំ សូ បានប្រគល់ស្បៀងមកយើងមានអង្ករចំនួន១៥បាវ ជ្រូកចំនួន៤ក្បាល ដឹកតាមរទេះ យកវៀតណាមយួននៅព្រំដែនព្រែកព្រៃវ័រ ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ តំបន់២៣ ភូមិភាគបូព៌ា។

ខែតុលា ឆ្នាំ១៩៧៧ សូ បានដកខ្ញុំពីគណៈស្រុកឃុំត្នោតឱ្យទៅទទួលជាអនុលេខាស្រុកសំរោង តំបន់២៣​ ភូមិភាគបូព៌ា។ កាលនោះលេខា ស្រុកសំរោង ឈ្មោះ សៅ សារ៉េត និង សាមឿន គឺជាសមាជិក។ ក្រោយពីចាត់តាំងជាគណៈស្រុករួចមក សូ បានណែនាំភារកិច្ចត្រូវធ្វើឯកភាពគ្នាហើយត្រូវធ្វើការអប់រំកងទ័ពកុំឱ្យប្រយុទ្ធជាមួយវៀតណាម ទុកឱ្យវៀតណាមមកធ្វើសកម្មភាពនៅក្នុងតំបន់២៣នេះ ដើម្បីសហការជាមួយវៀតណាមឱ្យជាទឹកដីសហព័ន្ធឥណ្ឌូចិន ដែលឈ្មោះអាណានិគមបារាំងដាក់ឱ្យប្រទេស៣ខ្លួនត្រួតត្រាមានកម្ពុជា វៀតណាម និង ប្រទេសឡាវ[4]

ខែមករា ឆ្នាំ១៩៧៨ សៅ សារ៉េត បានឡើងមកជួប សូ ពេលត្រឡប់ទៅវិញបានហៅខ្ញុំ ,សាមឿន, កន, សាវ៉ាត ,ជរ, ឆុន, ភឹម ,ញឹម វន និង ងុត មកប្រជុំនៅផ្ទះទទួលភ្ញៀវអាងទឹក ភូមិហែកសំណាក់ ឃុំម៉ឺនជ័យ ស្រុកសំរោង។ ចំណែកខ្លឹមសារ៖ ផែនការអង្គការឱ្យពង្រីកយោធាស្រុកឱ្យបានមួយស្រុកចំនួន៥០០នាក់ ស្របតាមសភាពការណ៍នេះយើងរើសកសិករលើ និងអ្នកជាប់និន្នាការរដ្ឋការចាស់, ផែនការរង់ចាំបាញ់ឡានដឹកគ្រាប់រំសេវទៅសមរភូមិមុខរបស់បដិវត្តន៍, ក្រោយពីបរាជ័យផែនការលើកឱ្យវៀតណាមវាយនៅខែមេសា ឆ្នាំ១៩៧៨ ខាងមុខ​តាមផែនការកម្លាំងយោធាស្រុកនឹងត្រូវសហការជាមួយវៀតណាមវាយមកកម្ពុជាទិសដៅវាយយកខេត្តស្វាយរៀង។ ក្រោយប្រជុំនៅខែកុម្ភៈ ឆ្នាំ១៩៧៨ សៅ សារ៉េត ,សាមឿន និង ខ្ញុំបានរៀបចំផែនការបាញ់ឡានអង្គការដឹកគ្រាប់រំសេវ គឺមុខសញ្ញាទី១ ចាត់តាំងឱ្យឈ្មោះ ភឹម និង​ ជរ ឱ្យរង់ចាំបាញ់ឡាននៅភូមិក្រូច ឃុំជ្រុងពពេលម្ដុំផ្លូវបំបែកជាបួនលេខ១៣។ មុខសញ្ញាទី២ ចាត់តាំងឱ្យ អោក និង សាវ៉ាត ឱ្យចាំបាញ់ឡានដឹកគ្រាប់រំសេវនៅភូមិសង្កែ ឃុំសង្កែក្បែរអាងទឹក ផ្លូវលេខ១៣ បែកទៅខាងកើត។ ផែនការរៀបចំឡើងកន្លះខែហើយគ្មានឡានចេញចូលតាមនេះសោះ ដោយដាច់ស្ពាននៅខាងលើ ហើយក៏ត្រូវអង្គការដកអាវុធនៅតាមឃុំអស់រលីង។ ក្រៅពីនេះក្នុងការជ្រើសរើសកងទ័ពថ្មីខ្ញុំរើសពួកវណ្ណៈកសិករលើនិងអ្នករដ្ឋការចាស់ ផ្នែកកសិករក្រនិងថ្នាក់ក្រោមយើងខ្ញុំមិនសូវគិតគូរទេព្រោះកម្លាំងនេះដាច់ខាតបម្រើបដិវត្តន៍ណាស់។ រហូតដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៧៨ អង្គការចាប់ខ្លួនខ្ញុំតែម្ដង។

អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា


[1] ឯកសារលេខ D៤១៧៦៣  តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«យិន ឡូ ហៅ ខាន់ ដេ៖ អនុលេខាស្រុកសំរោង តំបន់២៣ ភូមិភាគបូព៌ា» អក្សវាយអង្គុលីលេខមាចំនួន៤២ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់  យិន ឡូ ហៅ ខាន់ ដេ ពិតឬយ៉ាងណានោះទេ​​?

[2]ឯកសារលេខK០១២០២ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង៖ សូ ស៊ីណាត» វាយអង្គីលេខមានចំនួន១ទំព័រ។

[3] ឯកសារលេខD១០៤១៧&D១០៤១៩ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ស្រុកកំពង់រោទិ៍ តំបន់២៣ តាមចម្លើយរបស់ សុផាន » វាយអង្គុលេខមានចំនួន១ទំព័រ។

[4] ផេង ពង្សរ៉ាស៊ី និងផ្សេងទៀត,ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)ឯកសារយោង៖សន្ទានុក្រម,(ភ្នំពេញ៖មជ្ឈមណ្ឌលឯសារកម្ពុជា,២០២០),១០៧។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin