ទាល់តែក្រោកម៉ោង៤ទៀបភ្លឺ ទើបអាចធ្វើការងារឲ្យអង្គការទាន់ផែនការ

(ខេត្តស្វាយរៀង) យិន សុវណ្ណ អាយុ ៥៩ឆ្នាំ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សុវណ្ណ មានបងប្អូនបង្កើតចំនួន៨នាក់ ក្នុងនោះ៣នាក់ បានបាត់ខ្លួនក្នុងរបបខ្មែរក្រហមនៅពេលជម្លៀសទៅខេត្តភូមិភាគពាយ័ព្យ។ ចំណែកពូម្នាក់របស់គាត់បានបាត់ខ្លួន នៅពេលចេញពីភូមិទៅធ្វើជាយោធាខ្មែរក្រហម។

ក្នុងរបបខ្មែរក្រហម សុវណ្ណ ស្ថិតនៅក្នុងវ័យកុមារ​។​ អង្គការបានប្រើ សុវណ្ណ ឲ្យជួយចាស់ៗធ្វើជីលេខមួយដែលលាយលាមកមនុស្សជាមួយផេះចង្ក្រាន និងដីដំបូក។ ការងាររបស់សុវណ្ណ គឺត្រូវហាលលាមកមនុស្សឲ្យស្ងួត និងប្រមូលច្រកថង់ ដើម្បីឲ្យ​ចាស់ៗ​យកទៅលាយជាមួយដីដំបូក និងផេះចង្ក្រាន។ នៅពេល​សុវណ្ណ មានវ័យធំបន្តិច អង្គការចាត់ឲ្យគាត់ទៅធ្វើការងារក្នុងកងភ្ជួររាស់ដី​ស្រែសម្រាប់ឲ្យកងចល័តនារីស្ទូង។ សុវណ្ណ ឃើញមនុស្សជាច្រើននាក់ ទាំងស្រីទាំងប្រុស ចុះទៅតាមវាលស្រែដើម្បីធ្វើកសិកម្មតាមបញ្ជារបស់អង្គការ។ សុវណ្ណ ត្រូវក្រោកនៅម៉ោង ៤ទៀបភ្លឺ ដើម្បីចេញទៅភ្ជួរព្រោះខ្លាចភ្ជួរមិនគ្រប់តាមផែនការដែលអង្គការកំណត់​។

សុវណ្ណ និយាយថា៖ «ទាល់តែក្រោកម៉ោង៤ទៀបភ្លឺ ទើបអាចធ្វើការងារគ្រប់តាមផែនការគេ (អង្គការ) កំណត់។ អ្នកដែលភ្ជួរមិនគ្រប់ឲ្យគេ (អង្គការ) នឹងបង្អត់អាហារឬយកទៅកសាង។ ការភ្ជួរគឺបែងចែកជាក្រុម ដោយក្នុងមួយក្រុមមាន ១២ នង្គ័ល។ អ្នកភ្ជួរផ្សេង អ្នករាស់ផ្សេងបែងចែកដាច់ដោយឡែកពីគ្នា»។ «អ្នកខ្លះហូបមិនគ្រប់គ្រាន់គោក្របីអូសនង្គ័លដួលក្នុងស្រែ, អ្នកខ្លះទៀតដួលសន្លប់ ខ្យល់គរក៏មាន»។ កងភ្ជួរ​បាននាំគ្នាជួយកោសខ្យល់ និងនាំទៅសម្រាក និងលេបថ្នាំក្នុងរោងសហករណ៍។ ថ្នាំមានតែថ្នាំគ្រាប់តូចៗប៉ុនអាចម៍ទន្សាយ។

នៅកងភ្ជួរក៏មានអ្នកភ្ជួរខ្លះយកចិត្តយកថ្លើមប្រធានកង ដោយភ្ជួរប្រនាំងគ្នាក៏មានដែរ។ ចំណែក សុវណ្ណ នៅពេលភ្ជួរ បានលួចរើសក្តាម ខ្ចងហូបទាំងឆៅដោយសារភាពហេវហត់​អស់កម្លាំង។ ទោះបីរើសក្តាមខ្ចងក្នុងស្រែហូប ក៏ត្រូវធ្វើឡើងដោយលួចលាក់ពីភ្នែករបស់ប្រធានកងភ្ជួរដែរ។ ប្រសិនបើមានអ្នកណាឃើញ អ្នកលួចនឹងត្រូវ​មានទោសរហូតដល់នាំទៅសម្លាប់។ នៅពេលភ្ជួររាស់រួច សុវណ្ណ និងកងភ្ជួរត្រូវយក​នង្គ័លទៅទុក ហើយគោត្រូវក្មេងៗក្នុងកងកុមារនាំឲ្យទៅស៊ីស្មៅ។ សុវណ្ណ ឃើញប្រជាជនថ្មីជាច្រើនគ្រួសារបានមករស់នៅក្នុងភូមិកំរ៉ែង ប៉ុន្តែឃើញតែមួយរយៈពេលខ្លីក៏បាត់អស់ មិនដឹងថាត្រូវអង្គការផ្លាស់ប្តូរទីលំនៅឬយ៉ាងណា។ ក្នុងរបបខ្មែរក្រហម សុវណ្ណ ត្រូវបានអង្គការឲ្យធ្វើការងារតែនៅក្នុងខេត្តស្វាយរៀងប៉ុណ្ណោះ។ ចំណែកសមាជិកគ្រួសាររបស់សុវណ្ណ មួយចំនួនត្រូវបានជម្លៀសទៅខេត្តភាគខាងលិច ហើយបងប្អូនរបស់សុវណ្ណចំនួន៣នាក់បានបាត់ខ្លួន។

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ សុវណ្ណ បានរៀបការ និងមករស់នៅភូមិកំរ៉ែង ប្រកបរបរធ្វើស្រែរហូតដល់សព្វថ្ងៃ​៕

សម្ភាសន៍ដោយ យ៉េត ស្រីលាក់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin