យិត ភឿន៖ កម្មផលរបស់ខ្ញុំ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

យិត​ ភឿន[1] ​អាយុ​​៦៣​ឆ្នាំ ​មាន​ទី​កន្លែង​​កំណើត ​ក្នុង​ភូមិ​​ស្រុក​លំផាត់ ​ខេត្ដ​រតនៈគិរី។​ ភឿន គឺ​​ជា​​ជន​ជាតិ​ដើម​​ភាគ​តិច​។ ​បច្ចុប្បន្ន​​ ភឿន ​រស់​នៅ​​ក្នុង​​ស្រុក​​​​អន្លង់​វែង​ ខេត្ដ​ឧត្ដរ​មានជ័យ។​

ភឿន បាន​និយាយថា៖ «ខ្ញុំ​បាន​​ចូល​​តស៊ូ​​ក្នុង​ចលនា​​បដិវត្ដន៍​​ខ្មែរក្រហម​​តាំង​ពី​​អាយុ​​១៥​ឆ្នាំ​។ ​យើង​បាន​​រសាត់​អណ្ដែត​​មក​កាន់​​​តំបន់​អន្លង់វែង​​ចាប់​ពី​ឆ្នាំ​​១៩៧៩ ​នៅ​ពេល​​កង​ទ័ព​វៀតណាម​​បា​ន​​បណ្ដេញ​​ខ្មែរក្រហម​ចេញ​​ពី​អំណាច។​ ​យើង​បាន​​បន្ដ​​ដំណើរ​​ជា​មួយ​កង​ទ័ព​​ខ្មែរក្រហម​​មក​កាន់​​ព្រំដែន​​ភាគ​ខាង​ជើង​​ប្រទេស​​កម្ពុជា​រហូត​​មក​ដល់​តំបន់​អន្លង់វែង​​​នៅ​ដើម​ឆ្នាំ​​១៩៩០។

ខ្ញុំ​បាន​​ពិការ​ភ្នែក​​ម្ខា​ង​ដោយ​សារ​ជំងឺ​តាំង​ពី​​អាយុ​​១៧​ឆ្នាំ​​ ស្ថិត​ក្នុង​​ឆ្នាំ​​១៩៧៧។​ ​នៅ​ពេល​នោះ​ ខ្ញុំ​​ស្ថិត​នៅ​កង​ចល័ត​​របស់​​​ខ្មែរ​ក្រហម​​​ ដោយ​ត្រូ​វ​ជីក​​ប្រឡាយ​ និង​លើក​ភ្លឺ​​ស្រែ។​ ខ្ញុំ​ចាប់​ផ្ដើម ​ឈឺ​​ភ្នែក​បន្ដិច​ម្ដងៗ​ រហូត​ដល់​ហើម​ខ្លាំង​​មើល​អ្វី​លែង​​ឃើញ​។​ ខ្ញុំ​មិន​ហ៊ាន​​សុំ​ច្បាប់​ខ្មែរក្រហម​​ដើម្បី​ទៅ​ព្យាបាល​ទេ ​ដោយ​ខ្ញុំ​​នៅ​តែ​បន្ដ​​ការងារ​ដោយ​ភ្នែក​​ធ្មេច​ម្ខាង​។​​​ នៅ​ក្រោម​ការ​គ្រប់​​គ្រង​​របស់​ខ្មែរក្រហម​ខ្ញុំ​មិន​ហ៊ាន​ប្រកែក​​ ​ឬ​តវ៉ា​ឡើយ​ ​ដោយ​សារ​​ខ្លាចគេ​​​យក​ទៅ​សម្លាប់​ចោល។​ យើង​រស់​នៅ​​ជា​មួយ​នឹង​​ការ​​តស៊ូ ​ហើយ​ជា​ទូទៅ​យើង​​តែង​តែ​ប្រកាន់​​ក្នុង​ចិត្ដ​ថា​ ខ្មែរក្រហម​​គឺ​ជា​អ្នក​ឲ្យ​យើង​រស់​ ឬ​ឲ្យ​យើង​ស្លាប់​​នៅ​ពេល​ណា​​ក៏​បាន​។​

យើង​បាន​​ធ្វើ​ការងារ​​នៅ​ក្រោម​ក​ម្ដៅ​​ថ្ងៃ​ ​ជា​មួយ​នឹង​អាហារ​​ហូប​ចុ​ក​មិន​គ្រប់​​គ្រាន់​។​  ​របបអាហារ​ដែល​យើង​ទទួល​បាន​​ក្នុង​មួយ​ពេល​​បាន​ត្រឹ​ម​​អង្ករ​មួយ​ក្ដាប់​តែ​ប៉ុណ្ណោះ​​ក្នុង​ម្នាក់​។​​ កង​ចល័ត​ម្នាក់ៗ​បាន​​លួច​លាក់​ហូប​​រុក្ខជាតិ​នៅ​ក្បែរ​ខ្លួន​​ក្នុង​ការ​ដ្ឋាន​​ដើម្បី​ហូប​​បន្ថែម​ ដូច​ជា​ ដើម​ត្រែង​ខ្ចី​ ឬ​រុក្ខជាតិ​ដទៃ​​ផ្សេង​ទៀត​​ដែល​ហូប​បាន​។​​ ចំពោះ​អ្នក​ឯ​ទៀត​ក៏​បាន​​លួច​លាក់​ដាំ​ទឹក​ក្ដៅ​ ដោយ​​បន្លំ​​ស្ងោរ​​ចំណី​ផ្សេងៗ​​ដែល​អាច​ហូប​បាន។​ យើង​បាន​យក​ជីវិត​របស់​​យើង​​ប្រថុយ​ប្រថាន​​ទៅ​នឹង​​ការ​ហូប​ចុក​​ ដើម្បី​ឲ្យ​បាន​​រស់​ពី​​មួយ​​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ​។​ ​យើង​បាន​ក្រោក​​ទៅ​ធ្វើ​ការ​​ចាប់​ពី​ម៉ោង​​៤​ទៀប​ភ្លឺ​ រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ទើប​យើង​បាន​​ហូប​បាយ​។​ ​យើង​ម្នាក់ៗ​មិន​អាច​​សម្រាក​បាន​លើ​ស​ពី​​១៥​នាទី​ទេ​បន្ទាប់​ពី​​ហូប​បាយ​រួច​ ដោយ​សារ​​សំឡេង​ជួង​​​នឹង​បន្លឺ​ឡើង​បញ្ជាក់​ថា​យើង​ត្រូវ​តែ​ចុះ​​ទៅ​បន្ដ​ការងារ​។​​​ មិន​មាន​អ្នក​ណា​ហ៊ាន​​ទម្រាន់​នឹង​​ការងារ​ទេ ​ដោយ​សារ​​​ខ្លាច​ខ្មែរក្រហម​​យក​ទៅ​​វាយ​ចោល​។​​ ដូច​អ្វី​ដែល​យើង​​ជឿ​ថា​ ការ​ចូល​រួម​​ក្នុង​ចលនា​​ខ្មែរក្រហម​ គឺ​ជា​ការ​លះ​បង់​​មួយ​ដ៏​ធំ​ធេង​ សូម្បី​តែ​ក្រុម​គ្រួសារ​​ និង​អាយុ​ជីវិត។​ ​រហូត​ដល់​​កង​ទ័ព​វៀតណាម​​​ចូល​ក្នុង​ប្រទេស​កម្ពុជា ​ទើប​​កង​ចល័ត​​របស់​យើង​​បាន​រត់​ខ្ចាត់​​ខ្ចាយ​​។​

ក្រោយ​មក​ ដោយ​សារ​​ភ្នែក​របស់​ខ្ញុំ​​មាន​សភាព​​ធ្ងន់​ធ្ងរ​ពេក​ ខ្ញុំ​ក៏​បាន​​ខ្នះ​ខ្នែង​​ទៅ​​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​ខ្មែរក្រហម​ដោយ​ខ្លួន​ឯង។ ​នៅ​ទី​នោះ ​ខ្ញុំ​បាន​​សម្រាក​អស់​​​រយៈ​ពេល​​៣​ខែ​​ទើ​ប​ជា​សះ​​ស្បើយ​។   ​យើង​​បាន​ចូល​រួម​​ក្នុង​ចលនា​បដិវត្ដន៍​​ខ្មែរក្រហម​​ដោយ​លះបង់​គ្រប់​បែប​យ៉ាង​ ហើយ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ខ្ញុំ​ធ្លាក់​ខ្លួន​​ពិការ​​ភ្នែក​ម្ខាង​។​​​​ ខ្ញុំ​បាន​​រៀប​ការ​​ជា​មួយ​ប្ដី​ជា​ជន​​ពិការ​​ដោយ​សារ​​សង្គ្រាម​។​ គាត់​បាន​ពិការ​​​នៅ​ពេល​យើង​​មាន​កូន​​ចំនួ​ន​៣​នាក់។​ យើង​បាន​​ឮ​ស្នូរ​គ្រាប់​មីន​ផ្ទុះ​​ ប៉ុន្ដែ​ភ្លាមៗ​នោះ​​យើង​មិន​ដឹង​ថា​ជា​នរណា​នោះ​ទេ។ ​យើង​ខំ​ធ្វើ​នំ ​ធ្វើ​ម្ហូប​​ចាំ​ប្ដី​ដោយ​សារ​គិត​ថា​ប្ដី​មក​ពី​ហត់។​ លុះ​ក្រោយ​មក​ នៅ​ពេល​ដឹង​​​ថា​ប្ដី​របស់​ខ្ញុំ​ត្រូវ​របួស​ ខ្ញុំ​ និង​អ្នក​ភូមិ​ផ្សេ​ង​ទៀត​បាន​​ទ្រ​ហ៊ោ​យំ​នៅ​មន្ទីរ​ពេទ្យ​តាម៉ុក។​ ខ្ញុំ​បាន​ទៅ​មើល​​គ្រូ​ពេទ្យ​ ដែល​កំពុង​កាត់​ជើង​​ប្ដី​ខ្ញុំ​ទៀត​​ផង​។​​ ខ្ញុំ​បាន​​ឃើញ​គ្រូ​ពេទ្យ​យក​រណារ​អា​រ​ឆ្អឹ​ង​ជើង​របស់​ប្ដី​ខ្ញុំ។​​ ​បន្ទាប់​មក ​គ្រូ​ពេទ្យ​បាន​លើក​គាត់​​ទៅ​ដាក់​នៅ​លើ​គ្រែ​​នៅ​ពេល​កាត់​ហើយ​។​​ ប្ដី​របស់​ខ្ញុំ​ត្រូវ​​សម្រាក​​ព្យាបាល​​អស់​រយៈពេល​​​៣​ខែ​បន្ថែម​ទៀត​​​។​ ​ក្រោយ​មក​ គាត់​អាច​ធ្វើ​ដំណើរ​​ជា​មួយ​នឹង​​ឈើ​ច្រត់​បាន​ ហើយ​មក​លេង​​ប្រពន្ធ​កូន។​ ពេល​នោះ​ ​គាត់​បាន​​រអិល​ដួល​​ដោយ​ជើង​បុក​​នឹង​​ដី​ទៀត​ធ្វើ​ឲ្យ​​មាន​​ការ​ឈឺ​ចាប់​ម្ដង​ទៀត។​​​

ប្រវត្ដិ​របស់​ខ្ញុំ​កំសត់​ខ្លាំង​ណាស់​ ហើយ​កូនៗ​របស់​ខ្ញុំ​​មិន​សូវ​ជឿ​ទៅ​លើ​បទ​ពិសោធន៍​​ទាំង​នេះ​ទេ។​ ខ្ញុំ​ចង​ចាំ​​វិន័យ​របស់​ខ្មែរក្រហម​ថា៖ «ម្ទេស​មួយ​​ផ្លែ ​សម្ដី​មួយ​ម៉ា​ត់»​។​ ខ្មែរក្រហម​​បាន​​ឲ្យ​យើង​ទន្ទេញ​​​ពាក្យ​​នេះ​​រហូត​ទា​ល់​​តែ​យើង​ចាំ​ ហើយ​មិន​ត្រូវ​ប្រព្រឹត្ដ​ឡើយ​។​​​ យើងបានធ្វើដំណើរជាមួយអង្គភាព​កង​ទ័ព​ខ្មែរក្រហម​​ឆ្លង​កាត់​​ទន្លេ​មេគង្គ​ទៅ​កាន់​ព្រំដែន​ប្រទេស​ឡាវ។​ ខ្ញុំ​បាន​ហែល​ទឹក​មួយ​យប់​​រហូត​ដល់​​ម៉ោង​​​៥​ទៀប​ភ្លឺ​ទើប​យើង​បាន​ឆ្លង​ផុត។​ ប្ដី​របស់​ខ្ញុំ​ចង​ដៃ​របស់​ខ្ញុំ។​ នៅ​ពេល​​ខ្ញុំ​ពិបាក​ម្ដងៗ​ ខ្ញុំ​​ស្ទើរ​តែ​ប្រលែង​​​ខ្សែ​ចោល​ដោយ​សារ​​ត្រជាក់​ខ្លាំង​ពេក​ (ខែកត្ដិក)។​ ប៉ុន្ដែ​ប្ដី​ខ្ញុំ​បាន​​ឲ្យ​ខ្ញុំ​​តស៊ូ​ឡើង​ ពី​ព្រោះ​បើ​មិន​ដូច្នោះ​ទេ​ ​ខ្ញុំ​ប្រាកដ​​​ជា​លង់​ទឹក​ស្លាប់​មិន​ខាន។​ ប្ដី​របស់​ខ្ញុំ​​ជា​អតីត​កង​ទ័ព​​ខ្មែរក្រហម។​ គាត់​មក​ជា​មួយ​នីរសារ​របស់​គាត់។​ នៅ​ពេល​យើង​​ទៅ​ដល់​ច្រាំង​​ម្ខាង​ទៀត​​ យើង​​បាន​រងា​ញ័រ​ញាក់​ និង​រឹង​ខ្លួន​​អស់​ទៅ​ហើយ​។​ ​នីរសារ​របស់​ប្ដី​​ខ្ញុំ​បាន​​បង្កាត់​​ភ្លើង​​ដើម្បី​កម្ដៅ​ខ្លួន​។​ នៅ​ពេល​យើង​ចាប់​ផ្ដើម​​ក្ដៅ​ខ្លួន​​បន្ដិច​ហើយ ​យន្ដ​ហោះ​ស៊ើប​ការ​កង​ទ័ព​វៀតណាម​​បាន​បើក​ឆ្លង​កាត់​កន្លែង​ដែល​យើង​លាក់​ខ្លួន​​នៅ​ត្រង់​ចំណុច​​​ព្រៃ​ឃ្វាល​គោ​ក្របី​នៅ​ពេល​មេឃ​ភ្លឺ​ល្អះៗ​។ ​នៅ​ពេល​នោះ​ កង​ទ័ពឡាវ​ក៏​មិន​បាន​សួរ​​យើង​​ដែរ​ ដោយ​សារ​តែ​យើង​​បាន​​ប្រគល់​​ភ្លក់​​ដំរី​២​គូ​​ឲ្យ​កង​ទ័ព​ទាំង​នោះ។​ កង​ទ័ព​ឡាវ​ថែម​ទាំង​បាន​​នាំ​ផ្លូវ​ដល់​យើង​ទៀត​ផង។​ ប្រសិន​បើ​មិន​មាន​​កង​ទ័ព​ទាំង​នោះ​​នាំ​ផ្លូវ​ទេ​ យើង​នឹ​ង​វង្វេង​ក្នុង​ព្រៃ​ជា​មិន​ខាន។​​

ក្រោយ​មក​ យើង​ក៏​បាន​​មក​ដល់​​ភ្នំ​ដងរែក​។ ​យើង​ចាប់​ផ្ដើម​មាន​​អាហារ​ហូប​ចុក​ឡើង​វិញ។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ យើង​បាន​​ប្រឈម​ទៅ​នឹង​​ជំងឺ​ហើម​ដៃ​​ជើង​។ ​ដោយ​សារ​ឆ្លង​កាត់​ការ​ធ្វើ​​ដំណើរ​​ជា​ច្រើន​ខែ​ ​សម្លៀក​បំពាក់​របស់​យើង​នៅ​ល្អ​តែ​ខាង​មុខ​​ប៉ុណ្ណោះចំ​ណែក​ឯ​​​ខាង​ក្រោយ​បាន​ដាច់​រហែក​​អស់​ទៅ​ហើយ​​ដោយ​សារ​តែ​ទាក់​ជា​មួយ​ព្រៃ​ និង​​រំកិល​​នៅ​លើ​ថ្ម។​ ​

ក្រោយ​មក​ យើង​បាន​​ទៅ​រស់​នៅ​​ក្នុង​ជំរំ​អូរត្រាវ​​គ្រប់​គ្រង​ដោយ​ខ្មែរក្រហម​។​​  យើង​ទទួល​បាន​​​របប​អាហារ​ហូប​ចុក​ដោយ​មិន​បាច់​​ធ្វើ​ស្រែ​​ចម្ការ​នោះ​ទេ។​ រហូត​ដល់​​ទសវត្សរ៍​​ឆ្នាំ​​១៩៩០ ​យើង​ចាប់​ផ្ដើម​រស់​នៅ​តំបន់​អន្លង់វែង​​ក្រោម​ការ​គ្រប់​គ្រង​របស់​តាម៉ុក។​​ នៅ​​អន្លង់វែង​ យើង​ទទួល​បាន​​របប​អាហារ​​​ផ្ដល់​ដោយ​តាម៉ុក​។​ យើង​ចាប់​ផ្ដើម​កាប់​ព្រៃ​​ធ្វើ​ស្រែ​​ចម្ការ។​ ​យើង​បាន​ជួប​នឹ​ង​​ភ្លើង​សង្គ្រាម​​ជា​ច្រើន​ដំណាក់​បន្ថែម​ទៀត ​ដោយ​ត្រូវ​​ដុត​ផ្ទះ​ ​និង​​ជង្រុក​​ស្រូវ​របស់​ខ្លួន​​ថែម​ទៀត​​ផង​។​

​មក​ទល់​បច្ចុប្បន្ន​នេះ​ក៏​យើង​នៅ​តែ​លំបាក​ដោយ​សារ​​​ពិការ​ភាព​ និង​ជរា​ភាព​របស់​យើង​ សំខាន់​ឲ្យ​តែ​យើង​​ដាំ​បាយ​បាន​ហូប​​ទៅ​បាន​​ហើយ​។​ ​នៅ​ពេល​ខ្ញុំ​​ធ្លាក់​ខ្លួន​ពិ​ការ​ភាព​មក​ ខ្ញុំ​ក៏​មាន​ការ​​តូច​ចិត្ដ​រក​អ្វី​ប្រៀប​​ផ្ទឹម​​ពុំ​បាន​ទេ ​ប៉ុន្ដែ​​ធ្វើ​យ៉ាង​ណា​បើ​​នេះ​គឺជា​កម្មផល​​​របស់ខ្ញុំ​​។​ យើង​ខំ​ប្រឹង​រស់​​ជា​មួយ​មនុស្ស​​ជុំវិញ​ខ្លួន។​​ យើង​មាន​តែ​ខំ​​កសាង​បុណ្យ​​កុសល​ទៅ​ថ្ងៃ​មុខ​​​ក្រែង​បា​ន​ប្រសើរ​ជាង​នេះ»៕​​​

អត្ថបទដោយ សួត វិចិត្រ


[1] សម្ភាសន៍ជាមួយ យិត ភឿន ដោយ ដែង ណារិន នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។​

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin