ជួប យ៉ាវ ៖ វ័យត្រូវទទួលបានការសិក្សា ត្រូវខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការក្នុងកងកុមារ
ខ្ញុំឈ្មោះ ជួប យ៉ាវ ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ខ្ញុំមានឪពុកឈ្មោះ ជេត កែវ និងម្ដាយឈ្មោះ ទូច ឡៃ និងមានបងប្អូនចំនួន៦នាក់ (ស្រី៣)។ កាលពីកុមារភាពខ្ញុំមិនបានចូលរៀនឡើយ ។ បច្ចុប្បន្ននេះ ខ្ញុំមានតួនាទីជា ប្រធានភូមិខ្នារ ។ ខ្ញុំមានប្រពន្ធឈ្មោះ ប៉ោ ភួង មានកូនចំនួន៤នាក់ ស្រី២នាក់និងប្រុស២នាក់ ។
នៅឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៤ ក្នុងរបប លន់ នល់ ខ្ញុំឃើញមានការទម្លាក់គ្រាប់នៅភូមិខ្នារនេះ ធ្វើឲ្យមនុស្សចំនួន៤នាក់ត្រូវរបួស និងម្នាក់បានស្លាប់ដោយសារត្រូវគ្រាប់ ក្នុងពេលកើតមានសង្រ្គាមរវាងកងទ័ព លន់ នល់ និងយោធាខ្មែរក្រហម ។ ក្នុងពេលនោះដែរ ម្ដាយរបស់ខ្ញុំ បានស្លាប់ដោយសារការសម្រាលកូន ។ អំឡុងពេលកើតមានសង្គ្រាម គឺមានតែឆ្មបនៅតាមភូមិប៉ុណ្ណោះ ។ ដោយឆ្មប បុរាណមិនមានជំនាញច្បាស់លាស់ ទើបធ្វើឲ្យម្ដាយរបស់ខ្ញុំត្រូវស្លាប់ក្នុងពេលសម្រាលកូន ។
ចូលមកដល់ឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមបានជម្លៀសខ្ញុំ និងប្រជាជនក្នុងភូមិខ្នារនេះឲ្យចាកចេញពីភូមិទាំងអស់ ។ ក្នុងពេលជាមួយគ្នាដែរ កម្មាភិបាលខ្មែរក្រហម បានជម្លៀសប្រជាជនដែលរស់នៅទីក្រុងភ្នំពេញ ទីប្រជុំជន និងពីតំបន់ឆ្ងាយៗ [1] ឲ្យទៅរស់នៅភូមិ កំពង់អំពិល និងភូមិកំពង់យោល ស្រុកបូរីជលសារ ខេត្តតាកែវ ។ កម្មាភិបាលខ្មែរក្រហម បានចាត់តាំងខ្ញុំដាក់ក្នុងកងកុមារ ។ កុមារ និងយុវជនជាច្រើនដែលរស់នៅក្នុងភូមិខ្នារនេះត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការតាមកង តាមសហករណ៍ដូចៗគ្នាពុំមាននរណាម្នាក់អាចស្នាក់នៅផ្ទះបានឡើយ ។ ខ្ញុំ និងកុមារក្នុងក្រុម រួមទាំងយុវជនជាច្រើនទៀត ត្រូវរស់នៅតាមសហករណ៍ គឺត្រូវរស់នៅរួមគ្នា ហូបចុករួមគ្នា និងការចែករំលែកការកម្សាន្ដរួមគ្នាទាំងអស់ ។[2] កាលនោះ កម្មាភិបាលខ្មែរក្រហម ប្រើឲ្យខ្ញុំ ដើរកាប់ដើមទន្ទា្រនខែត្រ ជីកប្រឡាយ និងសែងដី ដោយកំណត់ក្នុងម្នាក់ចំនួនមួយម៉ែត្រឲ្យរួចរាល់ត្រឹមរយៈពេលមួយថ្ងៃ ។ អស់រយៈពេល២ឆ្នាំ ដែលខ្ញុំត្រូវរស់នៅបែកបាក់ពីក្រុមគ្រួសារ ។
នៅក្នុងរបបខ្មែរក្រហម ការហូបចុកជួបការពិបាកណាស់ ខ្ញុំ និងកុមារជាច្រើនទៀត គឺហូបតែបបរដូចគ្នាៗទាំងអស់ ។ ខ្មែរក្រហមបានកំណត់វាល់ចាន ក្នុងម្នាក់ទទួលបានត្រឹមតែបបរចំនួនមួយចាន មានតែទឹករាវៗ ហូបជាមួយ សម្លត្រកួន និងសម្លព្រលិតតែប៉ុណ្ណោះ ។ ក្រោយមក ចូលដល់ខែប្រាំង ខ្ញុំ និងកុមារផ្សេងទៀត ទទួលបានបាយខ្លះដែរ ប៉ុន្តែនៅតែវាល់ចានដដែល ។
នៅក្នុងរបបខ្មែរក្រហមមិនមានសម្លៀកបំពាក់គ្រប់គ្រាន់ទេ ហើយសម្លៀកបំពាក់មានតែពណ៌ខ្មៅប៉ុណ្ណោះ ។ កម្មាភិបាលខ្មែរក្រហមកំណត់ចែកឲ្យម្នាក់ក្នុងមួយឆ្នាំទទួលបាន២សម្រាប់ ។ ការរស់នៅក្នុងរបបខ្មែរក្រហមជួបទុក្ខវេទនាខ្លាំងណាស់ ប្រើឲ្យធ្វើការហួសពេលវេលា ហួសកម្លាំង បំបិទសិទ្ធិសេរីភាព មិនឲ្យគោរពសាសនា យកវត្តអារាមធ្វើជាកន្លែងចិញ្ចឹមសត្វគោ និងវាយបំផ្លាញវត្តអារាមចោលអស់ជាច្រើនកន្លែង ។ ជាងនេះទៅទៀត កម្មាភិបាលខ្មែរក្រហមបានសម្លាប់ទាហាន លន់ នល់ និងគ្រូបង្រៀន អស់ជាច្រើននាក់ ហើយយកមនុស្សដែលមិនមានចំណេះដឹងឲ្យធ្វើជាអ្នកដឹកនាំ ។
នៅក្នុងរបបខ្មែរក្រហម មានមន្ទីរពេទ្យឃុំមួយកន្លែង នៅក្បាលពោធិ៍ បច្ចុប្បន្នស្ថិតក្នុង ស្រុកទ្រាំង ខេត្តតាកែវ ។ ក្នុងរបបខ្មែរក្រហម មិនមានថ្នាំអ្វីពិសេសឡើយ គឺមានតែថ្នាំគ្រាប់ដូចអាចម៍ទន្សាយ ។ ខ្ញុំបានឃើញគ្រូពេទ្យម្នាក់ បានយកផ្លែដូងចំនួនមួយផ្លែ យកមកធ្វើជាសេរ៉ូមដាក់ទៅឲ្យអ្នកជំងឺ ។ ការព្យាបាលបែបនេះហើយ ទើបធ្វើឲ្យប្រជាជនជាច្រើនបានស្លាប់ ។ បើតាមខ្ញុំឃើញ មានយុវជនចំនួន៧នាក់ បានស្លាប់នៅមន្ទីរពេទ្យនោះ។ ការស្លាប់របស់យុវជនទាំង៧នាក់ សូម្បីតែឪពុកម្ដាយសាច់ញាតិពុំបានដឹងឡើយ ។
ក្រោយបែករបបខ្មែរក្រហម ឆ្នាំ១៩៧៩ ខ្ញុំបានវិលត្រឡប់មកស្រុកកំណើត ហើយបានរស់នៅជួបជុំក្រុមគ្រួសារវិញ ។ បន្ទាប់ពីស្រុកទេសមានភាពស្ងប់ស្ងាត់ ឪពុករបស់ខ្ញុំ បានផ្សំផ្គុំឲ្យខ្ញុំមានគ្រួសារ ។
សរសេរដោយ ជឹម សុខគា
ឯកសារយោង
[1] ដកស្រង់ចេញពីសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» មជ្ឈមណ្ឌលឯកសារកម្ពុជា បោះពុម្ពលើកទី២,២០២០,១៧-១៨។
[2] ដកស្រង់ចេញពីសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» មជ្ឈមណ្ឌលឯកសារកម្ពុជា បោះពុម្ពលើកទី២,២០២០, ៣៩-៤០។