យន់ ងិក ៖ ម្តាយខ្ញុំត្រូវចាប់ខ្លួន ដោយសារកូនប្រុសចូលខ្មែរក្រហម

យន់ ងិក[1] ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកវ៉ារិន ខេត្តសៀមរាប។ បច្ចុប្បន្ន ងិក រស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ងិក បាននិយាយថា៖«ខ្ញុំជាកូនកសិករ គ្រួសារខ្ញុំមានការខ្វះខាតណាស់នៅក្នុងជំនាន់សង្គមរាស្រ្តនិយម។ ខ្ញុំមានបងប្អូនបង្កើតប្រុសស្រីចំនួន៦នាក់ ហើយខ្ញុំជាកូនស្រីតែម្នាក់នៅក្នុងគ្រួសារ។ កាលនោះខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារពេលខ្ញុំធំដឹងក្ដីមកស្រុកយើងក៏ចាប់ផ្ដើមកើតមានសង្គ្រាមតែម្ដងទើបមិនមានឱកាសក្នុងការរៀនសូត្រ។ ប្រជាជននៅជំនាន់នោះភាគច្រើនប្រកបមុខរបរធ្វើស្រែចម្ការតែមួយមុខ ហើយប្រជាជនមានការស្រឡាញ់រាប់អានគ្នាណាស់មានអ្វីចេះចែករំលែកគ្នាទៅវិញទៅមក។ កាលពីកុមារមិនដែរបានឃើញសម្ដេចព្រះនរោត្តម សីហនុ ទ្រង់យាងមកចែកអំណោច ឬក្រណាត់នោះទេ ដោយសារតែនៅស្រុកភូមិខ្ញុំមានភាពដាច់ស្រយាលពីគេ។ ជំនាន់នោះភាគច្រើន សម្ដេចព្រះសីហនុ យាងមកចែកអំណោយប្រជាជននៅតាមទីក្រុង ជាក់ស្ដែងនៅក្នុងក្រុងសៀមរាបតែងតែមានការយាងមកចែកអំណោយ។
នៅឆ្នាំ១៩៧០ ខ្ញុំដឹងថាមានការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីតំំណែង ដោយសេនាប្រមុខ លន់ នល់។ កាលនោះខ្ញុំរស់នៅផ្ទះជាមួយឪពុកម្ដាយ ចំណែកឯបងៗរបស់ខ្ញុំបានទៅធ្វើជាទាហានចំនួន៣នាក់។ ខ្ញុំរស់នៅផ្ទះបានមួយរយៈម្ដាយខ្ញុំក៏ត្រូវបានចាប់យកទៅដាក់នៅសាលាឃុំ ដោយចោទថាមានកូនប្រុសចូលជាកងទ័ពខ្មែរក្រហម។ ចំណែកឯឪពុករបស់ខ្ញុំត្រូវបានថ្នាក់លើឲ្យធ្វើជាមេភូមិពាក់ស្នែង ដើម្បីមើលការខុសត្រូវ និងពិនិត្យមើលការចេញចូលរបស់ប្រជាជននៅក្នុងភូមិរបស់ខ្លួន។ អំឡុងពេលនោះ ប្រជាជននៅក្នុងភូមិនាំគ្នាជីកលេណដ្ឋានទុកនៅក្បែរៗផ្ទះរៀងៗខ្លួនសម្រាប់ទុកការពារខ្លួនពីការទម្លាក់គ្រាប់បែករបស់ អាមេរិក។ ក្នុងព្រឹត្តិការណ៍ទម្លាក់គ្រាប់បែក បានធ្វើឲ្យប្រជាជនជួបការលំបាកជាខ្លាំង ដោយគ្រួសារនីមួយៗត្រូវបាត់បង់ទ្រព្យសម្បត្តិ ផ្ទះសម្បែងមិនអាចរស់នៅសុខស្រួលដូចមុនបាន។ គ្រួសារខ្លះទៀតត្រូវបាត់បង់សមាជិកគ្រួសារ ដោយសារការទម្លាក់គ្រាប់បែកទាំងយប់ទាំងថ្ងៃរបស់អាមេរិក។ ចំពោះការធ្វើការងារ និងការប្រកបមុខរបរស្រែចម្ការ ប្រជាជនមិនអាចធ្វើបានដូចមុនទៀតនោះទេ។ ការហូបចុកចាប់ផ្ដើមជួបការលំបាក ព្រោះមិនអាចធ្វើស្រែប្រមូលផលបាន។ រំលឹកពីបងប្រុសខ្ញុំទាំងបីនាក់ដែលបានចូលជាកងទ័ពក៏ត្រូវបានស្លាប់បាត់បង់ជីវិតទាំងបីនាក់នៅក្នុងសង្គ្រាម។
លុះដល់ខ្ញុំ ធំបន្តិច ខ្ញុំក៏ត្រូវបានអង្គការយកទៅចូលធ្វើការនៅកងចល័ត ធ្វើការរែកដី ជីកទំនប់ និងបិទទំនប់។ កាលនោះខ្ញុំទៅធ្វើការនៅទំនប់ម្កាក់ អស់រយៈពេលជាច្រើនខែ។ កម្លាំងប្រជាជនដែលទៅធ្វើការលើកទំនប់នៅទីនោះមានចំនួនច្រើនណាស់មកពីគ្រប់ភូមិស្រុកក្នុងខេត្តសៀមរាប។ ក្នុងមួយក្រុមលើកទំនប់មានគ្នាចំនួន១២នាក់ ហើយក្នុងមួយក្រុមត្រូវធ្វើយ៉ាងណាឲ្យបានគ្រប់ចំនួន១០ម៉ែត្រតាមការកំណត់របស់អង្គការ។ កម្មករដែលទៅធ្វើការនៅទីនោះមិនមានកន្លែងសម្រាក ត្រឹមត្រូវនោះទេ គឺនាំគ្នាធ្វើខ្ទមតូចៗជិតៗគ្នាដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។ ចំណែកឯការហូបចុកមានការខ្វះខាត ក្នុងមួយថ្ងៃហូបបានតែ២ពេលតែប៉ុណ្ណោះហូបមិនដែរបានឆ្អែតទេ។ ខ្ញុំនៅធ្វើការលើកទំនប់ម្កាក់ជិតរួចរាល់ហើយ ខ្ញុំក៏ត្រូវបានបញ្ជូនឲ្យទៅជីកប្រឡាយនៅឯស្រុកវ៉ារិនវិញ។ កាលនោះខ្ញុំទៅមួយកងចល័ត ទៅធ្វើការលើកទំនប់គោកស្រុក រហូតដល់ឆ្នាំ១៩៧៩ វៀតណាមវាយចូលមកក៏បានរំសាយសហករណ៍ចោលគ្រប់ទីកន្លែង។
ក្នុងឆ្នាំ១៩៧៩ ខ្ញុំក៏បានបន្តរត់ចូលទៅក្នុងព្រៃជាមួយអ្នកធ្វើការជាមួយ និងកងទ័ពមួយចំនួន ដោយសារមិនហ៊ានចុះចូលទៅខាងក្នុងវិញដោយខ្លាចកងទ័ពវៀតណាមវាយធ្វើបាប។ កាលនោះខ្ញុំមានការនឹកដល់គ្រួសារឪពុកម្ដាយជាខ្លាំង ប៉ុន្តែដោយភាពភ័យខ្លាចទើបខ្ញុំមិនហ៊ានត្រឡប់ទៅផ្ទះវិញ។ នៅពេលចូលទៅដល់ព្រៃខ្ញុំ និងអ្នករួមដំណើរទាំងអស់បានដាច់ស្បៀងអាហារហូបចុកជាខ្លាំង។ ដោយការខ្វះខាតស្បៀងអាហារខ្ញុំក៏បាននាំគ្នាទៅរកជីកដំឡូង និងមើមក្ដួចមកហូបជំនួសបាយ។ កាលនោះអ្នកខ្លះចាញ់ទឹកចាញ់ដីស្លាប់ អ្នកខ្លះទៀតអត់បាយអត់ទឹកដេកឈឺស្គមស្គាំងរហូតដល់ស្លាប់ក៏មាន។ ដល់តែដាច់ទឹកពេក ក៏នាំគ្នាដើរទៅរកវល្លិ៍ទឹកដើម្បីកាប់យកទឹកមកផឹកឲ្យបានតែសើមបំពងកដើម្បីកុំឲ្យស្ងួតក។ បន្ទាប់មកទៀតក៏បាននាំគ្នាធ្វើដំណើរឆ្ពោះទៅលើភ្នំដងរែក។ បន្ទាប់ពីបានធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃខ្ញុំ និងអ្នករួមដំណើរទាំងអស់បានធ្វើដំណើរទៅដល់លើភ្នំដងរែក។ ពេលទៅដល់ទីនោះ ខ្ញុំបានទទួលការហូបចុកបានគ្រប់គ្រាន់ លែងមានការខ្វះខាតអ្វីទៀតហើយ។ ការងារដែលខ្ញុំធ្វើនៅលើភ្នំគឺដឹកជញ្ជូនគ្រាប់ និងបិតចម្រូង យកទៅឲ្យកងទ័ពនៅខាងក្រោមភ្នំ។ បន្ទាប់ពីខ្ញុំដឹកជញ្ជូនទៅឲ្យកងទ័ពពេលត្រឡប់មកវិញ កងទ័ពឲ្យជាត្រី ជាសាច់មកហូបវិញ។
រហូតដល់ឆ្នាំ១៩៩២ ខ្ញុំក៏បានរៀបការមានគ្រួសារ កាលនោះខ្ញុំរៀបការ ចំនួន៣គូ។ នៅក្នុងពិធីរៀបការ ប្រធានអង្គភាពបានឲ្យខ្ញុំ និងប្ដីរបស់ខ្ញុំឡើងប្តេជ្ញាចិត្តស្រឡាញ់គ្នា ស្មោះត្រង់ ចេះមើលថែគ្នាទៅវិញទៅមកនៅមុខអ្នកចូលរួមទាំងអស់។ រហូតដល់មានសមាហរណកម្មរួបរួមជាតិរវាងកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាល រួចមកខ្ញុំបានចុះមកនៅក្នុងភូមិទួលប្រាសាទមកដល់បច្ចុប្បន្ន។ ការរស់នៅក្នុងភូមិស្ថាននេះ គ្រួសារខ្ញុំបានសុខសប្បាយណាស់ អ្នកជិតខាងចេះជួយយកអាសា ប្ដីប្រពន្ធខ្ញុំ និងស្រឡាញ់គ្នាដូចបងប្អូន បើទោះបីជាអ្នកខេត្តផ្សេងគ្នាក៏ដោយ»៕
អត្ថបទដោយ មេក វិន
[1] មេក វិន សម្ភាសន៍ជាមួយ យន់ ងិក នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៣