អ្នកឃ្វាលគោក្របីនៅសម័យខ្មែរក្រហម

យូ ឆាន់ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  យូ ឆាន់ មានអាយុ ៥៩ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ ១៩៧៥ នៅពេលនោះ យូ ឆាន់ មានអាយុ៩ឆ្នាំ គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យឃ្វាលគោក្របី និងបររទេះគោក្របីដើម្បីរកឧសឲ្យក្រុមការងារនៅឯរោងបាយ។

នៅពេលព្រឹក សម្រាប់ក្រុមអ្នកឃ្វាលគោក្របីទទួលបានបបររាវមួយចាន នៅពេលថ្ងៃបាយមួយវែក និងនៅពេលល្ងាចមួយទៅពីរវែកសម្រាប់បរិភោគ ដោយមានសម្លទឹកប្រហុក និងបន្លែខ្លះសម្រាប់ចុចហូប។

នៅសម័យនោះ ប្រជាជនដែលឈឺថ្កាត់ ទាល់តែមានអាការធ្ងន់ ដោយហូបមិនបាន សម្រាកមិនបាន ទើបខ្មែរក្រហមនាំយកទៅព្យាបាលបានមួយថ្ងៃ ទោះបីមិនទាន់ធូរស្បើយក៏ដោយ។ បើគ្មានអាការធ្ងន់នោះទេ អ្នកទាំងនោះត្រូវបន្តធ្វើការ និងសម្រាប់អ្នកដែលហូបបាយបាន ខ្មែរក្រហមចោទថាធ្វើពុត ឬឈឺព្រោះខ្ជិលធ្វើការ នោះខ្មែរក្រហមនឹងបង្អត់អាហារ ទាល់តែទៅធ្វើការទើបមានបាយសម្រាប់ហូប។

ប៉ុន្តែសម្រាប់អ្នកដែលមិនព្រមទៅធ្វើការ ឬខ្ជិលច្រអូសនឹងត្រូវខ្មែរក្រហមសួរចម្លើយ និងមានការប្រជុំប្រជាជននៅក្នុងសហករណ៍ ដើម្បីប្រកាសនិងបង្ហាញមុខអ្នកដែលខ្មែរក្រហមចោទថាខ្ជិល ឬខូចសតិអារម្មណ៍ និងធ្វើការមិនរហ័ស។ ខ្មែរក្រហមបាននាំខ្លួនអ្នកដែលត្រូវបានចោទប្រកាន់យកទៅរៀនសូត្រ និងគំរាមប្រជាជនដែលបានឃើញមិនឲ្យយកតម្រាប់តាម ប្រសិនបើមិនចង់ទៅរៀនសូត្រ ដែលមានន័យថាសម្លាប់នៅសម័យនោះ។

អ្នកដែលមានជំងឺ ត្រូវបានខ្មែរក្រហមចោទប្រកាន់ថាជាអ្នកមានជំងឺសតិអារម្មណ៍ អ្នកក្បត់ជាតិ ឬខ្មាំងសត្រូវរបស់អង្គការ ដោយព្រមានអ្នកដែលយកតម្រាប់តាមនោះ និងត្រូវយកទៅរៀនសូត្រនៅថ្នាក់លើ ធ្វើដូច្នេះគឺដើម្បីឲ្យប្រទេសជាតិរីកចម្រើន។ អ្នកទាំងនោះដែលត្រូវបានខ្មែរក្រហមនាំខ្លួនយកទៅរៀនសូត្រ ភាគច្រើនគឺមិនឃើញត្រឡប់មកវិញនោះទេ ដោយសារត្រូវបានខ្មែរក្រហមសម្លាប់ ។

នៅពេលថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានមកដល់ យូ ឆាន់ បានរត់គេចខ្លួនទៅភូមិក្រឡាប់ប៊ូស ទៅតាមការបញ្ជារបស់កងឈ្លបខ្មែរក្រហម បច្ចុប្បន្នស្ថិតនៅក្នុងឃុំប៉ាកាឡាន់។

គាត់ស្នាក់នៅទីនោះបានរយៈពេលបីថ្ងៃ ទើបកងទ័ពរំដោះ ប្រាប់គាត់ឲ្យត្រឡប់ទៅរស់នៅភូមិកំណើតវិញ។

ជាចុងក្រោយទាក់ទងនឹងបញ្ហាសុខភាពនាពេលបច្ចុប្បន្ននៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម យូ ឆាន់ មានជំងឺប្រចាំកាយដូចជាឈឺសន្លាក់ដៃជើង ជំងឺលើសឈាម និងជំងឺសួត៕

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin