យូ សារ៉េន៖ អតីតគ្រូពេទ្យ នៅតំបន់៣២ ខេត្តកោះកុង
នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ សារ៉េន បានធ្វើជាគ្រូពេទ្យផ្នែកវះកាត់ប្រចាំនៅមន្ទីរពេទ្យមួយនៅតំបន់៣២ ក្នុងខេត្តកោះកុង។
យូ សារ៉េន[1] ភេទស្រី អាយុ៧០ឆ្នាំ។ សព្វថ្ងៃមានមុខរបរធ្វើចម្ការ។ សារ៉េន មានស្រុកកំណើតនៅក្នុងភូមិស្លែង ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃ សារ៉េន រស់នៅក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ឪពុកឈ្មោះ យូ គ្រីប (ស្លាប់) ដោយសារមានជំងឺក្នុងឆ្នាំ១៩៧៧។ ចំណែក ម្ដាយឈ្មោះ ង៉ែត រុន (ស្លាប់) ។ សារ៉េន មានបងប្អូនបង្កើតចំនួន៧នាក់ (ស្រី៣នាក់)។ ស្វាមីឈ្មោះ នូ ណា អាយុ៧០ឆ្នាំ។ សារ៉េន មានកូនស្រីម្នាក់ឈ្មោះ ធីតា អាយុ២៧ឆ្នាំ។
នៅឆ្នាំ១៩៦៦ ឪពុកម្ដាយបានបញ្ជូន សារ៉េន ឲ្យទៅរៀនជាមួយគ្រូៗនៅសាសាក្នុងវត្តត្នោតជុំ ស្ថិតនៅឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។ សារ៉េន បានរៀនត្រឹមថ្នាក់ទី៩ នៅសម័យសង្គមចាស់។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សារ៉េន បានឈប់រៀនដោយសារ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្ដម សីហនុ។ ក្រោយមកចាប់ផ្ដើមមានកងទ័ពខ្មែរក្រហមបានចូលមកក្នុងឃុំត្រពាំងធំ និងបានប្រកាសឲ្យបុរសៗរស់នៅតាមភូមិនីមួយៗក្នុងឃុំត្រពាំងធំស្ម័គ្រចិត្តចូលបម្រើកងទ័ព ព្រោះខ្មែរក្រហមត្រូវការកម្លាំងទ័ពជាច្រើននាក់ ដើម្បីធ្វើការប្រឆាំងទប់ទល់ជាមួយទាហាន លន់ នល់ ក្នុងការទាមទារសិទ្ធិអំណាចជូនសម្ដេច ព្រះនរោត្ដម សីហុន វិញ។ បន្ទាប់មក មានគ្រូៗបង្រៀនក្នុងវត្តត្នោតជុំ និងយុវជនមួយចំនួនដែលមានវ័យចំណាស់ជាង សារ៉េន បាននាំគ្នាស្ម័គ្រចិត្តចូលរួមជាមួយកងទ័ពខ្មែរក្រហម។ ឆ្នាំ១៩៧១ ទាហានអាមេរិក បានបើកយន្តហោះមកទម្លាក់គ្រាប់បេ៥២យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងភូមិស្លែង។ ការទម្លាក់គ្រាប់បែក បានធ្វើឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួន ថែមទាំងបានទម្លាក់ត្រូវមន្ទីរពេទ្យមួយកន្លែងធ្វើឲ្យគ្រូពេទ្យម្នាក់បានស្លាប់ រួមទាំងមានអ្នកជំងឺក្នុងមន្ទីរពេទ្យបានរងរបួសជាច្រើននាក់ទៀត។ ឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហម បានចូលមកប្រកាស និងផ្សព្វផ្សាយនៅក្នុងភូមិស្លែង ឲ្យយុវជន និងយុវនារី ចូលទៅព្រៃដើម្បីហ្វឹកហាត់ក្បួនកងទ័ព ចេញតស៊ូ ជាមួយទាហានរបស់ លន់ នល់។ បន្ទាប់ពីបានឮការប្រកាស សារ៉េន និងបងប្អូនចំនួនបីនាក់ទៀត បានលួចឪពុកម្ដាយចេញទៅតស៊ូ។ បន្ទាប់មកទៀត សារ៉េន ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលធ្វើជាគ្រូពេទ្យនៅភូមិភាគនិរតី។ ភូមិភាគនិរតី (ភូមិភាគ៤០៥) ដឹកនាំដោយ ឈិត ជឿន ហៅ តាម៉ុក។ ចំណែក ប្រធានមន្ទីរពេទ្យនៅភូមិភាគនិរតីឈ្មោះ តាកង និងមានប្រពន្ធឈ្មោះ សំ ជាជនជាតិវៀតណាម មកពីទីក្រុងហាណូយ ប្រទេសវៀតណាម ។ សារ៉េន នៅធ្វើជាគ្រូពេទ្យនៅភូមិភាគនិរតីជាមួយ ព្រាក ហ៊ាញ ត្រូវជាកូនស្រីបង្កើតរបស់ តាម៉ុក។ ចំណែក បងប្អូនចំនួនបីនាក់ទៀត ត្រូវបានចាត់ឲ្យធ្វើកងទ័ពខ្មែរក្រហម ដើម្បីចូលប្រយុទ្ធក្នុងសមរភូមិជាមួយទាហាន លន់ នល់។ សារ៉េន បានដឹងថា បងប្អូនទាំងបីនាក់ កងទ័ពខ្មែរក្រហម និងទាហានលន់ នល់ ជាច្រើននាក់ត្រូវបានស្លាប់ និងរងរបួសក្នុងពេលសង្រ្គាម នៅចន្លោះឆ្នាំ១៩៧២ ដល់ចុងឆ្នាំ១៩៧៤ ។
នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥ សារ៉េន ត្រូវបានបញ្ជូនទៅធ្វើពេទ្យប្រចាំនៅខេត្តកោះកុង។ ប្រធានកងពល២៥០ តំបន់៣២ មានឈ្មោះ តាកន មានតួនាទីគ្រប់គ្រងរួមមន្ទីរពេទ្យធំជាងគេដែល សារ៉េន ប្រចាំការ។ ប្រធានមន្ទីរពេទ្យឈ្មោះ សឹង ជាដុកទ័រផ្នែកវះកាត់តាំងពីសម័យសង្រ្គាមជាមួយ សេនាប្រមុខ លន់ នល់ រហូតមកដល់សម័យខ្មែរក្រហម ប៉ុន្តែក្រោយថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ សឹង និងគ្រូពេទ្យដែលមានជំនាញព្យាបាលជំងឺ និងវះកាត់ ក្នុងមន្ទីរពេទ្យជាច្រើនរូប ត្រូវបានអង្គការមកចាប់ខ្លួនទាំងយប់ ហើយបានបាត់ខ្លួនទាំងគ្មានមូលហេតុ។ បន្ទាប់ពី សឹង ត្រូវបានចាប់ខ្លួន សារ៉េន និងគ្រូពេទ្យមួយចំនួននៅក្នុងមន្ទីរពេទ្យមានភាពភ័យខ្លាចខ្លាំងណាស់ ព្រោះខ្លាចអង្គការចាប់ខ្លួនគ្រូពេទ្យជាបន្តបន្ទាប់ទៀត។ មិនយូរប៉ុន្មាន អង្គការបានតែងតាំងប្រធានមន្ទីរពេទ្យថ្មីឈ្មោះ ភួង ។ ជារៀងរាល់ថ្ងៃ សារ៉េន និងគ្រូពេទ្យទាំងអស់ បានមើលថែ ព្យាបាលជំងឺទាំងប្រជាជនទូទៅ និងកងទ័ព ប៉ុន្តែមិនសូវមានប្រជាជនចូលមកសម្រាកព្យាបាលច្រើននោះទេ។ សារ៉េន បានរៀបរាប់ថា ប្រជាជនដែលចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យភាគច្រើនបានកើតជំងឺគ្រុនចាញ់ ខ្វះជីវជាតិ មានសភាពហើមលើរាង្គកាយ កើតទាចទឹក ព្រោះការបរិភោគមិនគ្រប់គ្រាន់ និងមានជំងឺជាច្រើនប្រភេទទៀត។ សារ៉េន បានសង្កេតឃើញថា បញ្ហាសុខភាពរបស់ប្រជាជនភាគច្រើនមានសភាពស្គមស្គាំង ខ្វះជីវជាតិអាហារគ្រប់មុខ និងមានសភាពធ្ងន់ធ្ងររួចទៅហើយ ទើបអង្គការបញ្ជូនមកមន្ទីរពេទ្យ ហើយទោះបី សារ៉េន និងគ្រូពេទ្យដទៃខំប្រឹងព្យាបាលអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ ប្រជាជនតែងត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យអស់ជាច្រើននាក់ ព្រោះការព្យាបាលមិនទាន់ពេលវេលា។ ។ ចំណែក បញ្ហារបស់កងទ័ពខ្មែរក្រហមភាគច្រើនកើតជំងឺគ្រុនចាញ់។ សារ៉េន និងគ្រូពេទ្យទាំងអស់នៅក្នុងមន្ទីរពេទ្យមានអាហារហូបចុកគ្រប់គ្រាន់ មិនជួបការលំបាកនោះទេ។ សារ៉េន បានដឹងថា ថ្នាំពេទ្យទាំងអស់នៅក្នុងមន្ទីរពេទ្យទទួលបានពីប្រទេសចិន មានសុទ្ធតែថ្នាំល្អៗ។
នៅឆ្នាំ១៩៧៦ សារ៉េន ប្រចាំការនៅក្នុងមន្ទីរពេទ្យដដែលមិនបានចេញទៅភូមិជាមួយប្រជាជននោះទេ។ ខណៈពេលនោះ គណៈភូមិភាគបស្ចិមមានឈ្មោះ តាស៊ើង។ រីឯគណៈតំបន់ នៅក្នុងខេត្តកោះកុង ឈ្មោះ រ៉ន ជាអ្នកស្រុកកំណើតនៅភូមិដំណាក់ស្នូល ស្រុកឈូក ខេត្តកំពត ហើយត្រូវជាឪពុកមារបស់ សារ៉េន។ ថ្ងៃមួយ រ៉ន បានបញ្ជាឲ្យនារីៗដែលជាគ្រូពេទ្យទាំងអស់រៀបចំតុបតែងខ្លួន ដើម្បីត្រៀមចូលរៀបការជាមួយនឹងកងទ័ពខ្មែរក្រហម។ សារ៉េន បានប្រកែកមិនព្រមរៀបការ ព្រោះអាងថា រ៉ន ជាឪពុកមានឹងមិនហ៊ានធ្វើអ្វីខ្លួននោះឡើយ។ ក្នុងអំឡុងពេលរៀបការមានចន្លោះពី៨ទៅ១០គូ ឡើងចាប់ដៃគ្នា មិនមានឪពុកម្ដាយទាំងសងខាងមកចូលរួម មានតែអង្គការធ្វើជាសាក្សី។ រ៉ន បានធ្វើជាគណៈតំបន់មួយរយៈពេលខ្លីប៉ុណ្ណោះ ត្រូវបានអង្គការប្ដូរចេញពីកោះកុង។ សារ៉េន បានចាកចេញពីស្រុកកំណើតអស់រយៈពេលជាច្រើនឆ្នាំ ហើយតែងតែសុំប្រធានមន្ទីរពេទ្យឈ្មោះ ភួង ដើម្បីទៅលេងឪពុកម្ដាយនៅស្រុកកំណើត ប៉ុន្តែមិនត្រូវបានអនុញ្ញានោះឡើយ។
ចន្លោះឆ្នាំ១៩៧៧ ដល់ចុងឆ្នាំ១៩៧៨ នៅក្នុងមន្ទីរពេទ្យរបស់ សារ៉េន ត្រូវបានបែងចែកជាបីផ្នែក មានខាងផ្នែកជំងឺទូទៅ ខាងផ្នែកព្យាបាលវះកាត់ និងខាងផ្នែកផលិតថ្នាំចាក់ មានគ្រូពេទ្យសរុបប្រហែលជាង៣០០នាក់។ ក្នុងពេលប្រចាំការនៅក្នុងមន្ទីរពេទ្យ សារ៉េន មិនបានដឹងថាប្រជាជនមិនមានបាយហូបចុកទេ លុះមានប្រជាជនមកសម្រាកក្នុងមន្ទីរពេទ្យបានលួចខ្សឹបប្រាប់ថា « អត់មានបាយហូបទេ វេទនាណាស់ » ទើប សារ៉េន បានដឹងពីសុខទុក្ខរបស់ប្រជាជននៅក្នុងភូមិ ហើយតែងលួចយកបាយមកឲ្យប្រជាជនហូប។ កម្មាភិបាលខ្មែរក្រហមដែលធ្វើការនៅក្នុងក្រសួងមន្ទីរមានបាយហូបគ្រប់គ្រាន់មិនមានភាពខ្វះខាតនោះឡើយ។ សារ៉េន បានបន្ថែមទៀតថា ប្រជាជនដែលបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាច្រើនត្រូវបានស្លាប់ ដោយសារការខ្វះខាតជីវជាតិអាហារ ក្នុងមួយថ្ងៃបានស្លាប់ពី២ទៅ៣នាក់ ហើយត្រូវបានគ្រូពេទ្យយកទៅកប់ចោលនៅក្បែរមន្ទីរពេទ្យ ស្ថិតនៅឃុំទួលម្កាក់ ក្នុងខេត្តកោះកុង និងគ្មានប្រជាជនឬសាច់ញាត្តិសាកសពផ្ទាល់បានដឹងដំណឹងថាសមាជិកគ្រួសារត្រូវបានស្លាប់នោះឡើយ។ សារ៉េន បានរៀនវិជ្ជាជីវៈផ្នែកវះកាត់ជាមួយដុកទ័រជនជាតិចិន និងលោកវេជ្ជបណ្ឌិត ជួន ជឿន មកបង្រៀនបានប្រហែល៣ទៅ៤ដង។ បន្ទាប់ពីរៀនផ្នែកវះកាត់ សារ៉េន អាចវះឬកាត់ជើងកងទ័ពខ្មែរក្រហមដែលរងរបួសដោយសារត្រូវគា្រប់កាំភ្លើង និងគ្រាប់បែក ហើយ សារ៉េន អាចវះកាត់ភ្នែកបានផងដែរ។ បន្ទាប់មក សារ៉េន មានតួនាទីជាជំនួយការទី១ នៅផ្នែកវះកាត់។ នៅក្នុងមន្ទីរពេទ្យមានអគារមួយសម្រាប់ធ្វើការវះកាត់អ្នកជំងឺ។ រឿន មានតួនាទីជាវេជ្ជបណ្ឌិតផ្នែកវះកាត់ និងមានជំនាញ វះកាត់យកកូន កាត់ថ្លើម តពោះវៀន ធ្លាយក្រពះ វេជ្ជបណ្ឌិត រឿន អាចយកពោះវៀនធំមកតភ្ជាប់ជាមួយក្រពះបានធម្មតាវិញ។ ប៉ុន្តែ ក្រោយមក វេជ្ជបណ្ឌិត រឿន បានជិះឡានជាន់មីនតោនធ្វើឲ្យផ្ទុះស្លាប់។
ដើមឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមករំដោះប្រទេសកម្ពុជា។ សារ៉េន បានរត់ចេញពីមន្ទីរពេទ្យ បម្រុងនឹងត្រឡប់ទៅស្រុកកំណើត នៅខេត្តតាកែវវិញ ប៉ុន្តែ សារ៉េន មិនដឹងថាត្រូរត់ទៅផ្លូវណាមួយទេ ព្រោះក្រឡេកមើលជុំវិញមានសុទ្ធតែទឹកសមុទ្រគ្រប់ទិសទី ទើប សារ៉េន បានរត់តាមក្រុមពេទ្យ និងកងទ័ពខ្មែរក្រហមទៅកាន់ប្រទេសថៃ។ ក្នុងពេលជាមួយគ្នា មានប្រជាជនជាច្រើនបានរត់ភៀសខ្លួនចូលទៅនៅក្នុងប្រទេសថៃ ដោយធ្វើដំណើរតាមទូកអស់រយៈពេលមួយយប់ ទើបទៅដល់ប្រទេសថៃ។ សារ៉េន រត់ភៀសខ្លួនទៅដល់ថៃបានរយៈពេលប្រហែល១ម៉ោង បានឃើញ ខៀវ សំផន រួមទាំងកម្មាភិបាលខ្មែរក្រហម ២ទៅ៣នាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) ជិះយន្តហោះ (កន្ទុំរុយ) មកចុះចតកន្លែងប្រជាជនរត់ចូលគឺ ឃ្លងយ៉ៃ ហើយ ខៀវ សំផន បាននិយាយថា« ស្អែកនិងឲ្យថៃទៅដឹកដាក់នៅឡែម កំរៀង»។ លុះស្អែកឡើង ថៃបានបញ្ជូនឡានធំៗមកដឹក សារ៉េន និងប្រជាជនផ្សេងទៀតទៅដាក់នៅឡែម។ សារ៉េន រស់នៅឡែមអស់រយៈពេល១ឆ្នាំ រួចផ្លាស់មករស់នៅចក្រី(ភូមិសាស្ដា) នៅមន្ទីរពេទ្យ៨១ ជិតកន្លែងមន្ទីររបស់ តាកន ហើយ សារ៉េន បានធ្វើជាគ្រូពេទ្យនៅខាងផ្នែកវះកាត់បន្តទៀត។
ចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៤ ក្នុងអំឡុងពេលកងទ័ពខ្មែរក្រហមវាយជាមួយកងទ័ពវៀតណាម ភាគីខ្មែរក្រហមបានរងរបួស និង ស្លាប់អស់ជាច្រើននាក់ កងទ័ពភាគច្រើនបានស្លាប់ព្រោះ ត្រូវគ្រាប់កាំភ្លើង និងត្រូវបានកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជាបានបាញ់ផ្សែងពុល។ សារ៉េន និងគ្រូពេទ្យទាំងអស់ ត្រូវព្យាបាលកងទ័ពខ្មែរក្រហមដែលបានរងរបួសធ្ងន់ៗតាំងពីព្រឹករហូតទល់យប់។ នៅពេលយប់ សារ៉េន ត្រូវយាមរហូតទល់ព្រឹក មិនមានពេលវេលាសម្រាកទេ ហើយមានកងទ័ពខ្មែរក្រហមបានរងរបួសជាបន្តបន្ទាប់ចូលមកកន្លែងវះកាត់។ សារ៉េន បានរៀបរាប់ថា «កន្លែងវះកាត់ត្រូវជីករណ្ដៅទៅក្នុងដីដើម្បីការពារគ្រាប់ផ្លោង ដោយប្រក់សង្ក័សីពីលើឲ្យខ្ពស់ រួចធ្វើប្រឡាយជុំវិញឲ្យទឹកហូរចេញ ក្នុងរណ្ដៅមានតុវែងមួយសម្រាប់ដាក់អ្នករបួស សម្ភារវះកាត់ត្រូវចំហ៊ុយ និងប្រើរវ៉ៃភ្លើងបំភ្លឺ ចាក់ថ្នាំស្ពឹក រួចវះកាត់យកតែម្ដង» ។ ក្នុងអំឡុងពេលវះកាត់ត្រូវទម្លាក់មុង និងមានគ្រូពេទ្យផ្នែកវះកាត់ចំនួន៨នាក់។ លោកវេជ្ជបណ្ឌិត ជួន ជឿន ប្រចាំការនៅមន្ទីរពេទ្យដ-២៥ នៅខាងទឹកដីប្រទេសថៃ មកកន្លែងវះកាត់របស់ សារ៉េន បានប្រហែល២ទៅ៣ដងក៏ត្រឡប់ទៅវិញ ព្រោះ ជួន ជឿន ត្រូវនៅជួយសង្រ្គោះកងទ័ពខ្មែរក្រហមដែលមានរបួសធ្ងន់ធ្ងរខ្លាំង ដែលបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ។ សារ៉េន និងគ្រូពេទ្យទាំងអស់មិនមានអាហារហូបចុកទៀតទេ ត្រូវហូបល្ហុងជាមួយត្រីខ។ ឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៨៩ សារ៉េន និងគ្រូពេទ្យទាំងអស់បានរត់ភៀសខ្លួនទៅរស់នៅលើទឹកដីប្រទេសថៃម្ដងទៀត ក្នុងជំរំតាង៉ុក។ អំឡុងពេលរស់នៅជំរំតាង៉ុក សារ៉េន រៀបនឹងចុះឈ្មោះទៅរស់នៅក្រៅប្រទេស ប៉ុន្តែ ឈ្មោះ យ៉ន បានមកនិយាយអប់រំពីនយោបាយ និងសូមអង្វរ សារ៉េន និងគ្រូពេទ្យមួយចំនួនឲ្យនៅចាំជួយកងទ័ពខ្មែរក្រហមដែលរងរបួស។ បន្ទាប់មក សារ៉េន មានអារម្មណ៍អាណិតកងទ័ព ទើបសម្រេចចិត្តមិនចុះឈ្មោះទៅក្រៅប្រទេសវិញ។ ឆ្នាំ១៩៩០ សារ៉េន និងគ្រួសាររបស់កងទ័ពខ្មែរក្រហម បានចេញពីជំរំតាង៉ុក មករស់នៅក្នុងមន្ទីរ៣២ (ស្ថិតក្នុងស្រុកសំពៅលូន) ដោយសាងសង់ផ្ទះតូចៗសម្រាប់រស់នៅ។ ឆ្នាំ១៩៩៥ សារ៉េន បានរៀបការជាមួយស្វាមីឈ្មោះ នូ ណា ។ ឆ្នាំ១៩៩៦ សារ៉េន បានត្រឡប់ទៅលេងស្រុកកំណើតបានម្ដង។ ក្រោយពេលខ្មែរក្រហមយល់ព្រមធ្វើសមាហរណកម្មឆ្នាំ១៩៩៧ សារ៉េន មានភាពត្រេកអរយ៉ាងខ្លាំង ព្រោះកន្លងមក សារ៉េន មានភាពធុញធប់ ការលំបាកនិងទ្រាំឃើញកងទ័ពខ្មែរត្រូវរងរបួសព្រោះតែការធ្វើសង្រ្គាមជាមួយខ្មែរដូចគ្នា។ ជារៀងរាល់ថ្ងៃ សារ៉េន តែងតែបន់ស្រន់ឲ្យឆាប់ចប់សង្រ្គាម ដើម្បីឲ្យប្រទេសជាតិឆាប់ទទួលបានឯករាជ្យ។ ឆ្នាំ១៩៩៨ សារ៉េន បានប្ដូរពីស្រុកសំពៅលូនមករស់នៅភូមិភ្នំព្រឹក ក្នុងស្រុកភ្នំព្រឹកវិញ។ សារ៉េន បានធ្វើជាគ្រូពេទ្យតាំងពីអាយុ១៨ឆ្នាំ រហូតដល់អាយុ៤៩ឆ្នាំ ទើបឈប់ រួចទៅប្រកបមុខរបរធ្វើចម្ការដាំដំឡូងមកដល់សព្វថ្ងៃនេះ។
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយឈ្មោះ យូ សារ៉េន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១១ (BBI0090)។