យួន សុត បីកូនប្រុសដើរកាត់ទឹកភ្លៀងទាំងទឹកភ្នែកហូរ

បន្ទាប់ពី យួន សុត សម្រាលកូនបានបីថ្ងៃ អង្គការបានជម្លៀសគាត់ និងគ្រួសារពីតំបន់ម្លិច ទៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ អំឡុងពេល សុត ធ្វើដំណើរមានភ្លៀងធ្លាក់ខ្លាំងហើយគាត់បានបីកូនដើរកាត់ទឹកភ្លៀងទាំងទឹកភ្នែកហូរដើម្បីរកកន្លែងជ្រកភ្លៀង។ ខាងក្រោមនេះជារឿងរ៉ាវ របស់ យួន សុត ក្នុងរបបខ្មែរក្រហម៖
យួន សុត[1] ភេទស្រី មានអាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ននេះរស់នៅក្នុងភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះយួន(ស្លាប់) និងម្ដាយឈ្មោះ អ៊ុត (ស្លាប់)។ ខ្ញុំមានបងប្អូន៥នាក់ (ប្រុស៣នាក់ ស្លាប់ម្នាក់ និងស្រី២នាក់)។ ខ្ញុំមានស្វាមីឈ្មោះ អឿន ស្លាប់ដោយសារតែជំងឺក្នុងឆ្នាំ២០១៥។ ខ្ញុំមានកូន៥នាក់ និងបានរៀបការអស់ហើយ។ ខ្ញុំរស់នៅជាមួយកូនប្រុសពៅម្នាក់។
កាលពីកុមារភាពខ្ញុំមិនបានសិក្សារៀនសូត្រទេ ព្រោះគ្មានសាលារៀន។ នៅក្នុងឆ្នាំ១៩៧០ ពេល រដ្ឋប្រហារនៅក្នុងភូមិនេះមិនសូវមានប្រជាជនទៅចូលរួមបាតុកម្មទេ ព្រោះភូមិកូនក្រពើនៅឆ្ងាយពីផ្លូវជាតិ។ ការចូលរួមធ្វើបាតុកម្មពេលនោះភាគច្រើនបាតុករមានអាយុចាប់ពី១៥។ នៅក្នុងភូមិកូនក្រពើនេះមានបងខ្ញុំឈ្មោះ វ៉ប, យ៉ក និងយ៉ាន បានធ្វើដំណើរតាមឡានដែលមកយកដល់ក្នុងភូមិ ដើម្បីទៅ ចូលរួមធ្វើបាតុកម្មនៅ តំបន់ជីរោទិ៍ ជិតទីរួមខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ)។ ប្រជាជន ដែលទៅចូលរួមធ្វើបាតុកម្មមិនបានត្រលប់មកវិញទេ។ ប្អូនប្រុសខ្ញុំដែលទៅចូលរួមធ្វើបាតុកម្ម ហើយត្រូវរបួស បានរត់ត្រឡប់មកផ្ទះវិញ។ មួយរយៈក្រោយមក ប្អូនរបស់ខ្ញុំក៏មានយុទ្ធជនមកចាប់ទៅដាក់គុកនៅ ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់។ យុទ្ធជនបានប្រាប់គ្រួសារខ្ញុំថាប្អូនខ្ញុំរត់គេចពីសង្គ្រាម។
នៅពេលអាមេរិកាំងចូលមកក្នុងភូមិកូនក្រពើប្រជាជនពិតជាភ័យខ្លាចណាស់ ព្រោះមានរថក្រោះចូលក្នុងភូមិ។ ទាហានអាមេរិកមិនបានធ្វើបាបប្រជាជនទេ ថែមទាំងឲ្យស្ករគ្រាប់ដល់កុមារ។ ទាហានអាមេរិកមានបន្ទាយមួយនៅក្នុងភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់។ ទាហានអាមេរិកចូលមករកកងទ័ពវៀតកុងដែលពួននៅក្នុងព្រៃជិតៗភូមិ ហើយបន្លំខ្លួនជាមួយប្រជាជនចេញចូលទិញម្ហូបបន្លែ និងត្រីសាច់។ កងទ័ពវៀតកុងចូលមកក្នុងភូមិប៉ុន្តែមិនដែលបានធ្វើបាបប្រជាជនទេ។ ប្រជាជនធ្វើស្រែចម្ការបានធម្មតា ប៉ុន្តែគ្រប់ផ្ទះតែងតែមានជីករណ្ដៅត្រង់សេដើម្បីពួនលាក់ខ្លួន។
ពេលប្រជាជនឃើញយន្តហោះអាមេរិកាំង គ្រាន់តែលើកដៃហើយបង្ហាញម្រាមពីរជាសញ្ញា នោះទាហានអាមេរិកដឹងថាជាប្រជាជនមិនទម្លាក់គ្រាប់ទេ។ ថ្ងៃមួយយន្តហោះអាមេរិក បានឃើញកងទ័ពវៀតកុង នៅក្បែរភូមិកូនក្រពើ ហើយបានទម្លាក់គ្រាប់ត្រូវបងជីដូនមួយរបស់ខ្ញុំឈ្មោះ សាន្ត និង សឿន បណ្ដាលឲ្យស្លាប់ភ្លាមៗព្រោះចូលរណ្ដៅត្រង់សេមិនទាន់។ អាមេរិ កាំងចូលមកប្រហែលបាន២ឆ្នាំទើបដកទ័ពទៅវិញ។ អាមេរិកាំងដកចេញបានប្រហែល១ឆ្នាំ ក្នុងភូមិមានការរៀបចំការងារប្រវាស់ដៃ។ ប្រជាជនក្នុងភូមិក្រពើធ្វើស្រែរួមគ្នាផលស្រូវដែលទទួលបានដាក់ជង្រុកតាមផ្ទះរៀងៗខ្លួន។
នៅឆ្នាំ១៩៧៥ មានប្រជាជនជម្លៀសពីភ្នំពេញមករស់នៅតំបន់ស្រែតាពេជ្រ ស្លាប់ច្រើន។ ព្រោះប្រជាជនទាំងនោះធ្លាប់តែសប្បាយ, រស់នៅស្រួល, មិនធ្លាប់អត់ឃ្លាន និងមានអ្នកខ្លះសម្លាប់ខ្លួន ដោយសារតែរស់នៅពិបាកខ្លាំងពេក។ ប៉ក់ ព្រង់ ត្រូវជាបងជីដូនមួយរបស់ខ្ញុំត្រូវបានកម្មាភិបាល ខ្មែរក្រហមចាប់យកទៅសម្លាប់ចោល នៅភូមិគ្រង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយសារតែនិយាយថាកុំ ចូលហូបបាយរួមពិបាកណាស់។ ក្រោយមកអង្គការបានជម្លៀសខ្ញុំទៅភូមិតាម៉ៅ ឃុំជាំតាម៉ៅ។ ខ្ញុំស្នាក់នៅជាមួយប្រជាជននៅក្នុងភូមិជាំតាម៉ៅ បានបីយប់។ អង្គការបានឲ្យធ្វើដំណើរដោយថ្មើរជើងទៅភូមិសំពៅលូន ឃុំជាំតាម៉ៅ។ គ្រួសារខ្ញុំស្នាក់នៅបានប្រហែល១ខែ អង្គការចាត់តាំងឲ្យធ្វើស្រែចម្ការជាមួយ ប្រជាជនមូលដ្ឋាន។ ការហូបចុកមានការខ្វះខាត ហូបតែបបរលាយជាមួយបន្លែ, ត្រកួន, ស្លឹកបាស, ដើមចេក ហើយម្នាក់ទទួលបានរបបមួយការ (រង្វាស់វាល់អាហារនៅពេលនោះ)។ ខ្មែរក្រហមបានបន្តជម្លៀសគ្រួសារខ្ញុំទៅតំបន់ម្លិច។ ខ្មែរក្រហមបានបញ្ជាឲ្យគ្រួសារខ្ញុំកាប់គាស់កូនឈើដោយមានកំណត់ប្រុសៗម្នាក់កាប់កូនឈើពីរថ្ងៃ ដីទំហំមួយហិកតា។ បើស្រីៗពីរនាក់ត្រូវកាប់កូនឈើឲ្យបានដីទំហំដូចប្រុសៗ។ ប្រជាជនធ្វើការងារទាំងថ្ងៃទាំងយប់ ខ្លាចមិនហើយតាមផែនការរបស់អង្គការ។ ប្រជាជនស្លាប់ច្រើនណាស់ជូនកាលកំពុងកាន់ចបគាស់កូនឈើដួលស្លាប់ក៏មាន។ ការហូបចុកវិញហូបតែបបររាវៗមានកម្លាំងមកពីណាកាប់គាស់កូនឈើ។
ពេលនោះខ្ញុំពោះធំជិតសម្រាលកូន ប៉ុន្តែអង្គការឲ្យធ្វើការទាត់តែសម្រាលទើបឲ្យសម្រាក។ លុះពេលខ្ញុំសម្រាលបានបីថ្ងៃអង្គការជម្លៀសគ្រួសារខ្ញុំទៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ពេលធ្វើដំណើរខ្ញុំអាណិតកូនប្រុសខ្លាំងណាស់ព្រោះមានភ្លៀងធ្លាក់ខ្លាំង។ ខ្ញុំបីកូនឆ្លងកាត់ភ្លៀងរហូតដល់កន្លែងសិប្បកម្មមួយ ខ្ញុំបានសុំការអនុញ្ញាតជ្រកភ្លៀងបន្តិច ប៉ុន្តែមានស្ត្រីម្នាក់បានចាក់ទឹកលើក្បាលខ្ញុំ។ ខ្ញុំបានសម្រេចដើរចេញ ហើយឈរបីកូននៅកណ្ដាលភ្លៀងទាំងទឹកភ្នែកហូរ។ ថ្ងៃនោះមេឃភ្លៀងមិនឈប់សោះ ប៉ុន្តែជាសំណាងរបស់ខ្ញុំបានដើររហូតដល់ផ្ទះមួយគ្មានមនុស្សនៅ ខ្ញុំក៏បានចូលជ្រកនៅទីនោះជាមួយគ្រួសារ។
ពេលខ្ញុំទៅដល់ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ អង្គការបានចែកកន្ទក់ឲ្យហូប ហើយនៅក្នុងមួយអាទិត្យអង្គការចែកអំពៅឲ្យម្នាក់មួយដើមជំនួសបង្អែម។ អង្គការចាត់តាំងខ្ញុំឲ្យច្រូតស្រូវ និងធ្វើ ការងារដូចប្រជាជនមូលដ្ឋាន។ លុះពេលច្រូតកាត់រួចរាល់អង្គការបានជម្លៀសគ្រួសារខ្ញុំមកថ្មគ្រែឡើងឆ្លងកាណូតមកស្ទឹងត្រង់។ អង្គការឲ្យសម្រាក ៣ទៅ៤ថ្ងៃ ហើយចាំធ្វើដំណើរតទៅមុខទៀត។ អង្គការចែកបាយឲ្យតាមភូមិសម្រាប់ហូប។ បន្ទាប់មក ខ្ញុំបានបន្តដំណើរទៅ ភូមិប្រវិច ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ អង្គការចាត់តាំងឲ្យគ្រួសារខ្ញុំនៅធ្វើស្រែជាមួយប្រជាជននៅក្នុងភូមិ។ ចំណែកការហូបចុកមិនសូវខ្វះខាតដូចមុនទេ។ ប្រជាជនមូលដ្ឋានក៏មានចិត្តល្អ។ ខ្ញុំរស់នៅបានប្រហែលបីខែរបបខ្មែរក្រហមក៏បានដួលរលំខ្ញុំបានធ្វើដំណើរត្រឡប់មកភូមិកូនក្រពើវិញ។ ខ្ញុំដើរថ្មើរជើងរហូតមកដល់កំពង់ចាម ដើម្បីឆ្លង ស្រឡាងមកទន្លេបិទ រួចធ្វើដំណើរមករស់នៅក្នុងភូមិរហូតមកដល់សព្វថ្ងៃនេះ៕
អត្ថបទដោយ វី ស៊ីថា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកោះថ្ម សម្ភាសន៍ជាមួយ ឈ្មោះ យួន សុត ភេទស្រី អាយុ ៧៥ឆ្នាំ ស្រុកកំណើត ភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម ,បច្ចុប្បន្នរស់នៅ ភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្ភាសន៍នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។