ភាពអត់ឃ្លានធ្វើឲ្យក្មេង៣នាក់ក្បង់ដីហូបជំនួសបាយ

ឈ្មោះ យ៉ួស ផុន ភេទស្រី មានអាយុ៧៦ឆ្នាំ  មានស្រុកកំណើតនៅក្នុងភូមិថ្មោង ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្ននេះ ផុន​ រស់នៅភូមិស្រែតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ផុន មានឪពុកឈ្មោះ យ៉ុស សេះ (ស្លាប់)និង ម្ដាយឈ្មោះ កែវ ភី (ស្លាប់)។ ផុន មានបងប្អូនបង្កើតចំនួន៦នាក់(ប្រុសម្នាក់ និងស្រី៥នាក់) ហើយ ផុន ជាកូនស្រីច្បង។ សព្វថ្ងៃនេះបងប្អូនរបស់ ផុន នៅរស់រានមានជីវិតទាំងអស់គ្នា។ ស្វាមីរបស់ ផុន​ ឈ្មោះ ចក់ ហួត (ស្លាប់)។ មានកូន៤នាក់(ស្រីម្នាក់ និងប្រុស៣នាក់) កូនៗរបស់ ផុនមានគ្រួសារ៣នាក់ មេម៉ាយម្នាក់។ សព្វថ្ងៃ ផុន មិនបានប្រកបរបរអ្វីទេ ហើយរស់នៅជាមួយកូនប្រុស។

មជ្ឈមណ្ឌលផ្សះផ្សាវាលវែង មឿន ស្រីណុច សម្ភាសន៍ជាមួយឈ្មោះ យ៉ួស ផុន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។

 

កាលនៅវ័យកុមារ ផុន មិនបានចូលរៀនសូត្រទេ ដោយសារឪពុកម្ដាយមានជីវភាពក្រីក្រ និងត្រូវមើលថែប្អូនតូចៗ។ ចំណែកប្អូនៗមួយចំនួនទៀតបានទៅរៀនជាធម្មតា លុះដល់វ័យជំទង់ ផុន បានរៀនចេះអាននិងសរសេរបន្តិចបន្តួចដែរ។ ឪពុកម្ដាយរបស់ ផុន ប្រកបមុខរបរធ្វើស្រែចម្ការនិងធ្វើក្បឿង  ផុន ត្រូវរ៉ាប់រងការងារធ្ងន់ស្រាលទាំងអស់នៅក្នុងផ្ទះ ដើម្បីជួយសម្រាលបន្ទុករបស់ឪពុក។ ឆ្នាំ១៩៦៩ ផុន បានរៀបការជាមួយស្វាមីឈ្មោះ ចក់ ហួត។

ឆ្នាំ១៩៧០ ផុន បានប្ដូរមករស់នៅភូមិស្រុកខាងប្ដី  ដែលស្ថិតក្នុងខេត្តតាកែវ ដែលមានចម្ងាយពីភូមិកំណើតរបស់ ផុន ប្រហែល៤គីឡូម៉ែត។ ផុន បានរស់នៅប្រកបរបរធ្វើស្រែចម្ការជាមួយស្វាមី។ ក្នុងឆ្នាំដដែល លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដមសីហនុ សង្រ្គាមក៏បានផ្ទុះឡើង។ មានយន្តហោះមកទម្លាក់គ្រាប់គ្រប់ទិសទី ផុន និងស្វាមីនាំគ្នាជីកត្រង់សេដើម្បីទុកសម្រាប់ការពារគ្រោះថ្នាក់ពីការទម្លាក់គ្រាប់បែក។ ឆ្នាំ១៩៧៣ ផុន សម្រាលបានកូនម្នាក់ យន្តហោះនៅតែបន្តទម្លាក់គ្រាប់បែកក្បែរៗភូមិដែល ផុន រស់នៅ ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ប្រជាជននោះទេ គ្រាន់តែខូចខាតផ្ទះសម្បែងរបស់ប្រជាជន។ ការទម្លាក់គ្រាប់បែកកាន់តែធ្ងន់ធ្ងរទៅ ផុន បានបីកូនរត់ឆ្លងផ្លូវទៅផ្ទះខាងម្ដាយ ដើម្បីចូលពួនក្នុងត្រង់សេអត់បាយអត់ទឹក រហូតស្ងាត់ទើបហ៊ានត្រឡប់មកផ្ទះរបស់ខ្លួនវិញ។

ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមបានគ្រប់គ្រងអំណាច ផុន និងប្ដី រស់នៅក្នុងភូមិធម្មតា មិនទាន់មានការជម្លៀសចេញនោះទេ។ បន្ទាប់មក ខ្មែរក្រហមបានជម្លៀសប្រជាជនដែលរស់នៅទីក្រុងភ្នំពេញ និងតាមបណ្ដាលខេត្តមួយចំនួនឲ្យមករស់នៅតាមផ្ទះរបស់ ផុន និងអ្នកភូមិផ្សេងទៀត រួចបណ្ដេញ ផុន និងអ្នកផ្សេងទៀតឲ្យចាកចេញពីផ្ទះ ឲ្យទៅសាងសង់កូនខ្ទមតូចៗសម្រាប់រស់នៅ។ មិនយូរប៉ុន្មាន អង្គការ ចាប់ផ្ដើមប្រមែប្រមូលទ្រព្យសម្បត្តិរបស់គ្រួសារ ផុន ទៅដាក់រួមជារបស់អង្គការទាំងអស់។​ ដំណាំជុំវិញផ្ទះ សត្វមាន់ទា គ្មានសិទ្ធបេះហូប ព្រោះអ្វីៗជាកម្មសិទ្ធិរបស់អង្គការ។ ពាក់កណ្ដាលឆ្នាំ១៩៧៥ ផុន សម្រាលបានកូនម្នាក់។ ផុន មានការឈឺចាប់ជាខ្លាំងដែលត្រូវបានខ្មែរក្រហមបណ្ដេញចេញពីផ្ទះ មិនបានរស់នៅផ្ទះ និងគ្មានអ្វីជារបស់កម្មសិទ្ធិខ្លួន។

ឆ្នាំ១៩៧៦ ផុន និងស្វាមី ឪពុកម្ដាយ បងប្អូនទាំងអស់ ត្រូវបានខ្មែរក្រហមបានជម្លៀស ទៅរស់នៅយិតថ្កា ជាប់ព្រំដែនវៀតណាម។ ការរស់នៅត្រូវផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយ។ ក្នុងពេលជាមួយគ្នា ខ្មែរក្រហមបានជម្លៀសប្រជាជនមកពីភ្នំពេញមកជាមួយគ្នាទាំងអស់។  ទៅដល់យិតថ្កា ខ្មែរក្រហមចាប់ផ្ដើមបែងចែកឲ្យប្រជាជនចូលតាមកងចល័តនារី និងកងចល័តបុរស។ ផុន ត្រូវបានចល័តឲ្យទៅធ្វើស្រែនៅដើមដូង ឯ ស្វាមីរបស់ ផុន ត្រូវបានខ្មែរក្រហមចាត់ឲ្យនៅក្នុងកងដឹកជញ្ជូន ដឹកបន្លែ និងសម្ភារៈផ្សេងៗដាក់តាមសហករណ៍ ចល័តពីកន្លែងមួយទៅកន្លែងមួយទៀត។ រីឯឪពុកម្ដាយរបស់ ផុន ខ្មែរក្រហមបានបញ្ជូនឲ្យនៅធ្វើស្រែចម្ការនៅភូមិមួយផ្សេងទៀត មិនមានការចល័តទេ ដោយសារពួកគាត់ចាស់ៗមិនអាចធ្វើដំណើរឆ្ងាយបាន។ ចំណែកប្អូនៗរបស់ ផុន មួយចំនួនក្នុងកងចល័ត ឯមួយចំនួនទៀតនៅកងកុមារ ដើរធ្វើការងាររៀងៗខ្លួនមិនសូវបានជួបគ្នាទេ។ សម្រាប់ប្រជាជនមូលដ្ធាន និង ប្រជាជន១៧មេសា ការរស់នៅ និងការហូបចុក មិនខុសពីគ្នានោះទេ ចំណែកការងារមិនលើសគ្នាដែរ គ្រាន់តែអ្នកមកពីភ្នំពេញជាអ្នកទីក្រុងមិនធ្លាប់ហត់ ធ្វើការងារធ្ងន់ធ្ងរ ទើបធ្វើឲ្យអស់កម្លាំង   ។ មួយវិញទៀត ដោយសារហូបបបរញឹកញាប់ពេក ធ្វើឲ្យអ្នកខ្លះកើតជំងឺហើម មិនមានពេទ្យឬថ្នាំព្យាបាលត្រឹមត្រូវធ្វើឲ្យឈឺរហូតដល់ស្លាប់។ ខ្មែរក្រហមបានប្រើ ផុន និងប្រជាជនដទៃទៀត ដកស្ទួង គ្មានពេលសម្រាក ប្រើទាំងយប់ទាំងថ្ងៃ ក្នុងមួយថ្ងៃបានហូបបបរ២ដងប៉ុណ្ណោះ។ សម្រាប់ការហូបចុក ផុន  មិនបានហូបគ្រប់គ្រាន់ទេ មានបបររាវៗសុទ្ធតែទឹក កំសត់វេទនាខ្លាំងណាស់។ នៅពេលទទួលបានបបរម្ដងៗ ផុន ហុតតែទឹក ស្រង់កាកបបរៗទុកឲ្យកូន មិនហ៊ានហូបទេ។ ដោយសារធ្វើការធ្ងន់ធ្ងរមិនមានពេលសម្រាក ផុន បានធ្លាក់ខ្លួនឈឺ សន្លប់មិនដឹងខ្លួន ខ្មែរក្រហមបានបញ្ជូន ផុន ទៅសម្រាកមន្ទីរពេទ្យត្រលាច។

ឆ្នាំ១៩៧៧ ផុន នៅក្នុងកងនារីចល័តដដែល ខ្មែរក្រហមបានប្រើឲ្យជីកដី រែកដី លើកភ្លឺស្រែ នៅយិតថ្កា ហើយចល័តទៅកន្លែងផ្សេងៗទៀតឆ្ងាយៗណាស់។ ពេលធ្វើការមានប្រជាជនរាប់ម៉ឺននាក់ មកពីគ្រប់ខេត្ត គ្រប់តំបន់ ប៉ុន្តែមិនដឹងមកពីខេត្តណាខ្លះនោះទេ។ ខ្មែរក្រហមបានកំណត់ឲ្យលើកភ្លឺស្រែក្នុងម្នាក់៤ម៉ែត្រក្នុងរយៈពេល១ថ្ងៃ លើករួចរាល់ទើបឲ្យសម្រាក។ ម្ដាយផុន ត្រូវបានខ្មែរក្រហមប្ដូរឲ្យទៅក្រងស្បូវនៅក្នុងភូមិ។ ចំណែកឪពុករបស់ ផុន ត្រូវបានខ្មែរក្រហមបានប្ដូរឲ្យទៅធ្វើស្ករត្នោត។ ផុន មានការអស់កម្លាំង និងនឿយហត់ជាខ្លាំង ដោយសារថ្ងៃខ្លះខ្មែរក្រហមបានឲ្យផុន កិនស្រូវ ក្នុង១ថ្ងៃកំណត់ឲ្យកិន៥បាវក្រចៅ(ពីដើម) និងអុំឲ្យស្អាត។  នៅក្នុងកងចល័តនារីរបស់ ផុនមានទាំងមនុស្សចាស់និងក្មេង នៅធ្វើការជាមួយគ្នា ក្នុងមួយកងមានគ្នាច្រើនណាស់ មានកងហា និងកងរយ។  ក្នុងឆ្នាំដដែល ផុន សម្រាលបានកូនម្នាក់ទៀត សរុបបីនាក់ កូនទី១និងទី២នៅតាមភូមិ ខ្មែរក្រហមប្រើឲ្យរើសអាចម៌គោ ឯកូនទី៣ ទើបនឹងកើត ផុន យកមកតាមពេលដើរធ្វើការតាមកងចល័ត។ ស្វាមីរបស់ផុន យូរៗទើបបានមកលេងកូនប្រពន្ធម្ដង។  សម្រាប់របបអាហារទៅយកសម្ល ដែលអង្គការចែកឲ្យមានតែទឹកមិនមានកាកសម្លនោះទេ ផុន យកសម្លមកបេះស្លឹកឃ្លោកហាន់ដាក់រួយអំបិលបន្តិច ដាក់លាយគ្នាហូបឲ្យតែរួចមួយពេលទៅមួយពេល។ នៅយិតថ្កា សម្បូរត្រីណាស់។ ពេលធ្វើការរួច ផុន បានឈ្លាតទៅរកត្រី ប៉ុន្តែអ្នករោងម៉ាស៊ីនដឹងនាំគ្នាមកយកអស់ៗមិនឲ្យ ផុន ហូបទេ។ ទោះបីនៅក្នុងកងចល័តដូចគ្នាតែ ផុន មិនដែលបានជួបឬសួរសុខទុក្ខប្អូនៗនោះទេ។ ផុន បានជួបមុខម្ដាយនិងឪពុកម្ដងម្កាលប៉ុណ្ណោះ។ ផុន មិនដែលបាននៅមើលថែកូនៗព្រោះត្រូវចេញទៅធ្វើការងារតាំងពីព្រឹកទល់យប់។ ថ្ងៃមួយ ផុន មានការស្រណោះជាពន់ពេក បន្ទាប់ពីទៅដល់កន្លែងសម្រាក បានឃើញ «កូនៗគ្មានខោអាវស្លៀកពាក់ ស្លៀកខោអាវរហែកៗ ហើយនាំបងនាំប្អូនក្បង់ដីហូប» ផុន ហ៊ូរទឹកភ្នែកអាណិតកូនតែមិនដឹងធ្វើយ៉ាងណា។ នៅពេល កូនៗបានឃើញម៉ែអរ សប្បាយ រត់មករកម៉ែ។ យប់ឡើយ ផុន ត្រឡប់មករោងសម្រាកសម្បូរមួសនិងរុយខ្លាំងណាស់។

ឆ្នាំ១៩៧៨ ការរស់នៅក្បែរព្រំដែនវៀតណាម លំបាកហត់នឿយពេក ឪពុកម្ដាយរបស់ ផុន បានប្រមែប្រមូលកូនចៅ រួមទាំង ផុន លួចរត់ចេញពីព្រំដែនទាំងយប់ ត្រឡប់ទៅកាន់ស្រុកកំណើតវិញ។  ពេលទៅដល់ស្រុកក៏នៅតែលំបាក ខ្មែរក្រហមប្រើការងារដូចដើម ប្រើឲ្យ ផុន រែកដីដំបូកទាំងពពោះកូន៧ខែក្នុងផ្ទៃ។ ជួនកាលខ្មែរក្រហមបានប្រើឲ្យចាំដេញកណ្ដុរនៅស្រែ។ ឪពុករបស់ ផុន បានបាត់បង់ជីវិតនៅពាក់កណ្ដាលឆ្នាំ១៩៧៨ ដោយសារខ្មែរក្រហមបានប្រើការងារធ្ងន់ធ្ងរមិនមានពេលសម្រាក និងកើតជំងឺហើម។ បន្ទាប់ពីមកដល់ស្រុកកំណើត ផុន ហូបបបរលាយព្រលឹត។ ចំណែក ស្វាមី ត្រូវបានខ្មែរក្រហមប្រើឲ្យឡើងត្នោតក្នុងមួយថ្ងៃ២០ទៅ៣០ដើមដើម្បីយកទឹកទៅរង្ងាស់ធ្វើស្ករត្នោត។ ចុងឆ្នាំ១៩៧៨ ពេលផុនកំពុងធាក់ហាត់ទឹក ស្រាប់តែមានការបាញ់ប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម។ កូនៗរបស់ ផុន​ ភិតភ័យ ហើយនាំគ្នារត់តាមអ្នកភូមិបែកទៅឆ្ងាយអស់។ ផុន និងស្វាមី តាមស្រែករកកូន ទម្រាំដើររកកូនឃើញភ័យផងយំផង។

បន្ទាប់ពីររបបខ្មែរក្រហមដួលរលំ ការនៅដំបូងពិបាកដោយសារខ្មែរក្រហមបានប្រមូលទ្រព្យសម្បត្តិទៅទាំងអស់។ ផុន និងស្វាមី ចាប់ផ្ដើមធ្វើស្រែជាថ្មី។ រហូតពាក់កណ្ដាលឆ្នាំ១៩៧៩ ស្វាមីរបស់ ផុន បានស្លាប់ដោយសារហូបសាច់ក្របី ហើយកើតពិស មិនទាន់មានពេទ្យព្យាបាលត្រឹមត្រូវទេ។ បន្ទាប់មក ម្ដាយ ផុន បានស្លាប់ដោយសារជំងឺ។ បន្ទាប់ពីស្វាមីបាត់បង់ជីវិត ជីវិភាពគ្រួសាររបស់ ផុន មានការលំបាកព្រោះត្រូវចិញ្ចឹមកូនតែម្នាក់ឯង ផុន ត្រូវស៊ីឈ្មួលដក ស្ទូង រកលុយឲ្យកូនៗបានរៀនសូត្រ។ រឿងរ៉ាវដែល ផុន ឈឺចាប់និងមិនអាចបំភ្លេចបានគឺការហូបចុកមិនគ្រប់គ្រាន់ អាណិតឪពុកដែលស្លាប់ដោយគ្មានអាហារបរិភោគ និងអតីតកាលដែលកូនៗរស់នៅគ្មានម្ដាយនៅមើលថែនិងផ្ដល់ភាពកក់ក្ដៅ។

ផុន បានប្ដូរមករស់នៅក្នុងភូមិស្រែតាំងយ៉ តាំងពីឆ្នាំ២០០១ ដោយសារកាលរស់នៅស្រុកកំណើតក្រលំបាកពេក ក៏សម្រេចចិត្តនាំកូននាំចៅប្ដូរទីលំនៅ ក្រែងមានជីវិតរីកចម្រើនជាងមុន ហើយក៏បន្តរស់នៅរហូតដល់បច្ចុប្បន្ននេះ។

អត្ថបទដោយ៖ មឿន ស្រីណុច

កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin