ខ្មែរក្រហមសម្លាប់ជនបដិវត្តន៍មិនរើសមុខ

អ្នកចូលរួមក្នុងចលនាបដិវត្តន៍ខ្មែរក្រហមម្នាក់និយាយថា នៅពេលរបបខ្មែរក្រហមទទួលជ័យជម្នះទាំងស្រុងលើរបប លន់ នល់ ថ្នាក់ដឹកនាំខ្មែរក្រហមមិនឲ្យតម្លៃអ្នកតស៊ូដែលបានបូជាជីវិតប្រព្រឹត្តតាមឱវាទរបស់ខ្លួននោះទេ ប៉ុន្តែបែរជាកាប់សម្លាប់អ្នកតស៊ូគ្មានការសន្ដោសប្រណីទៅវិញ។
អ៊ី ស្រីនាង ឈ្មោះបដិវត្តន៍ អ៊ី សុផាន ហៅ ចាត ភេទស្រី អាយុ៤៦ឆ្នាំ (ឆ្នាំ២០០៦) រស់នៅភូមិស្រែស្ដៅ ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្ដក្រចេះ[1]។ សុផាន មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ ឪពុក របស់សុផាន ឈ្មោះ អ៊ី យេន, ម្ដាយឈ្មោះ ទុង ជីម ហើយគាត់ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួនប្រាំនាក់ (ស្រីពីរនាក់) ប្អូនប្រុសរបស់គាត់ម្នាក់ស្លាប់ក្នុងរបបខ្មែរក្រហម។
ក្នុងឆ្នាំ១៩៧០ សុផាន បានឈប់រៀនត្រឹមថ្នាក់ទី៧ (សង្គមចាស់) នៅសាលាឆ្លូង ដោយសារសាលារៀនត្រូវបានបិទទ្វា ហើយនៅពេលនោះឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សមេ្ដចព្រះ នរោត្តម សីហនុ ពីព្រះតំណែង នាំឲ្យប្រទេសជាតិកើតមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ ចន្លោះពី ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៤ នៅក្នុងភូមិក្តីចាស់មានយុវជន-យុវនារីយ៉ាងច្រើន បានចូលរួមជាមួយចលនាបដិវត្តន៍ខែ្មរក្រហម ហើយយុវជន-យុវនារីទាំងអស់នោះត្រូវបានចាត់តាំងឲ្យធ្វើការក្នុងកងចល័ត, កងឈ្លប និងយោធា ដើម្បីការពារភូមិស្រុកពីទាហាន លន់ នល់។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៤ សុផាន បានចូលរួមជាមួយចលនាតស៊ូបដិវត្តន៍ខ្មែរក្រហម តាមការឃោសនាអូសទាញពីសំណាក់ឈ្មោះ មីន និងថន ដែលជានារីភូមិ-សង្កាត់[2]។ មុនរបបខ្មែរក្រហម ស្ថានភាពជីវភាពគ្រួសាររបស់សុផាន ស្ថិតក្នុងវណ្ណៈភាពអនុធនក្រោម[3] ហើយមានផ្ទះតៀមមួយខ្នងប្រក់ដែកជញ្ជាំងឫស្សី, មានកង់មួយ, ម៉ាស៊ីនដេរមួយ ដីភូមិក្បាល៣០ម៉ែត្រ, បណ្តោយ១០០ម៉ែត្រ និងដីធ្វើស្រែអាចផ្តល់ទិន្នផលស្រូវចន្លោះពី៤០ ទៅ៥០ថាំង (ហូបខ្វះខាត)។ ឪពុករបស់សុផាន បានប្រកបរបរកាត់សក់បន្ថែមដើម្បីផ្គត់ផ្គង់គ្រួសារ។ សុផាន មានគុណសម្បត្តិក្នុងបដិវត្តន៍ ដូចជា មានចរិតស្លូតបូត, សុភាពរាបសារ, ខិតខំធ្វើការ, មានសាមគ្គីភាព និងស្មោះត្រង់ជាមួយបក្ស ចំណែកគុណវិបត្តិវិញ សុផាន នៅមានទស្សនៈចង់ហូបអាហារឆ្ងាញ់ៗ, គ្មានជំហរឹងប៉ឹង, មានចិត្តឆេវឆាវ និងចិត្តស្រាល[4]។
នៅចុងឆ្នាំ១៩៧៤ អង្គការបានចាត់តាំង សុផាន ឲ្យទៅមើលថែទាំកុមារក្នុងភូមិប្រហែល៥០ ទៅ៦០នាក់។ នៅពេលព្រឹក សុផាន ត្រូវចាត់ចែងកុមារឲ្យដើររើសកួរស្រូវ និងកើបអាចម៌គោធ្វើជីដាក់ស្រែ ហើយនៅពេលរសៀលគាត់ត្រូវធ្វើជាគ្រូបង្រៀនកេ្មងៗ។ នៅពេលយប់គាត់អាចទៅសម្រាកនៅផ្ទះជួបជុំជាមួយបងប្អូនឪពុកម្តាយ។ សុផាន និយាយថា កាលណោះ អង្គការមិនទាន់ឲ្យប្រជាជនរស់នៅ និងហូបអាហាររួមគ្នានៅឡើយទេ ប៉ុន្តែត្រូវធ្វើការរួមគ្នានៅសហករណ៍។
នៅឆ្នាំ១៩៧៥ សុផាន ត្រូវបានអង្គការផ្លាស់ប្តូរទៅជាយុទ្ធនារី កងស្នែងក្នុងកងពល១ ដឹកនាំដោយឈ្មោះអឿន[5] ហើយមានភារកិច្ចសែងគ្រឿងសព្វាវុធផ្សេងៗនៅសមរភូមិ ឯខេត្តកំពង់ចាម, ខេត្តកំពង់ធំ, ផ្លូវព្រែកក្ដាម, ព្រែកព្នៅ និងតំបន់ជាយៗភ្នំពេញ ក៏ដូចជាប្រយុទ្ធជាមួយទាហាន លន់ នល់។ ថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានបញ្ចប់រាល់ការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នានៃសង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ ដែលអូសបន្លាយពេលប្រាំឆ្នាំនៅកម្ពុជា។ ប៉ុន្តែ នៅថ្ងៃដដែលនេះ ទីក្រុងភ្នំពេញបានធ្លាក់ក្រោមការគ្រប់គ្រងរបស់កងកម្លាំងកុម្មុយនីស្តទាំងស្រុង[6]។ នៅពេលនោះ សុផាន ត្រូវបានថ្នាក់លើបញ្ជាឲ្យឈរជើងនៅម្តុំវត្តឃ្មួញ ជាយក្រុងភ្នំពេញ។ សុផាន និយាយថា៖ “ប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញ [ទីក្រុងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា] ត្រូវបានបង្ខំជម្លៀសចេញពីផ្ទះសម្បែងគ្មានសល់ ហើយទីក្រុងបានក្លាយជាស្ងាត់ជ្រងំគ្មានមនុស្សរស់នៅត្រឹមតែរយៈពេលបីថ្ងៃប៉ុណ្ណោះ”។ សុផាន បន្តថា៖ “យោធាមួយចំនួនត្រូវបានបញ្ជូនទៅការពារនៅព្រំដែនប្រទេសវៀតណាម និងបញ្ជូនទៅធ្វើស្រែនៅជាយៗក្រុងភ្នំពេញ”។ សុផាន ត្រូវបានចាត់តាំងឲ្យទៅធ្វើស្រែនៅទំនប់កប់ស្រូវ និងតំបន់បឹងបាយ៉ាប ដើម្បីយកទិន្នផលទៅផ្គត់ផ្គង់យោធាដែលឈរជើងក្នុងក្រុងភ្នំពេញ។ អំឡុងពេលធ្វើស្រែនៅជាយក្រុងភ្នំពេញ សុផាន មានឱកាសទៅលេងសុ្រកកំណើតម្តង រយៈពេលពីរថ្ងៃ និងបានទៅទស្សនាការបញ្ចាំងខែ្សភាពយន្តស្តីពីការបង្កបង្កើនទិន្នផលស្រូវ និងការជីកប្រឡាយ លើកទំនប់។
បន្ទាប់មក សុផាន បានដឹងថាមានភាពរកាំរកូសរវាងថ្នាក់ដឹកនាំកងពល១ ជាមួយនឹងគណៈមជ្ឈិម ហើយក្រោយមកកងពលបានផ្លាស់ប្តូរឈ្មោះទៅជាកងពល៣១០ វិញ។ ចាប់ពីឆ្នាំ១៩៧៦ រហូតដល់ឆ្នាំ១៩៧៧ យោធាមួយចំនួនក្នុងកងពល៣១០ បានបាត់ខ្លួន, នាំទៅរៀនសូត្រ និងផ្លាស់ប្តូរកន្លែងធ្វើការ។ ចំណែក សុផាន ត្រូវបន្តធ្វើស្រែដោយគ្មានពេលសម្រាក, គ្មានអាហារហូបចុកគ្រប់គ្រាន់ និងខ្វះខាតសម្លៀកបំពាក់។ ការងាររបស់សុផាន ត្រូវក្រោកតាំងពីម៉ោង២ទៀបភ្លឺ ធ្វើការងាររហូតដល់ម៉ោង៦ល្ងាច ដោយសារតែលក្ខខណ្ឌការងារ និងរបបអាហារដែលជាបបរពីរពេលក្នុងមួយថ្ងៃ បានធ្វើឲ្យរាងកាយរបស់សុផាន និងយោធាដទៃទៀត ប្រែទៅជាស្គមស្គាំងនៅសល់តែស្បែក និងឆ្អឹង។ នៅឆ្នាំ១៩៧៧ អឿន ប្រធានកងពល៣១០ ត្រូវអង្គការចាប់ខ្លួនដោយចោទប្រកាន់ថាក្បត់ចូលដៃជាមួយវៀតណាម ហើយថ្នាក់ដឹកនាំកងពលស្ទើរតែទាំងអស់ និងយោធាមួយចំនួនត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដោយការចោទប្រកាន់ថាជាប់និន្នាការ។ នៅដើមឆ្នាំ១៩៧៨ សុផាន និងយុទ្ធនារី២០នាក់ ត្រូវបានអង្គការបញ្ជូនទៅមន្ទីរសួង ស្ថិតក្នុងភូមិភាគបូព៌ា ជាប់ព្រំដែនប្រទេសវៀតណាម ហើយ សុផាន ត្រូវបានអង្គការចាត់តាំងឲ្យកាត់ដេរសម្លៀកបំពាក់យោធាក្នុងមន្ទីរសួង។ សុផាន នៅធ្វើការទីនោះរហូតដល់របបខ្មែរក្រហមដួលរលំ។
នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនជាបន្តបន្ទាប់[7]។ នៅពេលនោះ សុផាន និងយោធាខ្មែរក្រហមមួយចំនួន បានរត់ចេញពីមន្ទីរសួង ឆ្លងកាត់ភ្នំពេញ ឆ្ពោះទៅខេត្តបាត់ដំបង និងព្រំដែនប្រទេសថៃ។ សុផាន បន្តរស់នៅក្នុងជំរំជនភៀសខ្លួននៅឯព្រំដែនកម្ពុជា-ថៃ ហើយមានយោធា និងប្រជាជនខ្មែរមួយចំនួន បានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសក្រៅ។ ចំណែក សុផាន បន្តរស់នៅជំរំ រហូតដល់ចុង ឆ្នាំ១៩៨០ ទើបត្រលប់មកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៨៨ សុផាន បានរៀបការជាមួយប្តីឈ្មោះ ស៊ុំ រ៉ាវុធ និងមានកូនប្រុសម្នាក់។ សុផាន យល់ថារបបខ្មែរក្រហមគឺ ផ្តាច់ការ, មិនឲ្យតម្លៃ និងសម្លាប់ជនបដិវត្តន៍ដែលធ្លាប់បានតស៊ូ ពិសេសទៀតនោះ មេដឹកនាំបានអនុញ្ញាតឲ្យថ្នាក់ក្រោមសម្រេចការងារអ្វីៗតាមតែអំពើចិត្ត ដែលជាហេតុនាំឲ្យឈ្លប ឬប្រធានសហករណ៍អាចធ្វើទារុណកម្ម និងសម្លាប់ប្រជាជនដែលខ្លួនស្អប់។ ជាក់ស្តែង ឪពុករបស់ សុផាន ត្រូវបានប្រធានភូមិ ដែលក្រោយមកក្លាយជាប្រធានសហករណ៍ដែលជាបងប្អូនជីដូនមួយធ្វើបាបស្ទើរតែស្លាប់។ សុផាន ធ្លាប់ប្រាប់រឿងរ៉ាវកាលពីអតីតកាលដល់កូន និងក្មេងជំនាន់ក្រោយបានដឹងដើម្បីឲ្យចូលរួមទប់ស្កាត់ជៀសវាងកុំឲ្យរបបឃោរឃៅដូចនេះ ត្រលប់មកវិញម្តងទៀតនាពេលអនាគត៕
អត្ថបទដោយ អេង សុខម៉េង
[1] ឯកសារ KRI 0048 ស្តីពីបទសម្ភាសន៍ របស់ ឡុង ដានី ជាមួយ អ៊ី ស្រីនាង ឈ្មោះ បដិវត្តន៍ អ៊ី សុផាន ហៅ ចាត រស់នៅភូមិស្រៃស្តៅ ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០០៦។
[2] ឯកសារ I02187 ស្តីពីប្រវត្តិរូបសង្ខេបមហាជននៅលីវរបស់ អ៊ី សុផាន ហៅ ចាត តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។
[3] យោងទស្សនាវដ្តីស្វែងរកការពិត, លេខ៣៤ ខែតុលា ឆ្នាំ២០០២, មជ្ឈមណ្ឌលឯកសារកម្ពុជា, សរសេរថា “វណ្ណៈអធន គឺជាវណ្ណៈកណ្តាល ត្រឹមរួចខ្លួន មិនជិះជាន់គេ ខ្លួនក៏មិនត្រូវបានគេជិះជាន់ដែរ។ ផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយយករួចខ្លួនសម្ងំសុខ។ វណ្ណៈអនុធន ជាអ្នករកស៊ីលក់ដូរបន្តិចបន្តួចដោយខ្លួនឯង។ បើអនុធន, បញ្ញាជន, សិស្ស, អ្នករដ្ឋការ, ចិញ្ចឹមជីវិតខាងកម្លាំងប្រាជ្ញាល្មមរួចខ្លួន។ វណ្ណៈអនុធន នេះត្រូវបានបែងចែកជាបីប្រភេទ, ទី១) អនុធនលើ ជាអ្នកជិះជាន់ពលកម្មបន្តិចបន្តួច ដើម្បីយកផលនេះមកថែមឲ្យលើសពីការគ្រប់គ្រាន់បន្តិច ។ អនុធនបញ្ហាផ្ទាន់លើ ជិះជាន់ពលកម្មខ្លះ៖ ដូចជាជួលគេឲ្យមើលកូន…។ ទី២)អនុធនកណ្តាល គ្មាន ជិះជាន់ពលកម្មគេទេ។ ទី៣) អនុធនក្រោម ហូបមិនបានគ្រប់គ្រាន់ ហើយយកកម្លាំងខ្លះទៅលក់ឲ្យគេទៀត។ ចំណុចល្អរបស់ពួកអនុធនមានធាតុទាំងប្រជាជាតិ ទាំងប្រជាធិបតេយ្យ ប៉ុន្តែចំណុចខ្សោយមិនមោះមុតដូចកម្មករ, កសិករទេ ច្រើនយករួចខ្លួនសម្ងំសុខ និងឃ្លេងឃ្លាងជាសម្ព័ន្ធមិត្តនៃកម្មករ និងកសិករ ។
[4] ឯកសារដូចគ្នា។
[5] ឯកសារ J00540 អឿន គឺជាប្រធានកងពល១ ក្រោយមកប្តូរឈ្មោះជាកងពល៣១០ វិញ ហើយអឿន ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៧៧ និងសួរចម្លើយចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៧៧ បន្ទាប់មកសម្លាប់ក្នុងនៅគុកទួលស្លែង។
[6] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) (ភ្នំពេញ)៖ មជ្ឈមណ្ឌលឯកសារកម្ពុជា), ទំព័រ១៣។
[7] ឃួន វិច្ឆិកា និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រ៤១។