យន់ អាត៖ ធ្វើការក្នុងពេទ្យ៦មករា ធ្វើឱ្យខ្ញុំខ្លាច ខ្លាចធ្វើការខុសខ្លាចអង្គការចាប់ខ្លួនយកទៅសម្លាប់

ឯកសារ I០១១២២, ប្រវត្តិរូបបដិវត្តន៍របស់ សមមិត្ត អាត, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំនួន១៣ទំព័រ។

ខ្ញុំឈ្មោះ យន់ អាត[1] កើតក្នុងឆ្នាំ១៩៦២ ភូមិច្រមុះភ្នំ(បច្ចុប្បន្នភូមិដីដុះ)  ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងរស់នៅក្នុងភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។  ឪពុកខ្ញុំឈ្មោះ យន់ និងម្តាយឈ្មោះ នូច(ស្លាប់ក្នុងឆ្នាំ១៩៧៩ ដោយសារជំងឺ)។  ខ្ញុំមានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៣នាក់។  បងប្អូនខ្ញុំមានឈ្មោះដូចជា៖១)បងស្រី ឡៃ(ស្លាប់ក្នុង១៩៧៣), ២)ខ្ញុំផ្ទាល់, ៣)ប្អូនប្រុស អិត (ស្លាប់ក្នុងរបបខ្មែរក្រហម) ,៤)ប្អូនប្រុស អេង,៥)ប្អូនស្រីស៊ុនលី (បាត់ខ្លួនក្នុងរបបខ្មែរក្រហម),៦)ប្អូនស្រី រៀម និង៧)ប្អូនប្រុស រិន (ស្លាប់ក្នុងរបបខ្មែរក្រហម)។ ខ្ញុំមានប្រពន្ធឈ្មោះ អ៊ុន ង៉ែត និងមានកូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៥នាក់។

រំឭកកាលពីក្មេងខ្ញុំមិនបានចូលរៀនឡើយ ព្រោះខ្ញុំធំឡើងស្ថិតក្នុងសម័យសង្រ្គាមរវាងកម្លាំងកងទ័ពរំដោះ និងទាហាន លន់ នល់។ ហេតុនេះធ្វើឱ្យគ្រួសារខ្ញុំរវល់តែរត់គេចពីការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧២ ក្នុងភូមិមានយន្តហោះហោះមកទម្លាក់គ្រាប់បែកបេ-៥២ព្រោងព្រាត បណ្តាលឱ្យមានអ្នកភូមិរងរបួស និងស្លាប់ជាច្រើន។ អ្នកស្លាប់នៅអំឡុងពេលនោះខ្ញុំចាំឈ្មោះបានតែម្នាក់គឺ រស់ គាត់ត្រូវគ្រាប់បែកបេ-៥២ ស្លាប់នៅតំបន់តាំងច្បាស់ ខាងលិចភូមិក្រញូង។ បន្ទាប់ពីនោះក្រុមគ្រួសារខ្ញុំ និងអ្នកភូមិឯទៀត បាននាំគ្នារត់ចេញពីភូមិទៅរស់នៅបឹងព្រាត់ ដើម្បីការពារសុវត្តិភាព។ ទីតាំងបឹងព្រាត់គឺស្ថិតនៅផ្នែកត្រើយខាងលិចនៃស្ទឹងព្រែកត្នោត។ បន្ទាប់មកខ្ញុំបានចូលបម្រើក្នុងចលនាបដិវត្តន៍តាមរយៈឈ្មោះ តាថន ក្នុងឆ្នាំ១៩៧២ ដដែល ទីតាំងដែលខ្ញុំស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍គឺនៅស្ថិតនៅភូមិអូរអណ្ដែត។ ចំពោះមូលហេតុដែលនាំឱ្យខ្ញុំចូលបដិវត្តន៍គឺមកពីការឈឺចាប់​ និងរបបខ្មាំងជិះជាន់សង្កត់សង្កិន ទៅលើវណ្ណៈកម្មករ កសិករ[2]

រហូតដល់ឆ្នាំ១៩៧៣ ប្រធានភូមិអូរអណ្តែត ឈ្មោះ ហេងលី បានឱ្យខ្ញុំចូលក្នុងកងកុមារ និងត្រូវទៅធ្វើការងារលើកទំនប់ ជីកប្រឡាយនៅតំបន់ត្រាំងកង ច្រកឫស្សី ទួលទំពូង កងរកា និង ព្រំតោស។ ទំនប់ ប្រឡាយធំៗ ដែលនៅសេសសល់ក្នុងពេលបច្ចុប្បន្នក្នុងតំបន់ដីដុះ និងតាំងគនរ គឺសុទ្ធតែជាស្នាដៃកងកុមារទាំងអស់។ ស្ថិតក្នុងកងកុមារ អង្គការតម្រូវឱ្យខ្ញុំរស់នៅបែកចេញពីឪពុកម្តាយ។ ក្រៅពីការងារលើកទំនប់ ជីកប្រឡាយ អង្គការបានឱ្យខ្ញុំ និងកងកុមារផ្សេងទៀតចូលរៀន។ ប៉ុន្ដែការបង្រៀនគឺត្រឹមតែតួអក្សរ «ក ដល់ ង» ហើយក្នុងមួយថ្ងៃគ្រូបង្រៀនរយៈពេលកន្លះម៉ោង ប៉ុន្ដែរៀនមួយថ្ងៃឈប់សម្រាករយៈពេលពីរទៅបីថ្ងៃ។ ទីតាំងរៀនសូត្រគឺស្ថិតនៅក្រោមដើមឈើជិតការដ្ឋានលើកទំនប់ និងជីកប្រឡាយ។ ខ្ញុំដឹងថាគ្រូដែលមកបង្រៀនខ្ញុំគឺគ្មានចេះអក្សរអ្វីឡើយ។  ចំពោះរបបអាហារ គឺខ្ញុំទទួលបានតែបាយមួយចានប៉ុណ្ណោះ ប៉ុន្ដែវាមិនគ្រប់គ្រាន់សម្រាប់កម្លាំងដែលខ្ញុំប្រឹងលើកទំនប់ ជីប្រឡាយ ដែលមានទំហំធំៗជូនអង្គការនោះឡើយ។ ខ្ញុំត្រូវធ្វើការលើកទំនប់ ជីកប្រឡាយ តាំងពីឆ្នាំ១៩៧៣ រហូតដល់ឆ្នាំ១៩៧៧។ កំឡុងខ្ញុំធ្វើការ អង្គការតែងតែចាប់ពូៗដែលធ្វើការក្នុងកងចល័តយកទៅរៀនសូត្រ។ ពាក្យរៀនសូត្រ ក្នុងរបបខ្មែរក្រហម ខ្ញុំមិនបានដឹងន័យជាអ្វីឡើយ។ អ្នកភូមិចេះតែរអ៊ូថា អង្គការចាប់យកទៅរៀនសូត្រនៅមន្ទីរ៩៩ ដែលមានទីតាំងនៅភូមិតាសាល។

នៅឆ្នាំ១៩៧៧ គណៈស្រុកភ្នំស្រួចដែលមានឈ្មោះ​តាមឿន និង តាម៉ៃ បានបញ្ជាឱ្យមេក្រុមកងកុមារធ្វើប្រវត្តិរូបជ្រើសរើសកូនអ្នកមូលដ្ឋានស្អាតស្អំជាយុវនារី និងយុវជនចំនួន២០នាក់ ដែលកើតចេញពី       វណ្ណៈកម្មករ កសិករ ឱ្យទៅធ្វើការងារនៅទីក្រុងភ្នំពេញ។ ក្នុងការជ្រើសរើសនេះក៏បូករួមទាំងខ្ញុំម្នាក់ដែរ។ បន្ទាប់មកទៀត ក្រុមខ្ញុំទាំង២០នាក់ ក៏ត្រូវធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញតាមការចាត់ចែងពីអង្គការ។ ក្នុងចំណោមគ្នា២០នាក់ ខ្ញុំស្គាល់តែមិត្តសន និង មិត្តផន[3] ព្រោះអ្នកទាំងពីររស់នៅជិតភូមិខ្ញុំ។  ពេលមកដល់ភ្នំពេញ អង្គការតម្រូវឱ្យក្រុមខ្ញុំទៅសម្រាកនៅផ្ទះមួយក្នុងតំបន់វត្តភ្នំ និងដើម្បីរង់ចាំទទួលការចាត់តាំងឱ្យចូលទៅបំពេញការងារផ្សេងៗទៅតាមអង្គភាព ក្រសួង និងមន្ទីរនានា។ ជាសំណាងរបស់ខ្ញុំ អង្គការចាត់តាំងឱ្យចូលក្នុងមន្ទីរសង្គមកិច្ច។ មន្ទីរសង្គមកិច្ចនៅពេលនោះ គឺគ្រប់គ្រងដោយសមមិត្តភា[4]  ហើយកាលនោះយុវនារីភាគច្រើនមានឱកាសចូលបម្រើការក្នុងមន្ទីរសង្គមកិច្ច ជាពិសេសផ្នែកថ្នាំស្លថ្នាំ។ រី​ឯអ្នកផ្សេងទៀត អង្គការចាត់តាំងឱ្យទៅធ្វើការងារក្នុងរោងចក្រ បើករៀន និងចូលធ្វើជាកងទ័ពវាយសម្រាប់វាយប្រយុទ្ធជាមួយកងកម្លាំងវៀតណាមដែលចូលមកឈ្លានពាន។

ខ្ញុំមានឱកាសចូលធ្វើការងារក្នុងមន្ទីរសង្គមកិច្ចក៏ពិតមែន ប៉ុន្ដែដំបូងគឺអង្គការបានឱ្យខ្ញុំ, សន និង ផន ទៅនៅមន្ទីរក-៥ ដែលមានទីតាំងនៅខាងកើតពោធិ៍ចិនតុង។ ប្រធានធំមន្ទីរក-៥ ឈ្មោះយុវនារី ស៊ូ

ការងារដែលខ្ញុំត្រូវធ្វើគឺដាំចេក និងមើលថែចម្ការ(តំបន់តាខ្មៅ)។ ខ្ញុំទាំងបីនាក់រស់នៅក្នុងមន្ទីរក-៥ បានតែរយៈពេលមួយខែកន្លះប៉ុណ្ណោះ អង្គការក៏ផ្លាស់ខ្ញុំឱ្យទៅនៅព-៤ ដែលមានទីតាំងនៅអមផ្សារថ្មី។ នៅមន្ទីរព-៤ គឺជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កាលនោះមានយុវជនយុវនារីចំនួនប្រហែលជា៤០នាក់ ដែលអង្គការឱ្យរៀនជំនាញដូចជាជួលជុលម៉ូតូ រៀនចាក់ឥដ្ឋ រៀនអក្សរ(អក្សរលើកំប៉ុងថ្នាំ) រៀនស្លថ្នាំ ការប្រើប្រាស់ថ្នាំពេទ្យ និងរបៀបចាក់ថ្នាំ។ ទីតាំងព-៤ ធ្វើឱ្យខ្ញុំចេះក្បួនពេទ្យតិចតួច ដូចជារៀនមើលអក្សរនៅលើប្រភេទថ្នាំសម្រាប់ចាក់ជូនអ្នកជំងឺ និង បង្រៀនឱ្យចេះចាក់ថ្នាំជាដើម។ ក្រៅពីនោះ គឺខ្ញុំត្រូវទៅដាំបាយឱ្យកងយុទ្ធជនពិការ។ សម្រាប់យុវនារីផ្នែកព-៤ អង្គការឱ្យទៅធ្វើការផ្នែករោងចក្រស្លថ្នាំពេទ្យ។ ខ្ញុំរស់នៅក្នុងមន្ទីរព-៤ បានប្រហែលជាមួយខែកន្លះ អង្គការចាប់ផ្លាស់ខ្ញុំទៅឱ្យទៅធ្វើការក្នុងមន្ទីរពេទ្យ៦មករា។ ចំណែកមិត្តសន និង មិត្តផន ត្រូវអង្គការបញ្ជូនឱ្យទៅធ្វើកងទ័ពខណៈពេលនោះ កងទ័ពខ្មែរក្រហមបានប៉ះទង្គិចគ្នាជាកងទ័ពវៀតណាមនៅតាមព្រំដែន។

នៅឆ្នាំ១៩៧៨ ខ្ញុំមករស់នៅមន្ទីរពេទ្យ៦មករា អង្គការឱ្យខ្ញុំនៅក្នុងអគារលេខ៦ ជាន់ទី២ ដោយមានប្រធានគ្រប់គ្រងមន្ទីរពេទ្យ៦មករាឈ្មោះ ពឿន។ បន្ទាប់មកទៀតអង្គការចាត់តាំងខ្ញុំឱ្យទៅរៀនមុខវិជ្ជាពេទ្យពីជនជាតិចិន ហើយពេលរៀនចប់ អង្គការឱ្យខ្ញុំងើបពីព្រឹកដើម្បីដើរចាក់ថ្នាំជូនអ្នកជំងឺដែលបានមកសម្រាកព្យាបាលនឹងពេលថ្ងៃត្រង់ត្រូវរៀបចំបាយទឹកឱ្យអ្នកជំងឺទៅតាមបន្ទប់នៃអគារនីមួយៗ និងបោសសម្អាតបរិវេណមន្ទីរពេទ្យ​។ ប្រធានមន្ទីរសង្គមកិច្ច តែងតែមកទស្សនកិច្ចនៅកន្លែងខ្ញុំធ្វើការ។ ហើយក្រោយៗមកទៀត អង្គការបានជ្រើសរើសយកខ្ញុំឱ្យទៅទទួលភ្ញៀវចិន និងភ្ញៀវកូរ៉េនៅព្រលានពោធិ៍ចិនតុង។ ខ្ញុំត្រូវស្លៀកពាក់ខោខ្មៅ និងអាវស ក្នុងដៃមានកាន់ផ្កាដើម្បីក្រវីទទួលស្វាគមន៍គណៈប្រតិភូបរទេស។ ខ្ញុំបានស្គាល់ ប៉ុល ពត និង ខៀវ សំផន នៅពេលមេក្រូប្រកាសអញ្ជើញគាត់ទាំងពីរឱ្យរៀបចំខ្លួនពេលយន្តហោះ ត្រៀមចុះចត។ ខ្ញុំក៏ធ្លាប់ចូលរួមទទួលទូតចិន ទូតកូរ៉េ ដែលមកធ្វើទស្សនកិច្ចនៅទីតាំងពេទ្យ៦មករា។ ទូតទាំងនោះ អញ្ជើញមកជាមួយលោក អៀង សារី។ ចំណែក ប៉ុល ពត និង ខៀវ សំផន ក៏ធ្លាប់មកសួរសុខទុក្ខអ្នកជំងឺ ដែលមានតួនាទីជាកងទ័ពខ្មែរក្រហម ត្រូវរងរបួសជាច្រើន។ នៅពេល ប៉ុល ពត និង ខៀវ សំផន ពិនិត្យឃើញថាអ្នកជំងឺណាជាពីជំងឺ គឺគាត់សុំឱ្យទៅអង្គភាពវិញ ព្រោះកាលនោះទីតាំងពេទ្យ៦មករា មិនគ្រែគ្រប់គ្រាន់សម្រាប់អ្នកជំងឺឡើយ។ កាលនោះអ្នកជំងឺណា ដែលមានសភាពធ្ងន់ធ្ងរខ្លាំងគឺត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ១៧មេសា។

នៅដើមឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»[5]។​  ប៉ុន្តែ ខ្ញុំនិងកម្មាភិបាលខែ្មរក្រហមមួយចំនួនធំ បានរត់ឡើងរថភ្លើងធ្វើដំណើរសំដៅទៅខេត្ដបាត់ដំបង។ រួចចុះបន្ដរត់ចូលពៃ្ររហូតដល់ស្រុកសំឡូត ដើម្បីចូលទៅរស់នៅតាមជួរភ្នំព្រំប្រទល់ខ្មែរថៃ។  ដោយសារជួបការលំបាកខ្លាំងពេកនឹងភាពអត់ឃ្លាន ខ្ញុំក៏នាំគ្នាមួយចំនួនលួចរត់ត្រឡប់មករកស្រុកកំណើតវិញ។ ក្នុងឆ្នាំ១៩៨០ ទើបខ្ញុំចូលរៀនម្ដងទៀត។

អត្ថបទដោយ មីន សាណាស់


[1] ឯកសារ KSI០០៣៦, (២០០៥), សម្ភាសន៍ជាមួយ យន់ អាត  ដោយ ឡុង ដានី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៥, ឯកសារតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឯកសារ I០១១២២, ប្រវត្តិរូបបដិវត្តន៍របស់ សមមិត្ត អាត, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំនួន១៣ទំព័រ។ ក្នុងរបបខ្មែរក្រហម អង្គការបានបែងចែកវណ្ណៈមានតែពីរប៉ុណ្ណោះ គឺវណ្ណៈ កម្មករ កសិករ។

[3] សន ត្រូវអង្គការចាត់តាំងឱ្យចូលធ្វើជាកងទ័ព និងក្រោយមកបានស្លាប់ក្នុងពេលចេញទៅសមរភូមិ។ ចំណែក ផន សព្វថ្ងៃរស់នៅភូមិព្រៃរំដួលក្រោម។

[4] សមមិត្តភា គឺជាឈ្មោះហៅក្រៅ របស់ អៀង ធីរិទ្ធ។

[5] ចម្លងចេញពី៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» បោះពុម្ពឆ្នាំ២០២៥។ ប្រភពយោងសម្រាប់ការសរសេរអត្ថបទ៖ ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin