អ៊ិន អូន ហៅ យុទ្ធ៖ យុទ្ធនារី ផ្នែកពេទ្យប្រចាំកងពល៣១០ បានរស់រានមានជីវិតដោយសារ បងថ្លៃ ជួយកែបន្លំប្រវត្តិរូប

នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានបង្កើនល្បឿនស្វែងរកចាប់ខ្មាំង បន្ទាប់ពីមានព្រឹត្តិការណ៍ពីរកើតឡើង គឺទី១) យន្តហោះហោះមកទម្លាក់គ្រាប់នៅក្រុងសៀមរាបក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៧៦ និងទី២) ការផ្ទុះគ្រាប់ក្នុងទីក្រុងភ្នំពេញនៅដើមខែមេសា ឆ្នាំ១៩៧៦។ ហេតុការណ៍ទាំងពីរលើកបង្កឱ្យមេដឹកនាំខ្មែរក្រហមដាក់ការសង្ស័យទៅលើលោក កុយ ធួន លេខាភូមិភាគឧត្ដរថា ពាក់ព័ន្ធការផ្ទុះនៅសៀមរាប ចំណែក សោ ភឹម លេខាភូមិភាគបូព៌ា ដែលជាយុទ្ធជនជើងចាស់ និងមានទំនាក់ទំនងល្អជាមួយកងកម្លាំងវៀតណាមថាមានពាក់ព័ន្ធនិងការផ្ទុះអាវុធនៅក្រុងភ្នំពេញ។ ក្រោយមកទៀតអង្គការចាប់ខ្លួន កុយ ធួន យកទៅឃុំឃាំង និងធ្វើការសួរចម្លើយ។ ក្នុងខែឧសភា និងខែមិថុនា ឆ្នាំ១៩៧៦ កម្ដៅនៃការធ្វើបន្សុទ្ធកម្មចាប់ផ្ដើមកើតឡើងខ្លាំង តាមរយៈការប្រើប្រាស់ទិន្នន័យចម្លើយសារភាព និងការធ្វើជីវ ទស្សន៍(ប្រវត្តិរូប)។ វឿង[1] មានតួនាទីជាអនុប្រធានកងពល៣១០ មុនត្រូវអង្គការចាប់ខ្លួន វឿង បានជួយកែបន្លំប្រវត្តិរូបរបស់ អ៊ិន អូន ហៅ យុទ្ធ និងកម្មាភិបាលថ្នាក់ក្រោមមួយចំនួនទៀត ដើម្បីកុំឱ្យជាប់ពាក់ព័ន្ធនឹងខ្លួន[2]។ វឿង និងក្រុមគ្រួសារត្រូវបានអង្គការចោទប្រកាន់ពីបទក្បត់បក្សបដិវត្តន៍ បន្ទាប់ពីអង្គការចាប់ខ្លួនប្រធានកងពល៣១០ អឿន។
ខ្ញុំឈ្មោះ អ៊ិន អូន ហៅ យុទ្ធ[3] ភេទស្រី កើតក្នុងឆ្នាំ១៩៥០ នៅភូមិព្រែកលីវ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិព្រែកលីវ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ អ៊ិន ហ៊ីត (ស្លាប់នៅក្នុងឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមដួលរលំ) និងម្តាយឈ្មោះ សេង ម៉ៅ។ ឪពុកម្តាយខ្ញុំស្ថិតក្នុងវណ្ណៈកសិករថ្នាក់កណ្ដាលក្រោម។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ក្នុងនោះមានប្រុសម្នាក់។ បងប្អូនខ្ញុំមានឈ្មោះ ឡាច, ហ៊ីម(អង្គការចាប់យកទៅសម្លាប់នៅទីតាំងទឹកឆា ស្រុកព្រៃឈរ ក្នុងឆ្នាំ១៩៧៦), ហន, បន្ទាប់មកគឺខ្ញុំផ្ទាល់ និងមានប្អូនឈ្មោះ ហុន។ បងឡាច គាត់មានកូនចូលធ្វើជា ទាហានកងជីវពលបដិវត្តន៍ខ្មែរក្រហម។ ក្រោយពីរបបខ្មែរក្រហមដួលរលំ ខ្ញុំបានរៀបការជាមួយប្ដីឈ្មោះ ឃិន សៀង ប៉ុន្ដែយើងមិនមានកូននោះឡើយ។
រំឭកកាលពីក្មេង ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាព្រែកលីវ រៀនត្រឹមថ្នាក់ទី១១ចាស់ក៏ឈប់រៀនក្នុងសម័យសង្គមរាស្រ្តនិយម។ ខ្ញុំឈប់រៀន ពីព្រោះជីវភាពគ្រួសារខ្សត់ខ្សោយខ្លាំងពេក ខ្ញុំត្រូវបង្ខំចិត្តឈប់រៀន និងត្រឡប់មកជួយធ្វើស្រែចម្ការឪពុកម្តាយខ្ញុំវិញ។ ខ្ញុំត្រូវប្រឹងប្រែងភ្ជួរដីស្រែដោយខ្លួនឯង និង រៀនធ្វើការងារជំនួសឪពុកខ្ញុំ ដែលគាត់កំពុងមានជំងឺ។ ខ្ញុំបន្តធ្វើស្រែរហូតដល់ឆ្នាំ១៩៧១ បានខ្ញុំសម្រេចចិត្តចូលធ្វើកងទ័ពរំដោះ តាមរយៈប្រធានឃុំរកាអារ។ មូលហេតុនៃការចូលបម្រើកងទ័ពបដិវត្តន៍របស់ខ្ញុំ គឺមានមូលហេតុពីរ ទី១) ខ្ញុំគេចវេះពីឪពុកម្តាយ ដែលបង្ខំឱ្យខ្ញុំយកប្ដី។ និងទី២) ខ្ញុំចង់ជួយឪពុកម្តាយខ្ញុំឱ្យមានជីវភាពធូរធារ ខ្ញុំមិនចង់ឃើញវណ្ណៈអ្នកមាន វណ្ណៈអ្នកក្រ បញ្ហាជិះជាន់ ហើយខ្ញុំចង់ឱ្យសង្គមរស់នៅមានភាពស្នើគ្នា។ បន្ទាប់ពីចូលក្នុងកងទ័ពស្ម័គ្រចិត្ត ខ្ញុំនិងមិត្តភក្តិចំនួន៥នាក់ទៀត មានឈ្មោះដូចជា ក្ដិប, ថាន និង ង៉ាន ចំណែកពីរនាក់ទៀតខ្ញុំភ្លេចឈ្មោះ ត្រូវផ្លាស់ទៅរស់នៅក្នុងឃុំរកាអារ។ ស្ថិតនៅឃុំរកាអារ ខ្ញុំត្រូវរស់នៅជាយុវនារីផ្សេងៗទៀតចំនួនប្រហែលជា៣០នាក់ ដើម្បីហាត់រៀនក្បួនយុទ្ធសាស្រ្តកងទ័ពដូចជា ហាត់បាញ់កាំភ្លើង ហាត់លូន និងក្រាប ដោយប្រើរយៈពេល៣ខែ។ កាលនោះប្រធានក្រុមបង្រៀនខ្ញុំឈ្មោះ អ៊ាន។
នៅដើមឆ្នាំ១៩៧២ បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់រយៈពេល៣ខែ នៅឃុំរកាអារ ខ្ញុំត្រូវឡើងមកហាត់បន្ថែមនៅទីតាំងស្រុកព្រៃវែងវិញម្ដង។ អង្គការជ្រើសរើសឱ្យខ្ញុំចូលក្នុងកងវរសេនាធំ១៣ ក្នុងកងពលលេខ៣១០។ ប្រធានកងវរសេនាធំ១៣ (សុទ្ធតែយុវនារី)មានឈ្មោះ ដោះមួយ(ជានារីដែលមានដោះម្ខាង) រីឯប្រធានកងពល៣១០ ឈ្មោះ អឿន និងអនុប្រធានកងពល៣១០ ឈ្មោះ វឿង ។ បន្ទាប់ពីនោះ ខ្ញុំត្រូវហាត់រៀនរយៈពេលកន្លះខែទៀត។ កាលនោះទីតាំងហ្វឹកហាត់ស្ថិតនៅបាតព្រែក (ក្នុងរដូវប្រាំង) នៃឃុំសំរោង ស្រុកព្រៃឈរ។ បន្តមកទៀត អង្គការបានបញ្ជូនខ្ញុំឱ្យឡើងទៅវាយជាមួយទាហាន លន់ នល់ ចាប់ពីមុខព្រួញតំបន់កកោះ រហូតដល់ខេត្តសៀមរាប។
នៅពាក់កណ្ដាលឆ្នាំ១៩៧៤ ខ្ញុំត្រូវអង្គការចម្រាញ់ឱ្យចូលក្នុងកងទ័ពពិសេស ហើយអង្គការតម្រូវឱ្យខ្ញុំហាត់ក្បួនកងទ័ពរយៈពេល២ខែបន្ថែមទៀតនៅទីតាំងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ការដែលត្រូវហ្វឹកហាត់បន្ថែម ព្រោះអង្គការតម្រូវឱ្យខ្ញុំត្រៀមខ្លួនចូលវាយដណ្ដើមយកទីក្រុងភ្នំពេញ។ រៀនចប់ ខ្ញុំឡើងមកវាយសំដៅចូលទីក្រុងភ្នំពេញ រហូតដល់តំបន់បឹងកក់ ជាសំណាងមិនល្អសម្រាប់ខ្ញុំ ក៏ត្រូវរបួសចំក្បាល។ ក្រោយត្រូវរបួស អង្គការបានបញ្ជូនខ្ញុំទៅសម្រាកព្យាបាលរបួសនៅពេទ្យក្នុងភូមិប្រច័ណ្ទប្ដី ដែលមានទីតាំងនៅជិតក្រុងភ្នំពេញ។ ខ្ញុំត្រូវសម្រាកព្យាបាលរបួសរយៈពេល៣ខែ ស្របពេលអង្គការក៏វាយរំដោះបានទីក្រុងភ្នំពេញក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៧៥ ក្រោយជ័យជម្នះ គ្រប់កងពលទាំងអស់ត្រូវមកជួបជុំគ្នានៅភ្នំពេញ ដើម្បីចូលរួម សន្និបាតនៅស្ដាតអូឡាំពិក ហើយខ្មែរក្រហមបានរៀបចំកម្លាំងកងទ័ពមួយចំនួនឱ្យទៅការពារតាមព្រំដែន និងមួយចំនួនទៀតត្រូវទៅធ្វើស្រែចម្ការ។ ចំណែករូបខ្ញុំក៏បានចូលមកទីក្រុងភ្នំពេញ តាមខ្សែរយៈអនុប្រធានកងពល៣១០ ឈ្មោះ វឿង ហើយក៏ត្រូវជាបងថ្លៃរបស់បងខ្ញុំ។ វឿង បានចាត់តាំងខ្ញុំឱ្យចូលធ្វើការក្នុងពេទ្យអង្គឌួង ដែលជាពេទ្យប្រចាំឱ្យកងពល៣១០ ផ្ទាល់។ ខ្ញុំធ្វើជាពេទ្យផ្នែកចាក់ថ្នាំ និងដេរមុខរបួសជូនអ្នកជំងឺ។ ខ្ញុំចេះពីវិធីសាស្រ្តចាក់ថ្នាំ និងដេររបួស តាមបុគ្គលិកពេទ្យបង្រៀនតៗគ្នាមក ប៉ុន្ដែខ្ញុំនៅតែប្រឈមមុខនិងអ្នកជំងឺស្ដីឱ្យ រឿងធ្វើឱ្យអ្នកជំងឺឈឺខ្លាំងនៅពេលលាងមុខរបួស និងចាក់ថ្នាំ។ កាលនោះប្រធានមន្ទីរពេទ្យអង្គឌួងគឺឈ្មោះ មន ជាអ្នកគ្រប់គ្រងសមាជិកកងពលពេទ្យចំនួន៣០នាក់។ មន តែងតែហៅសមាជិកប្រជុំអប់រំអំពីទ្រឹស្ដីសីលធម៌ទាំង១២ប្រការរបស់ជនបដិវត្តន៍[4]។
នៅចន្លោះឆ្នាំ១៩៧៦-១៩៧៧ សភាពការណ៍នៅទីក្រុងភ្នំពេញមានការប្រែប្រួល ខ្ញុំមិនបានដឹងអំពីបញ្ហាទាំងនោះឡើយ គ្រាន់តែលេចឮថាប្រធានកងពល៣១០ អឿន ត្រូវអង្គការចាប់ខ្លួន ពីបទក្បត់បដិវត្តន៍ និងបានចូលរួមជាមួយសេ-អ៊ី-អា។ នៅយប់មួយនោះ វឿង បានមកហៅខ្ញុំឱ្យទៅជួយចម្លងប្រវត្តិរូប ដោយឱ្យខ្ញុំជាអ្នកជ្រើសរើសឈ្មោះសមាជិកចេញមកឱ្យអស់ និងរៀបចំ(កែបន្លំប្រវត្តិរូប)ឱ្យហើយនៅយប់នេះ ព្រោះស្អែកព្រលឹមឡើង ច្បាស់ជាអង្គការមកចាប់ខ្លួនគាត់។ ក្រោយពីចម្លងរួច វឿង បានដុតឯកសារចាស់ចោលទាំងអស់។ ព្រឹកឡើងអង្គការពិតជាមកចាប់ វឿង និងក្រុមគ្រួសារ ឱ្យចូលរថយន្ត ដែលបើកមករង់ចាំនៅផ្ទះជិតវត្តភ្នំ។ ខ្ញុំបានឃើញអង្គការយកខ្សែអំបោះឆ្មារតែមួយសរសៃចង់គាត់យកទៅដោយស្រែកថាយកទៅខាងបាត់ដំបង។
នៅឆ្នាំ១៩៧៨ ខ្ញុំ និងសមាជិកកងពល៣១០ផ្សេងទៀត អង្គការផ្លាស់ឱ្យទៅខេត្តកំពង់ឆ្នាំង ដើម្បី
កសាងព្រលានយន្តហោះកំពង់ឆ្នាំង។ ខ្ញុំធ្វើការនៅព្រលានយន្តហោះកំពង់ឆ្នាំង បានរយៈពេលកន្លះខែ ក៏មានអ្នកស្គាល់មកប្រាប់ថា បងថ្លៃ(រឿង) ខ្ញុំគឺអង្គការចាប់យកទៅសម្លាប់ទាំងគ្រួសារ។ ប៉ុន្ដែខ្ញុំធ្វើការមិនទាន់បានប៉ុន្មានផង ស្រាប់តែមានផែនការផ្លាស់ប្តូរថាវៀតណាមវាយចូលមកជិតដល់ភ្នំពេញហើយ។ ដូចនេះកម្លាំងដែលបញ្ជូនទៅធ្វើការនៅព្រលានយន្ដហោះត្រូវតែកាន់កាំភ្លើង ដើម្បីវាយតបតជាមួយកងទ័ព វៀតណាម ប៉ុន្ដែកងទ័ពខ្មែរក្រហមមិនអាចឈ្នះបានទេ។ រីឯកងទ័ពខែ្មរក្រហមនៅតាមព្រំដែនក៏បានបាក់ទ័ពអស់។ ខ្ញុំបានរត់ភៀសខ្លួនទៅតាមកម្លាំងខ្មែរក្រហម ចូលពៃ្រតាមជួរភ្នំមួយចំនួន ដូចជាភ្នំកោះក្រឡ ភ្នំចោលចាប និងភ្នំត្រជាក់ចិត្ដ។ ដោយសារគ្មានអាហារហូបគ្រប់គ្រាន់ និងសូម្បីតែទឹកក៏គ្មានផឹក នៅក្នុងឆ្នាំ១៩៨២ ខ្ញុំសម្រេចចិត្ដរត់មកស្រុកកំណើតវិញ និងបានរស់នៅជួបជុំបងប្អូន សាច់ញាតិ ហើយប្រកបរបរធ្វើស្រែចម្ការរហូតមកដល់បច្ចុប្បន្ន៕
[1] ឯកសារ KCI០២៣៥, ផ្ដល់បទសម្ភាសន៍ដោយ អ៊ិន អូន, សម្ភាសន៍ដោយ ឡុង ដានី ក្នុងថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៣, វឿង មានតួនាទីជាអនុប្រធានកងពល៣១០, វឿង ត្រូវជាបងថ្លៃរបស់បងស្រី អ៊ិន អូន, ទំព័រទី១១។
[2] ដូចខាងលើ ទំព័រទី១១ និង ទំព័រទី១៥។
[3] ឯកសារ I០២៦១២ និង KCI០២៣៥ , ប្រវត្តិរូបសង្ខេបមហាជននៅលីវ, សមមិត្តយុទ្ធ ឈ្មោះដើម អូន, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។
[4] ឯកសារលេខ D២១៤០៨, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា, និង ទស្សនាវដ្តីស្វែងរកការពិត, សីលធម៌១២ប្រការរបស់ជនបដិវត្តន៍, ផ្សាយនៅលេខ១៥១ ខែកក្កដា ឆ្នាំ២០១២។