ជិន ជឿន៖ ប្រជាជនរស់នៅភូមិជោគជ័យ

ជិន ជឿន មានអាយុ៦២ឆ្នាំ សព្វថ្ងៃខ្ញុំរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយខ្ញុំមានស្រុកកំណើតនៅភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ជុំ ជៀន ស្លាប់នៅក្នុងសម័យ លន់ នល និងម្តាយឈ្មោះ មុំ មុន ស្លាប់ឆ្នាំ១៩៧៥។ ខ្ញុំមានប្រពន្ធឈ្មោះ ប៊ូ ខេន មានអាយុ៦១ឆ្នាំ ហើយខ្ញុំមានបងប្អូនចំនួន៥នាក់ (ប្រុស៣ និងស្រី២នាក់)។ ខ្ញុំជាកូនទី២ក្នុងគ្រួសារ។ កាលពីនៅវ័យកុមារ ខ្ញុំមិនបានចូលរៀនសូត្រនោះទេ។ នៅក្នុងរបបខ្មែរក្រហមខ្ញុំត្រូវបានខ្មែរក្រហមដាក់ឱ្យស្ថិតនៅក្នុងកងកុមារ និងប្រើឲ្យធ្វើការងារដូចជា៖ ឃ្វាលក្របី និងបោចស្មៅតាមវាលស្រែ ចំពោះការហូបចុកវិញហូបតែបបរឈ្មោល។
ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ខ្ញុំ រស់នៅជាមួយម្ដាយធំ និងធ្វើស្រែចម្ការជាធម្មតា។ នៅឆ្នាំ ១៩៨២ ខ្ញុំបានចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ នៅក្នុងដំណើរការហ្វឹកហ្វឺនយោធាខ្ញុំត្រូវឆ្លងកាត់ជាដំណាក់ៗ ចាប់ពីទាហានឃុំដូនតី ស្ថិតក្នុងស្រុកពញ្ញាក្រែក រហូតដល់ក្លាយជាយោធាខេត្តកំពង់ចាម។
នៅចុងឆ្នាំ១៩៨៣ ខ្ញុំត្រូវបានបញ្ជូនចូលទៅក្នុងកងពល១៧៩, វរសេនាធំង៩ ដែលជាកងការពារវរសេនាធំ ឈរជើងតាមខ្សែបន្ទាត់ព្រំដែនភូមិភាគពាយ័ព្យ។ នៅខែ១១ ឆ្នាំ១៩៨៣ កងពល១៧៩ បានមកឈរជើងនៅស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ នៅឆ្នាំ១៩៨៤ កងពល១៧៩ បានចាប់ផ្តើមវាយនៅតាមជំរំដូចជា ជំរំណងចាន់, ជំរំឬទ្ធីសែន និងជំរំចម្ការគជាដើម។ ពេលនោះអង្គភាពង១០ ចំណុះកងពល១៧៩ បានសហការជាមួយកងទ័ពវៀតណាម វាយជំរំណងចាន់ រយៈពេល២ថ្ងៃ ក៏កាន់កាបជំរំណងចាន់បានទាំងស្រុង។ ប្រជាជននៅជំរំណងចាន់ បានរត់ភៀសខ្លួនទៅរស់នៅជំរំសាយធូក្នុងដីថៃ។ ចំណែកអង្គភាពង៩ របស់ខ្ញុំបានសហការជាមួយកងទ័ពវៀតណាមបានវាយចូលជំរំឬទ្ធីសែន។ ពេលនោះខ្ញុំបានឈរជើងនៅប្រាសាទក្នុងជំរំឬទ្ធីសែន។ ចំណែកអង្គភាពង១១ នៃកងពល១៧៩ សហការជាមួយកងទ័ពវៀតណាមវាយនៅជំរំខ្មែរក្រហម (ជំរំភ្នំឆ័ត្រ)។
នៅឆ្នាំ ១៩៨៥ កងពល១៧៩ ត្រូវបានដកចេញពីព្រំដែន ហើយខ្ញុំត្រូវបានបញ្ជូនទៅវាយខ្មែរក្រហម នៅតំបន់ភ្នំគូលែន និងស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប រយៈពេលប្រហែល១ឆ្នាំ មុននឹងត្រលប់មកឈរជើងនៅ ភ្នំខ្លែងពណ៌ និង ស្តៅត្រែង (ផ្លូវទៅប៉ៃលិន)។
នៅខែកុម្ភៈ ឆ្នាំ១៩៨៨ អង្គភាពកងពល១៧៩ បានត្រលប់មកឈរជើងនៅស្វាយចេក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យវិញ។ នៅឆ្នាំ១៩៨៨ ដដែល អង្គភាពខ្ញុំបានប្រយុទ្ធជាមួយទាហានប៉ារ៉ារបស់ ឈ្មោះ ឡៃ វីរៈ នៅអាងកន្សែង។ ខ្ញុំ និងកងទ័ពពីរនាក់ទៀតត្រូវរបួស ពេលនោះត្រូវទាហានប៉ារ៉ារបស់ ឈ្មោះ ឡៃ វីរៈ ចាប់បានហើយបញ្ជូនខ្ញុំ និងកងទ័ពពីរនាក់ទៀតទៅព្យាបាលនៅមន្ទីរពេទ្យខាវអ៊ីដាវនៅប្រទេសថៃ។ ពេលចេញពីមន្ទីរពេទ្យ ឡៃ វីរៈបានសួរថា ចង់ធ្វើទាហានប៉ារ៉ា ឬត្រលប់ទៅក្នុងប្រទេសវិញ? យើងបានសម្រេចចិត្តចូលធ្វើទាហានប៉ារ៉ាជាមួយ ឈ្មោះ ឡៃ វីរៈ។ យ៉ាងណាមិញ ក្នុងឆ្នាំដដែលនោះ ខ្ញុំបានរត់ចេញពីក្រុមទាហានប៉ារ៉ាមករស់នៅជាមួយឈ្មោះ ដួង សុខុន (ប្រធានជំរំ) ក្នុងជំរំណងចាន់ ដែលជាទីតាំងប្រវត្តិសាស្ត្រដែលបច្ចុប្បន្នបានក្លាយជា ភូមិជោគជ័យ និងជាលំនៅដ្ឋានរបស់ខ្ញុំសព្វថ្ងៃ។ ព្រំដែនកម្ពុជា-ថៃនៅតំបន់នេះ ពីមុនឆ្នាំ១៩៨៨ ត្រូវបានកំណត់ដោយ ប្រឡាយទឹក ជាខ្សែក្រវាត់តាមព្រំដែនតភ្ជាប់ពីជំរំរិទ្ធិសែន, ជំរំចម្ការគរ រហូតមួយជុំវិញតំបន់នោះ។ ខ្ញុំ បានចាប់ផ្តើមធ្វើជាទាហានប៉ារ៉ានៅអង្គភាពរបស់ឈ្មោះ ដួង សុខុន តាំងពីអំឡុងឆ្នាំ ១៩៨៨-១៩៨៩ ហើយបានឈរជើងនៅជំរំណងចាន់។ នៅឆ្នាំ១៩៨៨ ខ្ញុំបានរៀបការនៅជំរំណងចាន់។ ក្រោយពេលដែលភរិយាខ្ញុំមានផ្ទៃពោះ យើងក៏សម្រេចចិត្តទៅស្នាក់នៅជំរំសាយធូក្នុងទឹកដីថៃវិញ។
ក្នុងអំឡុងឆ្នាំ ១៩៨៩ ថៃបានធ្វើថ្នល់ខ្មៅមួយខ្សែដើម្បីងាយស្រួលចូលមកក្នុងទឹកដីខ្មែរ ដោយលេសថាមិនចង់ឲ្យកងទ័ពខ្មែរ ធ្វើដំណើរឆ្លងកាត់ក្នុងប្រទេសថៃពេលទៅលេងគ្រួសារនៅជំរំសាយធូ។ ថ្នល់នេះត្រូវបានថៃធ្វើឡើងដើម្បីដឹកជញ្ជូនកងទ័ពរបស់ខ្លួនតាមព្រំដែនទៅជំរំសាយធូវិញ។ បើទោះជាមានការសាងសង់ដោយហេតុផលបែបនេះក្តី ទីបំផុតថ្នល់ខ្មៅនេះត្រូវបានថៃយកមកធ្វើជាទីតាំងទាហានថៃឈរជើង។
នៅឆ្នាំ២០០០ គ្រួសារខ្ញុំបានត្រឡប់មករស់នៅអតីតជំរំណងចាន់វិញ ដោយសារនៅខេត្តបាត់ដំបង គ្មានដីសម្រាប់ធ្វើស្រែចម្ការ។ គ្រួសារខ្ញុំ បានទិញដីអ្នកភូមិសាងសង់ផ្ទះរស់នៅក្នុងភូមិជោគជ័យ។ ខ្ញុំ និងអ្នកភូមិជោគជ័យបានដឹងច្បាស់ថាដីស្រែចម្ការ និងផ្ទះរបស់យើងខ្ញុំទាំងអស់គ្នាគឺស្ថិតនៅលើទឹកដីខ្មែរ មិនមែនដីរបស់ថៃឡើយ ពីព្រោះខ្ញុំ និងប្រពន្ធខ្ញុំបានរស់នៅជំរំណងចាន់នេះតាំងពីឆ្នាំ១៩៨៨ មិនដែលមានជនជាតិថៃណាមកនិយាយថាដីនេះជារបស់ថៃឡើយ។ សព្វថ្ងៃខ្ញុំ និងអ្នកភូមិជាប្រជាការពារភូមិជោគជ័យ ហើយខ្ញុំប្តេជ្ញាការពារដី និងផ្ទះរបស់ខ្ញុំ និងប្រជាជនក្នុងភូមិមិនឲ្យទាហានថៃយកបន្ថែមទៀតឡើយ។
នៅពេលខ្ញុំមកដល់ ភូមិនេះមានប្រជាជនប្រហែល ៤០០ ទៅ ៥០០ គ្រួសារ។ ប្រជាជនភាគច្រើនជាអ្នកចំណាកស្រុកមកពីខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម, ខេត្តសៀមរាប, ខេត្តកំពង់ធំ និងខេត្តតាកែវ ជាដើម។ ខ្ញុំបានទិញដី ផ្តើមជីវិតរស់នៅជាមួយប្រជាជនក្នុងភូមិចាប់ទាំងពីពេលនោះមក។ ភូមិណងចាន់ ត្រូវបានប្តូរឈ្មោះទៅជា ភូមិជោគជ័យ នៅអំឡុងឆ្នាំ ២០១៣-២០១៤ ហើយបច្ចុប្បន្នមានប្រជាជនប្រហែល ៦៦០ គ្រួសារស្នាក់នៅ។
មុនពេលផ្ទុះជម្លោះកាលពីថ្មីៗ អំឡុងថ្ងៃទី ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ទំនាក់ទំនងរវាងប្រជាជនខ្មែរនៅភូមិជោគជ័យ និងភាគីថៃ គឺមានលក្ខណៈល្អប្រសើរ និងចុះសម្រុងគ្នាណាស់។ ពលរដ្ឋខ្មែរជាច្រើនបានចេញចូលទឹកដីថៃដើម្បីធ្វើការងារដាំដំឡូង ឬច្រូតកាត់ ដោយមានការជួយឧបត្ថម្ភពីថៅកែថៃ។ ថៃក៏ធ្លាប់នាំគ្នាធ្វើបុណ្យកឋិននៅវត្តភូមិជោគជ័យទៀតផង។ ភាពចុះសម្រុងនេះបានចាប់ផ្តើមប្រែប្រួលភ្លាមៗនៅពេលមានការផ្ទុះជម្លោះ ដែលនាំឱ្យមានការផ្លាស់ប្តូរទាហានថៃចាស់ៗដែលស្គាល់គ្នាចេញ ហើយជំនួសដោយទាហានថ្មីដែលមិនស្គាល់គ្នា។
ចាប់តាំងពីមានការផ្លាស់ប្តូរទាហានមក ភាគីថៃបានធ្វើសកម្មភាពឈ្លានពាន និងរំខានជាបន្តបន្ទាប់ដូចជា ការរាយបន្លាលួស ថៃបានចូលមករាយបន្លាលួសព័ទ្ធផ្ទះប្រជាពលរដ្ឋ៦ គ្រួសារ និង ថៃព្យាយាមដាក់បន្លាលួសដើម្បីយកដីនៅទំនប់ក៥ និងចម្ការអំពៅរបស់ប្រជាជនខ្មែរទៀតផង តែត្រូវបានពលរដ្ឋ និងកងកម្លាំងដេញត្រឡប់ទៅវិញ។ ថៃបានប្រើសំឡេងឧឃោសនស័ព្ទចាក់សំឡេងខ្មោចលង ឬឆ្កែព្រុសដើម្បីរំខានការសម្រាករបស់ប្រជាជននៅពេលយប់។
ផលប៉ះពាល់ជីវភាព ប្រជាពលរដ្ឋមិនហ៊ានចេញទៅរកស៊ី ឬធ្វើការនៅឆ្ងាយពីផ្ទះ ព្រោះខ្លាចថៃចូលមកកាន់កាប់ពេលមិននៅផ្ទះ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ។ ខ្ញុំ និងប្រជាពលរដ្ឋនៅភូមិជោគជ័យបានសម្រេចចិត្ត មិនទៅណាទេ ដោយសុខចិត្តនៅជុំគ្នាដើម្បី ការពារដីធ្លី របស់ខ្លួន ទោះបីជាមានការគំរាមពីភាគីម្ខាងទៀតក៏ដោយ៕

អត្ថបទដោយ កែវ សំភី

