ធុច លឹមហ៊ួត៖ «មុននឹងសម្លាប់ខ្ញុំ កសាងខ្ញុំសិន!»

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ធុច លឹមហ៊ួត កើតក្នុងឆ្នាំម្សាញ់ មានស្រុកកំណើតនៅភូមិវត្តរំដួល ឃុំចំការសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង។ លឹមហ៊ួត មានឪពុកឈ្មោះ ធុច យ៉ត, ម្ដាយឈ្មោះ ហ៊ាង ចាន់ថា និងមានបងប្អូនចំនួនប្រាំបីនាក់ ក្នុងនោះមានស្រីបីនាក់ ដោយទី១ ឈ្មោះ ធុច ចាន់ទី (ស្រី), ទី២ ធុច លឹមហ៊ួត (ប្រុស), ទី៣ ធុច ចាន់ធូ (ស្រី), ទី៤ ធុច សុខាន់ធី (ប្រុស), ទី៥ ធុច ប៊ុនរឺត (ប្រុស), ទី៦ ធុច ប៊ុនលី (ប្រុស), ទី៧ មិនចាំឈ្មោះ (ប្រុស) និងទី៨ យ៉ុត ចិន្តា (ស្រី) នេះបើតាមរយៈការសម្ភាសជាមួយប្អូនស្រីរបស់លឹមហ៊ួត ឈ្មោះ ធុច ចាន់ធូ។[1]

បន្ទាប់ពីឪពុកម្ដាយបានចែកឋានទៅ លឹមហ៊ួត ដែលមានអាយុ៥ឆ្នាំ និងប្អូនប្រុសឈ្មោះ ប៊ុនរឺត បានទៅរស់នៅជាមួយម្ដាយធំឈ្មោះ អ៊ំ វុន។ ម្ដាយធំរបស់លឹមហ៊ួត មានប្តីឈ្មោះ សុគម ដែលជាសាស្ត្រាចារ្យ និងចាងហា្វងសាលា ហើយអ្នកទាំងពីរគ្មានកូននោះទេ។ អ្នកទាំងពីរបានយក លឹមហ៊ួត និងប្អូនប្រុសរបស់លឹមហ៊ួត ទៅចិញ្ចឹម និងបីបាច់ថែរក្សាដូចកូនបង្កើត។ ក្រោយមក លឹមហ៊ួត បានរៀនថ្នាក់បញ្ចប់នៅក្រុងបាត់ដំបង និងបន្តសិក្សារហូតដល់ឆ្នាំ១៩៧៥។ ប្អូនស្រីរបស់លឹមហ៊ួត និយាយថា លឹមហ៊ួត ធ្លាប់បានទៅទស្សនកិច្ចសិក្សាអស់រយៈពេលមួយសប្ដាហ៍នៅទីក្រុងបាងកក ប្រទេសថៃ។

នៅរបបខ្មែរក្រហម លឹមហ៊ួត, ប្អូនប្រុស និងម្ដាយធំ ដែលក្រោយមកជាស្ត្រីមេម៉ាយ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិរំដួលឲ្យទៅរស់នៅភូមិជ្រៃកោង ឃុំចំការសំរោង។ ប្អូនស្រីរបស់លឹមហ៊ួត និយាយថា ភូមិជ្រៃកោង គឺសម្រាប់តែប្រជាជនថ្មី ដែលនៅលីវ ឬមេម៉ាយ រស់នៅប៉ុណ្ណោះ។ ចំណែកប្អូនស្រីរបស់លឹមហ៊ួត ដែលបានរៀបការនៅមុនរបបខ្មែរក្រហម ត្រូវខ្មែរក្រហមបញ្ជូនទៅរស់នៅភូមិកៀនស្បូវ ស្ថិតនៅបណ្ដោយដងទន្លេមង្គលបូរី (ទន្លេសិរីសោភ័ណ) នៅជិតភូមិបាក់ព្រា និងភូមិថ្មដប់។

អំឡុងឆ្នាំ១៩៧៦-១៩៧៧ ក្រោយពីឮដំណឹងថាកម្មាភិបាលខ្មែរក្រហមរៀបចំជម្លៀសប្រជាជនចំនួន១៨គ្រួសារឲ្យមករស់នៅភូមិកៀនស្បូវ ប្អូនស្រីរបស់លឹមហួត បានទៅស្នើសុំ និងអង្វរកម្មាភិបាលខ្មែរក្រហម ឈ្មោះ តាផ្លិត ដើម្បីឲ្យលឹមហ៊ួត, ប្អូនប្រុស និងម្ដាយធំ បានមករស់នៅភូមិកៀនស្បូវដែរ ពីព្រោះនៅទីនោះ គឺមានការហូបចុកប្រសើរជាងភូមិជ្រៃកោង និងម៉្យាងទៀត គឺចង់រស់នៅជិតបងប្អូន។

ក្រោយពី លឹមហ៊ួត រស់នៅ និងធ្វើពលកម្មនៅភូមិកៀនស្បូវ អស់រយៈពេលប្រាំខែ គាត់ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើការក្នុងកងចល័ត ដោយដកសំណាប និងស្ទូងស្រូវនៅភូមិអន្លង់តាអូរ ដែលស្ថិតនៅជិតភូមិព្រៃទាល់។ នាថ្ងៃមួយ វេលាម៉ោង៥ល្ងាច ប្អូនប្រុសពីរនាក់របស់លឹមហ៊ួត ដែលធ្វើការក្នុងកងចល័តជាមួយ បានឃើញ លឹមហ៊ួត​ ត្រូវខ្មែរក្រហមចាប់ខ្លួន។ នៅពេលនោះ ប្អូនប្រុសទាំងពីរនាក់ បានយំ និងស្រែកអង្វរខ្មែរក្រហមកុំឲ្យចាប់លឹមហ៊ួត។ មួយខែក្រោយមក ប្អូនស្រីរបស់លឹមហ៊ួត ដែលទៅច្រូតកាត់នៅភូមិអន្លង់តាអូរ បានដឹងថា លឹមហ៊ួត ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងបញ្ជូនទៅឃុំឃាំងនៅភូមិបន្ទាយនាង។ ប្រជាជននៅភូមិអន្លង់តាអូរ បានខ្សឹបប្រាប់ប្អូនស្រីរបស់លឹមហ៊ួតថា លឹមហ៊ួត ត្រូវបានខ្មែរក្រហមបណ្ដើរចេញទៅថ្នល់ និងដឹកទៅភូមិបន្ទាយនាង។ ប្រជាជននិយាយថា ស្រណោះលឹមហ៊ួតណាស់ ដែលត្រូវខ្មែរក្រហមយកទៅវាយសម្លាប់។ ប្អូនស្រីរបស់លឹមហ៊ួត រៀបរាប់ថា សូម្បីតែប្រពន្ធកូនរបស់កម្មាភិបាលភូមិភាគពាយ័ព្យក៏ត្រូវសម្លាប់ដែរ។ ប្រជាជនខ្មែរណាដែលមានប្រពន្ធ ឬប្តីជាជនជាតិវៀតណាម នោះនឹងត្រូវយកប្រពន្ធ ឬប្តីនោះ រួមទាំងកូនចៅទៅសម្លាប់។ ប្អូនស្រីរបស់លឹមហ៊ួត បន្តរៀបរាប់ឲ្យដឹងថាប្រជាជនទាំងនោះ គឺជាកូនចៅជនជាតិវៀតណាមដែលបានរស់នៅទីនេះតាំងពីមុនរបបខ្មែរក្រហម។

ក្រោយពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ កន្លែងឃុំឃាំង នៅក្នុងភូមិបន្ទាយនាង និងនៅជិតភូមិមង្គលបូរី បានក្លាយជាទីវត្តអារាម។ អំឡុងពេលបុណ្យភ្ជុំបុណ្យ បងស្រីរបស់លឹមហ៊ួត ឈ្មោះ ចាន់ទី តែងតែទៅធ្វើបុណ្យនៅទីនោះ មានថ្ងៃមួយអាចារ្យនៅវត្តបន្ទាយនាង បានប្រាប់បងស្រីរបស់លឹមហ៊ួតថា កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី គឺជាអ្នកសម្លាប់អ្នកទោសនៅភូមិបន្ទាយនាង រួមទាំងកម្មាភិបាលខ្មែរក្រហមនៅភូមិភាគពាយ័ព្យ។

នៅឆ្នាំ២០០៤ តាមរយៈមិត្តនារីម្នាក់ ឈ្មោះ ស៊ត់ រស់នៅភូមិព្រៃចាស់ ដែលមកជួបប្អូនស្រីរបស់លឹមហ៊ួត បានឲ្យដឹងថា លឹមហ៊ួត ត្រូវបានខ្មែរក្រហមចាប់យកទៅឃុំនៅរោងបាយមួយយប់។ ស៊ត់ ដែលជាប្រជាជនចាស់នៅទីនោះ បានយកបាយទៅឲ្យលឹមហ៊ួត តែគាត់មិនព្រមហូបនោះទេ និងស្រែកថា “តើខ្ញុំមានកំហុសអី កសាងខ្ញុំសិន ខ្ញុំអត់ដឹងខ្លួនទេ មុននឹងសម្លាប់ខ្ញុំ កសាងខ្ញុំសិន!”។ ស៊ត់ និយាយថា នៅរបបខ្មែរក្រហម ថ្នាក់លើជាអ្នកបញ្ជាឲ្យសម្លាប់អ្នកចេះដឹង រួមទាំងលឹមហ៊ួត។

ប្អូនស្រីរបស់លឹមហ៊ួត នៅតែនឹករំឭកអំពីលឹមហ៊ួត ដោយសារគាត់ជាមនុស្សល្អ ហើយថែមទាំងបន្សល់ទុករូបថតតែមួយរបស់លឹមហ៊ួត។ នៅរបបខ្មែរក្រហម ប្អូនស្រីរបស់លឹមហ៊ួត បានកប់រូបថតរបស់លឹមហ៊ួតក្រោមដី។ ប្អូនស្រីរបស់លឹមហ៊ួត ចងចាំថា នៅគ្រាដែលគាត់បានជួបលឹមហ៊ួតជាលើកចុងក្រោយបង្អស់ គឺគាត់បានយកសាក់កាដូរបស់បងប្រុស ដែលរហែកមកដេរ ប៉ុន្តែមិនទាន់ផ្ញើឲ្យបងផង ស្រាប់តែទទួលដំណឹងថា បងប្រុសត្រូវបានខ្មែរក្រហមចាប់ខ្លួន។ រហូតដល់ថ្ងៃសម្ភាសក្នុងឆ្នាំ២០០៦ ប្អូនស្រីរបស់លឹមហ៊ួត មិននឹកស្មានថា លឹមហួតត្រូវបានខ្មែរក្រហមបញ្ជូនទៅមន្ទីរសន្តិសុខស-២១ ឬគុកទួលស្លែងនោះទេ។​

តាមរយៈឯកសារលេខK០០៩០៥ ដែលតម្តល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា ធុច លឹមហ៊ួត មានអាយុ២៥ឆ្នាំ (គិតត្រឹមឆ្នាំ១៩៧៧) មានស្រុកកំណើតនៅភូមិរំដួល ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ លឹមហ៊ួត ជាអតីតសិស្សថ្នាក់ទីបញ្ចប់នៅវិទ្យាល័យព្រះមុនីវង្ស។ នៅពេលមុនខ្មែរក្រហមចាប់ខ្លួន លឹមហ៊ួត ជាយុវជនកងចល័ត ភូមិភាគពាយ័ព្យ ហើយអង្គការបានចាប់ខ្លួនលឹមហ៊ួត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៧៧ និងជាប់គុកនៅបន្ទាយនាង អស់រយៈពេល២៥ថ្ងៃ។ ខ្មែរក្រហមបានកត់ត្រាថា មុនរបបខ្មែរក្រហម លឹមហ៊ួត ធ្លាប់ចូលសមាគមយុវជនសង្គ្រោះ និងសមាគមកាតូលិកនៅក្រុងបាត់ដំបង។ លឹមហ៊ួត ត្រូវខ្មែរក្រហមចោទថា មានជាប់ខ្សែរយៈសេអ៊ីអា៕[2]

[1] ឯកសារលេខ BBI០០២១. (២០០៦). សម្ភាសជាមួយ ធុច ចាន់ធូ ដោយ ឡុង ដានី នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] ឯកសារលេខ K០០៩០៥. (១៩៧៧). ប្រវត្តិរូបឈ្មោះ ធុច លឹមហ៊ួត. មជ្ឈមណ្ឌលឯកសារកម្ពុជា.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin