សកម្មភាពបំផុសឲ្យយុវជនបំផ្លាញកម្លាំងបដិវត្តន៍ និងបំផ្លាញអាវុធគ្រប់ប្រភេទរបស់អង្គការ
នៅក្នុងឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន ១៩ទំព័រ បានសរសេរថា មុនអង្គការចាប់ខ្លួន ញ៉េ មានតួនាទី សមាជិករវតូចលេខ៧០១ រវសេនាធំ លេខ៦០១ កងពលលេខ១៧៤ ភូមិភាគកណ្ដាល។ នៅឆ្នាំ១៩៧២ ជូត ញ៉េ ចូលធ្វើគិញឲ្យ ឈ្មោះ ស៊ីការនី មានតួនាទីសក្តិ៥។ ញ៉េ និងបក្ខពួកចំនួន៣៣នាក់ទៀត បានរៀបរាប់ពីការចូលបម្រើបដិវត្តន៍ ហើយចូលរួមធ្វើសកម្មភាពក្បត់បក្សជាមួយខ្លួន។ ញ៉េ និយាយបំផុសដល់យុវជនឲ្យរត់ទៅផ្ទះ បំផ្លាញកម្លាំងបដិវត្តន៍នៅពេលមានសមរភូមិ ថែមទាំងបំផ្លាញអាវុធគ្រប់ប្រភេទរបស់អង្គការ។ ញ៉េ ត្រូវអង្គការចាប់ខ្លួននៅខែកញ្ញា ឆ្នាំ១៩៧៧ និងបញ្ជូនមកសួរចម្លើយនៅថ្ងៃ១៩ ខែតុលា ឆ្នាំ១៩៧៧។ ការសួរចម្លើយទៅលើឈ្មោះ ញ៉េ បានបញ្ចប់ ដោយមានចុះហត្ថលេខា និងឈ្មោះអ្នកសួរចម្លើយចំនួន២នាក់ ផងដែរ។ ខាងក្រោមនេះ គឺជាការដកស្រង់ចម្លើយសារភាពរបស់ ជូត ញ៉េ ៖
ជូត ញ៉េ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើត នៅភូមិជ្រលង ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៦៣ ញ៉េ រៀនថ្នាក់ទី១១ នៅសាលាបឋមសិក្សាវត្តជ្រលង។ បន្ទាប់ពី រៀនបានរយៈពេល២ឆ្នាំ ញ៉េ ក៏ប្ដូរមករៀននៅសាលាបឋមសិក្សាវត្តថ្លា នៅឃុំតាងៀង ស្រុកតាំងគោក រហូតដល់ថ្នាក់ទី៨ ក៏ឈប់រៀន ហើយមកបួសនៅវត្ត ជ្រលង បានរយៈពេល៧ខែ ក៏សឹកត្រឡប់មកជួយធ្វើស្រែឪពុកម្ដាយនៅស្រុកកំណើតវិញ។
នៅឆ្នាំ១៩៧២ ញ៉េ ប្រកបមុខរបរជាអ្នកទិញមាន់ ពីទំបន់រំដោះ បញ្ជូនទៅលក់ឲ្យអ្នករស់នៅតំបន់ខ្មាំងនៅបន្ទាយតាំងគោក។ ខណៈពេលនោះ ញ៉េ ចូលធ្វើជាគិញឲ្យ ឈ្មោះ ស៊ីការនី ធ្វើជាទាហានមានសក្តិ៥ តាំងពីពេលនោះមក។ បន្ទាប់មក ឈ្មោះ ស៊ីការនី ក៏ផ្លោងដាក់មកលើកងទ័ព និងមកលើប្រជាជននៅភូមិត្រពាំងឈូកអស់ជាច្រើនគ្រាប់ ធ្វើឲ្យប្រជាជនក្នុងភូមិនោះស្លាប់អស់មួយចំនួន ថែមទាំងធ្វើឲ្យឆេះផ្ទះប្រជាជនអស់មួយចំនួនតូចទៀត។ ស្របពេលជាមួយគ្នា មានមនុស្ស៤នាក់ ដែលជាបក្ខពួក របស់ ស៊ីការនី នាំយកទាហានចំនួន១២នាក់ មកពីវត្តតាំងគោកមកត្រៀមចាំបាញ់កងទ័ពបដិវត្តន៍ ដែលធ្វើការនៅតាមភូមិជ្រលង។ ទាហានទាំងនោះ បានបាញ់សម្លាប់ទ័ពអស់ចំនួនពីរនាក់ និងប្រមូលយកអាវុធពីអ្នកស្លាប់បានចំនួន២ដើម។ នៅចុងឆ្នាំ ១៩៧២ អង្គការបានចាត់វិធានការ ជម្លៀសប្រជាជនដែលរស់នៅឃុំជ្រលង ឲ្យមករស់នៅក្នុងឃុំស្រឡៅវិញ ដោយសារតែឃុំជ្រលងនេះជាទីតាំងនៃតំបន់ខ្មាំង កំពុងតែមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំង។ ពេលនោះ ឈ្មោះ ហ៊ុយ ធ្វើជាគណៈឃុំ និងឈ្មោះ អោក ធ្វើប្រធានឈ្លប ឃុំជ្រលង បានចូលបង្កប់ខ្លួន នៅតំបន់៤២ និងស្គាល់ខ្សែ សេ- អ៊ី- អា ឈ្មោះ សុង ជាគណៈបច្ចេកទេសយោធាតំបន់៤២។ បន្ទាប់មក បានស្គាល់ជាមួយខ្សែ សេ- អ៊ី- អា ៥នាក់ទៀត និងបំផុសឲ្យប្រជាជនរត់ទៅនៅផ្ទះអស់ចំនួន១៥នាក់។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៣ ញ៉េ និងបក្ខពួក ៣នាក់ បានទទួល ផែនការពីឈ្មោះ សុង និយាយបំផុសដល់យុវជនឲ្យរត់ទៅផ្ទះ និងបំផ្លាញកម្លាំងបដិវត្តន៍ក្នុងពេលចូលសមរភូមិ ថែមទាំងបំផ្លាញអាវុធគ្រប់ប្រភេទទាំងអស់របស់អង្គការ។ នៅខែ កុម្ភៈ ឆ្នាំ១៩៧៤ ញ៉េ និងបក្ខពួក ៦នាក់ ទទួលស្គាល់ពីឈ្មោះ វ៉េង ឲ្យធ្វើសកម្មភាព បំផុសយុវជនឲ្យរត់ចោលខ្សែត្រៀម លុះពេលឃើញដូច្នេះ អង្គការចោទថាជាខ្មាំង ក៏បាញ់សម្លាប់យុវជនទាំងអស់ចំនួន៩នាក់ នៅសមរភូមិ លអាន ខាងជើងនៃខេត្តកំពង់ចាម។ ខ្មែរក្រហមតែងតែស្រាវជ្រាវរកចាប់ខ្មាំង ហើយជឿជាក់ថាខ្មាំងមានគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស ។[1]
នៅខែមិថុនា និងខែកក្កដា ឆ្នាំ១៩៧៤ ញ៉េ និងបក្សពួក២នាក់ ទទួលផែនការពីឈ្មោះ វ៉េង ឲ្យទៅរស់នៅឃុំកានជ្រៃ ធ្វើសកម្មភាពបំផ្លាញកម្លាំងបដិវត្តន៍ ដោយនាំកងទ័ពដើរជាន់មីន ធ្វើឲ្យផ្ទុះស្លាប់ចំនួន៥នាក់។ ក្រោយមក នៅខែធ្នូ ឆ្នាំ១៩៧៤ ញ៉េ ត្រូវរបួស ហើយទៅព្យាបាលជំងឺ នៅក្នុងតំបន់៤២។ មួយរយៈពេលនោះ ញ៉េ និងបក្ខពួកមិនបានធ្វើសកម្មភាពអ្វីឡើយ។ រហូតមកដល់ ខែមករា ឆ្នាំ១៩៧៥ ញ៉េ និងបក្ខពួកខ្លួនចាប់ផ្ដើម បន្តសកម្មភាពឡើងវិញ គឺបំផុសឲ្យយុវជនខ្លាចសរមភូមិ បង្ហាញពីការមិនអើពើ ចំពោះអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ឃើញតែមនុស្សស្លាប់មិនមានថ្ងៃលុះឡើយ។ ពេលនោះ អ្នកទាំង៥បាន ធ្វើសកម្មភាព លួចដុតឃ្លាំងគ្រាប់ ក្នុងក្រុងកំពង់ចាមអស់ចំនួន២ឃ្លាំងផងដែរ ។
ក្រោយថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ អង្គការបានចាត់តាំង ញ៉េ ជាមួយមនុស្ស៤នាក់ ធ្វើផែនការជាមួយឈ្មោះ សែ នៅស្រុកកំពង់សៀម ដើម្បីបំផ្លាញស្រូវ រួមគ្នាកសាងកម្លាំងប្រឆាំងជាមួយអង្គការបដិវត្តន៍ និងបំផុសឲ្យយុវជនរត់ទៅនៅផ្ទះ។ អ្នកទាំង៥ បានធ្វើសកម្មភាពបង្ហូរទឹកឲ្យលិចសំណាប ធ្វើឲ្យរលួយអស់ចំនួន១០ហិចតា។ [2] ក្រោយមក នៅខែមីនា ឆ្នាំ១៩៧៦ អង្គភាពវរតូចលេខ៧០១ ចាត់តាំងឲ្យ ញ៉េ ជាមួយមនុស្ស៣នាក់ឲ្យ ដឹកនាំយុវជនចំនួន១០នាក់ ក្នុងការស្វែងរកចោរព្រៃនៅស្រុកព្រៃឈរ នៅតាមបណ្ដោយផ្លូវជាតិលេខ២៤។ យុវជនទាំងនោះ ធ្វើដំណើររហូតទៅដល់ព្រៃរលួសជាកន្លែងដែលចោរព្រៃរស់នៅ ក្នុងស្រុកកំពង់សៀម។ បន្ទាប់មក ពួកគេធ្វើសកម្មភាពប្រមូលយកអង្ករប្រជាជននៅភូមិត្រពាំងលាក់បានចំនួន២បាវ និងបាញ់សម្លាប់ប្រជាជនអស់ចំនួនម្នាក់។ នៅខែឧសភា ឆ្នាំ១៩៧៦ ញ៉េ រួមទាំងមនុស្ស៣នាក់ ត្រូវអង្គការបញ្ជូនមកធ្វើស្រែនៅជំរំភ្នំ ក្នុងស្រុកកំពង់សៀមវិញ។ ពេលនោះពួកគេ ធ្វើសកម្មភាព បង្ហូរទឹកបន្លិចសន្ទូងឲ្យរលួយអស់ចំនួន៣ហិចតា។ ក្រោយមក អង្គការបានចាត់តាំង ញ៉េ ឲ្យមកនៅជំរំ ត្រើង នៅស្រុកកំពង់សៀមវិញ ទទួលភារកិច្ច យាមការពារនៅផ្លូវជាតិលេខ២៤ និងទំនាក់ទំនងជាមួយចោរព្រៃចំនួន២នាក់ ដែលបង្កប់ខ្លួននៅព្រៃបឹងធំ។ ពួកគេ ធ្វើសកម្មភាពចេញលួចអង្ករនៅក្នុងមន្ទីរពេទ្យត្រើងចំនួន១បាវកន្លះ នាំយកទៅទុកនៅព្រៃបឹងធំ។ នៅខែ មករា ឆ្នាំ១៩៧៧ ញ៉េ បានទំនាក់ទំនងខ្សែចាស់ចំនួន៤នាក់ នៅអង្គភាពវរតូចលេខ៧០១។ អ្នកទាំង៥ បានធ្វើសកម្មភាព និយាយបំផុសដល់យុវជននៅក្នុងអង្គភាព រវៈតូច លេខ៧០២ ឲ្យលួចរត់ទៅនៅផ្ទះអស់ចំនួន៥នាក់ ។ បន្ទាប់មក ឈ្មោះ រៀប បានចាត់តាំងកម្លាំងឲ្យ ចូលបង្កប់នៅអង្គភាពវរតូចលេខ៧០១ ធ្វើកម្មភាពតាមដានចោរព្រៃនៅស្រុកព្រៃឈរ នឹងស្រុកចំការលើ។ ស្របពេលជាមួយគ្នា ញ៉េ បាននាំយុវជនចំនួន៤០នាក់ ទៅតាមដានចោរព្រៃនៅក្នុងស្រុកព្រៃឈរដែរ ក្នុងចំណោមអ្នកទាំងនោះក៏មានកងទ័ពចំនួន២០នាក់ផងដែរ។ ក្នុងការតាមដានចោរព្រៃអស់រយៈពេល ៤ខែកន្លងមកនេះ ញ៉េ និងបក្ខពួកធ្វើសកម្មភាព បង្វៀងដានមិនឲ្យចោរព្រៃដឹងខ្លួនឡើយ។ នៅខែសីហា ឆ្នាំ១៩៧៧ អង្គការបានបញ្ជូន ញ៉េ ឲ្យត្រឡប់មកធ្វើស្រែនៅអង្គភាពក្នុងរវៈតូចលេខ៧០១ វិញ។ រហូតមកដល់ខែកញ្ញា ឆ្នាំ១៩៧៧ ញ៉េ ត្រូវបានអង្គការចាប់ខ្លួន និងសួរចម្លើយ នៅថ្ងៃ១៩ ខែតុលា ឆ្នាំ១៩៧៧៕
សរសេរដោយ ជឹម សុគា
ឯកសារយោង
[1] ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២០។
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, សេចក្តីកត់ហេតុសួរចម្លើយ ជូត ញ៉េ ឯកសារ J00083។ ក្រោយថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ញ៉េ ជាមួយមនុស្ស៤នាក់ ធ្វើផែនការជាមួយឈ្មោះ សែ នៅស្រុកកំពង់សៀម ដើម្បីបំផ្លាញស្រូវ កសាងកម្លាំងប្រឆាំងជាមួយអង្គការបដិវត្តន៍ និងបំផុសឲ្យយុវជនរត់ទៅនៅផ្ទះ ។