អោម សាវ៉ាត៖ អតីតកងទ័ពខ្មែរក្រហមពិការភាពអំឡុងពេលដឹកជញ្ជូនគ្រាប់ទៅសមរភូមិមុខ

អោម សាវ៉ាត ភេទប្រុស អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដំដែក ឃុំដំដែក ស្រុក សូទ្រនិគម ខេត្ដសៀមរាប។ បច្ចុប្បន្ន សារ៉ាត់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
សារ៉ាត់ បាននិយាយថា៖ «ខ្ញុំមានបងប្អូនចំនួន៩នាក់។ នៅពេលខ្ញុំមានអាយុ២២ឆ្នាំ ក្នុងឆ្នាំ១៩៧២ ខ្ញុំបានស្ម័គ្រចិត្ដចូលបម្រើកងទ័ពបដិវត្ដន៍ខ្មែរក្រហម ដោយចូលទៅហាត់កងទ័ពនៅក្រវ៉ាល ក្រៀលពង។ បន្ទាប់មក យើងត្រូវបានបញ្ជូនទៅកាន់ភូមិភាគពិសេសនៅតំបន់កំពង់ស្ពឺ។ ខ្ញុំបានតស៊ូជាមួយភ្លើងសង្គ្រាមពីរដំណាក់កាល។ ដំណាក់កាលទីមួយ ខ្ញុំវាយជាមួយចក្រព័ត្ដិ លន់ នល់។ ប្រជាជនជាទូទៅបានស្គាល់ថា ជំនាន់បេ៥២ ឬជំនាន់ លន់ នល់ ដោយសារតែមានការគាំទ្រពីអាមេរិ កាំង។ ខ្ញុំបានធ្វើជាយុវជនបដិវត្ដន៍។ បន្ទាប់មក ខ្ញុំបានធ្វើជាគ្រូបង្រៀនកុមារកំព្រាក្នុងទីក្រុងភ្នំពេញ។ ក្រោយមក នៅពេលរំដោះបានទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំបានចូលទៅឈរជើងនៅទីនោះ។
លុះដល់ឆ្នាំ១៩៧៦ ខ្មែរក្រហមបានបញ្ជូនខ្ញុំមកកាន់ព្រំដែនខេត្ដរតនគិរី (ព្រំដែនកម្ពុជា-វៀតណាម) ហើយយើងបានប្រយុទ្ធជាមួយកងទ័ពវៀតណាម។ កងកម្លាំងរបស់ខ្ញុំបានចូលជំនួសកងពលមួយផ្សេងនៅទីនោះដែលត្រូវបានខ្មែរក្រហមដកការទុកចិត្ដ។ កងទ័ពនៅពេលនោះ គឺត្រូវធ្វើនយោបាយ និងជួយប្រជាជនទៅលើការងារកសិកម្មជានិច្ច។ នៅពេលនោះ យើងរៀបចំកម្លាំងបែងចែកទៅតាមព្រំដែន។ កម្លាំងនៅសមរភូមិដើររកខ្សែបន្ទាត់ព្រំដែន។ យើងបានធ្វើដំណើរឆ្លងកាត់ភ្នំខ្ពស់នៅទីនោះ ដែលជួនកាលមានកម្ពស់រហូតបីជាន់។ យើងបានឆ្លងកាត់ទឹកធ្លាក់ និងព្រៃឈើយ៉ាងលំបាក។ ភ្នំនោះស្ថិតនៅក្នុងរណបភូមិសោក ឃុំយក្សក្រាក់។ យើងបានរកឃើញខ្សែបន្ទាត់ព្រំដែនប៉ុនផ្លូវរទេះ តាមរយៈការមើលផែនទីរបស់យើង។ នៅក្នុងផែនទីយើងបានឃើញបន្ទាត់ព្រំដែនខណ្ឌដោយទឹករវាងប្រទេសទាំងពីរ។ ក្រោយមក យើងចាប់ផ្ដើមរៀបចំផែនការបិតចម្រូង និងដាក់មីនដើម្បីការពារព្រំដែន។ កងកម្លាំងរបស់យើងបានប៉ះទង្គិចនឹងកងទ័ពវៀតណាម ហើយក្រោយមកយើងក៏ត្រូវរុញច្រានឲ្យដកថយពីនោះ ដោយសារតែកម្លាំងមានចំនួនតិច និងមិនមានអាវុធគ្រប់គ្រាន់។ យើងមានគោលបំណងវាយកងទ័ពវៀតណាមនៅតាមព្រំដែនឲ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។ ខ្ញុំបានរៀបការនៅក្នុងខេត្ដរតនគិរី ដោយនៅពេលនោះអង្គភាពរៀបចំជាគូដែលមានសរុបចំនួន២០គូ។ យើងបានចាប់ដៃគ្នាកសាងជីវិតរហូតដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមមានកម្លាំងទ្រទ្រាយធំចាប់ផ្ដើមយុទ្ធនាការវាយកងទ័ពខ្មែរក្រហមឲ្យទទួលបរាជ័យ។ នៅពេលយើងចាញ់កងទ័ពវៀតណាម យើងចាប់ផ្ដើមចេញតស៊ូនៅតាមព្រំដែនលាវ។ ពេលខ្លះ យើងដោះដូរភ្លុកដំរី១គូ អាចបញ្ជូនកម្លាំងឆ្លងកាត់បានចំនួន១០០០នាក់។ យើងបានបញ្ជូនកម្លាំងជិះទូកឆ្លងទន្លេសេកុង បន្ទាប់មក យើងបានបន្ដដំណើរឆ្លងកាត់ទន្លេមេគង្គដោយជិះក្បូនឆ្ពោះទៅកាន់ព្រំដែនប្រទេសឡាវ។ កម្លាំងនៅអមជាមួយ ខ្ញុំមានគ្នាចំនួន៤នាក់ រួមមាន នីរសារចំនួន២នាក់ និងពេទ្យចំនួន២នាក់ ហើយនៅក្នុងចំណោមនោះមានជនជាតិដើមភាគតិចចំនួន២នាក់ដែលជំនាញក្នុងការដោលក្បូនឆ្លងទន្លេ។ យើងបានធ្វើដំណើរដោយចំណាយពេលមួយយប់ទល់ភ្លឺទៅកាន់ប្រទេសឡាវដោយមានកងទ័ពឡាវនាំផ្លូវយើងចូលទៅកាន់ព្រំដែនមួយផ្សេងទៀតនៃប្រទេសកម្ពុជា។ បន្ទាប់មក យើងបានបន្ដដំណើរដល់ទន្លេរពៅ (មុំបី) ហើយរៀបចំកម្លាំងឡើងវិញនៅទីនោះ។ នៅពេលនោះយើងមិនមានបាយហូបចុកទេ។ អាហារប្រចាំថ្ងៃរបស់យើងគឺមើមក្ដួច ហើយវាក៏ជាពេលវេលាដ៏លំបាកបំផុតចាប់តាំងពីខ្ញុំបានចូលប្រឡូកក្នុងបដិវត្ដន៍ខ្មែរក្រហម។ នៅក្នុងថង់អង្កររបស់យើងមានសុទ្ធតែម៉្សៅក្ដួចដែលយើងបានបុកដាក់តាមខ្លួនធ្វើជាអាហារ។ យើងមិនសង្ឃឹមថា អាចរស់ដោយសារអាហារក្ដួចនោះទេ។
ក្រោយពីរៀបចំកម្លាំងហើយ ខ្មែរក្រហមចាប់ផ្ដើមបែងចែកកម្លាំងរបស់ខ្លួនចូលតស៊ូនៅតំបន់ ក្នុងប្រទេសឡើងវិញ ដូចជានៅតំបន់សៀមរាប និងជុំវិញបឹងទន្លេសាបជាដើម។ ខ្ញុំបានចូលទៅកាន់ខេត្ដសៀមរាបវិញដែលជាទីកន្លែងកំណើតរបស់ខ្ញុំក្រោមអង្គភាពលេខ៩៨០ដែលទើបបង្កើតឡើងថ្មីថ្មោង។ កងពលនេះ គឺបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ១៩៨០។ នៅតំបន់សៀមរាប យើងបានប៉ះទង្គិចជាមួយកងទ័ពវៀតណាមហើយបន្ដការប្រយុទ្ធគ្នាជាបន្ដបន្ទាប់។ លុះនៅឆ្នាំ១៩៨៧ ខ្ញុំបានពិការភាពដោយសារជាន់គ្រាប់មីននៅពេលដឹកជញ្ជូនគ្រាប់ទៅសមរភូមិមុខ។ ខ្ញុំបានជាន់មីននៅដងផ្លូវថ្មើរជើងដ៏តូចចង្អៀត នៅពេលខ្ញុំឈានជើងមួយជំហានដើម្បីឲ្យស្រីចំណាស់ៗដែលកំពុងស្ពាយគ្រាប់ធំៗ និងធ្ងន់ៗនៅលើខ្នងធ្វើដំណើរបញ្ច្រាសទិសគ្នា។ មួយជំហានរបស់ខ្ញុំចេញពីផ្លូវប៉ះចំគ្រាប់មីន។ មិនត្រឹមតែគ្រោះថ្នាក់ដល់ខ្ញុំប៉ុណ្ណោះទេ សូម្បីតែក្មួយរបស់ខ្ញុំនៅក្បែរនោះក៏ត្រូវអំបែងគ្រាប់មីនខ្ទាតចំបង្កឲ្យរបួសដែរ។ ខ្ញុំបានពិការជើងម្ខាង។ នៅពេល ខ្ញុំដួលទៅនឹងដី ខ្ញុំបានឃើញមីនជាច្រើននៅជុំវិញខ្លួនខ្ញុំជាច្រើនគ្រាប់ទៀត ប៉ុន្ដែសំណាងក្នុងគ្រោះថ្នាក់នោះ ខ្ញុំបានដួលមកលើផ្លូវ។ មកទល់សព្វថ្ងៃខ្ញុំនៅតែចងចាំរឿងរ៉ាវទាំងអស់នេះ ហើយនៅពេលនោះ ខ្ញុំបានប្រាប់ឲ្យស្រ្ដីចំណាស់ៗមានការប្រុងប្រយ័ត្នកុំឲ្យដើរចូលព្រៃក្រែងលោមានគ្រោះថ្នាក់ដោយសារមីន។ នៅពេលគ្រោះថ្នាក់ភ្លាមៗ កម្លាំងដឹកជញ្ជូនបានសែងខ្ញុំទៅព្យាបាលនៅមន្ទីរតាម៉ុក។ ខ្ញុំយល់ថា ពិការភាព និងការតស៊ូរបស់ខ្ញុំកន្លងមក គឺជាការស្ម័គ្រចិត្ដ ឬទឹកចិត្ដរបស់យើងចំពោះមាតុភូមិរបស់ខ្លួននៅក្នុងស្ថានភាពកលយុគ។
រហូតដល់ឆ្នាំ១៩៩០ យើងចាប់ផ្ដើមស្គាល់ទឹកដីអន្លង់វែង នៅពេល ឈិត ជឿន ហៅតាម៉ុក ចាប់ផ្ដើមពង្រាយកម្លាំង និងបង្កើតភូមិប្រជាជននៅពេលរំដោះបានតំបន់នេះពីកងទ័ពវៀតណាម។ នៅឆ្នាំ១៩៩៨ ខ្ញុំបានលាលែងពីកងទ័ព ហើយចូលធ្វើការងាររដ្ឋបាលនៅក្នុងសាលាស្រុកអន្លង់វែងវិញ ហើយទើបតែចូលនិវត្ដន៍ពីការងារនេះរយៈពេលប្រមាណ៨ខែហើយ»៕
អត្ថបទដោយ សួត វិចិត្រ