លី ម៉ិច៖ ស្លុតស្មារតី នៅពេលដែលឃើញអង្គការសម្លាប់មនុស្សទម្លាក់ចូលរណ្ដៅនៅក្នុងព្រៃ

លី ម៉ិច[1] ភេទស្រី មានអាយុ៧៨ឆ្នាំ(២០២១) រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ម៉ិច មានឪពុកឈ្មោះ ឈិន លី ហើយម្ដាយឈ្មោះ ហ័ង ម៉ុកមុត និងមានបងប្អូនចំនួន៧នាក់(ស្រី៣នាក់)។ ម៉ិច មានប្ដីឈ្មោះ អ៊ុង មាស និងមានកូនចំនួន៧នាក់(ស្រី៣នាក់) ក្នុងនោះបានបាត់បង់ជីវិតកូនប្រុសម្នាក់ និងស្រីម្នាក់។ កាលពីក្មេង ម៉ិច រស់នៅជាមួយជីតា និងមិនបានសិក្សារៀនសូត្រនោះទេ ព្រោះឪពុកម្ដាយមានជីវភាពខ្វះខាត។ នៅឆ្នាំ១៩៦១ ម៉ិច រៀបការជាមួយប្តីឈ្មោះមាស ធ្វើជាប៉ូលិស ដែលមានស្រុកកំណើតនៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បន្ទាប់ពីរៀបការរួច ម៉ិច និងប្ដី ផ្លាស់ប្ដូរទៅរស់នៅ ខេត្តមណ្ឌលគិរី។
នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែងប្រមុខរដ្ឋ។ បន្ទាប់ពីរដ្ឋប្រហារ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ត្រូវបានគ្រប់គ្រងដោយខ្មែរក្រហម ហើយប្ដីរបស់ម៉ិច បានឈប់ធ្វើជាប៉ូលិស រួចនាំប្រពន្ធ និងកូន៣នាក់ មករស់នៅ តំបន់ថ្មគ្រែ ខេត្តក្រចេះ។ នៅខេត្តក្រចេះ ម៉ិច រកស៊ីលក់ដូរ ដោយគាត់ប្រើប្រាស់កង់ ដឹកអង្ករ, បន្លែ, ផ្លែឈើ និងសត្វចិញ្ចឹម យកទៅលក់ដូរនៅក្នុងខេត្តមណ្ឌគិរី។ ស្ថានភាពនៅក្នុងភូមិពេលនោះគឺធម្មតា មានការធ្វើបុណ្យផ្សេងៗ ប៉ុន្តែចាប់ពីមានការទម្លាក់គ្រាប់បែក ទើបកម្មវិធីផ្សេងៗត្រូវបានបញ្ឈប់។
នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសប្រជាជនចំនួន៧០០គ្រួសារ ទៅរស់នៅតំបន់ខ្វាន់ពីរ។ នៅខ្វាន់ពីរ អង្គការបែកចែកប្រជាជនទាំងអស់ជា៧ភូមិ គឺចាប់ពីភូមិ១០១ រហូតដល់ភូមិ១០៧ ហើយ គ្រួសាររបស់ម៉ិច រស់នៅភូមិ១០១។ ពេលទៅដល់កន្លែងថ្មី អង្គការចាប់ផ្ដើមបង្កើតជាសហករណ៍ រួចចាត់តាំងប្រជាជនទាំងអស់ទៅធ្វើការកាប់ដីថ្មី រៀបចំជាភូមិ និងចាប់ផ្ដើមធ្វើស្រែ, ជីកព្រែក, លើកទំនប់ ជីកប្រឡាយ និងហូបអាហាររួមគ្នា។ បន្ទាប់ពីបង្កើតជាសហករណ៍រួចរាល់ កូនរបស់ម៉ិច ២នាក់បានស្លាប់ ដោយសារអត់អាហារ។ មុនពេលកូនស្លាប់ ម៉ិច បានសុំអង្ករមួយប៉ុកក្នុងមួយថ្ងៃពីអង្គការ ដើម្បីដាំបាយឲ្យកូន ព្រោះកូនរបស់គាត់មិនចេះហូបបបរលាយជាមួយក្រួច ដែលអង្គការរៀបចំ ប៉ុន្តែអង្គការមិនអនុញ្ញាត ទើបកូនប្រុសរបស់គាត់អត់អាហាររហូតដល់ស្លាប់។ ចំពោះកូនស្រីរបស់ម៉ិច គឺមានជំងឺរាកធ្ងន់ធ្ងរ រយៈពេល៣ថ្ងៃទើបស្លាប់។ មុនពេលស្លាប់ អង្គការបានយករទេះដឹកកូនរបស់គាត់ទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែព្យាបាលតែថ្នាំរាងមូលដូចអាចម៍ទន្សាយទើបជំងឺកូនរបស់គាត់មិនបានជាសះស្បើយ។
ចំពោះ ម៉ិច បន្ទាប់ពីកូនស្លាប់ គឺត្រូវទៅធ្វើការឲ្យអង្គការធម្មតា ដោយពេលព្រឹកម៉ោង៤ គាត់ត្រូវចេញទៅធ្វើការងារសង្គមនិយម រហូតដល់មេឃភ្លឺទើបអាចឈប់សម្រាកហូបដំឡូង, ត្រសក់, អំពៅ ឬផ្លែឈើផ្សេងៗទៀតដែលអង្គការរៀបចំមួយឆ្អែត រួចចាប់ផ្ដើមធ្វើការងារស្នូលរបស់អង្គការរហូតដល់ពេលសម្រាកហូបអាហារថ្ងៃត្រង់ និងចូលធ្វើការងារវិញរហូតដល់ពេលល្ងាច។ ម៉ិច បានបន្តថា ខ្លួនមិនដែលហ៊ានឈប់សម្រាកពីការងារនៅពេលមានជំងឺ ឬក៏លួចហូបអាហារបន្ថែមទៀតនោះទេ ព្រោះគាត់ខ្លាចមានទោស ឬអាចអង្គការយកទៅសម្លាប់។
នៅសហករណ៍ ប្រសិនបើមានប្រជាជនប្រព្រឹត្តិកំហុស អង្គការនឹងចាប់ចងនាំទៅសម្លាប់ទាំងខ្សែៗ។ ជាក់ស្ដែង នៅពេលដែល ម៉ិច កំពុងលើកប្រឡាយជាមួយមិត្តនៅក្នុងក្រុមឈ្មោះ ផន, សុទ្ធ, នាង, សែម និងតែម ស្រាប់តែកងឈ្លបបានកាន់ខ្សែគោមក និងស្រែកប្រាប់ឲ្យឈ្មោះដែលបានរៀបរាប់លើកដៃទាំងពីរឡើងលើ រួចយកខ្សែចងនាំចូលទៅក្នុងព្រៃបាត់។ ពេលដែលបណ្ដើរមនុស្សយកទៅ ប្រសិនបើមានអ្នកដើរមិនរួច គឺត្រូវចាប់អូសគឺមិនលើកលែងនោះទេ។ នៅក្នុងព្រៃ អង្គការបានឲ្យអ្នកទោសទាំងអស់យកចបកាប់ដែលខ្លួនកាន់ទៅជាមួយជីករណ្ដៅ។ បន្ទាប់ពីជីករណ្ដៅរួច កងឈ្លបបានឲ្យអ្នកទោសទៅអង្គុយមុខរណ្ដៅ រួចចាប់ដងចបវាយពីក្រោយសម្លាប់ម្ដងម្នាក់ៗ។ ចំពោះស្រ្ដីដែលមានកូនតូច អង្គការបានចាប់ជើងក្មេងនោះឡើងលើ រួចបម្រុងវាយទៅលើគល់ឈើឲ្យស្លាប់មុនម្ដាយ ប៉ុន្តែត្រូវបានម្ដាយដែលអង្គុយក្បែរនោះឡើងមកប្រតាយដណ្ដើមកូន ទើបសម្លាប់ទាំងពីរនាក់ក្នុងពេលជាមួយគ្នា។
ហេតុការណ៍ខាងលើនេះ ម៉ិច បានឃើញដោយផ្ទាល់ភ្នែក នៅពេលដែលអង្គការចាត់តាំងឲ្យគាត់ និងមិត្តនារីម្នាក់ទៀតទៅកាត់ទងដំឡូង។ នៅពេលដែលឃើញបែបនេះ ម៉ិច មិនហ៊ាននៅលួចមើលរហូតដល់បញ្ចប់ការសម្លាប់មនុស្សទេ គឺគាត់បានលួចដើរលបៗចេញពីដើមឈើធំដែលគាត់បានលាក់ខ្លួនកុំឲ្យកងឈ្លបឃើញ រួចដើរទៅកាត់ទងដំឡូងបន្ត ដោយក្នុងចិត្តមានការតក់ស្លុតស្មារតីខ្លាំង រហូតដល់ញ័រញាក់ពេញខ្លួន។ ម៉ិច ឲ្យដឹងទៀតថា ខ្លួនរក្សាសុខខ្លាំងណាស់ មិនហ៊ានលួចខ្ចិលច្រអូស, មិនហ៊ានទិតៀនអ្នកដទៃ និងខិតខំធ្វើការងារ។ មួយវិញទៀត ម៉ិច មិនហ៊ាននិយាយផ្ដេសផ្ដាស និងសួរនាំអ្វីទាំងអស់ បើទោះបីជាអង្គការមកចាប់អ្នកធ្វើការងារនៅចំពោះមុខក៏ដោយ។
នៅខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ ហើយម៉ិច និងគ្រួសារចាប់ផ្ដើមប្រកបរបរចិញ្ចឹមជីវិតនៅខេត្តក្រចេះ។ ប៉ុន្តែកូនប្រុសច្បងម្នាក់ដែលមានអាយុប្រមាណ១៣ឆ្នាំ បន្តរស់នៅជាមួយខ្មែរក្រហមក្នុងព្រៃ។ នៅក្នុងព្រៃ កូនរបស់ ម៉ិច មាននាទីជាអ្នកមើលថែដំរី ហើយការហូបអាហារក្នុងមួយថ្ងៃបានបាយត្រឹមតែមួយចានចង្កឹះប៉ុណ្ណោះ នៅម៉ោង៧ព្រឹក។ នៅពេលដែលអស់ស្បៀង កូនរបស់ម៉ិច បានចេញមកសុំអង្ករប្រជាជន រហូតដល់ថ្ងៃមួយបានជួបជាមួយកងឈ្លបម្នាក់ដែល ម៉ិច បានផ្ដាំផ្ញើឲ្យហៅកូនរបស់គាត់ត្រលប់មកផ្ទះវិញ។ កូនប្រុសរបស់ម៉ិចបានត្រលប់មករស់នៅផ្ទះរយៈពេល២ខែ ទើបម៉ិច នាំគ្រួសារមករស់នៅខេត្តតាកែវវិញ។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ម៉ិច បានឲ្យដឹងថា ខ្លួនមិនដែលនិយាយរឿងរ៉ាវដែលបានកើតឡើងក្នុងសម័យខ្មែរក្រហម ប្រាប់ទៅកូនរបស់គាត់នោះទេ ព្រោះកូនប្រុសរបស់គាត់មិនឲ្យគាត់រំឮកទាល់តែសោះ៕
[1] កិច្ចសម្ភាសជាមួយឈ្មោះ លី ម៉ិច នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដោយកែប ម៉ៃ សុជាតិ ក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាព សុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, មជ្ឈមណ្ឌលឯកសារកម្ពុជា។

