សាន ថុន៖ អង្គការជម្លៀសគ្រួសារខ្ញុំទៅរស់នៅក្នុងព្រៃភ្នំ

សាន ថុន ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ថុនឈ្មោះ អុក សាន ហើយម្ដាយឈ្មោះ លុយ ធុច និងមានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រី៤នាក់។ ថុនមានប្ដីឈ្មោះ ជា នាង និងមានកូនចំនួន៥នាក់ ក្នុងនោះមានស្រី។
កាលពីក្មេង ថុន បានឈប់រៀននៅថ្នាក់ទី៨ នៅសាលាចំបក់ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីដំណែងប្រមុខរដ្ឋ នៅឆ្នាំ១៩៧០។ មន្ទាប់មកក្នុងភូមិបចាម ចាប់ផ្ដើមមានការបាញ់ប្រហារ, ការទម្លាក់គ្រាប់ និងផ្លោងគ្រាប់ពីបន្ទាប់នៅផ្សារអូចំបក់មក។ ការទម្លាក់គ្រាប់បែកនេះ បានធ្វើឲ្យឪពុករបស់ថុន និងប្រជាជនផ្សេងទៀតត្រូវរបួស ហើយទ្រព្យសម្បត្តិ និងផ្ទះជាច្រើនខ្នង ត្រូវបានភ្លើងឆេះស្ទើរតែទាំងអស់។ បន្ទាប់ពីភ្លើងឆេះផ្ទះអស់ ថុន បានរស់នៅជាមួយតាយាយ ជាបណ្ដោះអាសន្ន ហើយឪពុករបស់គាត់ត្រូវទៅសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ១ខែ រួចបន្តរស់នៅទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧២ ថុន បានផ្លាស់ទៅរស់នៅជាមួយគ្រួសារ នៅម្ដុំផ្សារដើមថ្កូវ សង្កាត់បឹងទំពុន រាជធានីភ្នំពេញ។ នៅទីក្រុងភ្នំពេញ ថុន មិនបានចូលរៀនសូត្របន្តទៀតនោះទេ ព្រោះគាត់ត្រូវខំរកប្រាក់ចិញ្ចឹមប្អូន និងផ្គត់ផ្គង់ឲ្យប្អូនបានចូលរៀន។ ជារៀងរាល់ថ្ងៃ ថុន ត្រូវចុះបេះត្រកួនជ្រូកទុកឲ្យម៉ូយមកយកដល់កន្លែង និងបេះត្រកួនស្លយកទៅលក់នៅផ្សារ។
នៅឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ និងចាប់ផ្ដើមជម្លៀសប្រជាជនទាំងអស់ឲ្យទៅស្រុកកំណើតរយៈពេល៣ថ្ងៃ។ មុនពេលជម្លៀសចេញពីផ្ទះ គ្រួសារថុន បានរៀបចំអង្ករ សម្ភារ និងខោអាវបន្តិចបន្តួច មកតាមខ្លួន ដើម្បីផ្គង់ផ្គង់រយៈពេលខ្លី ព្រោះគ្រួសារគាត់គិតថាបានត្រលប់ចូលក្រុងវិញ។ ពេលចេញពីផ្ទះ គ្រួសារថុន ត្រូវធ្វើដំណើរដោយថ្មើរជើងជាមួយមនុស្សណែនណាន់តាន់តាប់ ហើយយប់កន្លែងណាសម្រាកកន្លែងនោះ និងរកទឹកតាមត្រពាំង ឬថ្លុកក្បែរៗនោះដើម្បីងូត។ ថុន បានបន្តថា គ្រួសាររបស់គាត់បានចំណាយពេល៤យប់ និង៥ថ្ងៃ ទើបទៅដល់ភូមិបចាម។
នៅថ្ងៃបន្ទាប់ កងឈ្លបឈ្មោះចាន់ និងបក្ខពួក បានមកចាប់ចង ឪពុក, ពូ និងប្រជាជនផ្សេងទៀតដែលជាអតីតទាហាន លន់ នល់ បណ្ដើរចេញពីភូមិ ដោយលើកហេតុផលថា យកទៅធ្វើការងាររយៈពេល៥ថ្ងៃ។ នៅពេលចាប់ខ្លួន ថុន មិនបានឃើញផ្ទាល់ភ្នែកទេ ប៉ុន្តែគាត់បានឃើញឪពុក, ពូ និងអ្នកដែលអង្គការចាប់ទាំងអស់ត្រូវចងដៃទៅក្រោយ រួចដើរនៅតាមផ្លូវ។ នៅពេលឃើញដូច្នេះ ថុន គិតថា ឪពុករបស់គាត់ និងអ្នកទោសទាំងអស់ ត្រូវបានអង្គការបណ្ដើរយកទៅសម្លាប់នៅវត្តកកោះ។ ការបាត់បង់ឪពុកនេះ បានធ្វើឲ្យ ថុន មានការសោកស្ដាយដែលជម្លៀសចូលមកក្នុងភូមិបចាមវិញ។ ថុន យល់ថា ឪពុករបស់គាត់អាចនៅរស់រានមានជីវិត ប្រសិនបើគ្រួសារគាត់ជម្លៀសទៅស្រុកដទៃ ដែលមិនស្គាល់ប្រវត្តិរបស់ឪពុកគាត់។
ចំពោះសមាជិកគ្រួសារថុន អង្គការបានចោទប្រកាន់ថាគ្រួសារនាយទុន ប្រតិកិរិយា រួចបញ្ជូនទៅឡុងធុន រយៈពេលប្រមាណ៤ខែ។ នៅកន្លែងថ្មី អង្គការបានបំបែកគ្រួសារថុន ឲ្យទៅរស់នៅ និងធ្វើការងារផ្សេងគ្នា ដោយខ្លួនរបស់ថុនផ្ទាល់ ត្រូវទៅធ្វើការងារកាប់ដី និងរែកដី ដើម្បីធ្វើប្រឡាយក្នុងក្រុមកងចល័ត ហើយប្អូនៗចូកក្នុងកងកុមារ និងម្ដាយរស់នៅ និងធ្វើការងារក្នុងសហករណ៍។ ចំណែកការហូបអាហារវិញ ក្រុមកងចល័ត ទទួលបានបាយ ឬបបរមួយជង ហូបជាមួយសម្លត្រកួន ឬដើមចេក ល្អប្រសើរជាងអាហាររបស់ប្រជាជននៅក្នុងសហករណ៍។
បន្ទាប់មកអង្គការបានជម្លៀសគ្រួសារថុន ដែលមានសមាជិកគ្រួសារចំនួន ១១នាក់ ក្នុងនោះមានលោកយាយលោកតា, ម្ដាយ, ពូ និងបងប្អូនខ្ញុំចំនួន៧នាក់ រួមជាមួយប្រជាជនជាច្រើនអ្នកផ្សេងទៀត តាមរថយន្តដឹកទៅដល់ខេត្តពោធិ៍សាត់ រួចបន្តជិះថរភ្លើងទៅដល់ខេត្តបាត់ដំបង។ ពេលទៅដល់ខេត្តបាត់ដំបង គ្រួសាររបស់ថុន ត្រូវបន្តដើរកាត់តាមព្រៃ ភ្នំ រហូតទៅរស់នៅភូមិសាយ(ក្នុងព្រៃ) ស្រុកកោះក្រឡរ តំបន់១។ ពេលទៅដល់ភ្លាម ប្រជាជនដើររកកាប់ឈើ មកសង់រោងខ្លួនឯងសម្រាប់ជ្រក ប៉ុន្តែប្រសិនបើគ្រួសារណាគ្មានតង់ ឬអ្វីជ្រកគឺត្រូវសម្រាកហាលខ្យល់។
មួយវិញទៀត អង្គការមិនទាន់ឲ្យប្រជាជនធ្វើការងារភ្លាមទេ ព្រោះពេលនោះមិនទាន់មានស្បៀងហូបគ្រប់គ្រាន់ ហេតុនេះហើយបានជាប្រជាជនត្រូវដើររកបន្លែផ្សេងៗយកមកដាំលាយជាមួយអង្ករមួយកំប៉ុង និងអំបិលមួយស្លាបព្រា ដែលអង្គការចែកឲ្យហូបរយៈពេល៥ថ្ងៃ។ ដើម្បីចម្អែតក្រពះ ថុន ត្រូវចេញទៅរកបន្លែត្រកួន យកមកបបរជាមួយអង្ករតិចតួច រួចលិតជាមួយអំបិលមួយដុំៗ។ ការស្នាក់នៅភូមិសាយ បានធ្វើឲ្យប្រជាជនស្លាប់ជាច្រើននាក់ដោយសាររងាខ្លាំង, កង្វះអាហារហូបចុក និងឈឺគ្មានថ្នាំព្យាបាល។ សម្រាប់គ្រួសាររបស់ថុន បានបាត់បង់លោកយាយម្នាក់ ដោយសារជំងឺហើម និងគ្មានអាហារហូបចុក។
បន្ទាប់មក នៅពេលដែលប្រជាជនថ្មីស្លាប់អស់ច្រើន ជិតពាក់កណ្ដាល ទើបអង្គការបញ្ជូនប្រជាជនឲ្យទៅរស់នៅក្បែរជើងភ្នំ ភូមិអន្លង់ត្រាច ជាមួយប្រជាជន១៨ មីនា ឬប្រជាជនមូលដ្ឋាន។ នៅទីនោះ អង្គការនៅតែបន្តឲ្យប្រជាជនស្វែងរកអាហារហូបដោយខ្លួនឯង និងមិនទាន់ចាត់តាំងឲ្យធ្វើការងារអ្វីទាំងអស់ ព្រោះមិនទាន់មានអាហារចែកឲ្យប្រជាជន។ ប៉ុន្តែនៅភូមិអន្លង់ត្រាច មានភាពល្អប្រសើរជាភូមិសាយបន្តិច ព្រោះប្រជាជន១៧មេសា អាចយកវត្ថុមានតម្លៃទៅដូរយកអង្ករពីអ្នកមូលដ្ឋាន។ បើទោះបីជាយ៉ាងណា ថុន បានបាត់បង់លោកតា និងប្អូនម្នាក់ ដោយកង្វះអាហារហូបចុក ហើយកើតជំងឺហើមគ្មានថ្នាំព្យាបាល។
មិនយូរប៉ុន្មាន អង្គការបានជម្លៀសប្រជាជនថ្មី ទៅភូមិព្រៃលានបន្តទៀត។ ពេលធ្វើដំណើរទៅដល់ព្រៃលាន ប្រជាជនចាប់ផ្ដើមធ្វើរោងស្នាក់នៅដោយខ្លួនឯង និងទទួលបានអាហារហូបគ្រប់គ្រាន់ពីអង្គការ។ នៅពេលដែលរកកន្លែងរស់នៅបានស្រួល អង្គការចាប់ផ្ដើមបញ្ជូន ថុន ទៅចូលធ្វើការងារក្នុងកងនារី និងធ្វើការងារក្នុងព្រៃ។ ពេលចេញទៅធ្វើការងារ ថុន ត្រូវកាប់ឈើយកមកធ្វើជំរកដោយខ្លួនឯង មុនពេលចេញទៅធ្វើការងារលើកទំនប់, ជីកប្រឡាយ, ទប់ស្ទឹងហត និងទប់ស្ទឹងសង្កែឆ្ងាយៗ។ ក្រុមកងនារី ថុន ត្រូវដើរទៅធ្វើការងារឆ្ងាយៗពីកន្លែងមួយទៅកន្លែងមួយទៀត និងមិនដែលបានជួបជុំគ្រួសារនៅផ្ទះ។
នៅចុងឆ្នាំ១៩៧៨ ថុន និងនារីកងចល័ត បានឮដំណឹងមួយចំនួន ទើបនាំគ្នារត់ឡើងលើភ្នំជួរភ្នំក្រវ៉ាញ ដើម្បីគេចពីការគ្រប់គ្រងរបស់កម្មាភិបាលខ្មែរក្រហម។ នៅលើភ្នំ ថុន បានដើររកជីកក្ដួច យកមកត្រាំហូប ហើយពេលខ្លះគាត់បានចូលរួមជាមួយមិត្តក្នុងកង ទៅប្លន់ស្រូវរបស់អង្គការនៅក្នុងជង្រុក។ ពេលចូលទៅប្លន់ស្រូវ ប្រជាជនបានបាត់បង់ជីវិតជាច្រើននាក់ ដោយសារតែការបាញ់ប្រហាររបស់អង្គការ និងប៉ះជាមួយគ្រាប់មីន ដែលបង្កប់ក្នុងស្រូវ។ ចំណែកប្រជាជនភាគច្រើនទៀត ស្លាប់ដោយសារគ្មានអាហារហូប, ឈឺគ្មានថ្នាំព្យាបាល និងស្លាប់ដោយសារត្រូវគ្រាប់។
ថុន និងក្រុមរបស់គាត់ ធ្វើដំណើរចុះឡើងពីភ្នំមួយទៅភ្នំមួយទៀត រយៈពេល៦ខែ ទើបបានជួបជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម មកចាប់ប្រធានក្រុមគាត់ឡើងលើយន្តហោះ ហើយថុន និងសមាជិកក្រុមផ្សេងទៀត ត្រូវចាប់ដាក់លើឡានបញ្ជូនមកឃុំឃាំងក្បែរផ្សារស្រុកមោង ខេត្តបាត់ដំបង ព្រោះគិតថាជាក្រុមខ្មែរក្រហម។ ពេលនៅឃុំឃាំង ថុន មានការភ្ញាក់ផ្អើលខ្លាំង ព្រោះគាត់ឃើញមានប្រជាជន លក់ដូរច្រើនក្នុងផ្សារ។
កន្លះខែក្រោយមក កងទ័ពវៀតណាមបានដោះលែង ថុន និងប្រជាជនវិញ ព្រមទាំងបានចែកអង្ករឲ្យប្រជាជនទៅតាមរកគ្រួសារ ឬត្រលប់មកស្រុកកំណើតវិញ។ ការចែកអង្ករនេះទៀត គឺទទួលបានមិនស្មើគ្នានោះទេ ដោយអ្នកស្រុកឆ្ងាយទទួលបានអង្ករ៣តាវ ហើយអ្នកនៅជិតទទួលបានអង្ករប្រមាណ១តាវ។ នៅពេលចេញពីឃុំឃាំង ថុន បានធ្វើដំណើរទៅរកម្ដាយ និងស្នាក់នៅស្រុកមោង និងមិនមានបំណងត្រលប់មកស្រុកកំណើតនោះទេ។ ប៉ុន្តែដោយសារកូនរបស់គាត់ឈឺច្រើន ហើយការរកស៊ីបេះត្រកួន និងអំពិល យកទៅលក់ដូរក្នុងផ្សារបានចំណូលបន្តិចបន្តួច ទើបនាំធ្វើរទេះរុញមួយ អូសអង្ករមកស្រុកកំណើត។ នៅតាមផ្លូវធ្វើដំណើរ គ្រួសាររបស់ថុន បានធ្វើការងារគាស់ដំឡូង យកទៅលក់នៅស្ថានីយ៍រថភ្លើងខេត្តពោធិ៍មួយឆ្នាំទើបមានប្រាក់សម្រាប់ធ្វើសោហ៊ុយធ្វើដំណើរ ទើបមកដល់ស្រុកកំណើត។
សម្ភាសដោយ៖ កែប ម៉ៃ សុជាតា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦

