យឹម ឡង់ឌី៖ រៀបការម្ដងចំនួន២៦គូ

យឹម ឡង់ឌី ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឡង់ឌី មានឪពុកឈ្មោះ យឹម អាន ហើយម្ដាយឈ្មោះ អុក រ៉េត និងមានបងប្អូន3នាក់ ក្នុងនោះមានស្រីម្នាក់។ កាលពីក្មេង ឡង់ឌី បានចូលរៀនដំបូងនៅឆ្នាំ១៩៦១ នៅសាលាបឋមសិក្សាចំបក់។ឡង់ឌី មានប្រពន្ធឈ្មោះ យឹម ស៊ីណា និងមានកូន៥នាក់ ក្នុងនោះមានស្រី៣នាក់។

នៅឆ្នាំ១៩៧០ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ស្ថានភាពនៅក្នុងភូមិបចាម មានការប្រែប្រួល ព្រោះមានសង្គ្រាមប្រយុទ្ធគ្នា, ការផ្លោងគ្រាប់បែក និងទម្លាក់គ្រាប់បែកជាញឹកញាប់។ នៅពេលដែលមានសង្គ្រាម សាលារៀនត្រូវបិទទ្វា ហើយផ្ទះរបស់ប្រជាជនជាច្រើន រួមទាំងផ្ទះរបស់ឡង់ឌី ត្រូវបានភ្លើងឆេះអស់នៅពេលទម្លាក់គ្រាប់។ បន្ទាប់ពីឆេះផ្ទះអស់ គ្រួសារឡង់ឌី បានសម្រេចចិត្តធ្វើដំណើរដោយថ្មើរជើង និងមានរម៉កដឹកសម្ភារបន្តិចបន្តួចដែលនៅសេះសល់ពីភ្លើងឆេះ ទៅទីក្រុងភ្នំពេញ។ នៅទីក្រុងភ្នំពេញ គ្រួសាររបស់ឡង់ឌីស្នាក់នៅម្ដុំផ្សារអូឬស្សី ហើយឡង់ឌី បានចូលរៀនបន្តទៀតថ្នាក់ទី៦ រហូតដល់របបសាធារណខ្មែរដួលរលំ។

នៅខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានចូលទៅគ្រប់គ្រងទីក្រុងភ្នំពេញ និងបានឃោសនាឲ្យប្រជាជនចាក់ចេញពីភ្នំពេញមួយរយៈ។ ដោយសារតែជឿតាមការឃោសនារបស់អង្គការ គ្រួសាររបស់ឡង់ឌី បានរៀបចំសម្លៀកបំពាក់ និងសម្ភារបន្តិចបន្តួចមកជាមួយ ព្រោះគិតថាបានត្រលប់ទៅវិញ។ នៅតាមផ្លូវធ្វើដំណើរ គ្រួសាររបស់ឡង់ឌី បានជួបការលំបាកយ៉ាងខ្លាំង ព្រោះមិនមានកន្លែងសម្រាក និងងូតទឹកត្រឹមត្រូវ។ គ្រួសាររបស់ឡង់ឌី បានចំណាយពេលរយៈពេលប្រមាណ៤យប់ និង៤ថ្ងៃ ទើបទៅដល់ភូមិបចាម ដែលជាស្រុកកំណើត។

ពេលធ្វើដំណើរមកដល់ភូមិ ប្រធានសហករណ៍បានកត់ឈ្មោះ និងរៀបចំកន្លែងស្នាក់នៅសម្រាប់គ្រួសារឡង់ឌី។ បន្ទាប់មក អង្គការបានចែកអង្ករតាមគ្រួសារ រួចចាត់ចែងការងារឲ្យប្រជាជនផ្សេងៗគ្នា ដោយឡង់ឌី ត្រូវចូលក្នុងកងចល័តយុវជន ព្រោះគាត់មិនទាន់មានគ្រួសារ ហើយអ្នករៀបការរួច ត្រូវចូលក្នុងកងចល័តបុរស ឬនារី និងក្មេងៗ ត្រូវចូលក្នុងកងកុមារ។

នៅក្នុងកងចល័តយុវជនឃុំចំបក់ ឡង់ឌី ត្រូវចេញទៅធ្វើការងារឆ្ងាយៗពីសហករណ៍ ហើយពេលខ្លះត្រូវឆ្លងទៅដល់ស្រុកអង្គរបូរី។ ចំពោះការងារ អង្គការបានចាត់តាំងនៅតាមរដូវការល ដោយរដូវវស្សា យុវជនទាំងអស់ត្រូវចេញទៅធ្វើស្រែ ស្ទូង ដក និងច្រូតស្រូវ ហើយរដូវប្រាំង ត្រូវធ្វើការងារ លើកទំនប់ និងជីកប្រឡាយ។ ពេលចេញទៅធ្វើការងារ យុវជនទាំងអស់មិនមានសិទ្ធតវ៉ា ឬប្រឆាំងនោះទេ ព្រោះខ្លាចអង្គការចោទប្រកាន់ថាជាខ្មាំង រួចយកទៅសម្លាប់ចោល។ ជាក់ស្ដែង នៅពេលយប់ឡើង អង្គការបានមកចាប់យុវជននៅក្នុងកងចល័តរបស់ឡង់ឌី ជាបន្តបន្ទាប់។

បន្ទាប់មក ឡង់ឌី បានស្ម័គ្រចិត្តរៀបការ តាមការរៀបចំរបស់អង្គការ ជាមួយប្រពន្ធឈ្មោះ យឹម ស៊ីណា រួមជាមួយយុវជន២៥គូរផ្សេងទៀត។ នៅពេលរៀបការ អង្គការបានរៀបចំឲ្យបុរស និងស្រ្ដី អង្គុយក្បែរគ្នា រួចចាត់តាំងឲ្យតំណាងយុវជនមួយគូឡើងប្ដេជ្ញាមុខកម្មាភិបាលខ្មែរក្រហម ទើបបញ្ចប់កម្មវិធី។ នៅពេលរៀបការរួច ឡង់ឌី បានចេញទៅក្នុងកងចល័តបុរស ដើម្បីធ្វើការងារជាន់រហាត់ទឹកធ្វើស្រែប្រាំង និងជីកប្រឡាយនៅក្រៅសហករណ៍។ ឡង់ឌី រៀបការរួចបានប្រមាណជិត២ខែ ទើបរបបខ្មែរក្រហមដួលរលំ។

នៅក្នុងរបបខ្មែរក្រហម ឡង់ឌី ត្រូវជួបប្រទះនូវការព្រាត់ប្រាស់ និងបាត់បង់សមាជិកគ្រួសារយ៉ាងខ្លោចផ្សា។ ក្នុងចំណោមសាច់ញាតិ១៥នាក់ មានគ្រួសាររបស់បងប្រុស១គ្រួសារ ម្ដាយមីង១គ្រួសារ បាត់បង់ជីវិតដោយសារការបង្អត់អាហារ និងការធ្វើទារុណកម្ម នៅខេត្តបាត់ដំបង។ អ្វីដែលកាន់តែឈឺចាប់នោះ គឺបងប្រុសម្នាក់ទៀតរបស់គាត់ ដែលជាអតីតមន្ត្រីប៉ូលីស ត្រូវបានអង្គការចាប់យកទៅវាយសម្លាប់ចោលនៅវត្តព្រែកហូរ។

ក្រោយពេលរបបខ្មែរក្រហមដួលរលំ ឡង់ឌី បានសម្រេចចិត្តចូលបម្រើការងារជាគ្រូបង្រៀន និងបានបន្តការសិក្សាផ្នែកច្បាប់គ្រូបន្ថែមនៅខេត្តតាកែវ។ ក្នុងនាមជាអ្នកអប់រំម្នាក់ ឡង់ឌី តែងតែឆ្លៀតពេលរៀបរាប់រឿងរ៉ាវជូរចត់របស់គាត់ ដូចជា ការធ្វើការងារធ្ងន់ហួសកម្លាំង ការបែកបាក់គ្រួសារ និងការអត់ឃ្លាន ទៅកាន់សិស្សានុសិស្ស ក៏ដូចជាកូនចៅជំនាន់ក្រោយ ដើម្បីឱ្យពួកគាត់បានដឹង និងចងចាំនូវប្រវត្តិសាស្ត្រនេះ។

សម្ភាសដោយ៖ កែប ម៉ៃ សុជាតា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin