សុខ ឡៃ៖ ធ្លាប់ធ្វើការនៅស្រែអំបិល និងទទួលភ្ងៀវនៅខេត្តបាត់ដំបង

សុខ ឡៃ អាយុ៦០ឆ្នាំ រស់នៅ ភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ រឿងរ៉ាវដែល ឡៃ ចងចាំមិនភ្លេចនោះគឺការលុតដំក្នុងមន្ទីរកខ នៅត្រពាំងអណ្ដើក មុនពេលអង្គការបញ្ជូនទៅធ្វើការងារនៅស្រែអំបិល។ នៅក្នុងការលុតដំ អង្កការបានរៀបចំដាំបបរមួយខ្ទះដាក់អង្ករមួយកំប៉ុង លាយជាមួយដំឡូងមី រួចចែកប្រជាជនម្នាក់មួយវែក ទៅពីរវែកហូបក្នុងមួយពេល។ ឡៃ ទទួលការលុតដំរយៈពេលប្រមាណ២០ថ្ងៃ ទើបអង្កការបញ្ជូនគាត់ទៅស្រែអំបិល និងទទួលបានបាយ១វែកក្នុងមួយពេល។ នៅស្រែអំបិល ឡៃ មាននាទីជាអ្នកធ្វើអំបិល ចាប់តាំងពីការធ្វើដី រហូតដល់រែកអំបិលដាក់ឃ្លាំង។
ឡៃ ធ្វើស្រែអំបិលបានមួយរយៈ តាម៉ុក បានបញ្ជូនគាត់ទៅខេត្តបាត់ដំបង តាមរយៈរថភ្លើងពេលយប់ជាមួយនារីជាច្រើននាក់ទៀត។ នៅខេត្តបាត់ដំបង អង្គការបានបែងចែកនារីទាំងអស់ឲ្យទៅធ្វើការងារនៅកន្លែងខុសៗគ្នា ដោយអ្នកខ្លះចូលទៅកន្លែងចិញ្ចឹមសត្វ, ធ្វើស្រែ ហើយ ឡៃ ទៅធ្វើការងារជាអ្នកទទួលភ្ញៀវ។ ឡៃ បានឲ្យដឹងថា នៅពេលដែលមានភ្ងៀវមក គាត់គឺជាអ្នកយកសោរទៅចាក់បន្ទប់ឲ្យភ្ញៀវសម្រាក។ ឡៃ ធ្វើការងារនៅកន្លែងទទួលភ្ញៀវ រហូតដល់កងទ័ពស្ម័គ្រចិត្តវៀតណាមចូលមក និងបានរត់ភៀសខ្លួនទៅនៅជាច្រើនកន្លែងទៀត។ នៅពេលរត់ភៀសខ្លួន ឡៃ បានឃើញមនុស្សស្លាប់ដោយសារត្រូវគ្រាប់ជាច្រើននាក់ ហើយក្រោយមកកងទ័ពរំដោះបាននាំគាត់មក ខេត្តបាត់ដំបងវិញ។
ឡៃ ស្នាក់នៅបាត់ដំបងបានមួយរយៈពេលខ្លី ទើបមានឡានជូនគាត់ត្រលប់មកស្រុកកំណើតនៅខេត្តតាកែវវិញ។ ពេលមកដល់ផ្ទះ ឡៃ បានដឹងថា ពូរបស់គាត់ពីរនាក់ និងមីងម្នាក់ទៀត បានបាត់ដំណឹងទាំងគ្រួសារ។ ចំណែកការសម្លាប់មនុស្សនៅក្នុងសម័យខ្មែរក្រហម ឡៃ មិនបានឃើញអង្គការសម្លាប់មនុស្សផ្ទាល់ទេ ប៉ុន្តែបានឮដំណឹងថាកម្មាភិបាលខ្មែរក្រហមបានបណ្ដើរមនុស្សយកទៅសម្លាប់នៅលើភ្នំសំពៅជាច្រើននាក់។
ឡៃ បន្តថា ខ្លួនមិនបានតាមដានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ប៉ុន្តែគាត់ពេញចិត្តការកាត់ទោស។ ឡៃ មិនចង់ឲ្យរបបខ្មែរក្រហមវិលត្រលប់មកវិញនោះទេ ហេតុនេះហើយបានជាគាត់ចង់ឲ្យមានការពន្យល់ប្រាប់ក្មេងជំនាន់ក្រោយពីការលំបាករបស់ប្រជាជនក្នុងរបបខ្មែរក្រហម។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ឡៃ មានជំងឺរលាកក្រពះពោះវៀន និងរលាកបំពង់ក។ ក្រៅពីជំងឺខាងលើ គាត់មានជំងឺលើសឈាម និងឡើងជាតិអាស៊ីត។ ដើម្បីព្យាបាលជំងឺ ឡៃ បានប្រើប្រាស់ថ្នាំខ្មែរយកទៅដាំហូប។
អត្ថបទដោយ៖ ភា រស្មី
សម្ភាសដោយ៖ ហួ ស៊ីណាត ថ្ងៃទី១៧ ខែកញ្ញា ២០២១

