មិន ទូច៖ មនុស្សស្លាប់យ៉ាងអាណោចអាធ័ម

មិន ទូច អាយុ៤៧ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ទូច ចងចាំថា គាត់បានធ្វើដំណើរទៅតាមម្ដាយនៅកន្លែងធ្វើការងារ។ ដោយសារតែ ទូច នៅក្មេងពេកបានជាគាត់មិនបានធ្វើការងារនោះទេ ហើយរបបអាហារដែលគាត់ទទួលបានគឺបាយ ឬបបរលាយជាមួយដំឡូងមី។ នៅក្នុងសម័យខ្មែរក្រហម ទូច បានទទួលសម្លៀកបំពាក់ពីម្ដាយរបស់គាត់បន្តិចបន្តួច ហើយគ្មានស្បែកជើងពាក់នោះទេ។ ចំណែកសាប៊ូដុះខ្លួន, ថ្នាំដុះធ្មេញ, សាប៊ូកក់សក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតគឺមិនមាននោះទេ។ ដើម្បីជំនួសសាប៊ូកក់សក់ ទូច បានយកស្លឹកគ ឬត្នោតទុំទៅកក់សក់ ប៉ុន្តែមិនមានពពុះនោះទេគឺជួយឲ្យតែសក់ទន់តិចតួច។

នៅដើមឆ្នាំ១៩៧៩ ទូច បានធ្វើដំណើរទៅតាមម្ដាយ រហូតដល់ព្រំប្រទល់ថៃ។ នៅពេលធ្វើដំណើរ ទូច មិនមានស្បែកជើងពាក់នោះទេ ហេតុនេះហើយបានជាគាត់ឈឺជើងយ៉ាងខ្លាំង។ ជើងរបស់ ទូច បានហើមប៉ោងខ្លាំង ហើយកន្លែងដែលមានដំបៅ បានក្លាយជាមានសត្វដង្កូវ ព្រោះគាត់ដើរកាត់ភក់។ ដោយសារតែឈឺជើងខ្លាំងពេក ទូច បានស្រែកយំ ប៉ុន្តែអង្គការបានគំរាមបាញ់គាត់សម្លាប់ចោល។ ពេលឮដូច្នេះម្ដាយរបស់ទូច បានមកចាប់គាត់ខ្ទប់មាត់កុំឲ្យយំ។

នៅពេលធ្វើដំណើរ មិនមែនមានតែ ទូច ទេដែលយំ ប៉ុន្តែមានប្រជាជនជាច្រើននាក់ទៀតដែលយំ និងស្លាប់ នៅតាមផ្លូវដោយសារអត់អាហារ និងត្រូវគ្រាប់។ ទូច បានបន្តថា គាត់បានឃើញកុមារយំទារម្ដាយហូបអាហារនៅពេលដែលម្ដាយកំពុងតែស្ល។ ប៉ុន្តែមិនទាន់បានហូបផង ស្រាប់តែមានគ្រាប់កាំភ្លើងហោះមកត្រូវក្មេងនោះស្លាប់ភ្លាមៗ។ ពេលមានការបាញ់គ្នាដូច្នេះ សមាជិកគ្រួសារបានត្រឹមតែកាច់ស្លឹកឈើតិចតួចក្បែរនោះយកទៅគ្របមុខ រួចរត់ទៅបន្តទៀត។ ចំណែកគ្រួសារខ្លះទៀត ដោយសារតែឃ្លានខ្លាំងពេក បានគាស់មើមរុក្ខជាតិ ឬបេះស្លឹកឈើផ្សេងៗទៀតមកស្លហូប ហើយអ្នកដែលប៉ះរបស់ពុលស្លាប់ទាំងគ្រួសារក៏មាន។

នៅតាមផ្លូវធ្វើដំណើរ ទូច បានឃើញក្មេងតូចៗជាច្រើននាក់ ដែលគ្មានម្ដាយឪពុក វាទៅឱបជើងប្រជាជនដែលធ្វើដំណើរតាមផ្លូវ ឬដេកក្បែរផ្លូវ ហើយស្រែកហៅឲ្យប្រជាជនដែលកំពុងធ្វើដំណើរឲ្យយកទៅជាមួយ ព្រោះខ្លួន គ្មានអាហារហូប និងគ្មានកម្លាំងធ្វើដំណើរទៅមុខបន្តទៀត។ ចំពោះក្មេងៗដែលដេកនោះ ទូច ឃើញមានដំបៅពេញខ្លួន និងគ្មានកម្លាំងទាល់តែសោះ ប៉ុន្តែមិនមានអ្នកណាជួយនោះទេ ព្រោះម្នាក់ៗរត់រកព្រះអាយុរៀងៗខ្លួន។ ទូច គិតថាក្មេងៗដែលនៅទីនោះប្រហែលជាស្លាប់អស់ហើយព្រោះមិនមានអ្នកជួយនោះទេ។

ពេលធ្វើដំណើរទៅមុខបន្តទៀត ទូច បានឃើញសាកសពនារីក្រមុំៗជាច្រើននាក់ស្លាប់តាមផ្លូវ។ សាកសពរបស់នារីទាំងអស់នោះគឺត្រូវបានបាត់ទ្រូងម្ខាង មិនដឹងទៅណា។ ពេលទៅកន្លែងផ្សេងទៀត ទូច បានឃើញសាកសពមនុស្សចាស់ៗអង្គុយលើផ្ទាំងថ្មធំៗ រួចផ្កាប់មុខចុះក្រោម។ បើតាម ទូច គិត សាសពទាំងនោះប្រហែលជាគាត់អង្គុយស្លាប់ ព្រោះអត់មានអាហារហូប។ ទូច បានបន្តថា នៅពេលធ្វើដំណើរ គាត់បានឃើញមនុស្សស្លាប់ជាបន្តបន្ទាប់ ពេញព្រៃ ហើយសត្វរុយក្បាលខៀវ ដែលរោមសាកសពមានទំហំធំៗណាស់។ ពេលឃើញដូច្នេះ ទូច មិនមានអារម្មណ៍ភ័យខ្លាចខ្មោចនោះទេ ប៉ុន្តែគាត់កើតមានសេចក្ដីសង្វេគ និងអាណិតអាសូរខ្លាំងណាស់ ប៉ុន្តែមិនអាចជួយអ្វីបាន ព្រោះប្រជាជនផ្សេងទៀតរួមទាំង ទូច និងម្ដាយ ស្ទើរតែបាត់បង់ជីវិតដូចគ្នា។

នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ទូច បានឲ្យដឹងថា ខ្លួនពេញចិត្តចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ មួយវិញទៀត ទូច ចង់ឲ្យក្មេងៗជំនាន់ក្រោយបានសិក្សាពីប្រវត្តិសាស្រ្ដខ្មែរក្រហម តាមរយៈការចងក្រងជាសៀវភៅ ឬបង្កើតទីតាំងណាមួយដើម្បីបង្ហាញរូបភាពក្នុងសម័យនោះ។

អត្ថបទដោយ៖ ភា រស្មី 

សម្ភាសដោយ៖ កាន់ សុខភាព ថ្ងៃទី០៤ ខែកញ្ញា ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin