នេត ម៉ុន៖ ខ្មែរក្រហមនាំប្រជាជនថ្មីទៅទឹកឈូ

នេត ម៉ុន រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ នេត​ ម៉ុន​​ ភេទស្រី​​​ មានអាយុ​ ៦២​ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ម៉ុន មានឪពុកឈ្មោះ នាក់, ម្ដាយឈ្មោះ ង៉យ (ផុន) និងមានបងប្អូនដប់នាក់។ ម៉ុន មានប្តីឈ្មោះ ញ៉ និងមានកូនប្រាំមួយនាក់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ម៉ុន ចូលរៀនបានមួយសប្ដាហ៍នៅសាលាវត្តព្រៃត្រសក់។ នៅពេលនោះ ម៉ុន មានអាយុ១២ឆ្នាំ។ មួយសប្តាហ៍ក្រោយមក គាត់បានឈប់រៀន និងត្រលប់ទៅឃ្វាលគោក្របី ដោយសារមានការបាញ់ប្រហារ និងការទម្លាក់គ្រាប់បែកនៅភូមិខ្នាយ។ មិនយូរប៉ុន្មាន ម៉ុន ត្រូវរត់ចូលលេណដ្ឋាន និងរត់គេចខ្លួនទៅភូមិឫស្សីជុំ។ ម៉ុន ថាមានវត្តមានកងទ័ពធីវគីចូលមកធ្វើបាបប្រជាជន និងប្រមូលយកសម្ភារនៅក្នុងភូមិ។

នៅរបបខ្មែរក្រហមឆ្នាំ១៩៧៥ ម៉ុន ដែលមានអាយុ១៤ឆ្នាំ និងជាប្រជាជនចាស់ បានចូលធ្វើការក្នុងកងនារី នៃអង្គភាពកងវរលេខ៩។ ម៉ុន ត្រូវធ្វើការតាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ព្រឹក និងបន្តពីម៉ោង១ថ្ងៃរហូតដល់ពេលល្ងាច។ ម៉ុន ត្រូវរែកដី, រែកអាចម៍គោ និងលើកទំនប់នៅទំនប់កំពង់ស្វាយ, ទំនប់ទាន់ហន់ និងទំនប់កោះស្លា។

ក្រោយមក ម៉ុន ត្រូវធ្វើការដូចជាស្ទូង និងរែកដីនៅភូមិទូកមាស, ភូមិគោកវែង, និងភូមិឫស្សីជុំ ដឹកនាំដោយមេកងហា និងមានសមាជិកក្រុមប្រាំបីនាក់។ នៅពេលសម្រាក គឺមានកងសេដ្ឋកិច្ចយកបបរមកចែក ដោយម្នាក់ទទួលបានបបរពីរវែក និងសម្លមួយចានប៉ុណ្ណោះ។ នៅពេល ម៉ុន មានជំងឺគ្រុនចាញ់ គឺគាត់បានសម្រាកមួយថ្ងៃឬពីរថ្ងៃ និងទទួលបានថ្នាំរាងដូចអាចម៍ទន្សាយពីរទៅបីគ្រាប់ពីខាងសង្គមកិច្ចសម្រាប់ព្យាបាល។ ម៉ុន និយាយថា យូរៗម្តងទើបខ្មែរក្រហមអនុញ្ញាតឲ្យគាត់ទៅលេងឪពុកម្ដាយ។

នៅឆ្នាំ១៩៧៨ ម៉ុន ត្រូវលើកទំនប់នៅកោះស្លា។ នៅទំនប់កោះស្លា ម៉ុន និងសមាជិកសាខាទាំងអស់បីនាក់ ត្រូវជីកប្រឡាយឲ្យបានបីម៉ែត្រក្នុងមួយព្រឹក។ នៅទីនោះ យុវជនម្នាក់ ដែលមានជំងឺខ្វាក់មាន់ ត្រូវបានខ្មែរក្រហមរុញទម្លាក់ពីលើទំនប់។ នៅរបបខ្មែរក្រហម ប្រជាជនថ្មី ត្រូវបានខ្មែរក្រហមតាមដាន និងសួរអំពីប្រវត្តិឪពុកម្ដាយ។ អ្នកដែលរកឃើញថាជាមន្ត្រីរាជការក្នុងរបបមុន និងត្រូវខ្មែរក្រហមនាំខ្លួនយកទៅនៅពេលយប់។

បងជីដូនមួយរបស់ម៉ុន ឈ្មោះ បងគី ត្រូវបានខ្មែរក្រហមនាំខ្លួនយកទៅសម្លាប់នៅខាងលិចភូមិកំពង់ស្វាយ ដោយសារគាត់ធ្លាប់ធ្វើជាមន្ត្រីរាជការក្នុងរបប លន់ នល់។ ម៉ុន និយាយថា ឈ្មោះ តាអ៊ីត គឺជាអ្នកបញ្ជាយកមនុស្សទៅវាយសម្លាប់។ ក្រៅពីនេះ ម៉ុន ថាប្រជាជនថ្មី រួមទាំងអ្នកធ្វើការជាមួយគាត់ ដែលមកពីទីក្រុងភ្នំពេញ ត្រូវបានខ្មែរក្រហមដឹកយកទៅទម្លាក់នៅទឹកឈូ និងខ្លះទៀតយកទៅវាយសម្លាប់នៅវត្តអង្គ។ នៅរបបខ្មែរក្រហម វត្តអារាមត្រូវបានវាយកម្ទេច ចំណែកព្រះសង្ឃត្រូវផ្សឹក និងធ្វើពលកម្ម។ ម៉ុន ថា ជីវិតនៅរបបខ្មែរក្រហម គឺកំសត់។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ម៉ុន ត្រលប់មកភូមិកំណើតនិងប្រកបរបរជាកសិករ។ សព្វថ្ងៃ ម៉ុន មានជំងឺប្រចាំកាយ ដែលបន្សល់ទុកពីរបបខ្មែរក្រហម។ គាត់ ថាគាត់មានជំងឺ ដោយសារមកពីការធ្វើពលកម្មហួសកម្លាំងនៅរបបខ្មែរក្រហម៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin