អំ វឿន៖ កងចល័តនារីស្រុក

(កំពង់ស្ពឺ)៖ អំ វឿន ភេទស្រី មានអាយុ ៦៦ឆ្នាំ កើតក្នុងឆ្នាំ១៩៥៥ និងមានទីកន្លែងកំណើតក្នុងភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ បច្ចុប្បន្ន វឿន ជាកសិកររស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ វឿន មានឪពុកឈ្មោះ អ៊ំ យ៉ែម, ម្ដាយឈ្មោះ គីម និងមានបងប្អូនចំនួនដប់ពីរនាក់។
នៅវ័យកុមារភាព វឿន បានសិក្សានៅសាលាវត្តព្រៃអារ និងឈប់រៀនត្រឹមថ្នាក់ទី១១ ក្នុងសង្គមរាស្ត្រនិយម។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារ គឺមានការបាតុកម្ម និងមានយន្តហោះទម្លាក់គ្រាប់បែកក្នុងភូមិ។ អំឡុងពេលមានការទម្លាក់គ្រាប់បែកនៅខាងកើតភូមិព្រៃជ័រ វឿន ថាមានប្រជាជនម្នាក់ស្លាប់នៅពេលកំពុងងូតទឹក។ ក្រោយមក នៅក្នុងភូមិក៏មានវត្តមានកងទ័ពខ្មែរក្រហម។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចទូទាំងប្រទេស បានចាត់ទុក វឿន ជាប្រជាជនមូលដ្ឋាន និងបញ្ជាឲ្យគាត់ទៅធ្វើការក្នុងកងចល័តនារីស្រុក។ វឿន ត្រូវធ្វើភ្ជួររាស់, ស្ទូងស្រូវ និងឃ្វាលគោក្របី។ វឿន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់នៅរោងកាស៊ីនបាយ។ គាត់និយាយថា ប្រជាជនត្រូវធ្វើការទាំងភាពភិតភ័យ ដោយខ្លាចខ្មែរក្រហមយកទៅវាយសម្លាប់។
នៅឆ្នាំ១៩៧៨ ការហូបចុកមានការធ្លាក់ចុះជាខ្លាំង ដោយប្រជាជនហូបតែបបរលាយជាមួយដើមចេក និងដើមល្ហុងប៉ុណ្ណោះ។ នៅវត្តកំពង់អំពិល វឿន ត្រូវបានខ្មែរក្រហមបញ្ជាឲ្យវាយកម្ទេចបដិមាដើម្បីយកដែក។ នៅពេល វឿន មានជំងឺ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។
នៅរបបខ្មែរក្រហម បងប្រុសពីរនាក់ ដែលធ្វើការជាសមាជិកភូមិ និងស្រីម្នាក់ធ្វើការក្នុងកងចល័តនៅភូមិត្រាំខ្នារ ត្រូវបានខ្មែរក្រហមដែលមកពីតំបន់ផ្សេងយកទៅវាយសម្លាប់ ដោយចោទបងរបស់វឿនជាគិញសម្ងាត់។
ដោយសារការរស់នៅលំបាកវេទនា វឿន បានរត់ចាកចេញពីភូមិកំពង់អំពិល មករស់នៅភូមិអង្គជុំ។ នៅពេលទៅដល់ វឿន ត្រូវបានខ្មែរក្រហមចោទថាជាខ្មាំង និងចាប់គាត់ឃុំខ្លួនអស់រយៈពេលមួយខែ។ វឿន ត្រូវខ្មែរក្រហមធ្វើបាប និងបញ្ជាឲ្យរែកលាមក។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ វឿន បានរៀបការនិងមានកូនចំនួនបួននាក់។ សព្វថ្ងៃ វឿន មានជំងឺប្រចាំកាយ ដូចជាជំងឺងងឹតភ្នែក និងជំងឺក្រពះពោះវៀន៕
សម្ភាសដោយ កេង ភត្ត្រា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥

