កុមារលះបង់

 

(ព្រះវិហារ)៖ ហ៊ុន បង់ អាយុ៦៥ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បច្ចុប្បន្នមានជំងឺក្រពះ-ពោះវៀន, ឈឺសន្លាក់ដៃ-ជើង និងធ្លាប់ម៉ូតូបុកបណ្ដាលឱ្យបាក់ឆ្អឹងជំនីរខាងឆ្វេង​។

ម្ដាយរបស់ បង់ បានបាត់បង់ជីវិតតាំងពីឆ្នាំ១៩៦៩ ដោយសារជំងឺ ព្រោះនៅពេលនោះម្ដាយរបស់គាត់ទើបតែសម្រាលកូន«ចាស់ៗតែងដំណាលថាទាស់សរសៃ»។ បន្ទាប់ពីម្ដាយរបស់គាត់បាត់បង់ជីវិត បង់ ជាអ្នកមើលថែប្អូន, ឪពុកចាស់ជរា ចំណែកបងប្អូនដទៃទៀតគឺរស់នៅផ្សេងគ្នា។ គាត់មានបងប្អូនសរុបទាំងអស់៦នាក់។

នៅឆ្នាំ១៩៧០ បង់ មានអាយុប្រមាណ១០ឆ្នាំជាង។ គាត់បានទៅរស់នៅក្នុងវត្តរយៈពេលជិតមួយឆ្នាំ ទើបសម្រេចចិត្តបួសជាសាមណេរនៅវត្តពោធិ៍កែវមានជ័យ។ នៅឆ្នាំ១៩៧២ គាត់បានលាចាកសិក្ខាបទ មកធ្វើស្រែចម្ការនៅផ្ទះ។ បង់ បាននិយាយថា នៅអំឡុងឆ្នាំ១៩៧២ មានការទម្លាក់គ្រាប់បែកជាខ្លាំង នៅម្ដុំដំណាក់ស្ដេច បច្ចុប្បន្នហៅថាភូមិដំណាក់។ ឈានចូលឆ្នាំ១៩៧៣ ខ្មែរក្រហមបានចូលកាន់កាប់តំបន់ដែល បង់ រស់នៅ, ខ្មែរក្រហមបានប្រមូលប្រជាជនឱ្យធ្វើស្រែប្រវាស់ដៃ និងឱ្យប្រជាជនចាប់ផ្ដើមហូបបាយរួម។

នៅចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមចាត់តាំងឱ្យ បង់ ធ្វើការងារនៅក្នុងមូលដ្ឋាននៅភូមិពោធិ៍។ នៅអំឡុងពេលនោះគាត់មិនដែលបានរៀនអក្សរអ្វីឡើយ គឺផ្ដោតទៅលើការងារតែមួយមុខប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៦ បង់ ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យទៅធ្វើការងារក្នុងកងកុមារលះបង់នៅមន្ទីរទម្លាប់ ស្រុករវាង។ បង់ បាននិយាយប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា កុមារលះបង់ គឺជាកុមារដែលបម្រុងចូលក្នុងយោធា និងខ្លះទៀតបម្រុងចូលកងយុវជន។ នៅក្នុងតំបន់របស់ បង់ គឺត្រៀមខ្លួនសម្រាប់ចូលបម្រើការងារជាយោធា។ បង់ មានតួនាទីជាគណៈក្រុមកុមារលះបង់ ចំណុះអង្គភាពស-២៩ ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានអង្គភាពឈ្មោះ ចុង ជាជនជាតិដើមភាគតិច។ បង់ ទទួលបន្ទុកចុះបញ្ជីឈ្មោះនៅពេលអង្គការបញ្ជូនកុមារទៅធ្វើការងារនៅតាមមូលដ្ឋាន ឬទៅធ្វើជាយោធា។

បង់ បានលើកឡើងថា នៅក្នុងរបបខ្មែរក្រហមប្រជាជនទាំងអស់ត្រូវបរិភោគអាហារជុំគ្នា។ ការហូបអាហាររួម គឺបានប្រព្រឹត្តចាប់តាំងពីឆ្នាំ១៩៧៣មកម្ល៉េះ។ គាត់បានបន្តថា នៅក្នុងឆ្នាំ១៩៧៤ ប្រជាជនដែលរស់នៅក្នុងភូមិពោធិ៍គឺជួបប្រទះបញ្ហាកង្វះអាហារជាខ្លាំង។ ជាក់ស្ដែងរូបគាត់ផ្ទាល់ ដោយសារតែសេចក្ដីស្រេកឃ្លាន គាត់បានទៅរោងកិនស្រូវប្រមូលអង្កាមយកទៅលីង រួចបុកឱ្យល្អិតដូចជាកន្ទក់ ហើយគាត់យកកន្ទក់នោះទៅហូបជំនួសបាយ។

ចំពោះការងារនៅអំឡុងពេលនោះ ប្រជាជនត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ ក្នុងមួយថ្ងៃធ្វើការងារលើសពី១២ម៉ោង។ នៅពេលនោះ ប្រជាជនដែលមានបន្ទុកការងារច្រើនជាងគេគឺកងចល័ត។ កងចល័ត នៅពេលថ្ងៃត្រូវជីកប្រឡាយ និងលើកទំនប់ ចំណែកពេលយប់ត្រូវច្រូតស្រូវបន្តដល់ម៉ោង៩ ឬម៉ោង១០យប់ ដោយប្រើអំពូលមាំងសុងសម្រាប់បំភ្លឺ។

នៅក្នុងរបបខ្មែរក្រហម ពាក់ព័ន្ធនឹងការព្យាបាលជំងឺសម្រាប់ប្រជាជន គឺមានស្នាក់ការពេទ្យនៅក្នុងវត្តពោធិ៍។ រាល់ប្រជាជនណាដែលមានជំងឺគឺត្រូវទៅសម្រាកព្យាបាលនៅទីនោះទាំងអស់គ្នា ចំណែកអ្នកជំងឺធ្ងន់ធ្ងរត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្ត។ នៅពេលនោះជំងឺភាគច្រើនគឺមានតែគ្រុនក្ដៅ, កញ្រ្ជឹល និងគ្រុនចាញ់។

នៅក្នុងរបបខ្មែរក្រហម បង់ មានបងប្រុសជីដូនមួយម្នាក់ និងឪពុកមាម្នាក់ ត្រូវបានឈ្លបយកទៅសម្លាប់ចោល។ បងប្រុសជីដូនមួយរបស់គាត់មានតួនាទីជាយោធាខ្មែរក្រហមឈ្មោះ សាត់ ថោង ចំណែកឯឪពុកមារបស់គាត់មានតួនាទីជាប្រធានឃុំឈ្មោះ ថឹន ហម៕

សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin