ភៀសខ្លួនទៅប្រទេសវៀតណាមក្នុងរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) គឹម ព្រឿង ហៅ ក្រូច សាមាន ជាប្រធានភូមិត្រពាំងព្រីង មានអាយុ៦៧ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង​។ សាមាន មានឪពុកឈ្មោះ គឹម ប៉ាន់ និង ម្ដាយឈោ្មះ លាក់ យុគ។ កាលពីកុមារ​ភាព សាមាន រៀនបានត្រឹមថ្នាក់ទី៥ (របបសង្គមរាស្ត្រនិយម)។ បន្ទាប់ពីឈប់រៀន នៅឆ្នាំ​១៩៦៦ សាមាន បានចូលបម្រើជាកងទ័ពក្នុងរបបសង្គមរាស្រ្តនិយម។

សាមាន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់មិនធ្លាប់ទទួលរងទុក្ខលំបាកឬរស់នៅឆ្លងកាត់របបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ព្រោះគាត់បានភៀសខ្លួនពីប្រទេសកម្ពុជាទៅរស់នៅក្នុងប្រទេសវៀតណាមអំឡុងឆ្នាំ១៩៧៥ ដោយសារគាត់ដឹងព័ត៌មានថារបបខ្មែរក្រហមនឹងអនុវត្តគោលណ៍នយោបាយកាប់សម្លាប់ប្រជាជនខ្លួនឯង។ សាមាន បានរៀបរាប់បន្តថាបងប្អូន និងសាច់ញាតិរបស់គាត់បានស្លាប់ និងទទួលរងទុក្ខលំបាកក្នុងរបបខ្មែរក្រហម។ សាច់ញាតិដែលនៅរស់រានមានជីវិតពីរបបនេះ​​ធ្លាប់រៀបរាប់រឿងរ៉ាវដែលបានជួបប្រទះប្រាប់គាត់ថា៖ ប្រជាជនកម្ពុជាទាំងអស់ត្រូវបានខ្មែរក្រហមសម្លាប់ទាំងគ្មានកំហុស ឬក៏មានកំហុសបន្តិចបន្តួចដូចជា​៖ លួចអាហារហូប និងធ្វើការងារមិនគ្រប់តាមផែនការកំណត់…ជាដើម។ បន្ថែមលើសពីនេះទៀតប្រជាជនជាច្រើនក៏បានស្លាប់ដោយសារ​តែហូបអាហារមិនគ្រប់គ្រាន់, ការធ្វើទារុណកម្ម និងឈឺគ្មានថ្នាំព្យាបាល។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ សាមាន បានចូលបម្រើការ​ងារក្នុងជួរកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ និងបន្តធ្វើសង្គ្រាមជាមួយយោធាខ្មែរក្រហម ក្នុងប្រទេសកម្ពុជារហូតទទួលបានជ័យជម្នះទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ នៅពេលបម្រើការងារជាកងទ័ពនៅតំបន់ស្រែខ្លុង នៅក្នុងកងពលតូចលេខ ៤៤ គឹម ព្រឿង បានប្តូរ​​ឈ្មោះ​ទៅជា ក្រូច សាមាន។ នៅឆ្នាំ២០០០ សាមាន ត្រូវបានអង្គភាពប្តូរក្របខណ្ឌពីកងទ័ព ទៅជាមន្រ្តីនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប​ទា ខេត្តស្វាយរៀង​។ ក្រោយមក សាមាន ឈប់ពីមន្រ្តីសង្គមកិច្ច មករស់នៅក្នុងភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង និងធ្វើជាប្រធានភូមិរហូតដល់សព្វ​ថ្ងៃ។ បច្ចុប្បន្ន សាមាន មានជំងឺលើសសម្ពាធឈាម និងងងឹតភ្នែកខាងស្តាំដោយសាររងរបួសកាលពីសង្រ្គាមឆ្នាំ១៩៧៩៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin