ចាប ផល៖ ចងចាំពីការធ្វើការដោយបង្ខំក្នុងរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ចាប ផល មានអាយុ ៨៦ ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឪពុករបស់គាត់ឈ្មោះ ចាប ឃុត និងម្តាយឈ្មោះ កាយ ហើយគាត់ជាកូនទី៧ ក្នុងគ្រួសារដែលមានបងប្អូនសរុបចំនួន ១២ នាក់។ កាលពីកុមារភាព គាត់បានរៀនសូត្រត្រឹមថ្នាក់អក្ខរកម្ម។
រឿងរ៉ាវដែល ផល ចងចាំមិនអាចបំភ្លេចបាននៅក្នុងរបបខ្មែរក្រហម គឺការធ្វើការដោយបង្ខំក្រោមការគ្រប់គ្រងរបស់ប្រធានកងចល័ត និងប្រធានសហករណ៍។ ផល ត្រូវរែកដីទាំងយប់ទាំងថ្ងៃ ខណៈដែលរបបអាហារប្រចាំថ្ងៃមានភាពខ្វះខាតយ៉ាងខ្លាំង។ នៅពេលខ្លះ ប្រធានកងចល័តបានបង្ខំឱ្យគាត់ច្រូតស្រូវរហូតដល់ម៉ោង ១០ ឬ ម៉ោង ១១ យប់។ ក្នុងអំឡុងពេលនោះ ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យត្អូញត្អែរអំពីភាពហត់នឿយ ឬការលំបាកនោះទេ ព្រោះអ្នកដែលហ៊ានតវ៉ា ឬរិះគន់ អាចប្រឈមនឹងការបាត់ខ្លួនដោយមិនដឹងមូលហេតុ។ ផល បានរំឭកថា គាត់ធ្លាប់ឃើញកម្មាភិបាលខ្មែរក្រហមបណ្តើរជនរងគ្រោះតាមផ្លូវ ដើម្បីនាំយកទៅសម្លាប់។ ហេតុការណ៍ទាំងនេះ គាត់បានឃើញផ្ទាល់នៅក្នុងឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ កាលនៅក្មេង គាត់ធ្លាប់ឃើញជនរងគ្រោះខ្លះពរកូនជាប់ដៃ និងធ្វើដំណើរយ៉ាងលំបាកវេទនា។ ទោះជាយ៉ាងណា គាត់មិនស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះទាំងនោះ ហើយក៏មិនបានដឹងពីមូលហេតុដែលនាំឱ្យពួកគេត្រូវបានសម្លាប់ដែរ។ ស្រ្តីពរកូនដែលត្រូវបានកម្មាភិបាលខ្មែរក្រហមនាំទៅសម្លាប់ មិនបានកាត់សេចក្តីអ្វីនោះឡើយ។ ផល បានរៀបរាប់ថា ការភ័យខ្លាច និងសម្ពាធផ្លូវចិត្ត គឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងសម័យនោះ ហើយព្រះពុទ្ធសាសនាត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុង។ ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យធ្វើបុណ្យទាន ឬគោរពបូជាសាសនាឡើយ។ ព្រះសង្ឃត្រូវបានចាប់ផ្សឹក ខណៈដែរវត្តអារាមត្រូវបានបំផ្លាញ ឬបម្លែងទៅជាសហករណ៍ មន្ទីរឃុំឃាំង កន្លែងចិញ្ចឹមសត្វ និងកន្លែងស្តុកស្រូវអង្ករសមូហភាព។
ចំពោះការជម្លៀសវិញ ដំបូងឡើយ គ្រួសារផល ត្រូវបានជម្លៀសទៅស្នាក់នៅវត្តត្បែងរាំ បន្ទាប់មកទៅខេត្តព្រៃវែង និងក្រោយមកទៀតទៅដល់ខេត្តពោធិ៍សាត់។ ការផ្លាស់ទីជាបន្តបន្ទាប់នេះ បានបង្កការលំបាកយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់គាត់ និងក្រុមគ្រួសារ។ ផល យល់ថាការជម្លៀសនេះដើម្បីឱ្យប្រជាជនផ្តោតការយកចិត្តទុកដាក់លើកិច្ចការងារជាជាងសមាជិកគ្រួសារ។
បច្ចុប្បន្ន ផល ជាកសិករ រស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់មានជំងឺប្រចាំកាយមួយចំនួន រួមមានជំងឺក្រពះ ពោះវៀន និងជំងឺស្រវាំងភ្នែក។
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

