កងចល័តនារីភូមិអង្គប្រស្រែ

(ខេត្តស្វាយរៀង) ចាប កី អាយុ ៦៤ ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ កី មានឪពុកឈ្មោះ ចាប ឃុត និងម្តាយឈ្មោះ ពូក ចិន ហើយគាត់ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនបង្កើតចំនួន ១២ នាក់។ កាលពីកុមារភាពគាត់រៀនសូត្របានត្រឹមថ្នាក់ទី៦ ក្នុងរបបលន់ នល់។
រឿងរ៉ាវដែល កី ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការបាត់បង់សាច់ញាតិ និងការរស់នៅលំបាកវេទាដោយភាពស្រេកឃ្លាន។ កី បានរៀបរាប់ថាបងប្អូនរបស់គាត់មួយចំនួនត្រូវបានអង្គការនាំខ្លួនទៅ ហើយមិនបានវិលត្រឡប់មកវិញឡើយ។ ការរស់នៅប្រចាំថ្ងៃពោរពេញទៅដោយភាពខ្វះខាតអាហារ របបអាហារត្រូវបានកំណត់យ៉ាងតឹងរ៉ឹង ហើយអង្គការមិនឱ្យប្រជាជនរូបណាលួចអាហារហូបឡើយ។ ការអត់ឃ្លាន និងការលំបាកក្នុងការរស់នៅ គឺជាការចងចាំដ៏ឈឺចាប់មួយដែលគាត់ និងប្រជាជនភាគច្រើនមិនអាចបំភ្លេចបាន។ កី ត្រូវបានអង្គការបង្ខំឱ្យធ្វើការ និងរស់នៅក្នុងកងចល័តនារីភូមិអង្គប្រស្រែ។ ការងាររបស់កី គឺត្រូវធ្វើស្រែ ចម្ការ និងជីកទំនប់ប្រឡាយ។ នៅកន្លែងធ្វើការគាត់ធ្លាប់ឃើញ ជនរងគ្រោះជាច្រើនត្រូវបានចងបណ្តើរជាជួរៗ និងសម្លាប់ដោយគ្មានការជំនុំជម្រះ។ កី បានឮតាមរយៈអ្នកជិតខាងប្រាប់ថា មូលហេតុដែលជនរងគ្រោះទាំងនោះត្រូវបានសម្លាប់ គឺដោយសារការចោទប្រកាន់មានទំនាក់ទំនងជាមួយជនជាតិយួន [វៀតណាម]។ កី ធ្លាប់ឃើញផ្ទាល់នូវការចាប់ចងជនរងគ្រោះ និងការបណ្តើរយកទៅឃុំឃាំង ដោយជនរងគ្រោះខ្លះត្រូវបានចង និងអូសទៅជាមួយកង់ មុនពេលយកទៅឃុំឃាំង។ ហេតុការណ៍ទាំងនេះ គាត់បានឃើញនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ កី ត្រូវបានខ្មែរក្រហមជម្លៀសឱ្យទៅធ្វើការងារនៅក្នុងខេត្តស្វាយរៀង ហើយក្រោយថ្ងៃរំដោះ៧ មករា គាត់ត្រូវបានអនុញ្ញាតឱ្យមករស់នៅស្រុកកំណើតវិញ។
បច្ចុប្បន្ន កី រស់នៅក្នុងស្រុកកំណើត និងប្រកបរបរកសិកម្ម។ គាត់បានបញ្ជាក់ថា សព្វថ្ងៃមានបញ្ហាសុខភាពមួយចំនួន រួមមានជំងឺក្រពះ និងបញ្ហាស្រវាំងភ្នែក៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

