សូ ផាន់ណា៖ កម្មកររោងម៉ាស៊ីនកិនស្រូវ ភូមិស្វាយដូនកែវ

(កណ្ដាល)៖ សូ ផាន់ណា ភេទប្រុស មានអាយុ ៦១ឆ្នាំ រស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ផាន់ណា មានភូមិកំណើតនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ផាន់ណា មានបងប្អូនប្រុសពីរនាក់ និងស្រីម្នាក់។
កាលពីកុមារភាព ផាន់ណា ដែលមានអាយុ ៧ឆ្នាំ បានចូលរៀននៅសាលាលេខ៥ និងឈប់រៀនត្រឹមថា្នក់ទី១២នាសម័យនោះ។ នៅរបប លន់ នល់ ផាន់ណា បានក្លាយជាកូនកំព្រាឪពុកម្ដាយ។ ផាន់ណា ត្រូវស៊ីឈ្នួលគេ និងព្រាត់ប្រាសបងប្អូន។
នៅឆ្នាំ១៩៧៥ ផាន់ណា ត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅភូមិស្វាយដូនកែវ ខេត្តពោធិ៍សាត់។ នៅទីនោះ ប្រជាជនចាស់ បានយក ផាន់ណា និងកុមារពីរនាក់ ពីកងកុមារមកធ្វើការនៅរោងម៉ាស៊ីនកិនស្រូវ ដោយសារអាណិតអ្នកទាំងបីដែលជាកូនកំព្រា។
នៅរោងម៉ាស៊ីនកិនស្រូវ ផាន់ណា ត្រូវបុក, កិន, ច្រក និងជញ្ជូនអង្ករ, ស្រូវ, និងអង្កាមជាមួយកុមារពីរនាក់ទៀត។ អ្នកទាំងបីសម្រាកនៅក្នុងរោងម៉ាស៊ីនកិនស្រូវ ដោយមានគ្រែ និងមងមួយ។ ក្នុងមួយថ្ងៃ អ្នកទាំងបីហូបចុកចំនួនពីរពេល ដោយមានបាយ និងសម្លម្ជូរព្រលិត ហើយនៅក្នុងមួយសប្តាហ៍ អ្នកទាំងបីបានហូបបង្អែមបបរស្ករមួយចាន។ ផាន់ណា និយាយថា “នៅរោងម៉ាស៊ីនគេហ្នឹង អត់ដែលដាំបបរទេ”។ ផាន់ណា ចងចាំថា ម៉ាស៊ីនកិនស្រូវនោះ គឺដើរដោយថាមពលប្រេងម៉ាស៊ូត។ ចំណែកស្រូវ ត្រូវបានចាស់ៗដឹកដាក់រទេះគោយកចេញទៅ ប៉ុន្តែ ផាន់ណា មិនដឹងថាគេដឹកយកទៅទីណានោះទេ។
នៅឆ្នាំ១៩៧៩ ចាស់ៗនៅទីនោះបានប្រាប់ ផាន់ណានិងកុមារពីរនាក់ទៀតឲ្យយកអង្ករ និងចាកចេញពីរោងម៉ាស៊ីនកិនស្រូវ ដោយសារយួន(កងទ័ពវៀតណាម)ជិតចូលមកហើយ។ ផាន់ណា បានត្រលប់មកភូមិកំណើតវិញ ដោយថ្មើរជើងអស់រយៈពេលមួយខែកន្លះ ។
បន្ទាប់ពីរស់នៅភូមិសាលាលេខ៥ អស់រយៈពេលមួយឆ្នាំជាមួយថៅកែធ្យូង ផាន់ណា បានមករកការងារធ្វើនៅទីក្រុងភ្នំពេញ ដោយធ្វើជាកម្មករនៅពោធិ៍ចិនតុង។ នៅឆ្នាំ១៩៨២ ផាន់ណា បានរៀបការ និងក្រោយមកមានកូនចំនួនប្រុសពីរនាក់ និងកូនស្រីម្នាក់។ នៅឆ្នាំ១៩៨៧ ផាន់ណា បានមករស់នៅភូមិត្រពាំងរកានិងបន្តរស់នៅក្នុងភូមិននេះរហូតមកទល់សព្វថ្ងៃ៕
សម្ភាសដោយ ថន ពុធដារ៉ូ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦

