អនុប្រធានភូមិដក់ពររៀបរាប់រឿងរ៉ាវកាលពីរបបខ្មែរក្រហម

(ខេត្តស្វាយរៀង)៖ ផ្លុង យ៉ានី មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើតនៅភូមិទួលទ្រា ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យ៉ានី មានឪពុកឈ្មោះ ខឹង ឡាញ់ និងម្តាយឈ្មោះ សែត ហ៊ន់ ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៩នាក់ (ស្រី ៣នាក់)។ កាលពីកុមារភាព យ៉ានី រៀនសូត្របានត្រឹមថ្នាក់ទី ៧ ក្នុងសម័យសង្គមរាស្ត្រនិយម។
យ៉ានី រៀបរាប់ថា កាលពីឆ្នាំ១៩៧០ ពេលគាត់មានអាយុប្រមាណ ១០ឆ្នាំ ប្រទេសជាតិបានកើតមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ។ នៅពេលនោះ ឪពុករបស់យ៉ានី គឺជាគ្រូបង្រៀននៅសាលាបឋមសិក្សាទីរួមខេត្តស្វាយរៀង ចំណែកយ៉ានី គឺជាសិស្សរៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាក្នុងវត្តព្រៃឆ្លាក់។ នៅខែមេសា ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហម។ កាលនោះ យ៉ានី និងគ្រួសារត្រូវបានអង្គការជម្លៀសពីឃុំស្វាយធំ ឱ្យទៅរស់នៅក្នុងវត្តស្វាយផ្អែម។ ពួកគាត់រស់នៅក្នុងវត្តស្វាយផ្អែមបានរយៈពេល២យប់ ឈ្លបក៏ជម្លៀសបន្តឱ្យទៅរស់នៅក្នុងវត្តថ្មី។ បន្ទាប់ពីស្នាក់នៅវត្តថ្មីបាន៣យប់ ទើបឈ្លបអនុញ្ញាតឱ្យត្រឡប់មកភូមិទ្រាវិញ។ នៅភូមិទ្រា យ៉ានី និងគ្រួសារត្រូវបានអង្គការផ្តល់របបអង្ករ និងឱ្យរស់នៅក្នុងកូនខ្ទមមួយ។ បន្ទាប់មក អង្គការបានតម្រូវឱ្យ យ៉ានី ទៅធ្វើការនៅកងចល័តនារី ចំណែកប្អូនៗត្រូវបំបែកឱ្យទៅរស់នៅកន្លែងផ្សេង។ នៅកងចល័តនារី យ៉ានី ត្រូវផ្លាស់ប្តូរកន្លែងការងារពីស្រុកស្វាយជ្រំ រហូតដល់ស្រុកកំពង់រោទិ៍ ដើម្បីរែកដី ជីកប្រឡាយ និងលើកទំនប់ភ្លឺស្រែ។ នៅរដូវវស្សា កងចល័តនារីត្រូវដកស្ទូង ចំណែកកងចល័តយុវជនត្រូវភ្ជួររាស់ដីស្រែ។ អំឡុងពេលច្រូតកាត់នៅស្រុកកំពង់រោទិ៍ ជិតព្រំដែនវៀតណាម យ៉ានី បានឃើញយោធាខ្មែរក្រហមប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាម។ ដោយសារស្ថានភាពរស់នៅមានភាពលំបាកវេទនាខ្លាំង យ៉ានី និងសមាជិកកងចល័តនារី បានរៀបចំផែនការរត់ទៅប្រទេសវៀតណាម។ ប៉ុន្តែមិនទាន់បានរត់ផង ស្រាប់តែផែនការនេះត្រូវបានខ្មែរក្រហមដឹង ហើយឈ្លបបានចាប់ខ្លួនប្រធានកងចល័តនារី ដែលមានបំណងរត់នោះ ដោយយកក្រណាត់រុំបិទមុខ រួចបោះដាក់លើរថយន្តដឹកយកទៅបាត់ទៅ។ បន្ទាប់មក ខ្មែរក្រហមបានជម្លៀស យ៉ានី និងកងចល័តនារីផ្សេងទៀតឱ្យត្រឡប់មកស្រុកកំណើតវិញ។ ក្រោយពេលមកដល់ស្រុកកំណើតបានត្រឹមតែ១យប់ ឪពុករបស់យ៉ានី ត្រូវបានខ្មែរក្រហមនាំខ្លួនយកទៅសម្លាប់ ហើយសមាជិកគ្រួសារទាំងអស់ត្រូវបានដាក់ឈ្មោះក្នុងបញ្ជីដែលត្រូវសម្លាប់របស់អង្គការ។ យ៉ានី ត្រូវបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរជាងមុន ដោយត្រូវក្រោកតាំងពីម៉ោង ៤ ព្រឹក ដើម្បីចូលរួមប្រជុំជួរ រួចបន្តដកស្ទូងរហូតដល់ម៉ោង ១០ យប់។ ចំពោះរបបអាហារវិញ គឺមានត្រឹមតែពីរពេលប៉ុណ្ណោះ (ពេលថ្ងៃត្រង់ និងពេលល្ងាច) ដោយអង្គការបែងចែកឱ្យម្នាក់ៗទទួលបានត្រឹមតែមួយកូនចានក្នុងមួយពេល។
យ៉ានី បានបន្តរស់នៅស្រុកស្វាយជ្រំ រហូតដល់របបខ្មែរក្រហមជិតដួលរលំ អង្គការបានជម្លៀសប្រជាជនឱ្យទៅរស់នៅខេត្តភាគខាងលិច។ ដើម្បីបំភិតបំភ័យ និងបង្ខំឱ្យប្រជាជនរត់ទៅតាម ខ្មែរក្រហមបានឃោសនាបោកប្រាស់ថា នៅពេលកងទ័ពវៀតណាមចូលមកដល់ នឹងវះពោះសម្លាប់ប្រជាជន។ នៅពេលនោះ យ៉ានី និងគ្រួសារបានចាកចេញពីស្រុកកំណើតដោយសារការបំភិតបំភ័យរបស់ខ្មែរក្រហម ប៉ុន្តែនៅពេលធ្វើដំណើរទៅដល់តំបន់អ្នកលឿង ក៏មានព្រឹត្តិការណ៍ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងយោធាខ្មែរក្រហម និងកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា ធ្វើឱ្យការធ្វើដំណើររបស់គ្រួសារយ៉ានី មិនអាចបន្តទៅមុខទៀតបាន។ បន្ទាប់មក កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា ទទួលបានជ័យជម្នះលើយោធាខ្មែរក្រហម ហើយបានណែនាំឱ្យប្រជាជន ក៏ដូចជាគ្រួសារយ៉ានី ត្រឡប់ទៅរស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន យ៉ានី ជាអនុប្រធានភូមិដក់ពរ និងមានជំងឺប្រចាំកាយឈឺសន្លាក់ដៃ សន្លាក់ជើង៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

