កងចល័តឃុំ

(ខេត្តស្វាយរៀង) តន់ វណ្ណី មានអាយុ ៦៧ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយបច្ចុប្បន្នរស់នៅក្នុងភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ វណ្ណី មានឪពុកឈ្មោះ តន់ ឈុនឡាយ និងម្តាយឈ្មោះ សុខ សារិន ហើយគាត់គឺជាកូនទី២ នៅក្នុងគ្រួសារ ដែលមានបងប្អូនចំនួន ៤ នាក់ (ស្រី ៣ នាក់)។
កាលពីកុមារភាព វណ្ណី រៀនសូត្របានត្រឹមថ្នាក់ទី ៣ ក្នុងសម័យសង្គមរាស្ត្រនិយម។ វណ្ណី បានរៀបរាប់ថា នៅឆ្នាំ ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ចេញពីតំណែង។ កាលណោះ វណ្ណី មានអាយុប្រមាណ ១០ ឆ្នាំ ត្រូវបានឪពុកម្តាយនាំរត់គេចពីគ្រាប់កាំភ្លើងនៅសមរភូមិប្រយុទ្ធគ្នារវាងកងទ័ពបដិវត្តន៍ខ្មែរក្រហម និងទាហាន លន់ នល់។
នៅឆ្នាំ ១៩៧៥ កងទ័ពបដិវត្តន៍ខ្មែរក្រហមទទួលបានជ័យជម្នះ និងបានគ្រប់គ្រងប្រទេសកម្ពុជា។ កាលណោះ វណ្ណី ឃើញឈ្លបឃុំដើរប្រមូលមាសប្រាក់ លុយកាក់ ទ្រព្យសម្បត្តិ សត្វពាហនៈ និងសម្ភារប្រើប្រាស់ផ្សេងៗ ដើម្បីយកទៅរក្សាទុកក្នុងសហករណ៍។ អង្គការបានចាត់តាំង វណ្ណី ឱ្យចូលក្នុងកងចល័តនារី ដើម្បីទៅរែកដីបាតត្រពាំងយកទៅធ្វើជាជីដាក់ដំណាំហូបផ្លែ និងស្រូវ។ ក្រោយពីជីកដីបាតត្រពាំង វណ្ណី ក៏ត្រូវលើកទំនប់ និងជីកប្រឡាយ ហើយនៅរដូវវស្សា វណ្ណី ត្រូវបានអង្គការចាត់តាំងឱ្យទៅដក និងស្ទូងស្រូវ ក្នុងក្រុមដែលមានសមាជិក ១០ នាក់ ដើម្បីឱ្យសម្រេចបានតាមផែនការផ្ទៃដីមួយហិកតា។ ចំណែកនៅរដូវប្រមូលផល វណ្ណី ត្រូវទៅច្រូត និងបោកស្រូវទុកក្នុងឃ្លាំងរួមរបស់សហករណ៍។ នៅក្នុងរបបនោះ វណ្ណី ទទួលបានរបបអាហារពីរពេលក្នុងមួយថ្ងៃ គឺថ្ងៃត្រង់ និងល្ងាច ដោយក្នុងមួយពេលៗទទួលបានបាយ ឬបបរត្រឹមតែមួយកូនចានប៉ុណ្ណោះ។ ថ្ងៃមួយ ដោយសារតែត្រូវធ្វើការងារធ្ងន់ធ្ងរ និងហូបចុកមិនគ្រប់គ្រាន់ វណ្ណី បានធ្លាក់ខ្លួនឈឺ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឃុំ។ គ្រូពេទ្យឃុំបានផ្តល់ថ្នាំរាងដូចអាចម៍ទន្សាយមកឱ្យគាត់លេប ដោយសារតែពេលនោះគាត់នៅក្មេង និងមានកម្លាំងពេញទើបសម្រាកព្យាបាលតែ ២ ថ្ងៃ ក៏អាចត្រឡប់ទៅបំពេញការងារវិញបាន។
នៅចុងឆ្នាំ ១៩៧៨ អង្គការបានជម្លៀសគ្រួសារ វណ្ណី ឱ្យចាកចេញពីភូមិឋានដើម្បីទៅរស់នៅភូមិភាគពាយ័ព្យ។ នៅពេលធ្វើដំណើរទៅដល់ទន្លេតំបន់អ្នកលឿង វណ្ណី និងប្រជាជនជម្លៀសផ្សេងទៀតបានឮសំឡេងស្រែកប្រាប់ថា របបខ្មែរក្រហមបានដួលរលំហើយ ហើយប្រជាជនទាំងអស់អាចត្រឡប់ទៅស្រុកកំណើតវិញបាន។ វណ្ណី ក្រុមគ្រួសារ និងប្រជាជនទាំងអស់មានក្តីសប្បាយរីករាយយ៉ាងខ្លាំង និងបានត្រឡប់ទៅរស់នៅស្រុកកំណើតវិញ។ នៅស្រុកកំណើត គាត់បានធ្វើស្រែប្រវាស់ដៃ និងបន្តយកទិន្នផលស្រូវដែលទទួលបានមកចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន វណ្ណី គឺជាកសិកររស់នៅភូមិស្វាយដូនអី ហើយកំពុងប្រឈមមុខនឹងជំងឺប្រចាំកាយ គឺជំងឺទឹកនោមផ្អែម៕
សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

