ការចងចាំដ៏ជូរចត់

(តាកែវ)៖ រឿងរ៉ាវទាំងអស់នេះគឺជាការចងចាំដ៏ជូរចត់ដែល សាន បានឆ្លងកាត់នៅក្នុងសម័យកាលដ៏យង់ឃ្នងនោះ។ សាន មានប្រពន្ធឈ្មោះ អូន ផាន។
នៅក្នុងអំឡុងពេលនៃការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ សាន បានជួបប្រទះនូវសេចក្តីវេទនាជាខ្លាំង ដោយសារត្រូវរត់គេចពីការទម្លាក់គ្រាប់បែក។ សាន ត្រូវបង្ខំចិត្តរត់ទៅនៅក្នុងត្រង់សេដែលជីកនៅក្បែរផ្ទះ និងរត់ចូលក្នុងព្រៃ ដើម្បីគេចពីគ្រាប់។ នៅពេលដែលការទម្លាក់គ្រាប់បែកកាន់តែរីករាលដាលខ្លាំង សាន បានសម្រេចចិត្តនាំភរិយាដែលជិតគ្រប់ខែសម្រាលកូន ធ្វើដំណើរទៅទីក្រុងភ្នំពេញ ព្រោះសង្ឃឹមថានៅទីនោះមានមន្ទីរពេទ្យ និងគ្រូពេទ្យដែលអាចជួយសម្រាលកូនបានដោយសុវត្ថិភាព។ ប៉ុន្តែប្រពន្ធរបស់សាន បានសម្រាលកូននៅពាក់កណ្តាលផ្លូវ ត្រង់ម្តុំទន្លេបាទី។ ទោះបីជាមានឧបសគ្គ និងការលំបាកយ៉ាងណាក្តី សាន នៅតែបន្តព្យាយាមធ្វើដំណើររហូតដល់ទីក្រុងភ្នំពេញ។
លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមបានចូលគ្រប់គ្រងទីក្រុង សាន និងគ្រួសារ ត្រូវជម្លៀសឱ្យចាកចេញពីទីក្រុងភ្នំពេញ ដើម្បីត្រឡប់ទៅកាន់តំបន់ជនបទវិញ។ ក្នុងការជម្លៀសនោះ សាន មិនត្រូវបានអនុញ្ញាតឱ្យទៅរស់នៅក្នុងភូមិកំណើតឡើយ គឺត្រូវបញ្ជូនឱ្យទៅរស់នៅតំបន់ផ្សេង និងត្រូវបែកចេញពីគ្រួសារ។ ខ្មែរក្រហមបានចាត់ទុក សាន ជាប្រជាជនថ្មី ឬប្រជាជន១៧មេសា ដែលត្រូវធ្វើការងារធ្ងន់ធ្ងរជាងប្រជាជនមូលដ្ឋាន។
សាន ត្រូវចាត់តាំងឱ្យធ្វើការងារក្នុងកងចល័ត និងត្រូវបំពេញការងារតាមបញ្ជារបស់អង្គការ។ ការងារដែល សាន ត្រូវធ្វើមានដូចជា ជីកប្រឡាយ, ជីកព្រែក, លើកទំនប់, ធ្វើស្រូវប្រាំង និងរៀបចំដីស្រែ។ នៅរដូវទឹកឡើង អង្គការបានបញ្ជាឱ្យ សាន ទៅដាំបន្លែវិញ។ ក្នុងមួយខែ សាន ទទួលបានការអនុញ្ញាតឱ្យត្រឡប់ទៅសួរសុខទុក្ខគ្រួសារនៅផ្ទះបានតែ៤ថ្ងៃប៉ុណ្ណោះ ហើយជួនកាលមិនបានទៅផ្ទះទាល់តែសោះ។
របបអាហារនៅក្នុងរបបនោះមានភាពខ្វះខាតខ្លាំងបំផុត។ សាន បានរៀបរាប់ថា របបអាហារមានត្រឹមតែបបររាវៗ ដែលភាគច្រើនមានតែទឹក និងមានអង្ករបន្តិចបន្តួចប៉ុណ្ណោះ ជួនកាលមានបាយហូបម្តងម្កាល។ បបរដែលទទួលបានគឺគ្មានរសជាតិ គ្មានម្ហូប និងសូម្បីតែអំបិលសម្រាប់ជ្រក់ក៏គ្មានដែរ។
ដើម្បីបន្តជីវិត សាន ត្រូវលួចចាប់ក្តាម និងខ្យងយកមកដុតហូបនៅពេលធ្វើការ ប៉ុន្តែជួនកាលគ្មានភ្លើងសម្រាប់ដុតឱ្យឆ្អិនឡើយ។ សាន ក៏បានបេះផ្លែឈើព្រៃយកមកហូបដើម្បីទប់ទល់នឹងភាពអត់ឃ្លាន។ មនុស្សជាច្រើនត្រូវបង្ខំចិត្តងើបឡើងនៅពេលយប់ដើម្បីដើររកអាហារបន្ថែម ព្រោះអាហារដែលអង្គការផ្តល់ឱ្យពីរពេលក្នុងមួយថ្ងៃ មិនអាចបំពេញកម្លាំងដែលបានបាត់បង់ពីការធ្វើការងារធ្ងន់បានឡើយ។
ចំពោះការថែទាំសុខភាពវិញ នៅក្នុងរបបខ្មែរក្រហមមិនមានគ្រូពេទ្យដែលមានជំនាញត្រឹមត្រូវឡើយ។ ចំពោះថ្នាំ មានតែថ្នាំបុរាណដែលយកសំបកឈើ ឬមែកឈើមកកាត់ជាកង់ៗដើម្បីដាំទឹកឱ្យអ្នកជំងឺផឹក។ សាន បានបញ្ជាក់ថា ប្រសិនបើអ្នកជំងឺជាប្រជាជនមូលដ្ឋាន គឺទទួលបានការយកចិត្តទុកដាក់ច្រើនជាងប្រជាជនថ្មី។
ក្នុងរបបខ្មែរក្រហម សាន បានបាត់បង់សមាជិកគ្រួសារជាច្រើននាក់ រួមមានកូនៗ បងប្អូនបង្កើត ជីដូនមួយ និងក្មួយៗ។ សាន បាននិយាយថា គាត់មិនបានដឹងស៊ីជម្រៅអំពីការរៀបការសមូហភាពនៅក្នុងរបបនោះឡើយ ប៉ុន្តែបានដឹងថាការរៀបការគឺធ្វើឡើងដោយគ្មានកម្មវិធីអ្វីទាំងអស់ គឺគ្រាន់តែនាំមនុស្សពី១០ ទៅ២០គូឱ្យមកកាន់ដៃគ្នា និងធ្វើការសច្ចានៅចំពោះមុខអង្គការជាការស្រេច។
សាន បានបញ្ជាក់ថា៖ «ខ្មែរក្រហមបានបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និងសាសនា ហើយព្រះសង្ឃត្រូវបានបង្ខំឱ្យសឹក។ ខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនថ្មីដែលខ្មែរក្រហមបានបង្ខំឱ្យចូលរួមក្នុងការវាយកម្ទេច និងរុះរើវត្តអារាម, កុដិ និងព្រះវិហារ»។ ទីកន្លែងសក្ការទាំងនោះត្រូវបានខ្មែរក្រហមយកទៅប្រើប្រាស់ជាកន្លែងឃុំឃាំងមនុស្ស, ជាកន្លែងចិញ្ចឹមសត្វ និងជាកន្លែងសម្រាប់បើកការប្រជុំផ្សេងៗ។
សាន មានជំងឺប្រចាំកាយច្រើនមុខរួមមាន លើសឈាម ខ្សោយភ្នែក ខ្សោយត្រចៀក ជំងឺក្រពះពោះវៀន ជំងឺសួត និងឈឺសន្លាក់ដៃជើង។ អាការជំងឺទាំងនេះបង្កឱ្យមានការឈឺចុកឆ្អល់នៅត្រង់ចុងដង្ហើម ពិបាកក្នុងការរំលាយអាហារ និងពិបាកក្នុងការធ្វើចលនារាងកាយ៕
សម្ភាសន៍ដោយ៖ ម៉ា សារពេជ្ញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

