កុមារក្នុងរបបខ្មែរក្រហម

(តាកែវ)៖ យឿង សារុន មានអាយុ៥៨ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ស្ថានភាពសុខភាព សារុន មានជំងឺប្រចាំកាយពីរមុខសំខាន់គឺជំងឺសើស្បែក និងជំងឺលើសឈាម។ អាការជំងឺទាំងពីរមុខនេះមិនមានសភាពធ្ងន់ធ្ងរដែលគួរឱ្យកត់សម្គាល់នោះទេ។ ជំងឺទាំងនេះបានកើតមានមកយូរឆ្នាំណាស់មកហើយ ពិសេសជំងឺសើស្បែកបានកើតមានតាំងពីគាត់ស្ថិតក្នុងវ័យកុមារភាពមកម្ល៉េះ។

សារុន បាននិយាយតាមការបញ្ជាក់របស់គ្រួសារគាត់បានប្រាប់មកកាន់គាត់ថា នៅក្នុងឆ្នាំ១៩៧០ សារុន មានអាយុប្រហែល៤ឆ្នាំប៉ុណ្ណោះ ស្ថានភាពស្រុកទេសមិនមានភាពស្ងប់ស្ងាត់ឡើយ។ សារុន មិនបានរស់នៅជួបជុំគ្រួសារ គឺត្រូវរត់គេចខ្លួនពីការវាយប្រហារនៃគ្រាប់ប្លោងជានិច្ច។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចូលគ្រប់គ្រងអំណាច សារុន មានអាយុ៨ឆ្នាំ ហើយត្រូវបានអង្គការចាត់តាំងឱ្យចូលធ្វើការងារនៅក្នុងកងកុមារ។ កងកុមារមិនមានទីតាំងឈរជើងច្បាស់លាស់ទេ គឺត្រូវផ្លាស់ប្តូរទីតាំងជាបន្តបន្ទាប់ ដូចជានៅភូមិគ្រួស, វត្តពោធិ៍ និងភូមិខ្នាររោង ទៅតាមការចាត់តាំងរបស់អង្គការ។ ការងារប្រចាំថ្ងៃដែល សារុន ត្រូវធ្វើគឺដកស្ទូងស្រូវ, លើកកណ្តាប់, កាប់មែកឈើ និងដើររើសកួរស្រូវតាមការបញ្ជារបស់មេកង។

ការហូបចុកនៅក្នុងរបបនោះមានភាពខ្វះខាត អង្គការផ្តល់ឱ្យអាហារគឺមានតែបបររាវប៉ុណ្ណោះ។ សារុន បាននិយាយថា នៅពេលជិតដល់រដូវប្រមូលផល ទើបអង្គការអនុញ្ញាតឱ្យហូបបបររៀងគោកបន្តិច ហើយក្រោយពេលបញ្ចប់ការច្រូតស្រូវរួច ទើបមានបាយហូបម្តងម្កាល។ មុខម្ហូបប្រចាំថ្ងៃមានទៅតាមការចាត់ចែងរបស់អ្នកធ្វើម្ហូប ជួនកាលមានសម្លម្ជូរ, ស្ងោរ ហើយមានតែបន្លែសុទ្ធគ្មានសាច់ និងគ្មានរសជាតិអ្វីទាំងអស់។ ផ្នែកសុខាភិបាល សារុន មិនបានដឹងពីមន្ទីរពេទ្យ ឬថ្នាំពេទ្យឡើយ ព្រោះនៅក្មេងពេក និងមិនសូវមានជំងឺប្រចាំកាយ។ ប៉ុន្តែនៅពេលមានជំងឺម្តងម្កាល មនុស្សចាស់ទុំតែងតែដើររកបេះស្លឹកឈើផ្សេងៗយកមកដាំឱ្យផឹកដើម្បីព្យាបាល។

សារុន បានបញ្ជាក់ថា ទាក់ទងនឹងការរៀបការយុវជន-យុវនារីមិនដែលស្គាល់គ្នា និងមិនដែលស្រឡាញ់គ្នាពីមុនមកទេ។ ពិធីរៀបការត្រូវបានរៀបចំឡើងតាមការតម្រង់ជួរ និងអង្គុយជាជួរទល់មុខគ្នា គូណាត្រូវចំអ្នកណា គឺត្រូវតែយកអ្នកនោះជាគូអនាគត ហើយចាប់ដៃគ្នាប្តេជ្ញាចិត្តរួមរស់ជាមួយគ្នា។ ក្រោយពេលរៀបការរួច ត្រឡប់ទៅសម្រាកនៅផ្ទះ តែងតែមានឈ្លបមកតាមដានលួចស្តាប់នៅខាងក្រៅ ក្រែងប្ដី-ប្រពន្ធនោះនិយាយមិនពេញចិត្តនឹងការរៀបចំ។ ប្រសិនបើឈ្លបដឹងថាប្តី-ប្រពន្ធនោះមិនត្រូវគ្នា ឈ្លបនឹងចាប់យកទៅកសាង រួចបាត់ខ្លួនរហូតមិនឃើញត្រឡប់មកវិញឡើយ។ សារុន ដឹងរឿងរ៉ាវនោះច្បាស់ ព្រោះបងប្រុសរបស់គាត់ឈ្មោះ រ៉ា ត្រូវបានអង្គការរៀបការឱ្យតាមរបៀបនោះនៅឯវត្តបន្ទាយ។

របបខ្មែរក្រហមបានបំផ្លាញទីវត្តអារាម និងវិហារសាសនាយ៉ាងធ្ងន់ធ្ងរ។ នៅវត្តថ្មទ្រព្យ អង្គការបានរុះរើឈើពីវត្តយកទៅសាងសង់ជារោងម៉ាស៊ីនកិនស្រូវ និងធ្វើជារហាត់ទឹក។ ផ្ទះធំៗរបស់ប្រជាពលរដ្ឋត្រូវបានអង្គការរុះរើយកឈើទៅប្រើប្រាស់ផ្សេងៗបាត់អស់។ ចំណែកឯវិហារនៅវត្តពោធិ៍បច្ចុប្បន្នដែលសាងសង់ពីថ្ម មិនត្រូវបានអង្គការវាយកម្ទេចចោលទេ ប៉ុន្តែអង្គការបានយកទីនោះធ្វើជាកន្លែងស្នាក់នៅសម្រាប់កងកុមារទៅវិញ។ សារុន បានផ្តល់ជាមតិផ្តាំផ្ញើដល់ក្មេងៗជំនាន់ក្រោយឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ៕

សម្ភាសន៍ដោយ៖ ម៉ា សារពេជ្ញ ថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin