បបរមួយឆ្នាំង មានគ្រាប់អង្ករចំនួនពីរវែក

(តាកែវ)៖ ពុំ វណ្ណា មានអាយុ៧៣ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ សព្វថ្ងៃ វណ្ណា មានជំងឺប្រចាំកាយជាច្រើនមុខដូចជា សួត លើសឈាម ទឹកនោមផ្អែម ជំងឺបេះដូង និងឈឺជើង។
វណ្ណា ជួបប្រទះការលំបាកខ្លាំងតាំងពី របប លន់ នល់។ ក្នុងពេលនោះ ការទម្លាក់គ្រាប់បែកបានធ្វើឱ្យ វណ្ណា ជួបប្រទះបញ្ហាជីវភាពខ្លាំង ព្រោះមិនអាចប្រកបរបរអ្វីបានឡើយ។ វណ្ណា បានសម្រាលកូននៅពេលរត់ពួនក្នុងត្រង់សេនៅភ្នំជីសូរ។ ក្នុងរបប លន់ នល់ ដដែលនោះ ប្តីទីមួយរបស់ វណ្ណា ត្រូវបានចាប់យកទៅធ្វើជាទាហាន ហើយបានស្លាប់នៅសមរភូមិ។ មិនត្រឹមតែប៉ុណ្ណោះ កូនតូចដែលទើបកើតបាន៦ថ្ងៃ បានបាត់បង់ជីវិតនៅពេលនោះដែរ។
នៅពេលខ្មែរក្រហមចូលគ្រប់គ្រងអំណាច វណ្ណា ត្រូវបានអង្គការជម្លៀសចេញពីភូមិ។ វណ្ណា ត្រូវបានអង្គការចាត់តាំងឱ្យ រែកដី រែកអាចម៍គោ កាប់ស្លឹកឈើដាក់រណ្តៅធ្វើជាជី និងជីកព្រែក។ វណ្ណា បានបញ្ជាក់ថា របបអាហារមានភាពខ្វះខាតខ្លាំង ពេលត្រឡប់ពីធ្វើការ វណ្ណា ទទួលបានបបរមួយឆ្នាំងតូចពីសហករណ៍ ដែលមានគ្រាប់អង្ករតែពីវែកប៉ុណ្ណោះនៅពេលសម្រិតទឹកចេញ។ ដើម្បីចម្អែតក្រពះ វណ្ណា បានយកដំឡូងមី និងធាងត្រាវលាយចូលក្នុងបបរនោះ ដើម្បីចែកកូនហូប។ រាល់បន្លែ ឬផ្លែឈើដែលយកមកបរិភោគគឺត្រូវលួចដក លួចជីកមក ព្រោះខ្លាចអង្គការដឹងរឿង។
មានថ្ងៃមួយ វណ្ណា បានទៅស្ទូងស្រូវ ហើយចាប់បានក្តាមយកមកឱ្យម្តាយស្លជាមួយធាងត្រាវ និងដំឡូងក្នុងកំសៀវទឹក។ អង្គការបានមកទាន់ ហើយចាប់ វណ្ណា យកទៅឃុំមួយយប់ ក្រោមការចោទប្រកាន់ថាមានកម្មសិទ្ធិ ដែលហ៊ានក្បត់អង្គការ។ ពាក់ព័ន្ធនឹងការថែទាំសុខភាពក្នុងរបបនោះគឺ គ្មានគ្រូពេទ្យជំនាញ គ្មានថ្នាំពេទ្យគ្រប់គ្រាន់សម្រាប់ព្យាបាល។ វណ្ណា បានបន្ថែមថា មន្ទីរពេទ្យមានផ្តល់បាយ និងទឹក តែសម្រាប់តែអ្នកឈឺធ្ងន់ធ្ងរប៉ុណ្ណោះ ចំណែកអ្នកដែលមានជំងឺស្រាលៗ ហើយត្រូវបានចោទថាឈឺសតិអារម្មណ៍មិនទទួលបានបាយហូបឡើយ ហើយថ្នាំពេទ្យមានត្រឹមតែថ្នាំអាចម៍ទន្សាយប៉ុណ្ណោះ មិនថាជាជំងឺអ្វីឡើយត្រូវលេបថ្នាំនោះទាំងអស់។ វណ្ណា បាននិយាយថា ពេលម្តាយរបស់គាត់ឈឺ អង្គការមិនអនុញ្ញាតឱ្យទៅសួរសុខទុក្ខឡើយ ក្រោមហេតុផលថាមានពេទ្យមើលថែរួចហើយ។
វណ្ណា បានរៀបការជាថ្មីម្តងទៀតនៅក្នុងរបបខ្មែរក្រហម ជាមួយបុរសឈ្មោះ ហេង។ ពិធីរៀបការគ្មានការចូលរួមពីសាច់ញាតិបងប្អូនឡើយ គឺមានត្រឹមតែការហៅឱ្យឡើងមកចាប់ដៃ និងប្តេជ្ញាគោរពតាមអង្គការ ដើរតាមមាគ៌ារបស់អង្គការ ទោះពេញចិត្តឬមិនពេញចិត្តក្តី គឺត្រូវតែឆ្លើយយល់ព្រមដាច់ខាត។ របបនោះបានហាមឃាត់ការគោរពសាសនា វាយកម្ទេចព្រះពុទ្ធរូប ផ្សឹកព្រះសង្ឃឱ្យធ្វើការដូចជនសាមញ្ញ។ ទោះបីមិនបានឃើញការសម្លាប់មនុស្សផ្ទាល់ភ្នែក តែ វណ្ណា ធ្លាប់បានឮប្រជាជនដែលមានវ័យចំណាស់ប្រាប់ថាមានការដឹកមនុស្សដាក់បាវលើសេះយកទៅទម្លាក់ចោលនៅវត្តទ្រព្យ និងវត្តកកោះដែលជាទីតាំងសម្លាប់មនុស្សប្រចាំតំបន់។
ការងារនៅតែបន្តជារៀងរាល់ថ្ងៃ សូម្បីស្ត្រីទើបសម្រាលកូនមិនត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកឡើយ។ នៅក្នុងតំបន់របស់គាត់ប្រជាជនភាគច្រើនត្រូវបង្ខំឱ្យជីកព្រែក ដូចជាព្រែកត្រពាំងទន្លេ ព្រែកខាងជើងភូមិតាំងញាតិ និងព្រែកធំនៅខាងលិចភូមិតាំងញាតិ។ វណ្ណា បានលើកឡើងថា៖ «ឆ្លងកាត់ការលំបាករាប់មិនអស់ ខ្ញុំចាត់ទុករបប ប៉ុល ពត ថាជាពេលវេលាដ៏សែនលំបាកបំផុត ទាំងការហូបចុក ការសម្រាក និងការព្យាបាលជំងឺ។ ខ្ញុំសង្ឃឹមថារបបនោះនឹងមិនមានកើតឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេសកម្ពុជាឡើយ»៕
សម្ភាសន៍ដោយ៖ ម៉ា សារពេជ្ញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

