ស្ទើរតែបាត់បង់ជីវិតព្រោះចាប់មនុស្សខុស

(ព្រះវិហារ)៖ ជួន ស្រិត មានអាយុ៧០ឆ្នាំ រស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ស្រិត មានបងប្អូនចំនួន៦នាក់។ ស្រិត មានជំងឺឈឺក្បាលជង្គង់ ជំងឺក្រពះពោះវៀន។

នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ពេលនោះមានការទម្លាក់គ្រាប់បែកនៅខេត្តព្រះវិហារ ដែលធ្វើឱ្យ ស្រិត និងគ្រួសារ រួមទាំងប្រជាជនដទៃនាំគ្នារត់ពួននៅតាមព្រៃ និងតាមវាលស្រែនៅឯអូរស្លោក។ ការទម្លាក់គ្រាប់បែក មិនបណ្ដាលឱ្យប្រជាជនណាម្នាក់ស្លាប់ ឬរងរបួសឡើយ គឺគ្រាន់តែមានការខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ។

នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានចូលមកគ្រប់គ្រងស្រុកដែល ស្រិត រស់នៅ និងបានបង្កើតសហករណ៍រួម ដែលតម្រូវឱ្យប្រជាជនយកស្រូវអង្ករ និងទ្រព្យសម្បត្តិមកដាក់រួម។ ស្រិត ត្រូវខ្មែរក្រហមបានបង្ខំឱ្យធ្វើស្រែទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាក ជួនកាលគាត់ត្រូវស្ទូងស្រូវទាំងយប់ដោយប្រើពន្លឺភ្លើងជន្លុះ។ បន្ទាប់មក ស្រិត ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការងារនៅក្នុងកងស្រួចនៅស្រុកជាំក្សាន្ត ជាមួយយុវជន-យុវនារីប្រហែល១៥០នាក់ ដើម្បីស្ទូងស្រូវ ច្រូតស្រូវ និងលើកទំនប់។ ចំណែកឪពុកម្តាយរបស់ស្រិត ត្រូវចាត់តាំងទៅអូរសោម ឪពុករបស់គាត់ធ្វើជាអ្នកឃ្វាលក្របី ហើយម្តាយជាអ្នកចិញ្ចឹមមាន់។ ខ្មែរក្រហម តម្រូវឱ្យសមាជិកកងស្រួចស្លៀកខោខ្មៅ អាវខ្មៅ ពាក់កន្សែងពណ៌ក្រហម និងហូបតែបបរក្នុងរយៈពេលមួយឆ្នាំ ទើបបានដូរឱ្យហូបបាយ។ ក្រោយមក ស្រិត ត្រូវផ្លាស់ប្តូរឱ្យទៅលើកទំនប់កំពីងពួយ និងបន្តទៅធ្វើជាប្រធានក្រុមនៅទំនប់ប្រាសាទពណ្ណរាយ ដោយគ្រប់គ្រងសមាជិកចំនួន៥នាក់។

មានពេលមួយ អង្គការបានហៅ ស្រិត និងមនុស្សចំនួន៦នាក់ផ្សេងទៀតទៅក្រឡាពាស។ នៅពេលនោះ ស្រិត បានគិតថាអង្គការយកខ្លួនទៅសម្លាប់ចោល ប៉ុន្តែជាសំណាងល្អ គណៈស្រុកឈ្មោះ យ៉ាត់ បានប្រាប់ថាចាប់មនុស្សមកខុស ហើយបានឱ្យត្រឡប់ទៅសហករណ៍វិញ។ នៅពេលត្រឡប់មកដល់សហករណ៍វិញ ស្រិត បានឃើញខ្មែរក្រហមយកប្រជាជន១៧មេសាជាច្រើននាក់ទៅសម្លាប់នៅជ្រោះជ្រែច។

នៅក្នុងរបបខ្មែរក្រហម វត្តអារាមត្រូវបានវាយកម្ទេចចោល រូបព្រះពុទ្ធរូបត្រូវវាយបំបែកខ្ទេចខ្ទី ហើយព្រះសង្ឃប្រហែល៥០អង្គបានរត់គេចខ្លួនទៅភ្នំដងវែងដើម្បីគេចពីការសម្លាប់។ នៅក្នុងពេលនោះ មានស្ត្រី២នាក់ត្រូវបានឈ្លបខ្មែរក្រហមចាប់រំលោភនៅទំនប់កំពឹង ប៉ុន្តែមិនហ៊ាននិយាយប្រាប់គណៈក្រុមទេ ព្រោះខ្លាចឈ្លបនោះយកទៅសម្លាប់។

នៅក្នុងឆ្នាំ១៩៧៧ ស្រិត បានរៀបការជាមួយនារីម្នាក់ឈ្មោះ ប៉ែន តាមរយៈការរៀបចំរបស់អង្គការ។ ការរៀបការនោះ មាន៥គូ ដែលរៀបការជុំគ្នា។ ស្រិត បាននិយាយថា នៅក្នុងរបបខ្មែរក្រហម បុរសមានសិទ្ធិជ្រើសរើសមនុស្សដែលខ្លួនស្រឡាញ់ ប៉ុន្តែនារីមិនមានសិទ្ធិជ្រើសរើសឡើយ។ បន្ទាប់ពីរៀបការ ស្រិត និងប្រពន្ធ ត្រូវខ្មែរក្រហមបញ្ជូនឱ្យទៅធ្វើការនៅអន្លង់ល្វែង ដើម្បីដាំពោត និងដាំបន្លែតាមគ្រួសារ។ នៅទីនោះ ស្រិត បានឃើញស្ត្រីម្នាក់ជាប្រជាជន១៧មេសាឈ្មោះ សម្រស់ ឈឺជំងឺគ្រុនចាញ់ធ្វើការមិនរួច ត្រូវបានខ្មែរក្រហមចោទថាឈឺសតិអារម្មណ៍ រួចចាប់យកទៅសម្លាប់ចោលនៅគោជល់។ ក្រៅពីនោះមានគ្រួសាររបស់គ្រូបង្រៀនឈ្មោះ អាន ព្រមទាំងប្រពន្ធនិងកូន ត្រូវបានឈ្លបចាប់យកទៅសម្លាប់ចោលទាំងអស់ នៅភូមិប្រមេរ។

នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមត្រូវបានរំដោះ។ ស្រិត បានរត់ភៀសខ្លួនទៅតំបន់យោល ដើម្បីគេចពីការចាប់បង្ខំឱ្យធ្វើទាហានច្បាំងជាមួយកងទ័ពវៀតណាម។ ក្រោយពេលស្រុកទេសរំដោះ ស្រិត បានត្រឡប់មករស់នៅជួបជុំប្រពន្ធ និងកូនវិញនៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រហូតដល់សព្វថ្ងៃ៕

សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin