ធ្វើការក្នុងកងចល័ត និងនៅកន្លែងចុងភៅ

យ៉ង សៃ អាយុ៦៩ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សៃ បានចូលក្នុងកងចល័ត ដើម្បីធ្វើស្រែ ស្ទូង ដក និងច្រូតស្រូវ។ បន្ទាប់មក អង្គការបានបញ្ជូនគាត់ចូលទៅក្នុងក្រុមចុងភៅភូមិវិញ។ នៅកន្លែងចុងភៅ សៃ មិនបានហូបចុកគ្រប់គ្រាន់នោះទេ ដោយរបបអាហាររបស់គាត់គឺដើមចេក និងបន្លែដូចប្រជាជនទូទៅដែរ។ នៅពេលធ្វើការងារ ប្រធានកងបានស្ដីបន្ទោសគាត់ជាញឹកញាប់ ព្រោះ សៃ ទៅធ្វើការមិនទាន់ពេលវេលា។
ក្រៅពីការលំបាកខាងលើ សៃ មានការខ្វះខាតសម្លៀកបំពាក់យ៉ាងខ្លាំង ព្រោះអង្គការបានផ្ដល់ត្រឹមសំពត់ខ្មៅមួយប៉ុណ្ណោះ ហើយខោអាវចាស់ៗរបស់គាត់ដែលមានតិចតួចកាលពីមុនត្រូវយកទៅជ្រលកជាមួយភក់ និងបុកក្លឿរ ដើម្បីឲ្យប្រែទៅជាពណ៌ខ្មៅ ឬក្រម៉ៅ។ ចំណែកស្បែកជើង សៃ បានចៀរកង់ឡាន រួចចងខ្សែសម្រាប់ពាក់។
នៅដើមខែមករា ឆ្នាំ១៩៧៩ អំឡុងពេលមានសំឡេងផ្ទុះអាវុធ សៃ បានទៅយកអង្ករពីកន្លែងសេដ្ឋកិច្ច រួចរត់ភៀសខ្លួនចេញពីភូមិ ទៅដល់ត្រពាំងរការ ទើបនាំគ្នាត្រលប់មកវិញ ព្រោះបានទទួលដំណឹងថាកងទ័ពស្ម័គ្រចិត្តវៀតណាមត្រលប់ទៅស្រុកវិញ។ នៅពេលរត់ភៀសខ្លួនឪពុករបស់សៃ បានបាត់បង់ជីវិត។ មិនយូរប៉ុន្មាន សៃ បានរត់គេចខ្លួនជាលើកទីពីរ ដោយនៅតាមផ្លូវធ្វើដំណើរ គាត់បានច្រូតស្រូវក្នុងស្រែ រួចបុកយកអង្ករដាំបាយហូប រហូតដល់ខាងជើងភ្នំចំបាប់ទើបត្រលប់មកភូមិវិញ។ សៃ បានចូលទៅចាប់ដៃរស់នៅក្នុងភូមិ និងចាប់ផ្ដើមធ្វើស្រែបន្តទៀត។ ក្រោយរបបខ្មែរក្រហម សៃ បានដឹងថា បង និងបងថ្លៃរបស់គាត់បានស្លាប់នៅភូមិព្រីង។
ក្រោយមក សៃ បានដឹងពីតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់ពេញចិត្តចំពោះការកាត់ទោសនេះណាស់ ព្រមទាំងចង់ឲ្យមានការប្រមូលឯកសារ បង្កើតកន្លែងរក្សាទុក និងអប់រំក្មេងជំនាន់ក្រោយឲ្យបានដឹង និងការពារកុំឲ្យរបបនោះត្រលប់មកវិញ។ នៅពេលអ្នកស្ម័គ្រចិត្តសម្ភាសន៍ សៃ មានជំងឺប្រចាំកាយដូចជា៖ ទឹកនោមផ្អែម បេះដូង លើសឈាម និងឈឺជើង។ ដើម្បីព្យាបាលជំងឺ សៃ បានប្រើប្រាស់ថ្នាំខ្មែរ និងទិញថ្នាំពីពេទ្យនៅព្រៃកប្បាស និងនៅផ្សាជ្រែ យកមកលេបជាប្រចាំ។
សម្ភាសន៍ដោយ៖ គ្រី ភាព នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

