ក្នុងមួយថ្ងៃធ្វើការចាប់ពី៧ទៅ១០ម៉ោង

(ស្វាយរៀង)៖ រស់ ម៉ាកដ្ឋ អាយុ៧១ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ម៉ាកដ្ឋ មានបងប្អូនចំនួន៦នាក់ (ក្នុងនោះមានស្រីចំនួន៣នាក់) គាត់ជាកូនច្បង។ សព្វថ្ងៃ ម៉ាកដ្ឋ ជាស្ត្រីមេម៉ាយ មានកូនចំនួន៣នាក់ (ស្រីម្នាក់) និងប្រកបមុខរបរជាកសិករ។ បច្ចុប្បន្ន ម៉ាកដ្ឋ មានជំងឺក្រពះពោះវៀន លើសឈាម និងជំងឺបាក់ទឹកចិត្ត ដែលបន្សល់ទុកពីរបបខ្មែរក្រហម។
នៅដើមឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ ពីសំណាក់លោក លន់ នល់។ គ្រានោះ គ្រួសាររបស់ម៉ាកដ្ឋ កំពុងស្នាក់នៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ យោធាបានជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុង ក្រោមការសន្យាថានឹងអនុញ្ញាតឱ្យត្រឡប់ចូលទីក្រុងវិញក្នុងរយៈពេល៣ថ្ងៃ។ គ្រួសាររបស់ម៉ាកដ្ឋ បានធ្វើដំណើរតាមផ្លូវថ្មើរជើងអស់រយៈពេលមួយខែជាង ទើបដល់ស្រុកកំណើតវិញ។ ការរស់នៅនាពេលនោះជួបប្រទះតែភាពភ័យខ្លាចរាល់ថ្ងៃ ព្រោះមានការបាញ់បោះ វាយប្រហារ និងទម្លាក់គ្រាប់បែកជាច្រើនកន្លែងនៅក្នុងភូមិ។ ពេលនោះ ម៉ាកដ្ឋ មានអាយុ២១ឆ្នាំ ហើយខ្មែរក្រហមបានជម្លៀសប្រជាជនពីទីក្រុងភ្នំពេញឱ្យទៅរស់នៅតាមជនបទ ព្រមទាំងផ្លាស់ប្តូរការរស់នៅតាមរយៈការបង្កើតសហករណ៍ ដែលតម្រូវឱ្យស្នាក់នៅរួម ធ្វើការរួម ហូបរួម និងប្រមូលទ្រព្យសម្បត្តិទាំងអស់ទុកជារបស់សមូហភាព។
នៅពេលត្រឡប់មកដល់ភូមិស្រុកវិញ ម៉ាកដ្ឋ ត្រូវប្រជាជនមូលដ្ឋានរើសអើង និងគ្រប់គ្រង។ អង្គការបានបង្ខំឱ្យ ម៉ាកដ្ឋ ធ្វើការងារក្នុងមួយថ្ងៃចាប់ពី៧ម៉ោង ទៅ១០ម៉ោងក្នុងមួយថ្ងៃ។ ម៉ាកដ្ឋ មានតួនាទីមើលគោក្របី ប្រមូលលាមកគោ លាមកមនុស្សយកទៅធ្វើជីដាក់ស្រែ។ បន្ទាប់មក ម៉ាកដ្ឋ ត្រូវអង្គការជម្លៀសបន្តទៅខេត្តពោធិ៍សាត់ ប្រើឱ្យទូលអំបិលទាំងដែលគាត់ទើបសម្រាលកូនរួច និងប្រើឱ្យក្រងស្បូវថែមទៀត។ ចំពោះរបបអាហារវិញ មានត្រឹមតែបបរមួយកូនចាន សម្លមានតែទឹកនិងបន្លែ។
ក្នុងរបបខ្មែរក្រហម ម៉ាកដ្ឋ បានបាត់បង់សមាជិកគ្រួសារចំនួន៣នាក់ រួមមានប្តីម្នាក់ បងម្នាក់ និងប្អូនម្នាក់ ព្រោះអង្គការបានយកទៅរៀនសូត្រ។ ទាក់ទងនឹងការធ្វើទារុណកម្ម អង្គការបានចងអ្នកទោសជាខ្សែៗយកទៅសម្លាប់ និងវាយសួរចម្លើយទោះជាគ្មានកំហុស ឱ្យតែត្រូវចោទថាក្បត់នឹងអង្គការ។ ទីតាំងធ្វើទារុណកម្មនេះមាននៅវត្តធ្លក ក្រោមការគ្រប់គ្រងរបស់ អោ ជាប្រធានមន្ទីរស្រុកម៉ឺនជ័យថ្មី៕
សម្ភាសន៍ដោយ៖ ម៉ុន សុធារ៉ា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

