របបគ្មានសាសនា

(តាកែវ)៖ សាន ប្រផូ មានអាយុ៥៧ឆ្នាំ រស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ សព្វថ្ងៃ ប្រផូ មានជំងឺប្រចាំកាយជាច្រើនមុខរួមមាន ជំងឺក្រពះពោះវៀន ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺភ្នែក។
ប្រផូ បានចែករំលែកថា នៅអំឡុងឆ្នាំ១៩៧០ គាត់មិនសូវដឹងរឿងរ៉ាវច្រើនទេ ព្រោះគាត់នៅក្មេងពេក។ ក្នុងឆ្នាំ១៩៧០ គ្រួសាររបស់គាត់បានគេចខ្លួនពីស្រុកទៅរស់នៅទីក្រុងភ្នំពេញដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព។
ក្រោយពេលខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ គ្រួសាររបស់គាត់ត្រូវបានគេជម្លៀសឱ្យត្រឡប់មកស្រុកវិញ ប៉ុន្តែត្រូវចេញមកក្រោយគេ ដោយសារម្តាយទើបតែសម្រាលកូនរួច។ ពេលចេញពីទីក្រុង ប្រផូ ឃើញថាទីក្រុងមានភាពស្ងាត់ជ្រងំ ហើយឃើញមានសាកសពជាច្រើននៅតាមដងផ្លូវ។ ការធ្វើដំណើរមានការលំបាកខ្លាំង ដោយសារម្តាយរបស់គាត់ទើបសម្រាលកូនបានមួយសប្ដាហ៍។ ពេលខ្មែរក្រហមដណ្តើមបាន និងគ្រប់គ្រងប្រទេសទាំងមូល ប្រផូ មានអាយុត្រឹមតែ៧ឆ្នាំប៉ុណ្ណោះ។
ប្រផូ ត្រូវបានខ្មែរក្រហមជម្លៀសឱ្យទៅរស់នៅតំបន់៥៥ និងត្រូវបង្ខំឱ្យធ្វើការនៅទីនោះ។ ទោះបីជាគាត់ស្ថិតក្នុងវ័យកុមារក្តី ខ្មែរក្រហមមិនបានលើកលែងឱ្យឡើយ។ គាត់ត្រូវបានបំបែកចេញពីគ្រួសារ និងបញ្ជូនទៅរស់នៅក្នុងកងកុមារ។ នៅក្នុងរបបនោះ ខ្មែរក្រហមមិនអនុញ្ញាតឱ្យកុមាររៀនសូត្រទេ គឺប្រើឱ្យធ្វើការងារ។
ការងារដែល ប្រផូ ត្រូវធ្វើនៅក្នុងកងកុមារគឺ រើសកួរស្រូវ។ ដោយសារការបែកពីម្តាយបងប្អូន និងខ្វះភាពកក់ក្តៅ គាត់បានលួចរត់ត្រឡប់ទៅផ្ទះ តែត្រូវប្រធានក្រុមតាមចាប់យកទៅវិញ។ នៅពេលនោះមិនត្រឹមតែ ប្រផូ ប៉ុណ្ណោះទេដែលរត់ចេញពីកង មានកុមារផ្សេងៗទៀតបានលួចរត់ដូចគ្នា។ ពេលប្រធានក្រុមតាមចាប់គាត់ត្រឡប់ទៅវិញ ម្តាយរបស់គាត់មិនហ៊ានឃាត់ ឬតវ៉ាជាមួយប្រធានក្រុមនោះឡើយ ព្រោះខ្លាចយកទៅសម្លាប់។
ការរស់នៅក្នុងកងកុមារគឺខ្វះខាតការហូបចុកខ្លាំង បាយម្ហូបមានចំនួនតិចតួច ហើយត្រូវចែករំលែកដល់កុមារជាច្រើន។ សម្លមិនសូវមានសាច់ ត្រី ឬបន្លែឡើយ។ ចំពោះផ្នែកសុខាភិបាល ថ្នាំ និងគ្រូពេទ្យមិនសូវមានទេ។ ថ្នាំដែលយកមកប្រើមិនដឹងប្រភពច្បាស់លាស់ ពេលចាក់ទៅអ្នកខ្លះអាចរស់ ហើយអ្នកខ្លះទៀតស្លាប់។
ប្រផូ បាននិយាយថា ការសម្លាប់ និងការធ្វើទារុណកម្មលើមនុស្ស គាត់មិនសូវដឹងច្បាស់ទេ ដោយសារគាត់នៅក្មេងពេក តែសម្រាប់មនុស្សពេញវ័យទើបដឹងរឿងរ៉ាវច្បាស់លាស់។ ទោះជាយ៉ាងនេះក្តី គាត់ធ្លាប់ឃើញឈ្លបយកមនុស្សចេញទៅទាំងយប់ ជួនកាលចាប់ដាក់រទេះ ជួនកាលឱ្យដើរថ្មើរជើង។ ឈ្លបច្រើនប្រាប់ថាយកអ្នកទាំងនោះទៅលើកទំនប់ ឬជីកព្រែក ឬចោទថាធ្វើខុសនេះខុសនោះ តែពេលយកទៅហើយមិនដែលឃើញត្រឡប់មកវិញឡើយ។ នៅក្នុងរបបនោះ ខ្មែរក្រហមបានបំផ្លាញសម្បត្តិវប្បធម៌ និងវត្តអារាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានវាយកម្ទេចកុដិលោក ដើម្បីយកទីតាំងធ្វើជាសហករណ៍។ ប្រផូ បានបញ្ជាក់ថា ខ្មែរក្រហមមិនកាន់សាសនាអ្វីឡើយ ហើយមិនគិតពីបុណ្យបាបទេ៕
សម្ភាសន៍ដោយ៖ ម៉ា សារពេជ្ញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

