ជារៀងរាល់យប់តែងតែឮសំឡេងមនុស្សស្រែកឱ្យជួយ

(ក្រចេះ)៖ សៅ រ៉ន មានអាយុ៧៤ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ រ៉ន មានជំងឺលើសឈាម ដែលត្រូវឱ្យគាត់លេបថ្នាំជាប្រចាំ។

រ៉ន បាននិយាយថា នៅក្នុងរបបខ្មែរក្រហមប្រជាជនបានជួបប្រទះការលំបាកជាខ្លាំង ពិសេសគឺការហូបចុក និងការធ្វើការងារ។ នៅក្នុងមួយថ្ងៃ រ៉ន ទទួលបានបបរចំនួនពីរដង ពេលថ្ងៃ និងពេលល្ងាច។ នៅរបបនោះ អង្គការបានចាត់តាំងឱ្យ រ៉ន ធ្វើការងារទាំងយប់ទាំងថ្ងៃ ហាលភ្លៀង ហាលថ្ងៃក្ដៅ ស្ទើរតែគ្មានពេលសម្រាក។ រ៉ន បានបញ្ជាក់ថា នៅក្នុងរបបនោះអង្គការបញ្ជាឱ្យគាត់ស្ទូងស្រូវឱ្យត្រង់ជូរ ប្រសិនជាមិនត្រង់ជូរទេប្រធានក្រុមនឹងបញ្ជាឱ្យដកចេញរួចស្ទូងឡើងវិញម្ដងទៀត។

នៅក្នុងរបបខ្មែរក្រហម អង្គការបានចែកសម្លៀកបំពាក់ត្រឹមតែពីរកំប្លេប៉ុណ្ណោះ  សម្រាប់មនុស្សម្នាក់។ នៅពេលដាចរហែក ប្រជាជនទាំងអស់ត្រូវយកក្រណាត់ដេរដោយខ្លួនឯង។ រ៉ន មិនមានសម្លៀកបំពាក់ច្រើនសម្រាប់ផ្លាស់ប្ដូរឡើយ គាត់ត្រូវស្លៀកពេលថ្ងៃបោកពេលយប់ ស្លៀកយប់បោកពេលថ្ងៃ។

រ៉ន បានលើកឡើងថា នៅក្នុងរបបខ្មែរក្រហម ពេលយប់ស្ងាត់អង្គការតែងតែចាប់មនុស្សយកទៅសម្លាប់។ រ៉ន បាននិយាយថា ទីតាំងសម្លាប់មនុស្សគឺនៅមិនឆ្ងាយពីកន្លែងដែលគាត់រស់នៅប៉ុន្មានទ។ នៅពេលដែលឃើញឈ្លបចាប់មនុស្សទៅ រ៉ន មិនដែលហ៊ានសួរនាំ ឬតាមមើលយូរឡើយ ព្រោះខ្លាចឈ្លបចាប់គាត់យកទៅសម្លាប់ជាមួយដែរ។  រ៉ន បានបន្តថា គាត់តែងតែឮសំឡេងមនុស្សស្រែកឱ្យជួយ និងសម្រែកបញ្ជាក់ពីការឈឺចាប់។ គាត់មិនបានដឹងទេថា ប្រជាជនដែលត្រូវសម្លាប់ទាំងអស់នោះមានទោសកំហុសអ្វីឡើយ។

រ៉ន បានចែករំលែកថា នៅក្នុងរបបខ្មែរ ការរៀបអាពាហ៍ពិពាហ៍របស់យុវជន-យុវនារី គឺអង្គការជាអ្នករៀបចំ ហើយត្រូវរៀបការ ជាក្រុម និងមិនមានកម្មវិធីប្រពៃណីខ្មែរ។ នៅពេលនោះ គាត់បានឃើញអង្គការរៀបចំកម្មវិធី យុវជន-យុវនារី ៣គូក្នុងពេលតែមួយ។ យុវជន និងយុវនារីទាំងអស់មិនមាននរណាហ៊ានតវ៉ាមានការរៀបចំឡើយ ប្រសិនបើនរណាហ៊ានប្រឆាំង នោះត្រូវចាប់យកទៅសម្លាប់ភ្លាម។ នៅក្នុងរបបនោះ ដើម្បីរស់រានមានជីវិត ត្រូវបង្ខំចិត្តរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនបានស្រឡាញ់។

ក្រោយពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ រ៉ន និងអ្នកភូមិដទៃទៀតបានត្រឡប់ទៅផ្ទះសំបែង និងបានស្វែងរកឪពុកម្ដាយ និងសាច់ញាតិដែលបែកគ្នា៕

សម្ភាសន៍ដោយ៖ ប៉ឹល មុនថា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin