ខ្ញុំ និងសមាជិកក្រុមត្រូវលើកទំនប់ប្រវែង ១៩ ម៉ែត្រ ក្នុង១ថ្ងៃ

(ខេត្តស្វាយរៀង) អ៊ុក សុខុម ភេទស្រី មានអាយុ ៧០ ឆ្នាំ និងមានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សុខុម មានឪពុកឈ្មោះ ម៉ាន់ វ៉ា និងម្តាយឈ្មោះ ងួន សី ហើយគាត់ជាកូនទី៧ ក្នុងគ្រួសារដែលមានបងប្អូនសរុបចំនួន ៨ នាក់ ក្នុងនោះស្រី ១ នាក់ ។ កាលពីកុមារភាព សុខុម រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម។ បច្ចុប្បន្ន គាត់ប្រកបរបរជាកសិករនៅស្រុកកំណើត។

សុខុម បានរំឭកថា នៅឆ្នាំ១៩៧០ បន្ទាប់ពីឧត្តមសេនីយ៍ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម។ ការប្រយុទ្ធគ្នាបានកើតឡើងនៅតាមតំបន់ជាច្រើន ហើយគ្រាប់ផ្លោងបានធ្លាក់ចូលភូមិរបស់គាត់ បណ្តាលឱ្យសត្វគោក្របីងាប់អស់ចំនួន ៣ ក្បាល។ ដោយសារការភ័យខ្លាចសង្គ្រាម គ្រួសាររបស់សុខុម ត្រូវរត់ភៀសខ្លួនទៅរស់នៅកន្លែងផ្សេងៗមួយរយៈ។ នៅអំឡុងឆ្នាំ១៩៧១ សុខុម មិនបានចូលរួមជាមួយចលនាខ្មែរក្រហមនោះទេ ប៉ុន្តែបងៗរបស់គាត់បានចូលរួមហ្វឹកហាត់ និងចេញទៅធ្វើសង្គ្រាមប្រយុទ្ធជាមួយទាហានរបប លន់ នល់ រហូតដល់ទទួលបានជ័យជម្នះ។

ក្រោយឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានស្ថិតក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហម។ សុខុម បានរំឭកថា នៅពេលខ្មែរក្រហមឡើងកាន់អំណាច ពួកគេបានប្រមូលមាស ប្រាក់ លុយកាក់ គោក្របី ស្រូវ អង្ករ ចាន ឆ្នាំង និងទ្រព្យសម្បត្តិផ្សេងៗរបស់ប្រជាជន យកទៅរក្សាទុកជាទ្រព្យរួមរបស់សហករណ៍។ បន្ទាប់មក សុខុម និងសមាជិកក្រុមចំនួន ១០ នាក់ ត្រូវបានចាត់តាំងឱ្យរែកជីអាចម៍គោយកទៅដាក់ស្រែ។ នៅរដូវវស្សា គាត់ត្រូវទៅធ្វើស្រែដោយពុំមានពេលសម្រាកគ្រប់គ្រាន់ឡើយ។ ដល់រដូវប្រមូលផល គាត់ត្រូវបានបញ្ជូនទៅច្រូតស្រូវនៅស្រុកកំពង់រោទិ៍។ ក្រុមច្រូតស្រូវអាចច្រូតបានជាច្រើនហិកតាក្នុងមួយថ្ងៃ។ បន្ទាប់ពីច្រូតរួច ត្រូវបោកបែនយកស្រូវ និងដឹកជញ្ជូនទុកក្នុងឃ្លាំងរួមរបស់អង្គការ។ នៅរដូវប្រាំង សុខុម ត្រូវបានចាត់តាំងឱ្យទៅជីកប្រឡាយ និងលើកទំនប់។ គាត់បានរំឭកថា មានអ្នកធ្វើការមួយចំនួនត្រូវដីបាក់សង្កត់ស្លាប់ ប៉ុន្តែអ្នកផ្សេងទៀតមិនហ៊ានឈប់ជួយ ឬសាកសួរឡើយ ព្រោះខ្លាចអង្គការដាក់ទោស។ ចំពោះការលើកទំនប់វិញ សុខុម និងសមាជិកក្រុមចំនួន ១២ នាក់ ត្រូវទទួលខុសត្រូវលើកទំនប់ប្រវែងប្រហែល ១៩ ម៉ែត្រ និងធ្វើជើងទេទំនប់តាមផែនការដែលអង្គការកំណត់។

ចំពោះរបបអាហារវិញ សុខុម បាននិយាយថា ក្នុងមួយថ្ងៃ អង្គការអនុញ្ញាតឱ្យហូបតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងមួយពេល​ៗ កងចល័តម្នាក់ទទួលបានបាយមួយកូនចានតូច និងសម្លដែលផ្សំពីត្រកួន ដើមចេក និងបន្លែផ្សេងៗទៀត។ សម្លភាគច្រើនមានតែទឹក និងគ្មានរសជាតិឡើយ។ ទោះបីជាហូបមិនឆ្អែតក៏ដោយ ក៏ប្រជាជនទាំងអស់គ្នាត្រូវអត់ធ្មត់ ព្រោះគ្មានជម្រើសផ្សេង។ ការរស់នៅប្រចាំថ្ងៃមានភាពតានតឹងខ្លាំង ដោយសារប្រជាជនគ្រប់រូបត្រូវធ្វើការងារជាបន្តបន្ទាប់។ សូម្បីតែអ្នកមានជំងឺ ក៏ត្រូវបន្តការងារតាមផែនការរបស់អង្គការដែរ។ ប្រសិនបើនរណាម្នាក់ហ៊ាននិយាយអ្វីមិនល្អពីអង្គការ អាចត្រូវបានចាត់ទុកថាជាអ្នកក្បត់ ឬមានបំណងប្រឆាំងអង្គការ ហើយប្រឈមមុខនឹងការហៅទៅអប់រំកសាង ឬទណ្ឌកម្មធ្ងន់ធ្ងរ។

នៅចុងបញ្ចប់នៃរបបខ្មែរក្រហម សុខុម ត្រូវបានបញ្ជាឱ្យជម្លៀសទៅកាន់តំបន់ ២៥។ ទោះបីជាគាត់មិនដឹងថាតំបន់នោះស្ថិតនៅទីណាក៏ដោយ ក៏ត្រូវតែធ្វើដំណើរតាមការបញ្ជារបស់អង្គការ។ សុខុម បានធ្វើដំណើរឆ្លងកាត់តំបន់អ្នកលឿង និងហែលឆ្លងទន្លេដោយប្រើដើមចេកជាជំនួយ។ នៅទីនោះ គាត់បានឃើញខិត្តប័ណ្ណទម្លាក់ពីយន្តហោះ ដែលប្រកាសថាប្រទេសកម្ពុជាត្រូវបានរំដោះហើយ និងអំពាវនាវឱ្យប្រជាជនវិលត្រឡប់ទៅស្រុកកំណើតវិញ។ ក្រោយទទួលដំណឹងនេះ សុខុម បានធ្វើដំណើរត្រឡប់មកភូមិកំណើត និងចាប់ផ្តើមប្រកបរបរធ្វើស្រែចម្ការឡើងវិញ រហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន សុខុម មានជំងឺប្រចាំកាយមួយចំនួន ដូចជា ជំងឺលើសសម្ពាធឈាម និងឧស្សាហ៍មានជំងឺខ្យល់គរ ដែលធ្វើឱ្យសុខភាពគាត់ចុះខ្សោយ និងឈឺញឹកញាប់៕

សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin