អង្គការកំណត់ឱ្យក្រុមខ្ញុំស្ទូងស្រូវឱ្យបានដីស្រែទំហំ ១ហិកតា ក្នុង១ថ្ងៃ

(ខេត្តស្វាយរៀង) កុយ ធី អាយុ ៦៤ ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ធី មានឪពុកឈ្មោះ កុយ ហ៊ាង និងម្តាយឈ្មោះ ឡាយ ឡូ ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧ នាក់ ក្នុងនោះស្រី ៣ នាក់​។ កាលពីកុមារភាព ធី បានរៀនសូត្របានត្រឹមថ្នាក់ទី៣ ក្នុងរបបសង្គមរាស្រ្តនិយម។

ធី បានរៀបរាប់ថា នៅឆ្នាំ១៩៧០ បន្ទាប់ពីឧត្តមសេនីយ៍ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីតំណែងបានធ្វើឱ្យប្រទេសកម្ពុជា​ជួបប្រទះសង្គ្រាម និងភាពវឹ​កវរយ៉ាងខ្លាំង។ ជារៀងរាល់ថ្ងៃ ធី និងសមាជិកគ្រួសារត្រូវរត់ទៅពួនក្នុងរណ្តៅត្រង់សេ និងតាមដីដំបូកដើម្បីគេចពីការបាញ់ប្រហារ និងការទម្លាក់គ្រាប់បែក។ នៅពេលព្រឹកទើបអាចត្រឡប់មកផ្ទះវិញបាន ប៉ុន្តែមិនយូរប៉ុន្មានក៏ត្រូវរត់គេចម្តងទៀត។

ធី បានរំឭកថាការហូបចុកក្នុងសម័យ លន់ នល់ មិនសូវមានបញ្ហាខ្វះខាតនោះទេ ប៉ុន្តែការរត់គេចសង្គ្រាមគឺជាទុក្ខលំបាកបំផុត។ ផ្ទះរបស់ធី ត្រូវបានគ្រាប់បែកទម្លាក់ចំឆេះខ្ទេចគ្មានសល់។ ធី ជឿថាប្រសិនបើមិនបានរត់ទៅពួនក្នុងរណ្តៅត្រង់សេទាន់ពេលវេលាទេ ប្រហែលជាគាត់ និងសមាជិកគ្រួសារអាចបាត់បង់ជីវិតទាំងអស់គ្នា។ ក្រោយពីរបប លន់ នល់ ដួលរលំ នៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហម។ ធី បានរៀបរាប់ថា អង្គការបានប្រមូលមាសប្រាក់ លុយកាក់ សត្វពាហនៈ ស្រូវ អង្ករ និងសម្ភារផ្សេងៗរបស់ប្រជាពលរដ្ឋ ដាក់ជាទ្រព្យរួមរបស់សហករណ៍។ ប្រសិនបើអង្គការដឹងថាប្រជាជនណាលាក់ទុកទ្រព្យសម្បត្តិអាចប្រឈមនឹងការដាក់ទណ្ឌកម្ម ឬសម្លាប់ចោល។

ធី ឈ្លបតម្រូវឱ្យចូលទៅក្នុងកងចល័តនារីឃុំ។ ការងាររបស់ធី ត្រូវដកសំណាប និងស្ទូងស្រូវ។ ជារៀងរាល់ថ្ងៃ នៅវេលាម៉ោង ៣ ទៀបភ្លឺ ធី និងសមាជិកកងចល័តនារីត្រូវក្រោកទៅដកសំណាប ហើយដឹកជញ្ជូនទៅកាន់ទីតាំងស្រែដែលត្រូវស្ទូង។ ក្រុមស្ទូងរបស់ធី ដែលមានសមាជិកចំនួន ២៥ នាក់ ហើយអង្គការកំណត់ឱ្យស្ទូងស្រូវឱ្យបាន ទំហំ ១ ហិកតា ក្នុង១ថ្ងៃ។

ក្រៅពីការងារស្ទូងស្រូវ ធី ក៏ត្រូវបានចាត់តាំងឱ្យទៅជីកប្រឡាយ និងជញ្ជូនអាចម៍ដីសម្រាប់កសាងទំនប់ និងផ្លូវ។ ធី បានរៀបរាប់ថាប្រឡាយទឹកខ្លះ​មានជម្រៅរហូតដល់ទៅ ២ ម៉ែត្រ និងកន្លែងខ្លះជ្រៅជាង ៣ ម៉ែត្រ។ នៅពេលខ្លះ កម្មករត្រូវប្រើខ្សែសម្រាប់ទាញគ្នាឡើងពីក្នុងប្រឡាយ ដោយសារតែមានជម្រៅខ្លាំងពេក។ បន្ទាប់មក ធី ត្រូវបានចាត់តាំងឱ្យទៅលើកប្រព័ន្ធភ្លឺស្រែ។ ក្នុងម្នាក់ៗ ត្រូវទទួលខុសត្រូវលើកឱ្យ​បានប្រវែង ៣ ម៉ែត្រ ហើយបន្ទាប់ពីធ្វើចប់ ត្រូវបន្តការងារផ្សេងបន្ថែមទៀត។ ភ្លឺស្រែមានទំហំធំ និងត្រូវការកម្លាំងពលកម្មខ្លាំង។ ធី បានរំឭកថាក្នុងពេលលើកភ្លឺស្រែ គាត់បានមុតជើងនឹងផ្លែចប ហើយស្នាមរបួសនោះបានបន្សល់ទុករហូតដល់សព្វថ្ងៃ។

នៅរដូវប្រមូលផលគាត់ត្រូវចេញទៅច្រូតស្រូវតាមផែនការរបស់អង្គការ។ បន្ទាប់ពីច្រូតរួច ត្រូវទៅបោកស្រូវ និងដឹកជញ្ជូនស្រូវទៅទុកក្នុងឃ្លាំងសហករណ៍។ ក្រោយមក ធី ត្រូវបានបញ្ជូនឱ្យទៅជីកប្រឡាយនៅតំបន់ក្បាលហុង។ ចំពោះរបបអាហារវិញ ធី បានរៀបរាប់ថា នៅសហករណ៍ ប្រជាជនទទួលបានអាហារតែ ២ពេលក្នុង ១ថ្ងៃ។ ក្នុង១ពេល ទទួលបានបបរ ១កូនចាន និងសម្លដើមចេក ត្រកួន ឬត្រកៀត។ សម្លភាគច្រើនមានតែ​ទឹក និងគ្មានសាច់ឡើយ។ ការហូបចុកពុំដែលបានឆ្អែតនោះទេ។ ធី ក៏បានរំឭកពីការរៀបការក្នុងរបបខ្មែរក្រហមផងដែរ។ អង្គការរៀបចំពិធីមង្គលការជាក្រុមៗ មានគូស្វាមីភរិយាជាច្រើនគូត្រូវរៀបការក្នុងពេលតែមួយ។ គូស្វាមីភរិយាត្រូវឡើងប្តេជ្ញាចិត្តចំពោះមុខអង្គការថា នឹងស្រឡាញ់គ្នាអស់មួយជីវិត និងស្មោះស្ម័គ្របម្រើអង្គការ។ ពិធីនេះពុំមានអាចារ្យ មេបា ភ្លេងការ ឬការទទួលភ្ញៀវតាមប្រពៃណីឡើយ។

នៅចុងរបបខ្មែរក្រហម ធី បានរត់គេចជាមួយក្រុមគ្រួសារ និងបានទៅដល់តំបន់ទួលល្ហុងក៏បានជួបជាមួយកងកម្លាំងរណសិរ្ស និងកងទ័ពវៀតណាមដែលប្រាប់ថា ប្រទេសកម្ពុជាត្រូវបានរំដោះហើយ ព្រមទាំងបានអំពាវនាវឱ្យប្រជាជនវិលត្រឡប់ទៅស្រុកកំណើតវិញ។ ក្រោយមក ធី បានមករស់នៅភូមិអង្គឫស្សី និងចាប់ផ្តើមប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមជីវិត។ បច្ចុប្បន្ន ធី រស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានជំងឺប្រចាំកាយដូចជាជំងឺក្រពះ ពោះវៀន ឈឺសន្លាក់ជង្គង់ និងមានបញ្ហាភ្នែក៕

សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin