ខៀវ សាលី៖ ក្រោកតាំងពីម៉ោង៣យប់

(កណ្ដាល)៖ ខៀវ សាលី ភេទស្រី មានអាយុ ៦៦ឆ្នាំ រស់នៅ និងមានទីកន្លែងកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សាលី មានបងប្អូនចំនួនបីនាក់។
កាលពីកុមារភាព សាលី ដែលមានអាយុ ៩ឆ្នាំ បានចូលរៀននៅសាលាវត្តអង្គ។ នៅមុនឆ្នាំ១៩៧០ សាលី បានឈប់រៀនត្រឹមថ្នាក់ទី៩។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ និងការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់ នៅវត្តអង្គ គ្រួសាររបស់សាលី បានទៅរស់នៅវត្តសិម្ពលី។ ចំណែកឪពុករបស់សាលី នៅចាំផ្ទះ និងមើលគោ និងពពែ។ ក្រោយមក នៅក្នុងភូមិ មានការទម្លាក់គ្រាប់បែកកាន់តែខ្លាំង ឪពុករបស់សាលី បានចាកចេញ និងបោះបង់ផ្ទះសំបែង និងសត្វចិញ្ចឹម។ គ្រួសាររបស់សាលី បានមករស់នៅម្តុំអូរបែកក្អម។ នៅឆ្នាំ១៩៧២ សាលី បានរៀបការ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសសាលីចេញពីទីក្រុងភ្នំពេញ។ សាលី ចងចាំថា ខ្មែរក្រហមបានវាយបំបែកសោទ្វារឃ្លាំងអង្ករ ហើយឲ្យប្រជាជន រួមទាំងគាត់ទៅលីអង្ករយកមកដាក់រទេះ និងដឹកចេញមក។ នៅពេល សាលី ធ្វើដំណើរមកដល់ម្តុំពោធិ៍ចិនតុង គាត់ឃើញផ្លូវជាតិលេខ៤ ត្រូវបានបិទ ដូច្នេះ សាលី ត្រូវបន្តដំណើរតាមផ្លូវជាតិលេខ៣ ឆ្ពោះមកវត្តអង្គតាប្រូច។
នៅសហករណ៍វត្តអង្គតាប្រូច សាលី ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនថ្មី ឬជាឈ្លើយសឹក ហើយគ្មានសិទ្ធិតវ៉ានោះទេ។ សាលី ត្រូវកាប់ឫស្សីធ្វើខ្ទម ធ្វើស្រែចម្ការ និងដាក់ចំណីជ្រូក។ ប្តីរបស់សាលី ធ្វើការក្នុងកងស្រួចនៅភូមិបឹងធំ។ ចំណែកកូនរបស់គាត់ ត្រូវយកទៅផ្ញើនៅរោងកុមារ។
សាលី និយាយថា គាត់ត្រូវក្រោកតាំងពីម៉ោង៣យប់ និងទៅធ្វើការរហូតដល់ម៉ោង៧យប់។ ក្នុងមួយថ្ងៃ សាលី មានរបបអាហារតែពីរពេលប៉ុណ្ណោះ គឺនៅម៉ោង១១ព្រឹក និងម៉ោង៨យប់។ របបអាហារ គឺមានបបរលាយជាមួយព្រលិត។ នៅពេល សាលី មានជំងឺ គាត់ទទួលបានត្រឹមថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាល។
នៅរបបខ្មែរក្រហម សាលី និយាយថាប្រជាជនជាច្រើនគូត្រូវខ្មែរក្រហមបង្ខំឲ្យរៀបការក្នុងពេលតែមួយ។ សាលី បន្តថា “អត់[ព្រម] យកទៅបាញ់ចោល!”។ ក្រៅពីនេះ នៅពេលយប់ គឺមានឈ្លបលួចចាំស្តាប់ និងតាមដានប្តីប្រពន្ធថ្មីទាំងនោះ។ ក្រៅពីនេះប្រសិនបើខ្មែរក្រហមឃើញ សាលី លបស្តាប់វិទ្យុដែលគាត់មាន នោះខ្មែរក្រហមនឹងសម្លាប់គាត់។ សាលី និយាយថា “អូ តែគេទាន់ គឺស្លាប់ហ្ម៎ង!”។ នៅទីនោះ គឺមានមន្ទីរឃុំឃាំងនៅភូមិបឹង ដោយមាន តាឆន និងតាណន ជាអ្នកគ្រប់គ្រង។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប្អូនប្រុសម្នាក់របស់សាលី បានបាត់បង់ជីវិតនៅពេលភៀសខ្លួនទៅខាងខេត្តពោធិ៍សាត់។ ចំណែក សាលី បានបររទេះនិងដឹកស្រី្តមានផ្ទៃពោះម្នាក់ភៀសខ្លួនទៅភូមិក្អមសំណរ។ ក្រោយមក សាលី បានត្រលប់មករស់នៅភូមិកំណើតវិញ និងមានកូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ រឿងរ៉ាវដែល សាលី ចាំមិនភ្លេចអំពីរបបខ្មែរក្រហម គឺការធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ សាលី បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា “[អ៊ំ]ធ្វើពលកម្មហួសកម្លាំង [ណា]កូន តាំងពីម៉ោង៣យប់អី…ធ្វើរហូតដល់ម៉ោង៧យប់”៕
សម្ភាសដោយ ថន ពុធដារ៉ូ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦

