ឪពុក ម្តាយ និងបងថ្លៃស្លាប់ពេលជម្លៀសទៅខេត្តពាយ័ព្យ

(ខេត្តស្វាយរៀង) ទេព ស៊ីណាត មានអាយុ ៥៧ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ស៊ីណាត មានឪពុក ឈ្មោះ ទេព គុជ (ស្លាប់) និងម្ដាយឈ្មោះ ឡឹក ស៊ុន (ស្លាប់) ហើយស៊ីណាត ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូន ចំនួន ៧ នាក់ បងទី១. ឈ្មោះ ទេព ហ៊ុន, បងទី២. ឈ្មោះ ឈ្មោះ ទេព ហន (ស្លាប់), បងទី៣. ឈ្មោះ ទេព សាវ៉ាត, បងទី៤. ឈ្មោះ ទេព សាវ៉ន (ស្លាប់), បងទី៥. ឈ្មោះ ទេពសាបុន, បងទី៦. ឈ្មោះ ទេព លម្អង។
កាលពីកុមារភាព ស៊ីណាត រៀនសូត្របានត្រឹមថ្នាក់ទី៦ សង្គមចាស់។ រឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដែលស៊ីណាត ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលខ្មែរក្រហមបានបំបែកគាត់ចេញពីគ្រួសារដែលកាលនោះ ស៊ីណាត នៅក្មេងត្រូវការភាពកក់ក្តៅ។ ជាងនេះទៅទៀតអំឡុងពេលជម្លៀសដោយបង្ខំពីស្រុកកំណើត ឲ្យទៅរស់នៅខេត្តបាត់ដំបង ស៊ីណា និងគ្រួសារត្រូវធ្វើដំណើរក្រោមកំដៅថ្ងៃខ្លាំង, គ្មានទឹក និងអាហារហូបចុកគ្រប់គ្រាន់។ ក្នុងរបបខ្មែរក្រហមអង្គការចាត់តាំងឲ្យ ស៊ីណាត ទទួលខុសត្រូវដាំសណ្តែក ដើម្បីយកមកផ្គត់ផ្គង់សហករណ៍ផ្ទះបាយនិងនៅរដូវវស្សាត្រូវជួយចាស់ៗធ្វើស្រែ។ ក្នុងរបបខ្មែរក្រហមសាច់ញាតិរបស់ស៊ីណាត ចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិតរួមមាន៖ ម្តាយឈ្មោះ ឡឹក ស៊ុន បានស្លាប់ដោយសារជំងឺប៉េស នៅខេត្តកំពង់ឆ្នាំង, ឪពុកឈ្មោះ ទេព គុជ ត្រូវបានឈ្លបខ្មែរក្រហមនាំទៅសម្លាប់នៅខេត្តពោធិ៍សាត់ និងបងថ្លៃឈ្មោះ អ៊ំ ទូច ស្លាប់ដោយសារអត់អាហារហូប និងឈឺគ្មានថ្នាំព្យាបាល នៅខេត្តកំពង់ឆ្នាំង។ ក្រោយរបបខ្មែរក្រហមដួលរលំគ្រួសារស៊ីណាត បានធ្វើដំណើរដោយថ្មើរជើងត្រឡប់ពីខេត្តបាត់ដំបង មករស់នៅស្រុកកំណើតវិញ។
បច្ចុប្បន្ន ស៊ីណាត ប្រកបរបរជាកសិករ និងមានជំងឺប្រចាំកាយគឺ៖ ជំងឺក្រពះ ជំងឺតម្រងនោម ជំងឺសន្លាក់ជង្គង់ និងឈឺចង្កេះ៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

