មាននាទីជាកម្មកររបស់បក្ស នៅក្នុងមន្ទីរក-៥

មន ឡៃ[1] ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឡៃ មានឪពុកឈ្មោះ សែម មន ហើយម្ដាយឈ្មោះង៉ិល លឹម។ ឡៃ គឺជាស្ដ្រីមេម៉ាយ និងមានកូន៣នាក់។ នៅក្នុងសម័យខ្មែរក្រហម ឡៃ មានអាយុប្រមាណ១៥ឆ្នាំ។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះលើទាហាន លន់ នល់ ទាំងស្រុងប្រធានភូមិឈ្មោះម៉ា និងគ្រូសិក្សាឈ្មោះង៉ាំ បាននាំ ឡៃ និងកុមារផ្សេងទៀតដែលមានអាយុចាប់ពី១២ឆ្នាំឡើងឲ្យទៅរស់នៅរួមគ្នាក្នុងកងកុមារឃុំស្រែរនោង និងស្នាក់នៅផ្ទះខាងត្បូងវត្តក្បែរកងចល័តនារី។ នៅក្នុងកងកុមារ ប្រធានកងដំបូងរបស់ឡៃ មានឈ្មោះថា យ៉ុម មកពីឃុំតាភេម រួចបន្តទៅឲ្យឈ្មោះ សៀន និងអេម ដែលជាអ្នកឃុំស្រែរនោងនេះ។ ប្រធានទាំង៣នាក់របស់ឡៃ គឺជានារីទាំងអស់ ដែលមានអាយុប្រមាណ២០ឆ្នាំ និងមិនទាន់រៀបការ។ ក្រៅពីកុមារី អង្គការបានប្រមូលកុមារាទាំងអស់ពីក្នុងភូមិដូចគ្នា ប៉ុន្តែក្មេងប្រុសត្រូវស្នាក់នៅខាងជើងបឹង។
នៅកន្លែងធ្វើការ ឡៃ និងកុមារទាំងអស់ត្រូវធ្វើការរែកដី កាប់ដីដំបូក និងការងារផ្សេងៗទៀតតាមអង្គការចាត់តាំងជាមួយគ្នារាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានមិនគ្រប់គ្រាន់នោះទេ។ ជាញឹកញាប់ របបអាហារដែល ឡៃ ទទួលបានគឺបបរលាយដំឡូងមី និងរយៈពេលយូរៗម្ដងទើបបានហូបបាយជាមួយសម្លបន្លែព្រលឹត។ ប៉ុន្តែក្មេងៗរួមទាំងឡៃ មិនហ៊ានត្អួញត្អែរ ឬលួចអាហារហូបបន្ថែមនោះទេ ព្រោះប្រសិនបើអង្គការចាប់បាននឹងដាក់ទោសឲ្យហូបរបស់នោះទាំងឆៅ ឬបង្ខំញាត់ចូលមាត់ទាំងមូល។ ជាក់ស្ដែង ឡៃ បានឃើញប្រធានកងឈ្មោះអេម បានយកដំឡូងទៅញាត់ចូលមាត់ឈ្មោះខែត ប៉ុន្តែមិនបានបាត់បង់ជីវិតនោះទេ។
ក្រៅពីការដាក់ទោសខាងលើ ឡៃ បានឃើញអង្គការចោទប្រកាន់ប្រជាជនថ្មីថាបានដាក់ថ្នាំបំពុលក្នុងសម្លប្រលឹត និងបានចាប់គាត់យកទៅបាញ់សម្លាប់។ នៅពេលឃើញដូច្នេះ ឡៃ កាន់តែមានការភ័យខ្លាចខ្លាំងជាងមុន និងមិនហ៊ានប្រព្រឹត្តកំហុសទាល់តែសោះ និងខិតខំធ្វើការងារបន្ថែមទៀត។ នៅពេលដែលមានជំងឺបន្តិបន្តួច ឡៃ មិនហ៊ានឈប់សម្រាកនោះទេ ព្រោះគាត់ខ្លាចអង្គការចោទប្រកាន់ថាឈឺសតិអារម្មណ៍។ មួយវិញទៀត ឡៃ មិនហ៊ានសុំប្រធានកងត្រលប់ទៅផ្ទះញឹកញាប់នោះទេ ព្រោះខ្លាចអង្គការធ្វើបាប ដូច្នេះរយៈពេលមួយឆ្នាំម្ដងទើបគាត់បានមកជួបម្ដាយឪពុកនៅផ្ទះ។
ក្រោយមក មេឃុំបានបញ្ជូន ឡៃ និងកុមារីប្រមាណ៦នាក់ទៀត ឲ្យទៅលុតដំធ្វើស្រែប្រាំងនៅកន្លែងចក ឃុំបារាយ ជិតទីរួមខេត្តតាកែវ ជាមួយកងនារីរាប់រយនាក់។ នៅកន្លែងធ្វើការ ឡៃ ស្ថិតនៅក្រោមការគ្រប់គ្រងអ្នកមិនស្គាល់ ហើយការងារនៅទីនោះមានការលំបាកជាងមុន និងខ្វះខាតអាហារហូបជាងនៅក្នុងឃុំទៀត។
កន្លះខែក្រោយ ឡៃ និងកុមារីទាំង៦នាក់ បានធ្វើដំណើរទៅខេត្តតាកែវតាមការចាត់តាំងរបស់អង្គការ ដើម្បីត្រៀមខ្លួនឡើងឡានមួយជាមួយក្មេងៗមកពីឃុំផ្សេងទៀត ទៅលុតដំធ្វើការនៅកន្លែងក-៥ ជិតស្ថាននីយរថភ្លើង ទីក្រុងភ្នំពេញ។ នៅក្នុងមន្ទីរ ឡៃ បានឃើញក្មេងប្រុស និងក្មេងស្រីជាច្រើនរយនាក់ដែលមានអាយុប្រហាក់ប្រហែលគ្នា មកពីខេត្តផ្សេងៗគ្នាដោយក្នុងមួយខេត្តមានក្មេងមួយឡានមកជាមួយ។ បន្ទាប់មក អង្គការបានបែងចែកជាក្រុម ហើយឡៃ ត្រូវធ្វើការជាអ្នកបោសម្អាត អនាម័យ និងជម្រះស្មៅ។ នៅទីក្រុងភ្នំពេញ ឡៃ ធ្វើការងារស្រាលៗជាងនៅសហករណ៍ ប៉ុន្តែការហូបអាហារគឺលំបាកខ្លាំងព្រោះអង្គការចែកបបររាវៗមួយចានទៅគាត់ ហូបជាមួយស្លស្ងោឃ្លោកសាច់សេះ។[2]
នៅឆ្នាំ១៩៧៩ អំឡុងពេលកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលទីក្រុងភ្នំពេញ ឡៃ និងមិត្តនៅក្នុងកងបាននាំគ្នាឡើងជិះរថភ្លើងចេញទៅសំឡូត ខេត្តបាត់ដំបង។[3] មិនយូរប៉ុន្មាន ឡៃ បានធ្វើដំណើរត្រលប់មកផ្ទះនៅខេត្តតាកែវវិញ នៅពេលដែលរបបខ្មែរក្រហមដួលរលំទាំងស្រុង។ នៅពេលមកដល់ផ្ទះ ឡៃ បានទទួលដំណឹងថាខ្លួនបាត់បងបង់ប្អូនប្រុសម្នាក់ឈ្មោះ ឌល និងបងស្រីឈ្មោះ ឡុង។[4] នៅក្នុងសម័យខ្មែរក្រហម ប្អូនប្រុសរបស់ឡៃ បានរត់ត្រលប់មកផ្ទះវិញជាញឹកញាប់ ព្រោះការរស់នៅក្នុងកងកុមារលំបាកពេក ហើយប្រធានកងបានចាប់គាត់វាយធ្វើបាបនៅពេលយកទៅវិញ និងបាត់ខ្លួនរហូតមក។ ប៉ុន្តែបើតាមការរៀបរាប់របស់អ្នកភូមិ ឌល ប្រហែលជាស្លាប់នៅក្បែរដើមឈើទាលធំមួយ ដោយសារអង្គការវាយសម្លាប់។
ចំពោះបងស្រីរបស់ឡៃ អង្គការបានបញ្ជូនគាត់ចូលទៅក្នុងកងចល័ត ប៉ុន្តែនៅពេលដែលក្រុមរបស់គាត់ទៅធ្វើការនៅស្រុកក្រោមម្ដុំកំពង់អំពិល កោះអណ្ដែត គាត់បានរត់ត្រលប់មកផ្ទះវិញ ព្រោះនៅទីនោះលំបាកខ្លាំងពេក។ នៅពេលរត់មកដល់ផ្ទះ បងរបស់ឡៃ បានយំរៀបរាប់ប្រាប់ឪពុកថាខ្លួនមិនត្រលប់ទៅវិញនោះទេ ព្រោះនៅទីនោះ ឡុង ត្រូវធ្វើការងារច្រើន និងបានចុះអូសប្រគាតក្នុងទឹកទាំងព្រឹកព្រលឹម ហើយទទួលបានអាហារបន្តិចបន្តួច។ នៅពេលឮដូច្នេះ ឪពុករបស់ឡៃ បាននាំបងស្រីទៅលាក់ខ្លួន ប៉ុន្តែប្រធានភូមិបាននាំគ្រូពីរនាក់ឈ្មោះ ម៉ៃ និងក្ងាន់ មកចាប់ទាញ់បងស្រីរបស់ឡៃយកទៅវិញទាំងយប់ ហើយចាប់តាំងពីពេលនោះមកបាត់ដំណឹងគាត់រហូត។ ចំពោះម្ដាយឪពុករបស់ឡៃ ត្រូវបានអង្គការធ្វើការទិតៀនគាត់យ៉ាងខ្លាំងដែលមិនចេះអប់រំកូន និងដេញកូនឲ្យទៅកន្លែងធ្វើការវិញ។
[1] ឯកសារលេខ TKI0082 កិច្ចសម្ភាសន៍ជាមួយឈ្មោះ មន ឡៃ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០៣ ដោយអ៊ីសា ឧស្មាន នៅក្នុងគម្រោងការលើកកម្ពស់ និងជម្រុញឲ្យមានការទទួលខុសត្រូវ, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឯកសារលេខ I00736, ពិនិត្យប្រវត្តិរូបបដិវត្តន៍របស់សមមិត្ត ឡៃ, នៅថ្ងៃទី២៩ ខែ៦ ឆ្នាំ១៩៧៨, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងប្រវត្តិរូបបានសរសេរថា ឡៃ រស់នៅភូមិអង្គសូ ឃុំស្រែននោង ស្រុក១០៥ តំបន់១៣ ភូមិភាគនិរតី ឆ្នាំខាល។ ឡៃ បានចូលបដិវត្តន៍នៅឆ្នាំ១៩៧៦ នៅក្នុងមន្ទីរកុមារ ហើយអ្នកនាំចូលឈ្មោះ សៀន។ បន្ទាប់ពីចូលបដិវត្តន៍រួច ឡៃ បានធ្វើប្រវត្តិរូប២ដង ដោយនៅក្នុងប្រវត្តិរូបមួយនេះបង្ហាញថា ឡៃ ធ្លាប់ធ្វើជាប្រធានក្រុមកុមារ ហើយបច្ចុប្បធ្វើជាអនុប្រធានអាគារ និងជាកម្មកររបស់បក្ស។
[3] បណ្ឌិត ឃួន វិច្ឆិកា និងអ្នកដទៃទៀត, ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាពៈ ប្រវត្តិវិទ្យាថ្នាក់ទី៦(ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា, ២០២៥) ទំព័រទី៤១។ នៅក្នុងសៀវភៅបានសរសេរថា៖ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះបានទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្រ្ដនៃការរំដោះជាតិ។
[4] ឯកសារលេខ I00736, ពិនិត្យប្រវត្តិរូបបដិវត្តន៍របស់សមមិត្ត ឡៃ, នៅថ្ងៃទី២៩ ខែ៦ ឆ្នាំ១៩៧៨, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងប្រវត្តិរូបបដិវត្តន៍បានសរសេរថា ឡៃ មានបងប្អូនចំនួន៩នាក់(ស្រី៥នាក់) ក្នុងនោះមានឈ្មោះ ណុញ ភេទប្រុស, ឆាន ភេទស្រី, រី ភេទប្រុស, ឡុង ភេទស្រី, ឡៃ (ម្ចាស់ប្រវត្តិរូប), រ៉ានី ភេទស្រី, ឌល ភេទប្រុស, កង ភេទប្រុស និងចុងក្រោយប្អូនស្រីឈ្មោះ វឿន។
អត្ថបទដោយ៖ ភា រស្មី

